អ្នកភូមិជិត៣០០គ្រួសារនៅក្រុងសៀមរាបស្នើឲ្យតភ្ជាប់ភ្លើងរដ្ឋចូលភូមិ

ពលរដ្ឋជិត៣០០គ្រួសារ ស្នើអាជ្ញាធរ តបណ្ដាញភ្លើងរដ្ឋចូលភូមិ ខណៈពលរដ្ឋទាំងនោះនៅឆ្ងាយពីអគ្គិសនីខេត្ដប្រហែល១០គីឡូម៉ែត្រ (រូបភាពដោយ បូ សាវី)

ប្រជាពលរដ្ឋជិត៣០០គ្រួសារនៅសង្កាត់ជ្រាវក្រុងសៀមរាបស្នើឲ្យអាជ្ញាធរតបណ្ដាញអគ្គិសនីរដ្ឋចូលដល់ភូមិពួកគេ ដោយអះអាងថាភ្លើងឯកជនមានតម្លៃថ្លៃ ខណៈអ្នកភូមិផ្សេងទៀតនៅក្បែនោះមានភ្លើងរដ្ឋប្រើហើយ។

ពលរដ្ឋនៅភូមិវាលនិងភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ប្រាប់វីអូឌីប្រហាក់ប្រហែលគ្នាថា អ្នកភូមិបានប្រើប្រាស់ភ្លើងឯកជនជាច្រើនឆ្នាំមកហើយដែលពួកគេអះអាងថាអគ្គិសនីឯកជននេះតម្លៃ១៥០០រៀលមួយគីទ្បូវ៉ាត់ម៉ោង។ ពលរដ្ឋត្អូញត្អែរថា ការប្រើប្រាស់ភ្លើងឯកជននោះទៀតកុងទ័រគីឡូវ៉ាត់ក៏ដើរលឿនខុសប្រក្រតីនិងដាច់ភ្លើងញឹកញាប់ផងដែរ។ ពួកគាត់បន្ថែមថាអាជ្ញាធរមូលដ្ឋានមិនដែលខ្វល់ពីទុក្ខលំបាករបស់ពួកគាត់ឡើយ ទើបពួកគេប្រមូលស្នាមមេដៃ ស្នើឲ្យអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធជួយតបណ្ដាញភ្លើងរដ្ឋដែលមានចំងាយមិនដល់១០គីឡូម៉ែត្រពីអគ្គិសនីសៀមរាបផងនោះចូលភូមិរបស់ពួកគាត់ដើម្បីជួយកាត់បន្ថយការចំណាយក្នុងជីវភាពគ្រួសារ ខណៈដែលភូមិក្បែៗនោះប្រើប្រាស់ភ្លើងរដ្ឋតម្លៃជាង៧០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។ ពួកគេនិយយាយថា៖ “ដោយសារភ្លើងឯកជនថ្លៃពេកប្រជាជនពិបាកអត់ទទួលយកបាន ចង់បានរដ្ឋធូរបន្ដិច យូរហើយអត់មាននរណាខ្វល់ ចា៎មួយគីឡូ១៥០០រៀលដាច់ញឹកញាប់ ជួនកាលមួយយប់៦ទៅ៧ដងងាកដាច់ងាកដាច់កុងទ័របង្វិលលឿនណាស់ចា៎ ខ្ញុំធ្លាប់ប្រើ៣ទៅ៤ម៉ឺនឡើង៧ទៅ៨ម៉ឺនអំពាវនាវឲ្យរដ្ឋឆាប់ចូលមក

ករណីនេះប្រធានអគ្គិសនីខេត្ដសៀមរាបលោក គង់ ពុទ្ធី មានប្រសាសន៍ថា លោកមិនទាន់ទទួលលិខិតស្នើនោះនៅឡើយទេ ប៉ុន្ដែលោកថានៅតំបន់នោះមន្ដ្រីជំនាញបានធ្វើការសិក្សារួចហើយ។ លោកបន្ដថា៖ “អូ! នៅកន្លែងហ្នឹងប្រហែលជាពួកខ្ញុំចុះទៅពិនិត្យរួចហើយ

ចៅសង្កាត់រងទី២ សង្កាត់ជ្រាវ ក្រុងសៀមរាប លោក ពេជ្រ រិទ្ធិ ឲ្យដឹងថាសង្កាត់ជ្រាវមានពលរដ្ឋរស់នៅចំនួន៧ភូមិដែលស្មើជាង២៥០០គ្រួសារ ប៉ុន្ដែលោកថាពួកគេមានបណ្ដាញអគ្គិសនីរដ្ឋប្រើប្រាស់តែតែ២ភូមិប៉ុណ្ណោះ ខណៈដែលសង្កាត់នេះនៅឆ្ងាយពីអគ្គិសនីរដ្ឋប្រហែល១០គីឡូម៉ែត្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ