ក្រសួង​ការ​ងារ​ឲ្យ​ដឹង​ថា​មាន​ពល​ករ​ជាង​១លាននាក់​កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស

របាយការណ៍​ក្រសួង​ការ​ងារបានឲ្យ​ដឹង​ថា ​កម្ពុជា​បាន​បញ្ជូន​ពល​ករ​ទៅ​ក្រៅ​ប្រទេសទាំងអស់​បាន​ជាង​១លាន​នាក់ ខណៈក្នុងមួយ​ឆ្នាំ​២០១៦ ខ្លួន​បាន​សម្រួល​ការងារឲ្យ​​ប្រជាពល​រដ្ឋ​ខ្មែរ​ទៅ​ក្រៅ​ប្រទេស​បាន​ជាង៨ម៉ឺន​នាក់។

ក្នុង​របាយការណ៍​បូកសរុប​លទ្ធផល​​របស់​ក្រសួង​ការ​ងារប្រចាំ​ឆ្នាំ​២០១៦ ​ឲ្យ​ដឹង​ថា​រហូត​មក​ដល់​បច្ចុប្បន្ន​​​នេះ​ពល​ករ​ខ្មែរ​ចំណាក​ស្រុ​ក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​មាន​ជាង​ ១,១៥លាននាក់ ដែល​កំពុង​ធ្វើ​​ការ​​នៅ​ ថៃ​ កូរ៉េ ជប៉ុន ម៉ាឡេស៊ី និងសិង្ហបុរី ក្នុង​​ជាង​១លាន​នាក់ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ របាយ​ការ​ណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ឆ្នាំ​ពល​ករ​ចំណាក​ស្រុក​ទាំងនោះ​អាច​នាំ​ចំណូល​បាន​ជាង​១,៧ពាន់​លាន​ដុល្លា​អាមេរិក​មក​កម្ពុជា ព្រម​ទាំងទទួល​បាន​នូវ​​មុខ​ជំនាញ​វិជ្ជា​ជីវៈក្នុងពេល​កំពុង​ធ្វើ​ការនោះ​ផង​ដែរ។

នាយក​ប្រតិបត្តិ​អង្គការ​ខារ៉ាមកម្ពុជាលោក យ៉ា ណាវុធ យល់​ថារដ្ឋាភិបាល​មិន​គួរ​ត្រេក​ត្រអាល​ទៅ​នឹង​ចំណូល​ដែល​បាន​ទទួល​ពី​ការចំណាកស្រុក​របស់​ប្រជាពល​រដ្ឋខ្មែរ​នោះ​ទេ។លោកថា តួនាទី​របស់រដ្ឋាភិបាលគឺផ្តល់​ការងារ​ដល់ពល​រដ្ឋ​នៅ​​ក្នុងស្រុក​វិញ​ជាជាង​ចេះ​តែ​បណ្តោយ​ឲ្យ​ពល​រដ្ឋ​ធ្វើ​ចំណាកស្រុកទៅធ្វើ​ការ​នៅ​​​បរទេស​នោះ។

លោក​ថា៖ «យើង​មិន​គួរ​គិត​ថា​ពល​ករ​ពេល​ចំណាក​ស្រុក​ទៅ គាត់​បញ្ជូន​ប្រាក់​ចំណូល​មកប៉ុណ្ណេះ ចំណូ​ល​បាន​ប្រាក់​ប៉ុណ្ណេះ​ជូន​ជាតិ គេ​បង្កើន​ GDP អី​ទៅ។ តែ​យើង​ក៏ត្រូវ​គិត​ពី​ការ​ខាត​បង់​ផ្នែក​សង្គម​សម្រាប់​ក្រុម​គ្រួសារ​របស់​គាត់​ដែរ ឧទាហរណ៍ ដូច​ជា​ការដូច​ជា​ការ​ព្រាត់ប្រាស់​ក្រុម​គ្រួសារ ការ​បែក​បាក់​គ្នា​រវាង​ប្តី​ប្រពន្ធ កូន​មិន​បាន​ទៅ​រៀន​ក្រុម​គ្រួសារ​ជំពាក់​បំណុល​គេ បាត់​បង់​ដី​ធ្លី ហើយ​នឹង​ការ​បំពាន​សិទ្ធិ​នៅ​ក្រៅ​ប្រទេស​នោះ អញ្ចឹង​ហើយ​យើង​ត្រូវ​រក​វិធាន​ការ​យ៉ាង​មិចត្រូវ​កាត់​បន្ថយបញ្ហា ការ​ខាត​បង់​ផ្នែកសង្គម​មិញ​ហ្នឹង​ឲ្យ​វា​នៅ​ថយ​ទៅ»។

លោក​បន្ថែម​ថា​មាន​មូល​ហេតុដែល​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ធំ​ៗ​មិន​ទាន់​ហ៊ាន​ដាក់​ទុន​វិនិយោគមក​កម្ពុជា​នោះ គឺ​ទាក់​ទង​ទៅ​នឹង​រឿង​នយោបាយដែល​មិន​ប្រាកដ​ប្រជា​របស់​កម្ពុជា​បច្ចុ​ប្បន្ន។

បើ​តាម​លោក ​ណាវុធ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​តែ​ង​តែ​អះអាង​ថា​កម្ពុជា​បច្ចុប្បន្ន​មាន​សន្តិភាព សេរីភាព និង​ស្ថេរភាព​ក៏​ដោយ​ ក៏​ពិបាក​ឲ្យ​ក្រុម​ហ៊ុន​បរទេស​ទុក​ចិត្ត​ដាក់​វិនិយោគ ​ដរាប​ណា​កម្ពុជា​នៅ​តែ​មា​ន​បញ្ហា​​​នយោ​បាយ​​ដែល​មាន​ស្ថានភាព​រកាំ​រកូស​ដូច​បច្ចុប្បន្ន​នេះ​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ