កម្មកររាប់រយនាក់តវ៉ាបិទផ្លូវ ខណៈថៅកែរោងចក្រមិនបើកប្រាក់ឈ្នួល

កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់មួយស្ថិតនៅភូមិព្រែសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅថ្ងៃពុធនេះ បាននាំគ្នាតវ៉ាដោយបិទកំណាត់ផ្លូវជាតិ២១ បន្ទាប់ពីថៅកែមិនបើកប្រាក់ឈ្នួលឲ្យពួកគេ។

កម្មកររោងចក្រហ្គាវ័ន្តប្រមាណជាង១០០០នាក់ បាននាំគ្នាតវ៉ាជិត ១សប្តាហ៍ហើយ ដើម្បីទាមទារឲ្យថៅ​កែ​បើកប្រាក់ឈ្មួលឲ្យពួកគេ ប៉ុន្តែក្រុមកម្មករអះអាងថា រហូតមកដល់ថ្ងៃនេះ ពួកគេមិនទាន់ទទួលបានដំណោះស្រាយឡើយទើបនាំគ្នាបិទផ្លូវ។

អ្នកស្រី សុខ វណ្ណា អះអាងជាតំណាងកម្មករ ប្រាប់វីអូឌីថា ការអូសបន្លាយមិនដោះស្រាយនេះរបស់ថៅកែរោង បានធ្វើឲ្យក្រុមកម្មករខឹង ហើយនាំគ្នាតវ៉ា ដើម្បីទាមទារឲ្យថៅកែពន្លឿនការដោះស្រាយ។

អ្នកស្រីបន្តថា ការដែលថៅកែមិនបើកប្រាក់ឈ្នួលឲ្យពួកគាត់នេះ ធ្វើឲ្យពួកគាត់ជួបការលំបាក ជាច្រើនដូចជា ជីវភាពខ្វះខាតនិងគ្មានលុយបង់ថ្លៃផ្ទះជួលផងដែរ។

អ្នកស្រីថា «ថៅកែនឹងធ្វើបាបពួកបងវារយៈពេល៣ខែមកហើយ តាំងពីខែ៣ ខែ៤ រហូតដល់ខែ៥ទៀត ប្រាក់បើកឲ្យពួកខ្ញុំក្នុងមួយខែជំពាក់៥០រហូត ហើយលូវក្នុងចូលឆ្នាំជំពាក់៥០សិន ថាដល់មកពីចូលឆ្នាំវិញចាំគាត់​​ឲ្យ លូវបើប្រាក់ខែ៤ លូវគាត់បើកឲ្យតែ២០ដុល្លារទេ​ ចំពោះអូនឯងតើយកទៅចាយគ្រាន់អត់។ កម្មករខ្លះគ្នាអត់មានលុយឲ្យផ្ទះជួល គ្នាសុខចិត្តរើសឥវ៉ាន់យកទៅដេកផ្ទះមិត្តភក្តិដែលមានផ្ទះខ្លួនឯងនៅ ហើយគាត់ហាឡើងថា កម្មករទាំងអស់បើជំពាក់មីក្រូហិរញ្ញវត្ថុ​ឲ្យកម្មករទាំងអស់ហ្នឹងទៅសុំទោសគេ»។

តំណាងកម្មករម្នាក់ទៀត អ្នកស្រី តុ ចាន់រ៉ូ លើកឡើងថា រោងចក្រហ្គាវ័ន្តមានពីរសាខា គឺនៅស្រុកតាខ្មៅ និងនៅចាក់អង្រែក្រោម ដែលមានកម្មករសរុបជាង២០០០នាក់ ហើយនៅថ្ងៃនេះដែរ កម្មករនៅចាក់អង្រែក្រោមក៏បានប្រមូលផ្ដុំគ្នាតវ៉ាដែរ ដោយសារថៅកែមិនបើកប្រាក់ឈ្នួលឲ្យពួកគេ។ អ្នកស្រីបន្តថា ពួកគាត់មិនចូលធ្វើការវិញនោះឡើយ បើថៅកែមិនបើកប្រាក់ឈ្នួលខែកន្លងមកឲ្យនោះ។

តំណាងសហជីពប្រចាំរោងចក្រនេះ លោក រ៉ាន់ បូរ៉ា មានប្រសាសន៍ថា ថៅកែបានឆ្លើយប្រាប់កម្មករថា មិនមានប្រាក់ឈ្នួលបើកឲ្យនោះទេ ទើបធ្វើឲ្យក្រុមកម្មខឹងហើយផ្ទុះការតវ៉ាដោយឈប់ចូលធ្វើការ។

VOD មិនអាចទាក់ទងតំណាងថៅកែរោងចក្របាននៅឡើយ។

ក្រុមកម្មករដែលតវ៉ា អះអាងថា ប្រសិនបើថៅកែរោងចក្រនៅតែមិនបើកប្រាក់ឈ្នួលឲ្យទេ ពួកគេនឹងនាំគ្នាឡើងមកតវ៉ាដល់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀងផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ