វិភាគ៖ តើរដ្ឋាភិបាលអាចជួយអ្វីបានដល់កម្មករ ក្រោមសម្ពាធអន្តរជាតិ?​

ក្រុម​កម្មករ​រោង​ចក្រ​កាត់ដេរ ​​ធ្វើការ​នៅ​ក្នុង​រោងចក្រ​មួយ​នៅ​ជាយ​រាជធានី​ភ្នំពេញ។ (វីអូឌី)

ស្ថានការណ៍នយោបាយបច្ចុប្បន្ន បានជំរុញឲ្យសភា​អឺរ៉ុប​ ​ចេញ​សេចក្ដី​សម្រេច បើកផ្លូវឲ្យ​សើរើ​ការ​ផ្ដល់​ភាព​អនុគ្រោះ​​ផ្នែក​ពន្ធ​គយ​សម្រាប់​ប្រទេស​កម្ពុជា។

សេចក្តីសម្រេចនេះ ហាក់ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការដែល​កម្ពុជា​នៅ​តែ​រក្សា​ជំហរ ​មិ​ន​ទទួល​យក​មតិ​រិះ​គន់​ពី​សហគមន៍​អន្តរជាតិ ដែលចង់ឲ្យបើកលំហូរប្រជា​ធិបតេ​យ្យ​​ និ​ងច​ង់​ឲ្យ​​​​​មាន​គណបក្ស​សង្គ្រោះជាតិចូល​​រួម​កា​រ​បោះឆ្នោតឆ្នាំ២០១៨ ដោយគ្មាន​ការគំរាមកំហែ​ង។

វិធានការថ្មី របស់សហគមន៍អន្តរជាតិនេះ អ្នកតាមដា​នស្ថានការណ៍នយោបាយ​ដាក់​កា​រព្រួ​យបារម្ភថា អាចនឹងប៉ះពាល់ដល់វិស័​យ​កាត់ដេរដែលមានកម្មករ និងពលរដ្ឋក្រីក្ររាប់លាននាក់ទទួលផល​ បើស្ថានការណ៍នយោ​បាយ​ នៅតែមិនវិល​ទៅរកស្ថា​​​ន​ភា​​ពដើមនោះ។

ជាការក​ត់សម្គាល់ សេចក្ដី​សម្រេច​​របស់​សភា​អឺរ៉ុបក៏ធ្វើ​ឡើង​បន្ទាប់​ពី​សហគមន៍អន្តរជាតិថ្កោល​ទោស​រដ្ឋា​​ភិបាល​កម្ពុជា ​ដែល​បា​នរំលាយ​គណបក្ស​ប្រឆាំង បិទ​អង្គការ​សង្គម​ស៊ីវិល​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករា​ជ្យ​​​​មួយ​ចំនួ​ន។

សហភាព​អឺរ៉ុប​សម្រេច​បែប​នេះតែ​ជាង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​រដ្ឋាភិបាល​​អាមេរិកបាន​ស​ម្រេ​ច​រឹត​បន្តឹ​ង​ផ្នែក​ទិដ្ឋាការ​សម្រាប់​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា ដែល​អាមេរិក​ថាមាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បំផ្លា​ញ​លទ្ធិ​ប្រជា​​ធិ​បតេយ្យ​នៅ​កម្ពុជា។

បើ​​គេ​​ក្រឡេ​កមើលពីវិស័យកាត់ដេរនៅកម្ពុជាវិញ រដ្ឋាភិបាលអះអាងថា មានសហគ្រាសជាង១​ពាន់​បាន​ចុះ​​​បញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

រដ្ឋាភិបាលក៏ឲ្យដឹងដែរថា កម្មករជិត១លាននាក់ កំពុងបម្រើការងារក្នុងវិស័យនេះ​ និងទទួលបាន​ប្រាក់​ឈ្នួ​ល​​សរុ​​​បចន្លោះពីជា​ង១​០​០ដុល្លា​រ ទៅជាង២០០ដុល្លារ ក្នុងម្នាក់ៗ បើទោះបីប្រា​ក់ឈ្នួលអប្ប​បរមា​ពួក​​គេ​មានត្រឹម​១៥​៣ដុល្លា​​រក៏​ដោយ។

រដ្ឋាភិបាលប្រកាសទៀតថា ចាប់ពីខែមករា ឆ្នាំ២០១៨ទៅ កម្មករម្នាក់ នឹងទទួលបានប្រាក់ឈ្នួល​អប្បបរ​មារ​​​១៧០​ដុល្លារ។

ក្រៅពីកម្ម​កជិត១លាននាក់ ទទួលបានផលប្រយោជន៍ផ្ទាល់ពីវិស័យកាត់ដេរនេះ រដ្ឋាភិបាលក៏បានអះ​អាង​ថាដែ​រថា ពលរដ្ឋ​ប្រមាណជា​​ពីរលាន​នា​ក់ផ្សេងទៀត ដូចជាម្ចាស់ផ្ទះជួល អ្នកលក់ដូរជិតរោងចក្រ និងគ្រួ​សា​​រ​កម្មករ ក៏​​ទទួលបានអត្ថប្រយោជន៍ដោយប្រយោលពីវិស័យកាត់ដេរនេះដែរ។

តើរ​ដ្ឋាភិបាលអាចជួយអ្វីបានខ្លះដល់កម្មករ ក្រោមសម្ពាធអន្តរជាតិបែបនេះ?

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ និយាយថា ផលិតផលសម្លៀកបំពាក់កាត់ដេរ និងស្បែ​ក​ជើង​ស្ទើ​រទាំងអស់ នាំចេញទៅលក់នៅប្រទេសលោកសេរី មានសហរដ្ឋអាសមេរិក និងទីផ្សារអឺរ៉ុប ជាដើម មិន​មែននាំចេញទៅលក់នៅមហាមិត្តកុម្មុយនីស្តទេ។

លោក អាត់ ធន់ វិភាគថា បើសហភាពអឺរ៉ុប ពិតជាបិទទីផ្សារ របស់កម្ពុជា ដោយសាតែរបត់នយោបាយ​​មែន លោកថា កម្មករ និយោជិត រាប់ម៉ឺននាក់ ពួកគេនឹងជួបបញ្ហាធ្ងន់ធ្ងរ ដូចជាការប្រ​ឈមនឹ​ងអត់​ការ​​ងារ​ធ្វើ​​ វិវាទ​កា​​រងា​រ ទីបំ​ផុតពួកគេនឹងធ្វើចំណាកស្រុក ទាំងប្រថុយនិ​ងគ្រោះថ្នាក់ ដើម្បីទៅរក​ការងា​រ​ធ្វើ​​នៅ​​ក្រៅ​ប្រទេស។

លោកថា៖ «ខ្ញុំគិតថាកម្មករនិយោជិតគាត់នឹងអត់ការងារធ្វើ ហើយកាត់គ្មានចំណូល បន្ទាប់មកគាត់នឹងគ្មាន​អាហារសម្រាប់ផ្គត់ផ្គង់ជី​វភាពក៏ដូចជាការបង់ទៅការខ្ចីបុលធនាគារ ឬក៏មីក្រូហិរញ្ញវត្ថុផ្សេងៗ ហើយភ្លាមៗ​នោះ​វា​អា​ចនឹងកើតមានជម្លោះរវាងកម្មករ និយោជិត និងនិយោជកអំពីការបង់ទូ​ទាត់នូវប្រាក់សំណង​អតីត​ភា​ពការងារ ដែលវាអាចកើតមានពីការបិទនិងបើករោងចក្រ ដែលវាអាចកើតមានភ្លាមៗនោះ ដែលនិ​យោជក មិនបានទូទាត់ឲ្យគាត់បានត្រឹមត្រូវ ក៏ជាបញ្ហាមួយជាន់ទៀត»។

លោក អាត់ ធន់ វិភាគថា អ្វីដែលរដ្ឋាភិបាលជួយកម្មករបាន ក្រោមសម្ពាធអន្តរជាតិបែបនេះ លោកថា រដ្ឋា​ភិបា​លគួរថយក្រោយមួយជំហាន ស្វែងរកដំណោះស្រាយជាមួយប្រទេសលោកសេរី ធ្វើយ៉ាងណា កុំឲ្យការ​ស​ម្រេចចិត្តផ្នែកនយោបាយ ក្លាយជាឧបសគ្គបិទដង្ហើមសេដ្ឋកិច្ចរបស់ពលរដ្ឋខ្លួនឯង។

លោកថា៖ «សេដ្ឋកិច្ចនិងនយោបាយអន្តរជាតិនេះ ជារឿងសំខាន់មែនទែន។ ក្នុ​ងករណីដែលយើងនៅតែប​ន្តអញ្ចឹង​ទៀតខ្ញុំគិតថា​យើងនឹងបា​ននូវកម្រិតមួយលំបា​កមែនទែន។ អញ្ចឹងក្នុងនោះ​មា​នយើងជាតំណាងកម្មករ​និយោជិត ខ្ញុំស្នើរទាំងពីរ ទាំងកា​របោះឆ្នោ​តរៀបចំឲ្យបា​នត្រឹមត្រូវ ទាំងរៀបចំឲ្យមានទំនា​ក់ទំនងពា​ណិជ្ជក​ម្ម​​ជា​តិនិងអន្តរជាតិទើបមានការអភិវឌ្ឍលឿន ហើយប្រសិន​បើ​ការ​សម្រេ​ចដូចពេលនេះ វាអាចមានការ​​ប្រ​ឈ​មច្រើនស​ម្រាប់កម្មករនិងពលរដ្ឋច្រើនជាង»។

ចំណែកនាយករដ្ឋមន្ត្រីកម្ពុជា លោក ​ហ៊ុន សែន វិញ បានអះអាងពេលចុះជួបកម្មករថា រដ្ឋាភិបាលបាន​ជួ​យ​វិស័យកាត់ដេរ តាំងពីចំណុចសូន្យ រហូតមានរោងចក្ររាប់ពាន់ដូសព្វថ្ងៃនេះ។

លោ​ក ហ៊ុន សែន ឲ្យដឹងដែរថា ពេលនេះទៀតសោត ក្រៅពីប្រឹង​ប្រែ​ងដំឡើងប្រាក់ឈ្នួ​លកម្មកជា​បន្តប​ន្ទា​ប់ លោកថា រដ្ឋាភិបាលក៏បាន បង្កើតគោលនយោបា​យគាំ​ពា​រសង្គម ឲ្យកម្មករមានផ្ទៃពោះ បាន​ចេ​ញមុ​ន​ម៉ោ​​​​ង បង្កើតឲ្យមានសេ​វាព្យាបាលកម្ម​ករ ដោយឥ​តគិតថ្លៃ​ តាមរយៈបេឡាជា​តិរបបស​ន្តិសុខសង្គម។

កំពុងត្រៀមបញ្ចូលកម្មករទាំងអ្នកចំណាកស្រុក និងក្នុងប្រទេស ក្នុងក្របខ័ណ្ឌ ឲ្យមានប្រាក់ចូលនិវត្ត ដូ​ចម​ន្ត្រីរាជការ និងព្យាយាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាដៃគូរ ឲ្យព​ល​​​ករចំ​ណា​ក​​ស្រុ​​​កខុ​​សច្បា​ប់ ​ទៅ​ជាពលករស្របច្បាប់ជាដើម។

លោកថា៖ «រាជរដ្ឋាភិបាលកំពុងធ្វើឲ្យអ្នកដែលមិនស្របច្បាប់ ទៅជាអ្នកស្របច្បាប់ ហើយអ្នកដែលស្របច្បា​ប់ហើយ​ទទួលបាននូវអត្ថប្រយោជន៍ដូចកម្មករនៅក្នុងប្រទេសដទៃ។យើងនឹងបន្តពង្រីកទីផ្សារការងារ​ របស់យើងនៅឯក្រៅ​ប្រទេសជាមួយនឹងកម្មករនៃ​​ប្រទេសដទៃនៅក្នុង​ក្របខ័ណ្ឌអាស៊ានយើ​ងមានសេចក្តីថ្លែង​ការណ៍ការពារពលករចំណាកស្រុក»។

ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា និយាយថា ការបង្កើ​តយន្តកា​រ​​ក្នុង​​ស្រុក​ ដើម្បីជួយកម្មករ លោកថា ជាប្រសិទ្ធិភាពមួយ ។ប៉ុន្តែលោកវិភាគថា អ្វីដែ​លរដ្ឋា​ភិបា​លជួ​យ​កម្ម​ករ និងមន្ត្រីរាជការ បានច្រើនលាននាក់ បាន គឺការសម្រេចចិត្ត​ផ្នែកនយោ​បាយ ដោយដើរ​លើគន្ល​ងប្រ​ជា​ធិ​ប​តេ​​យ្យដ៏ពិតប្រាកដមួយដូចដែលប្រទេសលោកសេរីកំពុងអនុវត្ត ទើបអាចរក្សាកំណើនសេដ្ឋកិច្ចបាន​។

លោកថា៖ «កាលណាសេដ្ឋកិច្ចយើងធ្នាក់ចុះ វានឹងប៉ះពាល់ដល់ការងារពលរដ្ឋយើង១លាននាក់ជាង អា​​​ចនឹងប៉ះពាល់ដល់ប្រាក់បៀវត្សមន្ត្រីរាជការជាដើម អាហ្នឹងមេដឹកនាំយើងគួរតែគិត ហើយជាពិសេ​សបើ​យើ​​​​​​​​ងយកប្រយោ​ជន៍ជាតិជាធំ កុំយកប្រយោជនបក្ខ កុំយកប្រយោជន៍ក្រុមគ្រួសា​រជាធំដាក់ប្រយោជន៍ជា​តិ​ធំ​វិញ ខ្ញុំគិតថាគួរតែដោះស្រាយបញ្ហាហ្នឹងពីឥឡូវទៅ ខ្ញុំគិតថាពេលនេះអត់ទាន់ហួស​ពេលទេ ព្រោះគេ​អត់ទា​ន់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចនៅឡើយទេ»។

របាយការណ៍របស់​ការិយាល័យ​ស្ថិតិ​អាមេរិក និង​សហភាព​អឺរ៉ុប បង្ហាញថា កម្ពុជា​បាន​នាំ​ផលិត​ផល​កាត់​ដេ​​រ​​មាន​តម្លៃ​ជិត ៣​ពាន់​លាន​ដុល្លារ ចូល​ទៅ​ទីផ្សារ​អាមេរិក និង​ជិត​ ៥​ពាន់​លាន​ដុល្លារ ចូល​ទៅ​ទីផ្សារ​អឺ​រ៉ុប កាល​ពី​ឆ្នាំ​២០១៦​ ។

សរុបជារួមអ្នកវិភាគថា រដ្ឋាភិបាលអាចជួយកម្មករ និងប្រទេសជាតិបាន ក្រោមសម្ពាធអន្តរជាតិបែបនេះ គឺ​ត្រូ​​​​​វស​ចម្រេច​ចិត្តផ្នែកនយោបាយដោយតម្កល់ប្រយោជាតិជាធំ ជាជាងការពារតែប្រយោជន៍បក្ខពួក និង​គ្រួ​​សា​រនិយមនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ