របាយការណ៍​ថា កម្រិត​ភាព​ស្រេក​ឃ្លាន​នៅ​កម្ពុជា​នៅ​តែ​ «ធ្ងន់ធ្ងរ» ទោះបី​ទទួល​បាន​ពិន្ទុ​ល្អ​ប្រសើរ

របាយការណ៍​មួយ​បង្ហាញ​ថា កម្ពុជា​នៅ​តែ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​មាន​កម្រិត​​ភាព​ស្រេក​ឃ្លាន «ធ្ងន់ធ្ងរ» បើទោះបី​ជា​ពិន្ទុ​​នៃ​ភាព​ស្រេក​ឃ្លាន​ក្នុង​ចំណោម​ប្រជាជន​របស់​ប្រទេស​នេះ បាន​ធ្លាក់​ចុះ​ក៏​ដោយ​នៅ​ក្នុង​រយៈ​ជិត​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ។ នេះ​ដោយ​យោង​តាម​របាយការណ៍​សន្ទស្សន៍​ភាព​ស្រេក​ឃ្លាន​សកល ចេញ​ដោយ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​គោល​នយោបាយ​ស្បៀង​អាហារ​អន្តរជាតិ ហៅ​កាត់​ថា IFPRI កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា​កន្លង​មក​ថ្មីៗ​នេះ។

របាយការណ៍​ដែល​ចេញ​ដោយ​ស្ថាប័ន​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីងតោន សហរដ្ឋ​អាមេរិក​នោះ បាន​បង្ហាញ​ថា សន្ទស្សន៍​ភាព​ស្រេក​ឃ្លាន​កម្ពុជា បាន​ធ្លាក់​ចុះ​ពី​ ២៧.១​ពិន្ទុ នៅ​ឆ្នាំ​២០០៨ មក​នៅ​ ២២.២​ពិន្ទុ នៅ​ឆ្នាំ​២០១៧​នេះ។

ពិន្ទុ​កាន់​តែ​តូច​បែប​នេះ ឆ្លុះ​បញ្ចាំង​ថា កម្រិត​ភាព​ស្រេក​ឃ្លាន​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា កាន់​តែ​ល្អ​ប្រសើរ​ឡើង គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩២​មក ប៉ុន្តែ ​កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​មាន​កម្រិត​ភាព​ស្រេក​ឃ្លាន «ធ្ងន់​ធ្ងរ» ដែល​វាយ​តម្លៃ​ដោយ​ស្ថាប័ន IFPRI។

ផ្អែក​តាម​កម្រិត​សន្ទស្សន៍​នេះ កម្ពុជា​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ ៧៥ នៅ​ក្នុង​ចំណោម​ប្រទេស ១១៩ ដែល​សិក្សា​ដោយ​ស្ថាប័ន​ខាង​លើ ពោល​គឺ​កម្ពុជា​មាន​ចំណាត់​ល្អ​ប្រសើរ​ជាង​​ប្រទេស​ឡាវ និង​ភូមា​តែ​ប៉ុណ្ណោះ។

អគ្គលេខាធិការរងនៃក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធាន អង្គភាពសន្តិសុខ ស្បៀង និងអាហាររូបត្ថម្ភកម្ពុជា លោក សុខ ស៊ីឡូ ថា លោកមិនទាន់អាចឆ្លើយតបចំពោះរបាយការណ៍ នេះបាននៅឡើយទេដោយលោកថាលោកមិនទាន់បានដឹងពីរបាយការណ៍នេះនៅឡើយ។

លោកថា៖ « ខ្ញុំដឹងព្រោះខ្ញុំអត់បានមើលរបាយការណ៍ហ្នឹងផង ខ្ញុំអត់ទាន់ដឹងទេព្រោះខ្ញុំនៅជាប់ប្រជុំ »

នាយកអង្គការសេដាកលោកសម វិទូ មានប្រសាសន៍ថា របាយការណ៍របស់វិទ្យាស្ថានស្រាវ ជ្រាវគោលនយោ បាយស្បៀង អាហារអន្តរជាតិនេះអាចទទួលយកបាន ដោយថាបើពិនិត្យទៅលើរបបអាហាររបស់ប្រ ជាពលរដ្ឋ មួយចំនួនគឺមិនទាន់គ្រប់ស្តង់ដារនៅឡើយ។

លោកថា៖«គេកំណត់ទៅលើរបបអាហារមានន័យថាតើរបបអាហាររបស់គាត់ហ្នឹងមានប៉ុន្មានប្រភេទនៅក្នុងរបបអាហារមួយពេលៗរបស់គាត់ហ្នឹង! ហើយអាហារហ្នឹងអីខ្លះ ឧទាហរណ៍ដូចជាអាហារថាមពល អាហារសម្រាប់ ការលូតលាស់ដូចជាប្រូតេអ៊ីន ឬក៏អាហាររ៉ែឬក៏អាហារបន្ថែមអីអញ្ចឹងទៅណា។ ហើយចំណុចអស់ ហ្នឹងដែលគាត់យកជាការកំណត់ឧទាហរណ៍ដូចជាគាត់មានបាយហូប គាត់មានគ្រប់គ្រាន់មែនតែគាត់ មានតែប្រហុកចំហុយតែបន្តិចជាមួយបាយឬក៏អំបិលអីអញ្ចឹងធ្វើឲ្យគាត់ខ្វះនូវអាហារហើយ »

លោកឲ្យជាយោបល់ថារដ្ឋាភិបាលគួរមានគោលនយោបាយយ៉ាងណាធ្វើឲ្យពលរដ្ឋមានការផលិតនូវអាហារចំរុះសម្រាប់បរិភោគ និងបង្កើនការយល់ដឹងដល់ពលរដ្ឋខ្លួនពីរបៀបប្រើប្រាស់នៃអាហារទាំងនោះ ជាពិសេស ទៅដល់ តំបន់ដាច់ ស្រយាល។ទោះជាយ៉ាងណាលោកថា កម្ពុជាគឺមានភាពជោគជ័យច្រើនចំពោះការកាត់ បន្ថយកម្រិតនៃភាពស្រេកឃ្លានរបស់ប្រជាជននេះ។

វិទ្យាស្ថាន​ស្រាវ​ជ្រាវ​គោល​នយោបាយ​ស្បៀង​អាហារ​អន្តរជាតិ បាន​លើក​ឡើង​នៅ​លើ Twitter ថា ពិន្ទុ​នៃ​សន្ទស្សន៍​ភាព​ស្រេក​ឃ្លាន​នៅ​ប្រទេស​កម្ពុជា ភូមា និង​រ្វ៉ាន់ដា បាន​ធ្លាក់​ចុះ​ច្រើន គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០០​មក ប៉ុន្តែ កម្រិត​នៃ​ភាព​ស្រេក​ឃ្លាន​នៅ​តាម​បណ្ដា​ប្រទេស​ទាំង​បី​នេះ នៅ​តែ​ស្ថិត​ក្នុង​កម្រិត «ធ្ងន់ធ្ងរ»។

របាយការណ៍ IFPRI បង្ហាញ​ថា ប្រទេស​ចំនួន ៥២ ក្នុង​ចំណោម ១១៩​ប្រទេស ភាគ​ច្រើន​នៅ​តំបន់​អាហ្វ្រិក នៅ​តែ​បន្ត​ប្រឈម​មុខ​នឹង​ភាព​ស្រេក​ឃ្លាន​​ក្នុង​កម្រិត«​ធ្ងន់​ធ្ងរ​បំផុត»។

របាយការណ៍​ឆ្លុះ​បញ្ចាំង​ថា មនុស្ស​ចំនួន ៨១៥​លាន​នាក់ ឬ​ម្នាក់​ក្នុង​ចំណោម ៩​នាក់​នៅ​ទូទាំង​ពិភព​លោក នៅ​តែ​បន្ត​រស់​នៅ​ក្នុង​ភាព​ស្រេក​ឃ្លាន បើ​ទោះបី​ជា​ពិន្ទុ​សន្ទស្សន៍​ភាព​ស្រេក​ឃ្លាន​សកល បាន​ធ្លាក់​ចុះ ២៧​ភាគរយ គិត​ចាប់​ពី​ឆ្នាំ​២០០០មក​ក៏​ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ