យោងតាមការលើកឡើងរបស់តួឯកស្រីនាង ណាតាហ្សា ដែលជាជនជាតិខ្មែរឥស្លាម គឺនាងមិនមានវត្តមានក្នុងរឿងទី២របស់ផលិតកម្មឥន្ទ្រានិមិត្តនោះទេ បើទោះជារឿង «សរសរកន្លោង» ត្រូវគេឃើញចម្រុះដោយតួអង្គក្នុងរឿង «កំណត់ហេតុនាងនាថ» ស្ទើរទាំងអស់។ នាងថាហេតុផលមិនមានវត្តមាន គឺដោយសារនាងជាប់មាត់ជាមួយផលិតម្មមហាហង្ស ហើយនាងមិនមានពេលគ្រប់គ្រាន់សម្រាប់ផលិតកម្មឥន្ទ្រានិមិត្តនោះផង។
ផ្អែកតាមការលើកឡើងរបស់ផលិតកររបស់ផលិតកម្មឥន្ទ្រានិមិត្ត គឺរឿងទី២របស់ខ្លួនដែលបានប្រកាសឡើងកាលពីថ្ងៃទី១១ កុម្ភៈ មានតារាស្ទើរទាំងអស់ដែលបានសម្ដែងក្នុងរឿង «កំណត់ហេតុនាងនាថ»។ លោក រ៉ូណាន់ ជាម្ចាស់ផលិតកម្មបានអះអាងថា ហេតុផលដែលតួសម្ដែងក្នុងរឿង «កំណត់ហេតុនាងនាថ» ចាប់ដៃគ្នាសម្ដែងបានល្អ រហូតដល់ធ្វើអោយលោកទទួលជោគជ័យហួសពីការស្មាន ទើបសម្រេចចិត្តប្រគល់ឱកាសអោយសម្ដែងជាថ្មី ក្នុងរឿង «សរសេរកន្លោង»។
លោកថាក្នុងចំណោមតារាសំខាន់ៗ មានការដោះដូរតែតួតិចតួចប៉ុណ្ណោះ ដោយតារាដែលដោះដូរនោះបណ្ដាលពីហេតុផលចរឹតមិនស៊ីនឹងតួក្នុងរឿងនិងហេតុផលកាលបរិច្ឆេទចេញថតចំតួមិនទំនេរជាដើម។ ក្នុងនោះតារាសម្ដែងតួឯកស្រីនាង ណាតាហ្សា ដែលលោកបញ្ជាក់ថាសម្ដែងជាតួនាងនាថបានល្អឥតខ្ចោះ គឺមិនមានវត្តមានក្នុងរឿងទី២នោះទេ ដោយសារតែហេតុផលពេលវេលាក៏ខ្វែងគ្នា ហើយចរឹតតួឯកក៏មិនស៊ីនឹងនាងផង។ លោក រ៉ូណាន់ បន្តថាក្រោយការសម្ដែងបានល្អរបស់ ណាតាហ្សា លោកបាននិពន្ធសាច់រឿងតម្រូវអោយនាងសម្ដែងតួឯកនោះទេ ប៉ុន្តែមកពីឈុតឆាកខ្លះមិនសមនឹងប្រពៃណីឥស្លាមរបស់នាង ហើយការចេញក៏ចំពេលនាងរវល់ផង ទើបមិនមានវត្តមានរបស់នាង។
លោកបានប្រគល់តំណែងតួឯកស្រីក្នុងរឿង «សរសរកន្លោង» អោយកញ្ញា យ៉ែម ស្រីពេជ្រ និងលោក ទ្រី តារាវុធ ដែលសុទ្ធតែជាតួរងក្នុងរឿង «កំណត់ហេតុនាងនាថ» បន្ទាប់ពីលោកបដិសេធសម្ដែងតួឯកដែរ។
លោកសម្ដែងការសោកស្ដាយដែលតួឯកស្រីនាង ណាតាហ្សា ក្នុងរឿង «កំណត់ហេតុនាងនាថ» ខកខានមិនបានចូលរួមសម្ដែងក្នុងរឿងទី២។
លោកថាសម្រាប់រឿងទី៣របស់ផលិតកម្ម នឹងយកតួឯកម្នាក់នេះមកសម្ដែងអោយបាន ដោយសារតែនាងមានត្រេមុខល្អ ហើយការសម្ដែងក៏មិនអន់។
កញ្ញា ណាតាហ្សា និយាយថាហេតុផលដែលនាងខកមិនបានលេងជាមួយផលិតករ «កំណត់ហេតុនាងនាថ»ក្នុងរឿង «សរសរកន្លោង» គឺដោយសារតែនាងជាប់មាត់ថតរឿង «ក្រមុំចាស់ប៉ះកំលោះស្ទាវ» របស់ផលិតកម្មមហាហង្សដែលបានទាក់ទងអោយនាងសម្ដែងតួឯកជាមួយតារាស្រីអ្នកនាង សុខ សោម៉ាវត្តី។
នាងថាខ្លួនមានគោលការណ៍មិនសម្ដែងពីរបីរឿងក្នុងពេលតែមួយនោះទេ ទើបនាងសម្រេចចិត្តទទួលណាមួយហើយក៏មិនទទួលថតរឿងជាន់គ្នា ដើម្បីកុំអោយធ្លាក់ចុះគុណភាពសម្ដែង។ នាងថាខ្លួនរវល់នឹងមុខជំនួញលក់គ្រឿងសម្អាងនោះផង ទើបនាងមិនអាចថតរឿង២ ឬ៣ក្នុងពេលតែមួយ ដូចតារាភាគច្រើនបាន។ យ៉ាងណាមិញនាងថាខ្លួននឹងសកម្មក្នុងវិស័យភាពយន្ត បើទោះជារឿងមួយចំនួនបានតម្រូវអោយនាងសម្ដែងផ្ទុយនឹងផ្នត់គំនិតរបស់ជនជាតិឥស្លាម។
នាងនិយាយថា៖ «ដោយសារខ្ញុំទទួលថតអោយមហាហង្ស ក្នុងរឿង «ក្រមុំចាស់ប៉ះកំលោះស្ទាវ» ចឹងទើបខ្ញុំសម្ដែងរឿងផ្សេងអត់កើត តែរឿងទី៣របស់គាត់ ខ្ញុំនឹងប្រេអោយតែគាត់មានតួអោយខ្ញុំលេង!»។
កញ្ញាថាខ្លួនមិនសោកស្ដាយ បើទោះជាមិនបានសម្ដែងក្នុងរឿងទី២ ដោយសារតែក្នុងរឿងរបស់មហាហង្សដែលផ្ដល់ឱកាសអោយនាងសម្ដែង គឺមានសាច់រឿងត្រូវចិត្តរបស់នាង ហើយមើលឃើញពីចំណុចខ្លាំងផងដែរ។
នាងថាក្នុងរឿង «ក្រមុំចាស់ប៉ះកំលោះស្ទាវ» នាងត្រូវសម្ដែងជាក្រមុំឡូយឆាយ ហើយចូលចិត្តតែងខ្លួនស្រស់ស្អាត ដោយនាងយល់ថានោះជារសជាតិថ្មី បើទោះជាស្ទីលតែងខ្លួននឹងធ្វើអោយនាងយល់ថាខុសឆ្គងនឹងទម្លាប់របស់ជនជាតិឥស្លាមបន្តិច។
នាងរំពឹងខ្ពស់ថារឿងដំបូងរបស់ផលិតកម្មមហាហង្ស នឹងជួយអោយនាងល្បីឈ្មោះមិនខុសគ្នាពីរឿង «កំណត់ហេតុនាងនាថ» ដោយនាងប្រកាសថាការសម្ដែងក្នុងប៉ុន្មានថ្ងៃដែលបានចាប់ផ្ដើម គឺនាងមើលឃើញពីចំណុចសង្ឃឹមច្រើន។ មកទល់ពេលនេះ ខ្សែរឿង «ក្រមុំចាស់ប៉ះក្មេងស្ទាវ» ទើបតែថតបានប៉ុន្មានភាគរយប៉ុណ្ណោះ ទើបនាងមិនអាចទទួលសម្ដែងជាន់គ្នា ដើម្បីទុកពេលមើលខុសត្រូវហាងផង៕