មនុស្សរាប់ពាន់នាក់ បានចេញដើរតាមផ្លូវនៅកណ្ដាលទីក្រុងហុងកុង កាលពីយប់មិញនេះ ដោយដៃកាន់ទៀន ខណៈដែលពួកគេដើរក្បួនជាការចងចាំដល់ជយលាភីពានរង្វាន់ណូបែលសន្តិភាពចិន លោក លីវ សៀវប៉ូ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ក្រុមសកម្មជនជើងចាស់ បានដឹកនាំការជួបជុំកាន់ទុក្ខនេះ ដែលធ្វើដំណើរពីកណ្ដាលទីក្រុងហុងកុង ឆ្ពោះទៅកាន់ការិយាល័យទំនាក់ទំនងរបស់ចិន ដោយអ្នកខ្លះធ្វើដំណើរទាំងស្រក់ទឹកភ្នែក។
ធាតុលោក លីវ ត្រូវបានក្រុមគ្រួសារយកទៅបាចនៅសមុទ្រកាលពីថ្ងៃម្សិលមិញនេះ ដើម្បីកុំឲ្យអ្នកគាំទ្ររូបលោកមានកន្លែងសម្រាប់ទៅគោរពសពនោះឡើយ ក្រោយមរណភាពរបស់លោកកាលពីថ្ងៃព្រហស្បតិ៍កន្លងមក ដោយសារតែជំងឺមហារីក អំឡុងពេលលោកជាប់ឃុំនៅចិនដីគោក។
ពិធីគោរពដល់លោក លីវ បានកើតឡើងតែ ៤ថ្ងៃក្រោយពីសមាជិកសភាទីក្រុងហុងកុង ៤រូប ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យនោះ ត្រូវបានបណ្ដេញចេញពីសភា ដោយបង្កឲ្យមានក្ដីបារម្ភថា សេរីភាពនៅក្នុងទីក្រុងពាក់កណ្ដាលស្វយ័តមួយ កំពុងស្ថិតក្នុងស្ថានភាពគំរាមកំហែងធ្ងន់ធ្ងរពីរដ្ឋាភិបាលក្រុងប៉េកាំង៕