សង្គ្រោះជាតិជ្រើសរើសអនុប្រធានបក្សម្ដងទៀតឲ្យស្របតាមលក្ខន្ដិកៈ

អតីតក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ

គណបក្សសង្គ្រោះជាតិបានបើកកិច្ចប្រជុំជ្រើសរើសអនុប្រធានបក្សជាថ្មីម្ដងទៀត នៅព្រឹកថ្ងៃពុធនេះបន្ទាប់ពីក្រសួងមហាផ្ទៃទទួលយកលក្ខន្ដិកៈថ្មីរបស់គណបក្សនេះទៅតម្កល់ទុក។

គណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិបានបើកកិច្ចប្រជុំមួយ ដោយនៅតែសម្រេចរក្សាទុកសមាស​ភាពអនុប្រធានបក្សទាំងបីរូបដដែល រួមមានលោក ប៉ុល ហំម លោកស្រី មួរ សុខហួរ និងលោក អេង ឆៃអ៊ាង។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ ឲ្យ VOD ដឹងថា កិច្ចប្រជុំគណៈកម្មាធិការនាយកជ្រើសរើសអនុប្រធានបក្សជាថ្មីនេះ គឺធ្វើឡើងតបតាមសំណើរបស់ក្រសួងមហាផ្ទៃ និងឲ្យស្របតាមលក្ខន្ដិកៈរបស់គណបក្ស។ លោកសង្ឃឹមថា ទៅថ្ងៃមុខនឹងលែងមានបញ្ហាអ្វីចោទទៀតហើយ ដោយថា គណបក្សសង្គ្រោះជាតិបានបំពេញតាមលក្ខខ័ណ្ឌដែលច្បាប់តម្រូវ។​

លោកថា៖ «បាទ អត់មានប្រែប្រួលអីទេ ដូចជាមិនមានបញ្ហាអីទៀតទេ ពីព្រោះធ្វើតាមលក្ខន្ដិកៈ ដែលក្រសួងមហាផ្ទៃបានតម្កល់ទុកនៅក្នុងក្រសួងហើយ ដូចជា អត់មានធ្វើអ្វី ប្រែប្រួលអីទៀតទេ។ មានអនុប្រធាន អត់អនុប្រធាន វាមិនសុខគ្នាអី ប៉ុន្មានទេ គ្រាន់តែបំពេញទៅតាមលក្ខន្ដិកៈទៅ»។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ថាលោកមិនទាន់ហ៊ានបកស្រាយថា តើក្រសួងមហាផ្ទៃនឹងទទួលស្គាល់អនុប្រធានគណបក្សប្រឆាំងបីរូបឬអត់នោះទេ ដោយលោកថា ក្រសួងនឹងពិនិត្យលើបញ្ហានេះ ពេលគណបក្សសង្គ្រោះជាតិដាក់លិខិត ឬសំណើណាមួយទៅក្រសួង។ លោកថា៖ «ពូម៉េចនឹងអាចនិយាយមុនបានក្មួយ បើរហូតដល់ពេលនេះ ពូមិនទាន់ឃើញអីមួយ បន្ទាប់ពីគណបក្សសង្គ្រោះជាតិផង យើងទៅលូកដៃកិច្ចការផ្ទៃក្នុងគេម៉េច គេក៏មិនផ្ញើលក្ខន្ដិកៈ ឬលទ្ធផលកិច្ចប្រជុំ។​ បើគេផ្ញើមកយើងមើលទៅ ហ្នឹងហើយ»។

កាលពីថ្ងៃទី៣ឧសភាកន្លងទៅ ក្រសួងមហាផ្ទៃបានទទួលស្គាល់លក្ខន្ដិកៈប្រការ៤៧ថ្មី របស់គណបក្សសង្គ្រោះជាតិ ដែលគណបក្សនេះបានធ្វើសមាជ កាលពីចុងខែមេសាឆ្នាំ២០១៧ ដោយកែប្រែឲ្យទៅជាប្រការ៤៧ថ្មី (មួយ)។ ប៉ុន្ដែក្រសួងនៅតែមិនបានទទួលស្គាល់អនុប្រធាន៣រូបរបស់គណបក្សសង្គ្រោះជាតិ។

នៅថ្ងៃទី២៥ មេសា ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិបានធ្វើសមាជវិសាមញ្ញម្ដងទៀត ប៉ុន្ដែមិនបានផ្លាស់ប្ដូរសមាសភាពអនុប្រធានបក្ស៣រូប រួមមានលោក ប៉ុល ហំម លោកស្រី មួរ សុខហួរ និងលោក អេង ឆៃអ៊ាង នោះទេ។ កាលនោះ ក្រសួងមហាផ្ទៃលើកឡើងថា ការជ្រើសរើសអនុប្រធាន៣រូប កាលពីថ្ងៃទី២មេសាឆ្នាំ២០១៧ គឺខុសនឹងលក្ខន្ដិកៈថ្មីរបស់គណបក្សសង្គ្រោះជាតិត្រង់ប្រការ៤៧ថ្មី ដោយក្រសួងថា ការជ្រើសរើសនេះបានហួសរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃលោក សម រង្ស៊ី លាលែងពីតំណែង។

យ៉ាងណាក៏ដោយ បើតាមលក្ខន្តិកៈគណបក្សសង្គ្រោះជាតិត្រង់ប្រការ៤៧ថ្មី(មួយ) ថេរវេលានៃការជ្រើសរើសអនុប្រធានថ្មីនឹងមិនមានរយៈពេល៣០ថ្ងៃ ដូចប្រការ៤៧ថ្មីឡើយ គឺមានន័យថា លែងមានការកំណត់ថេរវេលាដូចមុនហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ