ក្រសួងព័ត៌មានស្នើអោយក្រសួងការបរទេសអន្តរគមន៍ឲ្យវិទ្យុ RFA កែតម្រូវព័ត៌មានជុំវិញជម្លោះដីធ្លីនៅក្រចេះ

រដ្ឋ​មន្ត្រី​ក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅក្នុងសន្និសីទស្តីពីសិទ្ធិទទួលបានព័ត៌មាន​ កាលពីឆ្នាំ ២០១៨ (រូបថត៖ ឯកសារ/ហួត វុទ្ធី)

ក្រសួងព័ត៌មានបានស្នើទៅកាន់ក្រសួងការបរទេសឲ្យជួយអន្តរាគមន៍ទៅកាន់វិទ្យុអាស៊ីសេរី តាមរយៈស្ថាន​ទូត​អាមេរិក​ប្រចាំនៅកម្ពុជា ឲ្យវិទ្យុមួយនេះ​ កែតម្រូវអត្ថបទ​របស់ខ្លួនដែលបានចុះផ្សាយ​ជុំវិញបញ្ហាជម្លោះដីធ្លីនៅខេត្ត​ក្រចេះ​កាលពីសប្ដាហ៍មុន។

ក្រសួងព័ត៌មានបានចេញលិខិតមួយចុះថ្ងៃទី១៥ ខែ មីនា ផ្ញើទៅកាន់រដ្ឋមន្រ្តីក្រសួងការបរទេស ដោយលើកឡើង​ថា កាលពីថ្ងៃទី​០៨ ខែមីនា វិទ្យុអាស៊ីសេរី បានផ្សាយព័ត៌មានមិនពិតថា មានពលរដ្ឋ ៦នាក់ ត្រូវ​បាន​សម្លាប់ និង ៤០នាក់​ទៀតរងរបួស​ក្នុងហេតុការណ៍ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ហិង្សា​រវាង​អ្នក​ភូមិ និង​សមត្ថកិច្ច​ចម្រុះ ជុំ​វិញជម្លោះដីធ្លីនៅស្រុកស្នួល ខេត្តក្រចេះ។

ក្នុងលិខិតនោះ ក្រសួងព័ត៌មានបានបន្តថា តាមចម្លើយរបស់សាក្សីឈ្មោះ គិន សុភ័ក្រ ដែលធ្វើបទសម្ភាសជាមួយ​វិទ្យុអាស៊ីសេរី បានសារភាពប្រាប់ព្រះរាជអាជ្ញាខេត្តក្រចេះថា មុនពេលមានហិង្សាកើតឡើង​រវាងអាជ្ញាធរ​ជាមួយ​ពលរដ្ឋ មានអ្នកយកព័ត៌មានអាស៊ីសេរី​ម្នាក់ឈ្មោះ អេង បានដើរបំផុសបំផុល ញុះញង់ឲ្យពលរដ្ឋតស៊ូប្រឆាំងនឹង​អាជ្ញាធរ មិនទទួលយកដំណោះស្រាយរហូតឈានដល់ផ្ទុះហិង្សា។

ក្នុងលិខិតដដែល ក្រសួងព័ត៌មានបន្តថា ក្រោយផ្ទុះហិង្សា ក្រុមអ្នកយកព័ត៌មានអាស៊ីសេរី ប្រាប់អ្នកស្រី គិន សុភ័ក្រ ទទួលទូរស័ព្ទសម្ភាសជាមួយអាស៊ីសេរី ដោយបង្គាប់ឲ្យរាយការណ៍ថា មានមនុស្ស ៦នាក់ស្លាប់ និងរងរបួស ៤០​​នាក់ នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​នោះ។

ជាមួយគ្នានោះ ក្រសួងព័ត៌មានក៏លើកឡើងដែរថា អំពើ​ហិង្សាជុំ​វិញ​ទំនាស់ដីធ្លីនេះ គឺជាផែនការរបស់វិទ្យុអាស៊ីសេរី ដែលបាន​ឃុបឃិតជាមួយបក្សប្រឆាំង រៀបចំឡើងជាបន្តបន្ទាប់ បំផុសបំផុលឲ្យពលរដ្ឋប្រឆាំងនឹងរដ្ឋាភិបាល និង​អាជ្ញាធរ​មានសមត្ថកិច្ច បង្កឲ្យមានហិង្សា ដើម្បីទម្លាក់កំហុសប៉ុនប៉ងផ្តួលរលំរដ្ឋាភិបាល។

ក្នុងលិខិតដដែលនោះក្រសួងព័ត៌មានក៏បានលើកឡើងដែរថា វិទ្យុអាស៊ីសេរី ផ្សាយមិនពិត ដែល​ផ្សាយថា​ ជារឿង​នយោបាយ ជុំវិញ​ការចាប់ខ្លួនប្រធានបក្សប្រឆាំង លោក កឹម សុខា និងការរំលាយបក្សប្រឆាំង ការហាមធ្វើនយោ​បាយ​ចំពោះ​​មន្រ្តីបក្ស​ប្រឆាំង ១១៨រូប ដោយចោទថាជាប់ពាក់ព័ន្ធ​នឹងទោសក្បត់ជាតិ ឃុបឃិត​ជាមួយបរទេស​ប៉ុនប៉ង ធ្វើបដិវត្តពណ៌​ផ្តួលរលំរដ្ឋាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ