វិភាគ៖ បើតុលាការមិនឯករាជ្យ រំលាយបក្សនយោបាយបានប៉ះពាល់យន្តការប្រជាធិបតេយ្យទេ?

សាលាដំបូងរាជធានីភ្នំពេញ​

រដ្ឋធម្មនុញ្ញកម្ពុជា ត្រូវព្រះមហាក្សត្រឡាយព្រះហស្ថលេខា ប្រកាសឲ្យប្រើប្រាស់តាំងពីឆ្នាំ១៩៩៣។ មាត្រាមួយ​ចំនួននៃ​ច្បា​ប់កំ​ពូលនេះ បានធានាពីសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិធ្វើនយោបាយ បែងចែកអំណាចដាច់ពីគ្នា រវាង​អំ​ណា​​ច​ទាំ​ងបី​ មាននីតិប្បញ្ញតិ នីតិប្រតិបត្តិ និងតុលាការ។

មាត្រា៥១ចែងដែរថា ព្រះរាជជាណាចក្រកម្ពុជាអនុវត្ត​ន​យោ​​បា​យ​ប្រ​ជាធិបតិយ្យសេរីពហុបក្ស។

អ្នកតាមដានមួយចំនួនមើលឃើញថា ច្រើនឆ្នាំមកនេះ រដ្ឋធម្មនុញ្ញត្រូវបានធ្វើវិសោធនកម្មច្រើនដងនិងច្បា​ប់ខ្លះ​បា​នកើតឡើងជាហូរហែ ប៉ុន្តែពួកគេថាសមិទ្ធផលទាំងនោះ ធ្វើឡើងការពារតែប្រយោជន៍បក្ខពួក មិនបា​នជំ​រុញ​ល្បឿ​​នប្រជាធិបតេយ្យទេ។ រហូតអ្នករិះគន់ថា អ្នកនយោបាយបាននាំគ្នាធ្វើច្បាប់តាមរូបមន្តកាត់ក្បាលតម្រូវមួក ។

ដូចជាការជាធ្វើរដ្ឋធម្មនុញ្ញបន្ថែមឆ្នាំ២០០៤អំឡុងជាប់គាំងនយោបាយ ក្រោយការបោះឆ្នោតអាណត្តិទី៣ រវា​ងគ​ណបក្សប្រជាជនកម្ពុជានិងគណបក្សហ្វ៊ុនស៊ិនប៉ិច។

ការ​ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញពី២ភាគ៣មក៥០បូក១វិញ ដែល​មានគណបក្ស សម រង្ស៊ី ចូលរួមធ្វើច្បាប់​ឯកព័​ន្ធភាពសម្រាប់បណ្តេញសម្តេចក្រុមព្រះ ចេញពីប្រធានហ៊ុន ស៊ិនប៉ិច។

នេះ​មិនទាន់រាប់បញ្ចូលការធ្វើច្បាប់ដ៏សម្រូងសម្រាសផ្សេងទៀត ដែលគ្មានតំណាងរាស្ត្របក្សប្រឆាំងចូល​រួមអនុ​ម័​ត ដូច​ជាច្បាប់សហជីព ច្បាប់គ្រប់គ្រ​ងអង្គ​ការសង្គមស៊ីវិល ច្បាប់ស្តីពីលក្ខន្តិកៈរបស់ចៅក្រមនិងព្រះរាជអាជ្ញា ជា​ដើម។

ជាថ្មីម្តងទៀត អំឡុងជិតដល់ថ្ងៃបោះឆ្នោតឆ្នាំ២០១៧និង២០១៨នេះ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានជំរុញ រដ្ឋសភាធ្វើវិសោធនកម្មច្បាប់ ស្តីពីគ​ណ​បក្ស​នយោ​បា​យដ៏ចម្រូងចម្រាសមួយទៀត ដែលមន្ត្រីបក្ស​ប្រឆាំង​អះអាង​​ថា ពួកគេនឹងមិនចូលធ្វើវិសោធនកម្មច្បាប់ដ៏សម្រូវចម្រាសនេះទេ។

សេចក្តីស្នើច្បាប់ដែលធ្លាក់ដល់ដៃសភាហើយនោះ បានបើកផ្លូវឲ្យក្រសួងមហាផ្ទៃនិងតុលាការ អាចផ្អាកឬរំលាយ​គ​ណ​បក្ស​នយោ​បា​យ​​​ណា​មួ​យ​ចោ​​​​​លក៏បាន ប្រសិនបើគណបក្សនយោបាយនោះ បំពានទៅលើ​ច្បាប់ថ្មីនោះ។

មាត្រា៣៨ ចែងពីការផ្តល់អំណាចឲ្យក្រសួងមហាផ្ទៃនិងតុលាការកំពូលអាចចាត់វិធានការបាន ដូចជា​ចំនុចមួ​យចែ​ងថា «ក្រសួងមហាផ្ទៃ​សម្រេចផ្អាក់​សកម្មភាពរបស់គ​ណបក្សនយោបាយនោះ​ជាបណ្តោះអាស​ន្នក្នុងរយៈ​ពេលជា​ក់​លា​ក់។ ប្តឹងទៅតុលាការកំពូល ដើម្បីរំលាយគណបក្សនយោបាយនោះ ក្នុងករណីកំហុសមានលក្ខណៈធ្ងន់ធ្ងរ»។

មាត្រា៦ចែងពីទោសកំហុសនោះថា «គ្រប់គណបក្សនយោបាយ មិនត្រូវធ្វើសកម្មភាពណាមួយ ធ្វើឲ្យមានអបគមន៍ ដែលនាំ​ឲ្យអន្តរាយដល់ឯកភាពជាតិនិងបូរណភាពទឹកដី ធ្វើវិទ្ធំង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ​ សេរីពហុបក្សនិ​ងរបបរាជានិ​យ​មអាស្រ័យរដ្ឋធម្មនុញ្ញ ធ្វើឲ្យប៉ះពា​ល់ដល់សន្តិនៃរដ្ឋ​ បង្កើតកម្លាំ​ងប្រដាប់អា​វុធ និ​ងធ្វើការញុះញង់ដែលអាចនាំឲ្យបែកបាក់ជាតិ»។

តើការកែច្បាប់ឲ្យតុលាការមិនឯករាជ្យអាចរំលាយបក្សនយោបាយបានប៉ះពាល់ប្រជាធិបតេយ្យទេ ?

នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតហៅខុមហ្វ្រែល លោក គល់ បញ្ញា លើកឡើងថា ប្រទេ​ស​ដែ​លប្រ​កាន់ប្រជាធិបតេយ្យ លោកថាធ្វើច្បាប់បើកទូលាយធានាដល់សេរីភាពបញ្ចេញមតិ និងសិទ្ធិធ្វើ​នយោ​បា​យដោយ​ស្មើ​ភាពគ្នា​។

លោ​​ក គល់ បញ្ញា​ វិភាគថា បើមើលពីខ្លឹមសារនៃសេចក្តីស្នើច្បាប់និងឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ លោកថា ច្បា​​ប់​នេះហាក់បានទុកឱកាសឲ្យមានការបកស្រាយច្បាប់ ដើម្បីដាក់សម្ពាធទៅ​គណបក្សនយោ​បាយដែល​បានចូ​លរួ​​ម​​ប្រ​កួតការបោះឆ្នោត មិនឲ្យមានលទ្ធភាពប្រកួតប្រជែងបានស្នើភាព និងថាបានប៉ះពា​ល់ធ្ងន់ធ្ងរដ​ល់ដំ​ណើ​កា​រប្រ​ជា​ធិបតេយ្យ។

បើតាមលោក គល់ បញ្ញា ការចែងមិនឲ្យគណបក្សនយោបាយធ្វើអបគមន៍ និងបង្កើតកម្លាំងប្រដាប់អាវុធ លោកថា ជារឿងត្រឹមត្រូវដែលមិនងាកឆ្លាយពីគន្លងប្រជាធិបតេយ្យ។ ប៉ុន្តែថាចំនុចដែលចែងពីដាកទោស​កំហុសពីការធ្វើ​ឲ្យប៉ះ​​ពា​ល់ដ​ល់សន្តិសុខនៃរដ្ឋនិងញុះញង់ជាដើម លោកវិភាគថាចំនុចនេះអាចនឹងជាចំនុចព្រួ​យបារម្ភដ​ល់​ការបើ​កទ​ទូ​លាយនៃការប្រកួតប្រជែងដោយស្មើភាព។

លោកថា៖ «ចំនុចបែកបាក់ជាតិ ចំនុចត្រង់ហ្នឹងងាយដល់ការបកស្រាយហើយកន្ងទៅ យើងធ្លាប់ឃើញអ្នកនយោបាយ អ្នក​តំណា​ងរាស្ត្រមួយចំនួន របស់គណបក្សប្រឆាំងហ្នឹង ត្រូវបានចាប់ដាក់ពន្ធនាគារ ដោយសា​រតែការប​កស្រា​យថាញុះញង់ហ្នឹងឯង។ ជួយកាលគ្រាន់តែបញ្ចេញមតិខុសគ្នា គេមិនអាចទៅចោទប្រកាន់ ទៅលើអ្នក​នយោ​បាយ ទៅតំណា​ង​រាស្រ្ត​ទេ​។​ ហើ​យប​ញ្ហា​មួ​យចំនួន ចៅក្រម និងព្រះរាជអា​ជ្ញានៅជាសមាជិ​កគណ​ប​ក្ស[កា​ន់អំណា​ច]ន​យោ​បាយ ជា​មន្ត្រីគ​ណ​ប​ក្សន​យោបាយ ហើយយើងទៅកាត់ទោសរឿងនយោបាយ ទៅកាត់ទោ​សអ្នក​នយោ​បាយនេះ វាអត់មា​នយុ​ត្តិធ​ម៌ទេ។ អានេះដែលជាបញ្ហា»។

និយាមមួយបែបទៀត លោក គល់ បញ្ជា វិភាគដែរថា សេចក្តីស្នើច្បាប់នេះ បើគ្មាន​ការ​កែប្រែពី​រដ្ឋសភា​ដែល​មាន​សំ​ឡេងភាគច្រើទេ លោកថាឧបករណ៍នយោបាយរបស់គណបក្សកំពុងគ្រង់គ្រងអំណាច។

លោកថា៖ «ច្បាប់ហ្នឹងវាបានបង្កការងាយស្រួយ ទៅធ្វើឲ្យគណបក្សប្រឆាំង គណបក្សដែលមកប្រកួតប្រជែងហ្នឹង គ្នាស្ថិតក្នុងស្ថានភាពមួយដែលគេងាយស្រួយក្នុងការបញ្ឈប់និងការរំលាយបាន។ ហើយវាប្រកដថានឹងប៉ះពាល់ដល់ការបោះឆ្នោតហ្នឹងវាមិនត្រឹមត្រូវនិងមិនយុត្តិធម៌។ ហើយបើ​ប៉ះពាល់​អាហ្នឹងវាប៉ះពា​ល់ដល់គោលកា​រណ៍ប្រជាធិ​បតេយ្យ​សេ​រីពហុបក្សហើយ ព្រោះ​គោលកា​រណ៍ប្រជាធិបតេយ្យសេរីពហុបក្ស គេត្រូវការគណបក្សដែលចូលរួមប្រកួតប្រជែង ហើ​យ​គេត្រូ​វការគណប​ក្សដែលចូលរួមប្រកួតប្រជែងដែលមានកម្លាំងប្រហាក់ប្រហែលគ្នា»។

សាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា លើកឡើងថា សេចក្តីស្នើច្បាប់នេះ បើគ្មានការកែប្រែទេ លោ​កវិភាគថា នឹងបង្គ​ឲ្យមានការបែកបាក់ជាតិផងនិងទីបង្ករគ្រោះថ្នាក់ដល់ ប្រជាធិបតេយ្យដ៏ក្មេងខ្ចីនោះកម្ពុជា។

លោក សូ ចន្ថា លើកឡើងទៀតថា ការដែលលោកវិភាគបែបនេះ ដោយសារតែប្រព័ន្ធតុលាការពេលនេះ ស្ថិតក្រោ​ម​ឥទ្ធិ​ពល​អ្នកកាន់អំនាច និងមួយវិញទៀតលោកថា អ្នកនយោបាយខ្មែរមិនចេះប្រើ​ប្រាស់វប្បធម៌ជ​ជែកគ្នា​រកដំ​ណោះស្រា​យ ​ហើយច្រើនយករឿងបុគ្គលវាយប្រហារនិងលាភពណ៌គ្នា លោកថាកត្តាទាំងនេះ និងជំរុញឲ្យ​មានភា​ពផុ​យស្រួ​យ​នៅ​​ពេលខាងមុខ។

លោកថា៖ «បើខ្ញុំមើលទៅច្បាប់ស្តីពីគណបក្សនយោបាយថ្មីនេះ បានដាក់សម្ពាធ មានការរឹតត្បិត​របស់គណបក្សន​យោបាយ បែបនេះ វាជាផ្នែកមួយដែលបង្ហាញថាកម្ពុជាកំពុងដើរនៅលើផ្លូវមិនមែនបែបប្រជាធិបតេយ្យនោះទេ ហើយ​បក្ស​កាន់អំ​ណាចកំពុងត្រៀមរំលាយបក្សដែលជាដៃគូប្រកួតដ៏ស្រួចស្រាវនោះទៅវិញ ជាជាងត្រៀមខ្លួនទៅកា​ន់ការបោះ​ឆ្នោ​តដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ តាមសន្លឹកឆ្នោតពិតប្រាកដរបស់ប្រជាពលរដ្ឋនៅបាទ»។

អ្នកឯកទេសវិទ្យាសាស្ត្រនយោបាយនិងអភិបាលកិច្ច លោកបណ្ឌិត ចាន់ វិបុល វិភាគប្រហាក់ប្រហែលដែរ ថា ច្បាប់នេះ មិនបានបើកទូលាយនៃលំហូរសេរីភាពបញ្ចេញមតិ និងការប្រកួតប្រជែងដោយស្មើភាព តាមបែបប្រ​ជាធិបតេ​យ្យទេ។ លោកវិភាគថាតែផ្ទុយទៅវិញច្បាប់នេះនឹងត្រៀមផ្តួលគូប្រកួតនៅក្រោយការបោះឆ្នោតឆ្នាំ២០១៧ ឬជិតបោះ​ឆ្នោតតំណាងរាស្រ្ត២០១៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ