វិភាគ៖ តើការឃុំខ្លួនលោក គឹម សុខ អាចបញ្ចប់ការរិះគន់លើឃាតកម្មលោក កែម ឡី បានទេ?

លោក គឹម សុខ កាល​ពី​ពេល​កន្លង​ទៅ​

លោក គឹម សុខ ត្រូវបានតុលាការឃុំខ្លួនបណ្តោះ​អាសន្ននៅពន្ធនាគារតែគឺ៥ថ្ងៃបន្ទាប់ពី​មាន​ពាក្យបណ្តឹង​របស់​លោក ហ៊ុន សែន។

អ្នកវិភាគដែលទើបតែល្បីឈ្មោះរូបនេះ ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្តឹងពីបទព្រហ្មទណ្ឌដែលប្រឈមទាប់ទោស២ឆ្នាំនិងទាមទារជំងឺចិត្ត៥០ម៉ឺនដុល្លារ។ នេះមិនទាន់រាប់បញ្ចូល​បណ្តឹងទី២ដែល លោក ហ៊ុន សែន ប្តឹងលោក គឹម សុខ បន្ថែមទៀត។

កាលពីឆ្នាំមុនគណបក្សកាន់អំណាចក៏បានប្តឹងអ្នកវិភាគនយោបាយ លោក អ៊ូ វីរៈ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ដោយទាមទារជំងឺចិត្ត១០ម៉ឺនដុល្លារ បន្ទាប់លោកវិភាគថា គណបក្សកាន់អំណាចនៅពីក្រោយករណី ខុម ចាន់តារ៉ាទី ហៅស្រីមុំ។ ជាសំណុំរឿងមួយ​ដែល​នាំឲ្យ​លោក កឹម សុខា បង្ខំចិត្តឃុំខ្លួនឯងនៅក្នុងស្នាក់បក្សអស់ប្រហែលកន្លះឆ្នាំ ហើយមានមន្រ្តីសិទ្ធិមនុស្ស៤រូប​និង​មន្រ្តី គជប ម្នាក់បន្ត​ជាប់ឃុំមកដល់សព្វថ្ងៃ។

ដោយឡែកករណីលោក គឹម សុខ ត្រូវបានលោក ហ៊ុន សែន ប្តឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យ មានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលប្រឈមជាប់ទោសពីរឆ្នាំ ហើយទារ​ជំងឺចិត្ត​៥០​ម៉ឺន​ដុល្លារ។ បណ្តឹងនេះធ្វើឡើងបន្ទាប់ពីលោក គឹម សុខ ថ្លែងថាករណីបាញ់សម្លាប់ លោក កែម ឡី អាចជាប់ពាក់ព័ន្ធបក្សកាន់អំណាច។

សំណុំរឿង លោក កែម ឡី នោះ គឺមានលោក សម រង្ស៊ី និង​សមាជិកព្រឹទ្ធសភាម្នាក់​ទៀត​របស់គាត់ គឺលោកស្រី ថាក់ ឡានី ត្រូវបានតុលាការកាត់ទោសមួយឆ្នាំកន្លះ បន្ទាប់ពីថ្លែងថា គណបក្សកាន់អំណាចជាប់ពាក់ព័ន្ធនឹងឃាតកម្មនោះ។ តែលោកស្រី ថាក់ ឡានី បានភៀសខ្លួន​​ទៅ​ក្រៅប្រទេស។

លោកបណ្ឌិត ឡៅ  ម៉ុងហៃ អ្នកវិភាគនយោបាយដែលបានតានដានករណី​លោក គឹម សុខ ចូលបំភ្លឺនៅតុលាការនោះ មានប្រសាសន៍ថា លោក ហ៊ុន សែន គួរប្រកាសឲ្យ​អ្នកពាក់​ព័ន្ធ​នឹង​ឃាតកម្មលោក កែម ឡី ចេញមុខសារភាពដូចករណី​វាយ​តំណាងរាស្ត្រនោះទើបកាត់​បន្ថយមន្ទិលរបស់មហាជនបានខ្លះ។ លោកយល់ថា ការប្តឹងប្រឆាំងនឹងអ្នករិះគន់គឺមិនអាចរកការពិតបានឡើយ។ លោកថា «រឿងឃាតកម្មលើលោកបណ្ឌិត កែម ឡីហ្នឹង បើតាមដឹងគឺមានតម្រុយច្រើនណាស់ដែលអ្នកស៊ើបសួរត្រូវតែស៊ើបអង្កេត ដូចជាវីដេអូហ្នឹង បុគ្គលិកការ៉ាសាំងកាតិច បុគ្គលិកស្តាម៉ាតហ្នឹងត្រូវបានគេកោះហៅទៅសាកសួរឬទេ រួចតម្រុយឯទៀតៗ ដែលនៅក្នុងរបាយការណ៍បញ្ចាំងតាមទូរស្សន៍បរទេសមួយដេលមានចំណងជើងថា Cambodia deadly politic ហ្នឹង ក៏មានតម្រុយថែមទៀតដូចជាទំនាក់ទំនងរវាងជួប សម្លាប់ជាមួយ អាជ្ញាធរយោធានៅមូលដ្ឋាន»។

ជាការកត់សំគាល់រាល់បណ្តឹងដែលគណបក្សកាន់អំណាចប្តឹងគណបក្សប្រឆាំងឬប្តឹងអ្នករិះគន់​រដ្ឋាភិបាលគឺរដ្ឋាភិបាលតែងតែឈ្នះជានិច្ច។ តួយ៉ាងករណីបណ្តឹង របស់លោក ហោ ណាំហុង ប្រឆាំងនឹងលោក សម រង្ស៊ី បណ្តឹងរបស់ សោម សឿន ប្រធានខុទ្ទកាល័យ​គណបក្សប្រជាជនកម្ពុជាប្រឆាំងលោក សម រង្ស៊ី រឿងចោទថាលោក ហ៊ុន សែន ទិញ Likes ហ្វេសប៊ុក រួមទាំងករណីរិះគន់បញ្ហាព្រំដែនជាមួយវៀតណាមផង គឺលោក សម រង្ស៊ី ចាញ់ក្តីទាំងអស់តែ​ករណី​វិវាទជាមួយលោក ហោ ណាំហុង តុលាការបារាំងបានកាត់​ក្តីឲ្យមេបក្សប្រឆាំងឈ្នះ​ទៅ​វិញ​។ នេះបើតាមលោក សម រង្ស៊ី។

ចំណែកបណ្តឹងចុងក្រោយដែល លោក ហ៊ុន សែន ប្តឹងលោក​ គឹម សុខ នេះអ្នកវិភាគ ទស្សទាយថា រដ្ឋាភិបាល​ទំនងជាអ្នកឈ្នះទៀតហើយ។ ប៉ុន្តែ​បើ​រដ្ឋាភិបាល​ឈ្នះក្តីស្ទើរគ្រប់​បណ្តឹង​​តាមរយៈតុលាការសព្វថ្ងៃនេះតើរដ្ឋាភិបាលចំណេញឬខាត?

លោក ឡៅ ម៉ុងហៃ វិភាគថា បើការសម្រេចក្តីដោយឈរលើការពិតគឺការដឹកនាំនោះមាន​អាយុកាលយូអង្វែង ប៉ុន្តែបើការកាត់ក្តីខុសពីការពិតរបបនោះនឹងអស់ការគាំទ្រ ទោះជាមាន​អាវុធការពារក៏ដោយ។ លោកលើកឧទាហរណ៍នៃការដួលរលំរបស់របបដឹកនាំមួយចំនួន​លើពិភពលោក។ លោកថា «ការគ្រប់គ្រងរដ្ឋដែលល្អគឺគេផ្តេកផ្តួលទៅលើការពិត បើមិនផ្តេកផ្តួលទៅលើការពិត ការធ្វើសេចក្តីសម្រេចអីវាខុសទៅ វាគ្មានមូលដ្ឋានការពិត បើនិយាយអាចទៅរួចចេះតែភ តៗគ្នាទៅ ចេះតែភ តៗគ្នាហ្នឹង អារបបកុំម្មុយនីស្តនៅអឺរ៉ុបនៅសូវៀតអីហ្នឹងវារលំដោយសារកត្តាហ្នឹងមួយ»។

បើទោះជាបីជាលោក ហ៊ុន សែន ព្រមានចាប់ខ្លួន និងដាក់​កម្លាំងឲ្យតាមឃ្លាំមើល​ក៏ដោយ តែ​លោក គឹម សុខ អះអាងថា លោកនៅតែរក្សាជំហរនិយាយអ្វីដែលលោក​បានមើល​​ឃើញ​ពី​បញ្ហាក្នុងសង្គម។ លោកបាននិយាយថាលោកនៅតែរក្សាពាក្យដែលបាននិយាយ​ទាក់​ទង​នឹង​ឃាតកម្ម​លោក កែម ឡី តែលោកទទួចឲ្យរដ្ឋាភិបាលបញ្ចេញវីដេអូពីកាមេរ៉ាសុវត្ថិភាព​នៅ​ស្ថានីយ៍​ប្រេង​កាល់តិច។

សម្រាប់លោកបណ្ឌិត សុខ ទូច សាស្ត្រាចារ្យផ្នែកនយោបាយ មានប្រសាសន៍ថា លោក គឹម សុខ បានចាក់សាំងភ្លើង​ដែល​កំពុង​ឆេះដែលជាហេតុធ្វើឲ្យរដ្ឋាភិបាលមិនអាចអត់ឱនបាន។

លោកថា «បើសិនជាគឹម សុខ គាត់សុំទោសនូវអ្វីដែលបានធ្វើកន្លងមក ហើយតុលាការ និងសម្តេចនាយករដ្ឋមន្ត្រីនៅតែបន្តចោទប្រកាន់ អាហ្នឹងជារឿងមួយទៀត។ មានន័យថាវាអត់មានការអធ្យាស្រ័យទេស្រុកខ្មែរ។ តែខ្ញុំឃើញការវិការលោក គឹម សុខ មិនអញ្ចឹងទេគឺចាក់សាំងលើភ្លើងបន្ថែមទៀត! សុទ្ធតែដូរមិនដូរ។ អ្នកវិភាគនិយាយដូរមិនដូរមិច! អ្នកវិភាគគេត្រូវការ បើសិន ក្រែលោ ឧទាហរណ៍ ឬមួយ អាហ្នឹងប្រើភាសាអញ្ចឹង កាលណានិយាយ ត្រូវតែផ្លាស់ប្តូរ ត្រូវតែស្អី អ្នកនេះអញ្ចេសអ្នកនេះអញ្ចុះ អាហ្នឹងពិតជាអញ្ចឹងហើយ អាហ្នឹងមិនមែនអ្នកវិភាគទេ គឺជាអ្នកនយោបាយបម្រើឲ្យផលប្រយោជន៍នយោបាយ។ ខ្ញុំយល់ថាយើងទទួលយក ហើយបើគាត់មិនសុំទោស សុំអី អញ្ចឹងសួរខ្ញុំវាអត់ត្រូវ ព្រោះខ្ញុំមិនមែនជាគឹម សុខ»។

តែលោក គល់ បញ្ញា នាយកអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅគាត់ថា ខុមហ្រែ្វល កត់សំគាល់ថាបណ្តឹងរបស់គណបក្សកាន់អំណាចដែលទារសំណងនិងឲ្យដាក់ទោសលើអ្នកចោទ ករណីឃាត​កម្ម​លើលោក កែម ឡី ថាពាក់ព័ន្ធខ្លួន បែរជាជម្រុញឲ្យមានប្រជាពលរដ្ឋជាច្រើនគាំទ្រអ្នកចោទទៅវិញ។ លោកបានលើកយក ឧទាហរណ៍ ករណី លោកគឹម សុខ។នេះបើតាមហ្វេសប៊ុកលោក គល់ បញ្ញា។

លោកបន្តថា ការសម្រេចរបស់តុលាការអាមេរិកចំពោះក្រុមហ៊ុនកាល់តិច «ដែលក្លាយជាសម្ពាធធ្ងន់ទៅៗចំពោះ រដ្ឋាភិបាល តុលាការជាតិដើម្បីឲ្យមានការបើកចំហភស្ដុតាងពីកាមេរ៉ាសុវត្ថិភាពនិងសាក្សីផ្សេងទៀត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ