វិភាគ៖ តើខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃ១៧មេសាឆ្នាំ១៩៧៥ បានដោយរបៀបណា?

កាលណា​និយាយ​ពី​ថ្ងៃ​១៧មេសា គេ​ត្រូវ​និយាយ​ពី​ខ្មែរក្រហម​។ តាម​សៀវភៅ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រ​ជា​ធិប​តេយ្យ របស់​អ្នកនិពន្ធ ​ឌី ខាំ​បូ​លី បោះពុម្ព​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នៅ​ឆ្នាំ​២០០៧ ថា “​ខ្មែរ​ក្រហម​” គឺជា​ឈ្មោះ ដែល​សម្ដេច​ព្រះ​នរោត្តម សីហនុ មាន​ព្រះរាជបន្ទូល​សំដៅ​ទៅលើ​ក្រុម​កុម្មុយនីស្ត​ ដែល​​ប្រឆាំង​នឹង​ព្រះអង្គ​ នៅ​ទសវត្សរ៍​ឆ្នាំ​១៩៦០​។ ឈ្មោះ​ផ្លូវការ​របស់​ក្រុម​នេះ​គឺ «បក្ស​កុម្មុយនីស្ត​កម្ពុជា» ដែ​ល​​​ចូល​កាន់កាប់​ប្រទេស​កម្ពុជា ​នៅ​ថ្ងៃទី​១៧ខែ​មេសាឆ្នាំ​១៩៧៥​។​

ក្រោយ​១៧មេសា របត់​នយោបាយ​ នៅ​ឥណ្ឌូចិន​បាន​ផ្លាស់ប្ដូរ​។ កម្ពុជា និង​វៀតណាម មាន​ជម្លោះ​ព្រំដែន​នឹង​គ្នា ហើយ​ចិន​បាន​ក្រសោប​យក​ទំនាក់ទំនង​ផ្ដាច់មុខ​ ជាមួយ​កម្ពុជា​ប្រជាធិបតេយ្យ​។

ច្រកចេញ​ចូល​មក​កាន់​កម្ពុជា ​មាន​តែ​តាមរយៈ​ទីក្រុង​ប៉េកាំង​មួយគត់​។ ផលិតផល​កសិកម្ម​ខ្មែរ​យ៉ាង​ច្រើន​លើសលុប ត្រូវ​ដោះដូរ​ជាមួយនឹង​សព្វាវុធ​របស់​ចិន ដើម្បី​យក​ទៅ​ធ្វើ​សង្គ្រាម​ជាមួយ​វៀត​ណាម ខណៈ​ដែល​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស ​រស់​ក្នុង​ទុរភិក្ស​អត់ឃ្លាន​។​

​តើ​ពួក​ខ្មែរក្រហម​ទទួលបាន​ជ័យជម្នះ​នៅ​ថ្ងៃ​១៧ មេសា ដោយ​របៀប​ណា​?

​តាម​ការសិក្សា មាន​កត្តា​រួមផ្សំ​ជាច្រើន ដែល​ជា​បុព្វហេតុ​នាំ​ឲ្យ​ពួក​ខ្មែរក្រហម​ ទទួលបាន​ជ័យជម្នះ ដូចជា​

១. របត់​នយោបាយ​ពិភពលោកដែល​សម័យកាល​នោះ​ចលនា​គាំទ្រ​កុ​ម្មុយ​នី​ស្ត​រីកចម្រើន​ខ្លាំង​។

២. ការប ង្ក្រាប​អ្នកប្រឆាំង​យ៉ាងធ្ងន់ធ្ងរ ​នៅ​អំឡុង​ទសវត្សរ៍​១៩៦០ ដូចជា​ករណី​សម្លាប់​នៅ​ត្រពាំង​ក្រឡឹង និង​ការបង្ក្រាប​នៅ​សំឡូត​ជាដើម​។

៣. រដ្ឋប្រហារ​ទម្លាក់​សម្ដេច​នរោត្តម សីហនុ ជា​កត្តា​ជំរុញ​ឲ្យ​ព្រះអង្គ​ងាក​ទៅ​សហការ​ជា​មួយ​ពួក​ខ្មែរក្រហម ធ្វើ​ឲ្យ​អ្នកគាំទ្រ​ព្រះអង្គ​រត់​ចូលទៅ​ក្នុង​ចលនា​ខ្មែរក្រហម​កាន់តែ​ ច្រើនឡើង ដែល​ជា​បុព្វហេតុ​ធំ​បំផុត​ធ្វើឲ្យ​ចលនា​នេះ​ទទួលបាន​ជ័យជម្នះ​។

៤. អំពើពុករលួយ​នៅ​សម័យលោកសេនាប្រមុខ ​លន់ នល់ ក៏​ជា​កត្តា​ជំរុញ​ចិត្ត​បញ្ញវ័ន្ត ដែល​ស្អប់ខ្ពើម​អំពើ​នេះ ងាក​ទៅ​គាំទ្រ​ពួក​កុម្មុយនីស្ត​ខ្មែរក្រហម ដែល​គេ​គិតថា ជា​ជន​ស្អាតស្អំ​។​

​ពាក់ព័ន្ធ​នឹង​របត់​នយោបាយ​ពិភពលោកវិញ អ្នកវិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត ​សុខ ទូច មាន​ប្រសា​សន៍ថា កាលណា​និយាយ​ពី​១៧មេសា  គឺ​ត្រូវ​និយាយ​ពី​ការ កកើត​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន​នៅ​ឆ្នាំ​១៩៣០​។

ត្រង់​ចំណុច​នេះ ​បណ្ឌិត​វិទ្យាសាស្ត្រនយោបាយរូបនោះ បានបន្ទោស​លើ​ភាពល្ងង់ខ្លៅរបស់​អ្នកន​យោ​បាយ​​ខ្មែរ ដែល​ទៅ​ចាប់​ដៃគូ​ជាមួយ​វៀតណាម ដែលលោកគិតថា ​ជា​ប្រទេស​មិន​ដាច់​ស្រឡះ មាន​ភាព​វា​ក់​វិន​ ហើយ​រហូត​ដល់​ផ្ដល់​ដែនដី​កម្ពុជា ដែល​ជា​ដែនដី​សុវណ្ណ​ភូមិ ទៅ​ឲ្យ​ពួក​យៀកកុង​មក​រស់នៅ​រាប់សែន​នាក់។

លោក សុខ ទូច ឲ្យដឹងទៀតថា​ នៅពេលនោះមិនត្រឹមផ្តល់ទឹកដែនដីឲ្យគេជ្រោកកោណនោះទេ ថែមទាំងចិញ្ចឹ​ម​ទាំង​បាយ ទាំង​ទឹកទាំង​ជម្រក គឺ​ដោយសារតែ​បុព្វហេតុ​នៃ​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន​នេះឯង​។ លោក​​​បណ្ឌិត​​បន្ថែមថា កុម្មុយនីស្ត​ខ្មែរ​ គ្មាន​មនោ​គម​ច្បាស់លាស់​ទេ គឺ​ដើរ​តាម​គេ ជា​ហេតុ​ធ្វើឲ្យ​គេ​ទាញ​យើង​ធ្លា​ក់​​ទៅក្នុង​សង្គ្រាម​យ៉ាង​មហន្តរាយ​។​

លោកថា៖ «គេបានទាញយើងឲ្យធ្លាក់ទៅក្នុងរណ្តៅកម្មុយនីស្ត គេរួមកម្លាំងគ្នាវាយសហរដ្ឋអាមេរិក ដើម្បីបណ្តេញសហរដ្ឋអាមេរិក។នៅពេលហ្នឹងបើសិនជាខ្មែរមានគំនិត យកអ្នក​នយោបាយធំ​ៗ​ជាអា​ការដឺម៉ិចធំៗធ្វើជាការពិគ្រោះ ពេលហ្នឹងយើងអាចទទួលបានជោគជ័យ ដូចប្រ​ទេសថៃ​អញ្ចឹង ពីដើមគេ​យកប្រ​ទេសថៃធ្វើជាចំនុចសម្រាប់ទប់ស្កាត់ របបកុម្មុយនីស្តទេ ក្រោយមកគេយកកម្ពុជាធ្វើ​ជាចំនុចទ​ប់ស្កា​ត់ របបកុម្មុយនីស្តវិញ»។

លោក​បណ្ឌិត​បន្ថែមថា ការរីកចម្រើន​ របស់​ខ្មែរ​ជា​គុជ​នៅ​អាស៊ី ក្នុង​អំឡុង​ទសវត្សរ៍​១៩៦០ ដោយសារ​តែ​ពួក​​បស្ចិម​ប្រទេស ​ចង់​ជួយ​ខ្មែរ យក​ខ្មែរ​ជា​ចំណុច​ទប់ស្កាត់​ ការរីក​រាលដាល​នៃ​របប​កុម្មុយនីស្ត ក្នុង​នោះ​ចិ​ន​បាន​ជួយ​ធ្វើ​ពេទ្យ​ចិន រុស្សី​ជួយ​ធ្វើ​ផ្លូវ ធ្វើ​មន្ទីរពេទ្យ ជួយ​សាលា​តិច​ណូ ឆេ​កូ​ជួយ​រោងចក្រ​អគ្គិសនី រោង​ចក្រ​ធ្វើ​កង់​ឡាន រោងចក្រ​ក្រដាសចំណែកអាមេរិកវិញ ​ជួយធ្វើ​ផ្លូវជាតិ​លេខ​៤ជាដើម​។

ប៉ុ​ន្តែលោកថា ​ខ្មែរ​បាន​បាត់បង់​ឱកាស​នេះ ដោយ​ចាប់​សត្រូវ​ឲ្យទៅ​វ៉ៃ​អាមេរិក ធ្វើឲ្យ​អាមេរិកដក​ចំណុច​ទប់​ស្កាត់​នេះ ​ទៅ​ដាក់​នៅ​ប្រទេស​ថៃ​វិញ​។​

តាម​ឯកសារ​ទស្សនាវដ្ដី​ស្វែងរក​ការ​ពិត ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​បាន​សម្ភាស​អតីត​កម្មា​ភិ​បាល​ខ្មែរក្រហម ដែល​នៅ​រស់រាន​មានជីវិត ឲ្យដឹងថា ពួកគេ​ភាគច្រើន​ចូលរួម​ក្នុង​ចលនា​ខ្មែរ​ក្រហម គឺ​តាមរយៈ​ការអំពាវនាវ ​របស់​ស​ម្ដេច​ឪ​ព្រះ​នរោត្តម សីហនុ ពី​ទីក្រុង​ប៉េកាំង នៅ​ឆ្នាំ​១៩៧០​។

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ខ្មែរ លោក​ សំបូរ មា​ណ្ណា​រ៉ា ក៏​មានប្រសាសន៍​ស្របគ្នា​នឹង​លោក​បណ្ឌិត ​សុខ ទូច ​ដែរ​ថា រឿងរ៉ាវ​ថ្ងៃ​១៧មេសា វា​ជាប់​ពាក់ព័ន្ធ​នឹង​ការបង្កើត​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន​នៅ​ឆ្នាំ​១៩៣០ ហើយ​រឿងរ៉ាវ​វា​អូសបន្លាយ​រហូតដល់​ថ្ងៃទី​១៧មេសា១៩៧៥ ក្នុងនោះ​គេ​ពង្រីក​អ្នកគាំទ្រ​ខ្លួន​ឲ្យ​កាន់តែ​ច្រើន​ង​​ឡើ​​ៗ ហើយ​ធ្វើឲ្យ​ខ្មែរ​ស្អប់​គ្នា​ទៅវិញទៅមក​។

​ពាក់ព័ន្ធ​នឹង​ករណី​ទី​២ រឿង​សម្លាប់​អ្នក​ប្រឆាំង​ នៅ​ត្រពាំង​ក្រឡឹង និង​នៅ​សំឡូត​ជាដើម លោក​សា​ស្ត្រា​​ចារ្យ​​យល់ថា វា​ជា​នយោបាយ​ដើម្បី​ការពារ កុំឲ្យ​មាន​ការរីក​រាលដាល ​នូវ​ចលនា​ឆ្វេងនិយម​ខ្លាំង​។ ថ្វី​បើ​លោក​យល់​ថា នោះ​ជា​ការរំលោភ​បំពាន​លើ​សិទ្ធិ​មនុស្ស ប៉ុន្តែ​លោក​បន្ថែមថា នៅលើ​ពិភពលោក​នេះ​មាន​រឿ​​ងរ៉ាវ​ធំៗ​ជាងនេះទៅទៀត​។​

ពាក់​ព័ន្ធ​នឹង​ចំណុច​ទី​៤ ឯណោះ​វិញ លោក​សាស្ត្រាចារ្យ​ សំបូរ មា​ណ្ណា​រ៉ា មានប្រសាសន៍​បន្ត​ថារបប​ លន់ នល់ បាន​បង្កើត​គំនិត​អាត្មានិយម​យ៉ាងខ្លាំង ពួក​ទាហាន​បង្កើត​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ លួច​ជំនួយ​អា​មេរិ​កាំង ធ្វើឲ្យ​ប្រទេស​ជួប​វិបត្តិ មាន​បាតុកម្ម​មិន​ឈប់ឈរ ហើយ​សង្គ្រាម​កាន់តែ​រោលរាល​ឡើង​។​

លោកថា៖ «នេះហើយជាបញ្ហាដែលយើងត្រូវរៀនសូត្រ សូមកុំឲ្យមានអញ្ចឹងទៀត ដើម្បីកុំឲ្យមាន១៧មេសា ពីព្រោះ​អា១៧មេសានេះ ជោគជ័យតែពួកកុម្មុយនីស្ត ខាងពួកឆ្វេងនិយម និយមលទ្ធិកុម្មុយនីស្តនិយមហ្នឹង ពី​ព្រោះគេមើលឃើញភាពខ្សោយ របស់អ្នកគ្រប់គ្រងនៅរបបសាធារណរដ្ឋខ្មែរហ្នឹង គឺពុករលួយ គិតតែ​ពីកេង​ប្រវ័ញ្ច គិតតែឆ្ងាន់ពីកេរ្តិ៍ដំណែលរបស់ជាតិ មិនគិតពីផលប្រយោជន៍ជាតិ ផលប្រ​យោជន៍​ប្រជាជននឹងឯង»។

បើ​ប្រៀបធៀប​បុព្វហេតុ​ ដែល​នាំ​ឲ្យ​ពួក​ខ្មែរក្រហម​ ទទួលបាន​ជ័យជម្នះ នឹង​ព្រឹត្តិការណ៍​ក្នុង​សង្គម​យើង​បច្ចុប្បន្ន ដែល​មាន​អំពើ​អយុត្តិធម៌​ក្នុង​សង្គម ប្រជាពលរដ្ឋ​ត្រូវ​បណ្ដេញចេញ​ពី​លំនៅដ្ឋាន ធនធានធម្មជាតិ​ត្រូវ​​បំផ្លាញ ពលរដ្ឋដែលចូលរួមតស៊ូមតិ​ ជំរុញឲ្យធ្វើកំណែទម្រង់រដ្ឋខ្លះ ​ត្រូវ​គេគប់គ្រាប់​បែក​ដាក់ក្នុ​ងក្រុម​អញ​​អ្នតវ៉ា ដូចជាករណីបោកគ្រាប់បែក នៅមុខមន្ទីររដ្ឋសភា បង្កឲ្យមានអ្នកតវ៉ាស្លាប់និងរងរបួស ប្រធា​ន​ស​ហជីពដ៏ល្បីល្បាញ លោក ជា វិជ្ជា ការបាញ់សម្លាប់តារាចម្រៀង ពីសិដ្ឋ ពីលីកា ដោយ​មិន​ទាន់មាន​អ្នក​​ទទួលខុសត្រូវ តើ​មាន​អ្វី​ខុស​គ្នា​ពី​ព្រឹត្តិការណ៍​មុន​១៧មេសា​?

តើ​ព្រឹត្តិការណ៍​១៧មេសា អាច​ជា​មេរៀន​សម្រាប់​អ្នកនយោបាយ​ខ្មែរ​បច្ចុប្បន្ន​ដែរឬទេ​? តើ​អ្នកនយោបាយ​ខ្មែរ​នៅតែ​បន្តឲ្យមាន​អំពើ​អយុត្តិធម៌​ក្នុងសង្គម អំពើពុករលួយ​អូសបន្លាយ​ដល់​ពេល​ណា​? ឬ​មួយ​ក៏​អ្នកនយោបាយ​ខ្មែរ​បច្ចុប្បន្ន​ភ្លេច​ស្រមោល​១៧ មេសា​ទៅ​ហើយ​?

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ