នគរបាលបញ្ជូនអតីតបុគ្គលិកវិទ្យុអាស៊ីសេរី បន្ដទៅតុលាការ

អតីតអ្នកព័ត៌មានវិទ្យុអាស៊ីសេរី លោក អូន ឈិន

អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី ២​រូប ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​តុលាការ​​រសៀល​ថ្ងៃ​នេះ បន្ទាប់​ពី​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​២​ថ្ងៃ​មុន​នោះ ខណៈ​ដែល​អតីត​អ្នក​សារព័ត៌មាន​ម្នាក់​ទៀត ត្រូវ​បាន​ឃាត់​ខ្លួន​​ អំឡុង​សវនាការ​ជម្រះ​ក្ដី​រំលាយ​បក្ស​ប្រឆាំង​នៅព្រឹកថ្ងៃនេះ។

អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក អួន ឈិន និង​​លោក យាង សុជា​មេត្តា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅក្នុង​ផ្ទះសំណាក់មួយនៅ​ក្នុង​ខណ្ឌ​មានជ័យ ដោយ​សមត្ថកិច្ច​សង្ស័យ​ថា បានលួច​ផលិត​ព័ត៌មាន​ពីប្រទេសកម្ពុជា​ ទៅ​ឲ្យ​វិទ្យុ​អាស៊ី​សេរី នៅ​សហរដ្ឋអាមេរិក។

ស្នង​ការ​ងនគរ​បាល​រា​ជធា​នី​ភ្នំពេញ លោក​ ស៊ឹម ​វុទ្ធី ​បាន​ប្រាប់​ VOD នៅថ្ងៃនេះថា ក្រោយសួរនាំ និងចុះទៅពិនិត្យនៅផ្ទះសំណាក់ ដែលពួកគេស្នាក់នៅនោះ លោកអះអាងថា អាជ្ញាធរបានរកឃើញភស្ដុតាងមួយចំនួន ដែលថា មានភាពសម​ល្មម អាចឲ្យមានការចោទប្រកាន់តាមផ្លូវច្បាប់។

លោក​ ស៊ឹម ​វុទ្ធី បន្ថែមថា កម្លាំងនគរបាល បានបញ្ជូនអតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំង ២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញហើយ រីឯចំណាត់ការបន្ទាប់យ៉ាងណានោះ គឺអាស្រ័យលើតុលាការ។

លោកថា៖ «តុលាការកំពុងតែសាកសួរ មិនទាន់ចោទទេ កំពុងតែសាកសួរតាមនីតិវិធីរបស់គេ។ រឿងនេះ គឺគេមានឯកសារ គេមានភស្ដុតាង ចម្លើយរបស់គាត់ អញ្ចឹងគួបផ្សំទាំងអស់ហ្នឹងហើយ មិនមែនយកតែរឿងថត មកចោទទេ។ គ្រាន់តែជម្រាបថា ចម្លើយសារភាព បូកនឹងវត្ថុតាងមួយចំនួន ដែលមានការទំនាក់ទំនងជាមួយ​នឹង​វិទ្យុបរទេស គឺអាហ្នឹង វាគ្រប់គ្រាន់​មួយទៅហើយ ហើយផ្សេងៗ​ជាច្រើនទៀត ដែលជា​ចម្លើយគាត់ ហើយរួមផ្សំនឹងសម្ភារៈ ដែលយើងដកហូតបាន»។

បើតាមការចុះផ្សាយរបស់សារព័ត៌មានភ្នំពេញប៉ុស្ដិ៍ វិទ្យុ​អាស៊ីសេរី បានឆ្លើយតបថា ខ្លួនមិនមានទំនាក់ទំនងជាមួយអតីត​បុគ្គលិកទាំង ២នាក់នេះទៀតនោះទេ និងថា អ្នកទាំងពីរ​ក៏មិនធ្វើការឲ្យស្ថាប័នខ្លួនទៀតដែរ។

នៅថ្ងៃព្រហស្បតិ៍នេះដែរ អតីតអ្នកកាសែត​ខេមបូឌា ដេលី កញ្ញា ឡេង ឡែន ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ផង​ដែរ អំឡុង​ពេល​កញ្ញា​ចូល​តាម​ដាន​សវនាការ​ជម្រះ​ក្ដី​រំលាយ​គណបក្សសង្គ្រោះ​ជាតិ។ អតីត​អ្នក​កាសែត​ខេមបូឌា ដេលីរូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ និង​បន្ត​ស្ថិត​នៅ​ក្រោម​ការ​សាក​សួរ​របស់​សមត្ថកិច្ច​រហូត​មក​ដល់​ម៉ោង ៥​ល្ងាច​នេះ។

ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា យល់ថា លោកមិនចង់ឃើញមានការចាប់ចង ឬប្ដឹងទៅតុលាការ ចំពោះអ្នកសារព័ត៌មាន ដែលគ្រាន់តែធ្វើខុស​នឹងក្រមវិជ្ជាជីវៈសារព័ត៌មាននោះទេ។

លោកថា៖ «មានច្បាប់ស្ដីពីរបបសារព័ត៌មានជាគោល ទាក់ទងទៅនឹងការអនុវត្ដហ្នឹង ហើយប្រសិនបើគាត់ខុស ក្នុងវិជ្ជាជីវៈសារព័ត៌មានហ្នឹង គួរតែយកច្បាប់ស្ដីពីរបបសារព័ត៌មាន មកដាក់មកវិនិច្ឆ័យ។ បើសិនជាអត់មានភស្ដុតាងអីធំដុំ អាចថា ដោះលែងគាត់ទៅ ហើយព្រមាន ឬឲ្យគាត់សន្យា កុំឲ្យមានការដាក់ទោសទណ្ឌធំដុំអី ខ្ញុំអត់ចង់ឃើញ»។

វិទ្យុ​អាស៊ីសេរី បាន​​បិទ​ការិយាល័យរបស់ខ្លួន​​​នៅ​ទីក្រុង​ភ្នំពេញ​កាល​ពីខែ​កញ្ញា ក្រោយដំណើរការជិត ២០ឆ្នាំ ហើយ​កាសែត​ខេមបូឌា ដេលី ក៏​បាន​ផ្អាក​ដំណើរការ​របស់​ខ្លួន​នៅ​ដើម​ខែ​កញ្ញា​ផង​ដែរ បន្ទាប់​ពី​មាន​ភាព​ចម្រូង​ចម្រាស់​ជុំ​វិញ​បញ្ហា​ពន្ធ ដែល​រដ្ឋាភិបាល​ចោទ​ថា បាន​ជំពាក់​រដ្ឋ​រយៈ​ពេល ១០​ឆ្នាំ​ចុង​ក្រោយ​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ