អាណាព្យាបាល​គ្រូ​និង​សិស្ស​និយាយថា​ការ​ប្រឹក្សាយោបល់​អាជីព​នឹង​ធ្វើ​ឲ្យ​សិស្ស​សម្រេច​ចិត្ត​កាន់តែ​ត្រឹម​ត្រូវ

លោកស្រី ហាក់ ជិនហ៊ន មន្រ្តីប្រឹក្សាអាជីពនៃការិយាល័យអប់រំស្រុកសង្កែ (ណុប វី)

អាណាព្យាបាល​សិស្ស​និយាយថា ​គ្រូ​ប្រឹក្សា​យោបល់​អាជីពបាន​ជួយតំរង់​ទិសក្នុងការ​សិក្សា​និង​គោល​ដៅអនា​គត​ដល់កូនៗ​របស់​ពួកគាត់។ ​

តំណាង​អណាព្យាបាល​សិស្ស​បាន​ចាប់​អារម្មណ៍​យ៉ាង​ដូច្នេះ នៅក្នុង​ជំនួប​កិច្ច​ពិភាក្សា​តុមូល​ផ្សាយ​ផ្ទាល់​តាមវិទ្យុពី​សណ្ឋាគារមួយនៅក្នុង​ខេត្ត​បាត់ដំបង​ ដែល​រៀបចំ​ដោយ ​VOD គាំទ្រ​ថវិកា​ដោយ​ព្រះ​វិហារនៃ​ប្រទេស​ហ្វាំងឡង់​(FCA) នៅព្រឹក​ថ្ងៃ​​សុក្រ​ ទី​១៦ ខែធ្នូ ឆ្នាំ២០១៦។

ដោយ​អះអាងថា​ គាត់​ជា​តំណាង​អនាព្យាបាល​សិស្ស​មួយរូប​នៅក្នុង​ខេត្ត​បាត់ដំបង លោក លឹម ចាន់ដារ៉ា មាន​ប្រសាសន៍ថា​ កូន​របស់គាត់​ជាសិស្ស​ប្រឹង​រៀន​ តែ​មិន​មានគោលដៅ​ច្បាស់ទេ។ លោក​បន្ត​ថា​ កូន​គាត់​ចង់​ធ្វើ​មន្រ្តី​រាជការ​ តែ​គាត់​មិន​ដឹង​ថា​ធ្វើ​ដូចម្ត៉េច។ ដោយ​សារ​ចំណុច​នេះ​ លោក​បាន​ណែនាំ​កូន​របស់លោក​ឲ្យ​ជួប​ពិគ្រោះ​យោបល់​ជាមួយនឹង​គ្រូប្រឹក្សា​យោបល់​អាជីព៖ “កូន​ខ្ញុំសួរ​ខ្ញុំថា ​ប៉ាកូន​ចង់​ធ្វើ​ជា​គ្រូ​បង្រៀន តើ​កូន​ត្រូវ​ធ្វើ​ម៉េច?​ ខ្ញុំ​ប្រាប់​គាត់​វិញ​ថា ​បើកូន​ចង់ធ្វើ​ជាគ្រូ​បង្រៀន​ កូន​ត្រូវ​ទៅជួប​ជាមួយ​គ្រូ​ប្រឹក្សា​អាជីព នោះគាត់​នឹង​ប្រាប់​កូន​ហើយ​ថា​ត្រូវ​ធ្វើម៉េច រៀនសូត្រម៉េច? ចឹង​គាត់​ទៅ​សួរ​ គាត់​បាន​យល់​ច្បាស់រឿង​ហ្នឹង​។ ឥឡូវ​គាត់​ប្រឹង​រៀនណាស់“។

វាគ្មិន​ចំនួន​១០នាក់​បាន​ចូលរួម​នៅក្នុង​កិច្ច​ពិភាក្សា​តុមូល​ផ្សាយ​តាម​វិទ្យុនេះ។ វាគ្មិន​ទាំងនោះរួមមាន​តំណាង​អាណាព្យាបាល​ គ្រូប្រឹក្សាយោបល់ នាយក​សាលា​ មន្រ្តី​ប្រឹក្សា​អាជីពនៃការិយាល័យ​អប់រំ​ស្រុក​សង្កែ​ខេត្ត​បាត់​ដំបង សិស្ស​ និង​និស្សិត។

ដោយ​អះអាង​ថា​ជា​តំណាង​អាណាព្យាបាល​សិស្ស​មួយរូប​ទៀត លោក ម៉ក់ កេត មាន​ប្រសាសន៍ថា កូន​របស់​លោក​កន្លង​មក​មិន​សូវ​ខំ​ប្រឹង​ប្រែង​រៀនសូត្រទេ តែក្រោយ​ទទួល​បាន​យោបល់ កូន​របស់គាត់​បាន​ផ្លាស់ប្តូរ​ឥរិយា​បទ​របស់គេ៖ «កូន​ខ្ញុំ​ឡូវ​បែង​ចែក​ពេលវេលា​រៀន​សូត្រ​ច្បាស់លាស់។ ពេល​ព្រលប់​រៀនពី​ម៉ោង​៨ដល់ម៉ោង១០យប់។ ជិត​ភ្លឺគាត់​ភ្ញាក់ពីដំណេក​រៀននៅម៉ោង៤ភ្លឺ»។

នាយក​វិទ្យាល័យអន្លង់​វិល លោក ហួត ប៊ុនធឿន មាន​ប្រសាសន៍សាលា​​របស់​លោក​បាន​ដាក់​បញ្ចូល​ការ​ប្រឹក្សា​យោបល់​អាជីពនេះ​ទៅក្នុង​ម៉ោង​សិក្សា​របស់​សិស្ស​មួយ​ម៉ោង​ក្នុង​មួយ​សប្តាហ៍៖ «យើងធ្វើការ​បែង​ចែក​ការ​បង្រៀននេះ​នៅ​គ្រប់​ថ្នាក់​ទាំងអស់ពី​ថា្នក់ទី៧​ដល់​ថ្នាក់​ទី១២។ មួយម៉ោង​ក្នុង​មួយសប្តាហ៍។ បន្ទប់​មួយទៀត ​គេ​ហៅ​បន្ទប់​ប្រឹក្សា​។ អញ្ចឹង​សិស្ស​ដែលមានការ​លំបាកអាច​ទៅ​រក​កា​រប្រឹក្សាអំពី​អនាគត​​និង​ដើម្បី​ចាប់​ជំនាញ​សិក្សា​របស់​គាត់»។

កញ្ញា ជិន សុនីតា ​​រៀន​នៅ​អនុវិទ្យាល័យ​នរា ខេត្ត​បាត់ដំបង ថ្លែង​ក្នុង​កិច្ច​ពិភាក្សា​ថា​ ក្រោយ​ពេល​ទទួល​បាន​ការ​ប្រឹក្សាយោបល់​មក​ គាត់​ដឹង​ថា​អនាគតគាត់​ចាប់​យក​អាជីពអ្វី៖ «ខ្ញុំដឹង​ថា​ ដើម្បី​អាជីពនោះ ​វា​ត្រូវ​ឲ្យ​ខ្ញុំ​ខំ​រៀន​គណិត​ ខ្មែរ និង​ភាសា​បរទេស»។

លោកស្រី ហាក់ ជិនហ៊ន មន្ដ្រីបង្គោលប្រឹក្សាអាជីពនៃការិយាល័យអប់រំ យុវជន និងកីឡាស្រុកសង្កែបញ្ជាក់ថានៅអនុវិទ្យាល័យនរា សិស្សដែលទទួលបានការប្រឹក្សាយោបល់សម្រាប់ឆ្នាំសិក្សា២០១៥-២០១៦ មានចំនួន៤៧៥នាក់។​ ហើយចំនួនសិស្សសរុបដែលបានទទួលការប្រឹក្សានៅសាលាគោលដៅទាំង៤ ក្នុងឆ្នាំសិក្សា២០១៥-២០១៦ មានចំនួន៣០៦៥នាក់ ក្នុងនោះស្រីចំនួន១៦៦៨នាក់។ លោកស្រីបន្ថែមថា អត្រា​សិស្សបោះបង់ចោលការសិក្សាមានការថយចុះ បន្ទាប់ពីពួកគេបានមកប្រឹក្សាយោបល់​ជាមួយគ្រូប្រឹក្សា​អាជីព។

អង្គការព្រះវិហារប្រទេសហ្វាំងឡង់បាន​ចាប់ផ្ដើម​គម្រោង​ផ្តល់​ប្រឹក្សាអាជីពក្នុង​ខេត្ត​បាត់ដំបង​ បន្ទាប់ពីត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ក្នុងខែកុម្ភៈ ឆ្នាំ២០១៥។ គម្រោង​នេះ​ ​សាកល្បង​​បណ្តុះ​បណ្តាល​គ្រូបង្គោលចំនួន១១នាក់ នៅស្រុកសង្កែ ដោយជ្រើសយកសាលាគោលដៅ៤ គឺវិទ្យាល័យអន្លង់វិល អនុវិទ្យាល័យនរា អនុវិទ្យាល័យអូដំបង១ និងអនុវិទ្យាល័យវត្តតាមិម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ