ជនជាតិដើមភាគតិចប្តឹងមន្រ្តីខេត្តមណ្ឌលគិរីថាគំរាមកំហែងពួកគេ

តំណាងពលរដ្ឋជនជាតិដើមភាគតិចអះអាងថា ពួកគេជិត១ពាន់នាក់បានផ្តិតមេដៃប្តឹងប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីថា បានរារាំងនិងគម្រាមកំហែងមិនឲ្យពួកប្រារព្ធទិវាជនជាតិដើមភាគតិច។

ប្រធានបណ្តាញជនជាតិដើមភាគតិចប្រចាំខេត្តមណ្ឌលគិរីលោក ក្រើង តុលា ប្រាប់វីអូឌីថា កាលពីខែសីហាឆ្នាំ២០១៦ សហគមន៍ជនជាតិភាគនៅខេត្តបណ្ឌលគិរីបាននាំគ្នាប្រារព្ធទិវាជន ជាតិដើមភាគតិចលើទី៦ ប៉ុន្តែត្រូវប្រធានមន្ទីអភិវឌ្ឍន៍ជនបទលោក យន់ សារោម ដឹកនាំកំលាំងទៅសមត្ថកិច្ចមករារាំងនិងគម្រាមកំហែងមិនឲ្យធ្វើឡើយ។

លោកបន្ថែមថា «នៅពេលដែលសហគមន៍ប្រារព្ធទិវាជនជាតិដើមភាគតិចគាត់មិនដែលចេញមុខដោះស្រាយ ឬក៍ជួយរៀបចំទិវាហ្នឹងទេគាត់បែរជាមករារាំង បែរជាថាសហគមន៍ហ្នឹងធ្វើ ខុសច្បាប់ទៅវិញ។ ប៉ុន្តែការពិតទៅយើងមានច្បាប់អស់ហើយតាំងពីច្បាប់សកលច្បាប់ជាតិ ហើយក៏ដូចជាសារាចរណ៍ផ្សេងៗ ដូចជាសេចក្តីណែនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុនសែន ជាដើម ប៉ុន្តែគាត់មិនមើលទៅតាមគោលការណែនាំរបស់គេទេ គាត់តែងតែរារាំង តែងតែគម្រាមកំហែងមកវិញ»។

លោកបន្តថា ក្រោយពីមានការរារាំងជាបន្តបន្ទាប់ ប្រជាពលរដ្ឋជនដើមភាគតិចបានសម្រេច នាំគ្នាដាក់ពាក្យប្តឹងទៅអាជ្ញាធរខេត្តឲ្យជួយដោះស្រាយ ប៉ុន្តែលោកថារហូតមកពេលនេះជិត កន្លះឆ្នាំហើយ អាជ្ញាធរខេត្តមិនបានដោះស្រាយឡើយ ទើបនៅថ្ងៃទី១៦ កុម្ភៈ ឆ្នាំ ២០១៧នេះ ពួកគាត់សម្រេចមកដាក់បណ្តឹងដល់ស្ថាប័នពាក់ព័ន្ធនៅរាជធានីភ្នំជួយដោះស្រាយម្តង។

តំណាងជនជាតិដើមភាគតិចម្នាក់ទៀត អ្នកស្រី ខ្វើក ទុំ និយាយថា គាត់មិនពេញចិត្តទេ ចំពោះសកម្មភាពរបស់ប្រធានមន្ទីអភិវឌ្ឍន៍ជនបទដែលតែងតែរារាំងនិងគម្រាមកំហែងពួក គាត់មិនឲ្យប្រារព្ធទិវាជនជាតិភាគតិចនេះ។ ដោយអ្នកស្រីថាការធ្វើបែបនេះជាការរំលោភសិទ្ធិ របស់ជនដើមភាគតិច។

អ្នកស្រីបន្ថែមថា «គាត់ធ្វើអញ្ចឹងពួកខ្ញុំមិនសុខចិត្តទេ ពួកខ្ញុំអស់ជំនឿហើយ បើគាត់គម្រាម កំហែង គាត់សម្តីអសុរសមើលងាយអញ្ចឹង ពួកខ្ញុំកើតទុកមិនសុខចិត្តហ្នឹងបានជាសហគមន៍ នាំគ្នាផ្តិតមេដៃប្រមាណ៧៩២នាក់ដើម្បីដាក់ពាក្យបណ្តឹងលើកទី២នេះទៀត»។

អ្នកស្រីបន្តថា លើកទី២នេះពួកគាត់បានប្តឹងទៅ ក្រសួងមហាផ្ទៃ ក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋសភា ខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងស្ថាប័នផ្សេងៗទៀតដោយទាមទារឲ្យ ផ្លាស់ប្តូរប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី លោក យន់ សារោម ចេញពីខេត្តនេះ ដោយថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទតែងតែបង្ករផលលំបាកដល់ពលរដ្ឋជនជាតិដើមភាគ តិចនៅក្នុងខេត្តមណ្ឌលគិរី។

ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី លោក យន់ សារោម បានច្រានចោលការចោទប្រកាន់នេះ ដោយ ថា លោកមិនបានរារាំងឬគម្រាមកំហែងជនជាតិដើមភាគតិចណាម្នាក់នោះទេ។

លោកបន្តថាករណីជនជាតិដើមភាគតិចប្តឹងរូបលោកនេះដោយសារមានអ្នកញុះញុងពីក្រោយ ដែលច្រណែននឹងលោក។

លោកបន្ថែមថា «ខ្ញុំយល់ថាករណីប្តឹងខ្ញុំនេះ ដោយសារមានអាក្រុមមួយចំនួនហ្នឹងវាដើរឲ្យជន ជាតិធ្វើអញ្ចឹង ពួកហ្នឹងពួកក្រុមខូចទេនិយាយឲ្យអស់ទៅ។ ព្រោះទិវាជនជាតិដើមភាគតិចនេះ មានរាល់ឆ្នាំថ្នាក់ជាតិក៍គេធ្វើថ្នាក់ខេត្តក៍គេធ្វើដែរ ហើយក៍ធ្វើអាទិវាជនជាតិដើមភាគតិចហ្នឹង ដែរ និងជួយបង្កើតសហគមន៍ និងរៀបចំចុះបញ្ជីដីធ្លីរបស់ពួកគេដែរហ្នឹង»។

មន្រ្តីសមាគមអាដហុកប្រចាំខេត្តមណ្ឌលគិរីលោក សុខ រដ្ឋា មានប្រសាសន៍ថា មូលហេតុ ដែលនាំឲ្យជនជាតិដើមភាគតិចប្តឹងប្រធានមន្ទីអភិវឌ្ឍន៍ជនបទនោះ ដោយ សារភាគីទាំងពីរបានខ្វែងគំនិតគ្នាក្នុងការរៀបចំទិវាជនជាតិដើមភាគតិចកាលពីឆ្នាំ ២០១៦។

លោកបន្តថា ពេលដែលខ្វែងគំនិតគ្នានោះលោក យន់ សារោម បានប្រើពាក្យសម្តីគម្រាម កំហែងមកលើតំណាងសហគមន៍ទើបពលរដ្ឋជនជាតិដើមភាគតិចខឹង ហើយនាំគ្នាដាក់ពាក្យបណ្តឹង។

លោកបន្ថែមថា «កាលនោះជនជាតិដើមភាគតិចហ្នឹងគាត់បានត្រៀមខ្លួន អាហារ ដើម្បីជួបជុំ សប្បាយជាមួយគ្នាគាត់ថ្ងៃទិវានោះ ប៉ុន្តែលោកប្រធានមន្ទីហ្នឹងមិនបានផ្តល់ឧកាសឲ្យតំណាង ជនជាតិបានចូលជួបដើម្បីឲ្យបានដឹងអំពីកម្មវត្ថុអំពីការលើកពេលកម្មវិធីហ្នឹងទេ បែរជាគាត់ ប្រើភាសាមិនសមរម្យជាមួយនឹងតំណាងជនជាតិដើមភាគតិចនោះទៅវិញ ដូចជាការគម្រាម កំហែង រកចាប់ដាក់គុកដាក់ច្រវាក់ទៅវិញ ដល់ទៅក៍ធ្វើឲ្យលោកប្រធានមន្ទីហ្នឹង មានទំនាស់ ជាមួយជនជាតិដើមភាគតិចហ្នឹងទៅ»។

លោកបន្តទៀតថា ករណីជនជាតិដើមភាគតិចសម្រេចប្តឹងប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្ត មណ្ឌលគិរីនេះមិនមានអ្នកណានៅពីក្រោយនោះទេ គឺជនជាតិទាំងនេះមិនពេញចិត្តនឹងការ ដឹកនាំរបស់ប្រធានមន្ទីររូបនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ