បើទោះជារដ្ឋាភិបាលកម្ពុជាផាត់ លោក សម រង្ស៊ី ឲ្យចេញឆ្ងាយពីសង្វៀននយោបាយក៏ដោយ ប៉ុន្តែអតីតមេដឹកនាំគណបក្សជាង២០ឆ្នាំមកនេះ នៅតែធ្វើឲ្យមានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានទូទៅ។
សូមរំលឹកថា ថ្វីត្បិតតែមិនមានឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០១៣ក៏ដោយ តែទីបំផុតលោក សម រង្ស៊ី នៅតែជាប់ឈ្មោះជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម ក្រោយពីមានការចរចាខាងនយោបាយ។ កាលណោះ លោក សម រង្ស៊ី បានជាប់ឈ្មោះក្នុងកំណត់ត្រាមួយថាជាអ្នកនយោបាយដែលមានប្រជាប្រិយភាព ដោយមានមនុស្សរាប់លាននាក់បានចេញទទួលស្វាគមន៍វត្តមានរបស់លោកដោយមិននឹកស្មានដល់ ខណៈលោកបានវិលចូលប្រឡូកក្នុងឆាកនយោបាយវិញ។
បើទោះជាខកខានចូលរួមបោះឆ្នោតឃុំ សង្កាត់ឆ្នាំនេះក៏ពិតមែន ប៉ុន្តែលោក សម រង្ស៊ី នៅតែបង្ហាញមហិចតារបស់លោកចូលប្រឡូកក្នុងសង្វៀនការបោះឆ្នោតឆ្នាំ២០១៨ឲ្យខាងតែបាន។
ការប្តេជ្ញាចិត្តដូចនេះ បានធ្វើឲ្យ លោក ហ៊ុន សែន រុញទូកបណ្តោយទឹកដោយប្រកាសលុបបំរាមដែលហាមមិនឲ្យយន្តហោះដឹកលោក សម រង្ស៊ីមកកម្ពុជាកាលពីខែតុលាឆ្នាំ២០១៦។
បើមើលមួយជ្រុង ការប្រកាសលុបបំរាមនេះ អ្នកវិភាគ យល់ថា ហាក់ដូចជាសញ្ញាវិជ្ជមានសម្រាប់ការវិលចូលស្រុកវិញរបស់ លោក សម រង្ស៊ី ប៉ុន្តែបើមើលឲ្យជ្រៅជាងនេះបន្តិច ការប្រកាសលុបបំរាមនេះគឺរដ្ឋាភិបាលគ្រាន់តែជាការចង់សាកល្បងភាពក្លាហានរបស់លោក សម រង្ស៊ី តែប៉ុណ្ណោះ។
មួយថ្ងៃក្រោយការលុបចោលបំរាមនោះ លោក ហ៊ុន សែន បានព្រមានថា បើលោក សម រង្ស៊ី ក្លាហានចូលស្រុកមែន លោកនឹងបញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួន លោក សម រង្ស៊ី ទៅដាក់គុក ដោយសំអាងលើសាលក្រមរបស់តុលាការខ្មែរដែលបានកាត់ទោស ដោយមានភាពចម្រូងចម្រាស់នោះ។
ការគំរាមដូចនេះរបស់លោក ហ៊ុន សែន គឺជាឆ្លើយតបទៅនឹងការដាក់លក្ខខណ្ឌរបស់លោក សម រង្ស៊ី ដែលថា «មុននឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញខ្ញុំត្រូវការឲ្យលោក ហ៊ុន សែន បញ្ជាក់ថា គាត់យល់ព្រមបោះបង់គម្រោងរបស់គាត់ ដែលចង់ “កំចាត់មនុស្សពី ១០០ ទៅ ២០០ នាក់” ដើម្បីរក្សាអំណាចរបស់គាត់។ គម្រោងនេះ ត្រូវបានគាត់ប្រកាសជាសាធារណៈ ថ្មីៗនេះ»។
លោក សូ ចន្ថា អ្នកវិភាគនយោបាយ យល់ថា បើលោក សម រង្ស៊ី ចូលស្រុកនៅពេលនេះ នឹងមានផលវិជ្ជមានផងនិងអវិជ្ជមានផង។ លោកយល់ថា «បើសិនលោក សម រង្ស៊ី មកវិញចំណេញគឺទី១ប្រជាប្រិយភាពលោកផ្ទាល់ បើសិនលោកចង់បន្តអាជីពជាអ្នកនយោបាយនៅកម្ពុជា។ ទី២ចំណេញប្រជាប្រិយភាពទៅគណបក្សប្រឆាំងដែលលោកធ្លាប់ដឹកនាំដែលអាចឈានទៅដល់ការឈ្នះឆ្នោត២០១៨។ បើគាត់អត់មកវិញ ខ្ញុំគិតថាអាជីពនយោបាយរបស់ គាត់អាច បាត់ បង់ ឬថយឥទ្ធិពល …ហើយពលរដ្ឋបន្តភ្លេចនូវអ្វីដែលជាតម្លៃរបស់លោក»។
សម្រាប់ លោក សូ ចន្ថា ជម្រើសល្អបំផុតរបស់លោក សម រង្ស៊ី ក្នុងការវិលចូលស្រុកវិញគឺក្នុងអំឡុងឃោសនាបោះឆ្នោតឆ្នាំ២០១៨។ លោកបន្តថា «ព្រោះចំណេញទាំងប្រជាប្រិយភាពផ្ទាល់ខ្លួនរបស់លោក និងគណបក្សប្រឆាំងផង។ ប៉ុន្តែពេលនោះអាចថារដ្ឋាភិបាលប្រើសាលក្រមទៅចាប់ខ្លួនកើតទេ? ឬមិនអាចទេដោយសារមានអ្នកគាំ ទ្រច្រើន។ ខ្ញុំគិតថាពី ព្រោះ មានអ្នកគាំទ្រច្រើន ហើយអំឡុងពេលឃោសនាបោះឆ្នោតទៀត។ អីចឹងបើមានការចាប់ខ្លួន នោះហើយជាអ្វីដែលចំណេញដល់បក្សប្រឆាំង»។
ដោយផ្អែកលើហេតុផលនេះ អ្នកវិភាគយល់ថា កាលៈទេសៈនេះ មិនទាន់ដល់ពេលដែលលោក សម រង្ស៊ី ត្រូវវិលចូលកម្ពុជាវិញឡើយ ដោយហេតុថា ការវិលចូលស្រុកនៅពេលនេះ នឹងមិនចំណេញដល់គណបក្សសង្រ្គោះជាតិឡើយ។ មួយវិញទៀតអ្នកវិភាគ យល់ថា បើលោក សម រង្ស៊ី វិលចូលស្រុកនៅពេលនេះ រដ្ឋាភិបាលទំនងជាមិនអាចជៀសផុតពីការចាប់ខ្លួនទៅដាក់ពន្ធនាគារនោះទេ។ នេះបើផ្អែកលើវោហាសាសន៍របស់ លោក ហ៊ុន សែន ដែលប្រកាសកាត់ដៃចោល បើសិនជាលោកចុះហត្ថលេខាលើសំណើសុំលើកលែងទោសឲ្យអតីតមេបក្សប្រឆាំងរូបនេះម្តងទៀតនោះ។
កាលពីថ្ងៃព្រហស្បតិ៍ លោក ហ៊ុន សែន ក៏បានព្រលយពាក្យថា បើលោក សម រង្ស៊ី ចូលមកដឹកនាំគណបក្សសង្រ្គោះជាតិវិញ នោះនឹងអាចប្តឹងឲ្យរំលាយគណបក្សនេះចោល ក្រោមលេសច្បាប់ថ្មីដែលទើបកែប្រែដោយគណបក្សកាន់អំណាច។
អ្នកវិភាគ និយាយថា ភាពខ្លាំងរបស់គណបក្សសង្រ្គោះជាតិ មិនអាស្រ័យលើតែបុគ្គលម្នាក់ឬពីរនាក់ជាមេដឹកនាំនោះទេ គឺវាអាស្រ័យលើរចនាសម្ព័ន្ធរឹងម៉ាំរបស់គណបក្សនេះដែលបានចេះស្រេះទៅដល់ថ្នាក់មូលដ្ឋាន។
បើផ្អែកលើលទ្ធផលបោះឆ្នោតបឋម បង្ហាញថា គណបក្សសង្រ្គោះជាតិមានសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ជិតស្មើគ្នានឹងគណបក្សប្រជាជនកម្ពុជាដែលធ្លាប់តែក្តោបក្តាប់ការងារនេះស្ទើទាំងស្រុងចំនួន១៥ឆ្នាំមកហើយ។
អ្នកវិភាគខ្លះទៀត លើកឡើងថា ការវិលត្រឡប់របស់លោក សម រង្ស៊ី គួរមកនៅកៀកនឹងពេលបោះឆ្នោតនោះគឺជាការបង្កើតព្រឹត្តិការណ៍មួយឲ្យមានការចាប់អារម្មណ៍ពីសាធារណៈជន ហើយអាចធ្វើឲ្យគណបក្សសង្រ្គោះជាតិចំណេញប្រជាប្រិយភាព។ ប៉ុន្តែកាលទេសៈពេលនោះក៏អាចមានហានិភ័យសម្រាប់គណបក្សប្រឆាំងធំជាងគេនេះដែរ ប្រសិនបើពេលនោះរដ្ឋាភិបាលចាប់ខ្លួនលោក សម រង្ស៊ី ហើយមានពលរដ្ឋធ្វើបាតុកម្ម អាចជាលេសមួយដែលរដ្ឋាភិបាល ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីពន្យារពេលបោះឆ្នោត។
ក្រុមអ្នកវិភាគ លើកឡើងថា លោក សម រង្ស៊ី គួរតែបន្តរស់នៅក្រៅប្រទេសមួយរយៈទៀត ដើម្បីមានឱកាសរិះគន់ចំណុចខ្វះខាតរបស់គណបក្សកាន់អំណាច ខណៈដែលមន្រ្តីគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជាមួយចំនួនត្រូវបានឡោមព័ទ្ធដោយបណ្តឹង ហើយអាចជាសម្ពាធមួយមិនឲ្យមានការរិះគន់រដ្ឋាភិបាល។
អ្នកវិភាគ លើកជាយោបល់ថា ការចូលស្រុករបស់ លោក សម រង្ស៊ី គឺទាល់តែមានការចរចាជាមួយគណបក្សកាន់អំណាចក្នុងលក្ខខណ្ឌណាមួយ នោះទើបអាចបញ្ជៀសការចាប់ខ្លួន។ប៉ុន្តែការចរចានោះ ក៏នាំឲ្យសាធារណៈមតិមានការសង្ស័យថា ភាគីទាំងពីរអាចមានអ្វីដោះដូរគ្នា ហើយនាំឲ្យប៉ះពាល់ដល់ប្រជាប្រិយភាពគណបក្សប្រឆាំង៕