នាយគ្រឿន បែក៨ថ្នេរ អស់៥០០០ដុល្លារ

នាយគ្រឿនបែករយះលើចិញ្ចើមខាងស្នាំ (ហ្វេសប៊ុក)

កាលពីល្ងាចថ្ងៃទី១៦ ឧសភា តារាកំប្លែងនិងជាតារាសម្ដែងល្បីឈ្មោះគឺ លោក ចែម សារឿន ហៅនាយគ្រឿន ​ បែករយះដូចគេវះដោយសារតែលោកលេងបាល់ ហើយតែតបាល់ទង្គិចចំក្បាលគ្នាជាមួយនឹងមិត្តរួមក្រុម។​ លោកត្រូវពេទ្យដេរចំនួន​៨ថ្នេរ ដោយអះអាងថា របួសដែលបានកើតឡើងនេះ គឺមិនខុសពីអស់៥០០០ដុល្លារចោលទទេរនោះទេ ដោយសារតែលោកត្រូវកោរអស់ចិញ្ចើមមួយចំហៀងហើយទទួលថតរឿងមិនកើត។

នាយពែកមី និយាយថា​​នាយគ្រឿនបែករយះលើចិញ្ចើមចំខាងស្នាំ គឺបែករយះធំមិនធម្មតា ក្នុង​​ឧបទ្ទេវហេតុលេងបាល់នៅម្ដុំឫស្សីកែវ ហើយបែករយះចំពេលលោតទៅតែតបាល់បុកចំក្បាលគ្នា។ ​លោកថាស្នាមបែកមានសភាពធំ ដោយក្រោយបញ្ជូនទៅពេទ្យ គឺដេរអស់៨ថ្នេរ ប៉ុន្តែមិនមែនអស់តែប៉ុន្មានម៉ឺនដូចអ្នកមានរបួសផ្សេងទៀតនោះទេ ដោយសារតែលោករកលុយនឹងមុខ ហើយបើមានរបួសលើមុខគឺពិតជាប៉ះពាល់។

លោកថាបញ្ហារបួសរយះ​វាមិនធ្ងន់ធ្ងរទេ ប៉ុន្តែអ្វីដែលប៉ះពាល់ធ្ងន់គឺថតរឿងលែងកើត ដោយសារតែក្នុងប្លង់កុនគឺត្រូវរក្សាទាំងសំលៀកបំពាក់ និងការតុបតែងខ្លួនផង ដើម្បីកុំអោយខុសប្លង់ដែលបានថតរួច។

លោកថាការងារថតរឿងសូម្បីតែម៉ូដសក់ក៏មិនក្នុងរឿងតែមួយម្ដងកាត់ម៉ូដនេះម្ដងកាត់ម៉ូដនោះបានទេ ទើបលោកចាត់ទុកថាការខូចចិញ្ចើមនិងមានស្នាមរបួស​ដែលបានកើតឡើង គឺពិតជារឹតតែថតរឿងលែងបានទៅទៀត។

លោកថាក្នុងរឿងផលិតករមិនអាចឆិនឆៃដល់ថ្នាក់ប្លង់ក្នុងរឿងម្សិលមិញមុខមាត់ស្អាតហើយប្លង់ក្នុងរឿងថ្ងៃស្អែកស្រាប់តែអត់ចិញ្ចើមនិងមានស្នាមបែកកើតទេ។

នាយគ្រឿនបានសម្រេចជូនដំណឹងទៅខាងផលិតករហើយ​ត្រូវផលិតករប្រាប់អោយ​​ផ្អាកថតមួយរយៈដោយមិនទាន់ដឹងថាតើប្លង់ដែលនៅសល់នឹងត្រូវរងចាំអោយលោកជាឬត្រូវកាត់ចោល។ លោកថានាយគ្រឿនរវល់ការងារសម្ដែងច្រើនជាងកំប្លែង និងពិធីករ ​ជាពិសេសពេញខែ៥ទាំងមូល និងបន្តដល់ពាក់កណ្ដាលខែ៦។

លោកថា​នាយគ្រឿនចូលចិត្តលេងបាល់ជាប្រចាំ ជាពិសេសអោយតែមានពេលម៉ោងឈប់សម្រាកពីការថតគឺសូម្បីតែទំនេរតែមួយម៉ោងឬ២ម៉ោង ក៏រត់ទៅលេងបាល់ដែរ។

លោកចាត់ទុកថានាយគ្រឿនស៊យដោយសាររបួសស្នាមនេះ ដោយលោកបញ្ជាក់ថានឹងខាតមិនក្រោមច្រើនពាន់ដុល្លារនោះទេ ទម្រាំនឹងអាចដុះចិញ្ចើមហើយបាត់ស្នាមរបួស។

លោកថានាយគ្រឿនមួយថ្ងៃទារបានតម្លៃខ្លួន៥០០ដុល្លារសម្រាប់ការថតរឿងដុំនិង​៣០០ដុល្លារសម្រាប់រឿងភាគ ដោយការងារថតកុនក្នុងរយៈពេលខាងមុខ គឺតម្លៃខ្លួនសុទ្ធតែបានមួយថ្ងៃកន្លះពាន់ដុល្លារទាំងអស់។

លោកសម្ដែងអារម្មណ៍ហួសចិត្តដែលនាយគ្រឿនជួប​រឿងស៊យទាំងរឿងមានរបួសនិងបាត់បង់ការងារ ព្រោះតែអស់ចិញ្ចើមមួយចំហៀង។

លោកនិយាយថា «វា(នាយគ្រឿន)តាចឹងហហើយ ទៅថតរឿងអីកើតទេ អ្នកណាយក បើវាអស់ចិញ្ចើម ហើយរយះចំលើមុខចឹង តារបូសចឹង គេកាត់ប្លង់វា ឬដូរចេញហើយ គឺមិនមែនសុខចិត្តចាំទេ នេះបើតាមខ្ញុំគិតព្រោះខ្ញុំមិនជឿថាចាំវាម្នាក់ គេសុខចិត្តស្ទះទេ!»។

លោកថានាយគ្រឿននៅតែអាចថតកម្មវិធីទូរទស្សន៍និងកម្មវិធីកំប្លែងដោយគ្មានការប៉ះពាល់ តែសម្រាប់ការថតកុនគឺពិតជាមិនអាចអោយគេរង់ចាំទេ ដោយសារតែរបួសដែលនាយគ្រឿនកើតឡើងគឺចំផ្ទៃមុខ ដែលមិនអាចបិទបាំង។

លោកទទូចអោយអ្នកលេងហ្វេសប៊ុកនិងបណ្ដាញសារព័ត៌មានដែលបានផ្សាយថាប្អូនលោកមានរបួសដោយសារតែគេវ៉ៃឬត្រូវគេកាប់អោយរយះ ដោយសារតែបំប៉ោងទាំងអស់ធ្វើអោយប្អូនលោកប៉ះពាល់។

លោកនៅតែអះអាងថានាយគ្រឿនអត់មានរឿងអ្វីជាមួយអ្នកណាបណ្ដាលអោយមានរបួសរយះថ្ងាសទេ ដោយរបួសរយះចិញ្ចើមគឺលែងបាល់តែត្រូវក្បាលគ្នាសុទ្ធសាធ។

លោកថាអ្នកខ្លះបានយកស្នាមរបួសរបស់ប្អូនលោកទៅបង្ហោះថាគេត្រូវគេវ៉ៃទើបរយះចិញ្ចើម​ ហើយបណ្ដាលអោយមានការយល់ច្រលំនៅលើបណ្ដាញហ្វេសប៊ុក។

អ្វីដែលលោកខកចិត្តគឺបណ្ដាញសារព័ត៌មានមួយចំនួនមិនបានសួរនាំពីបញ្ហាដែលបាន​កើតឡើងនោះទេ ​ផ្ទុយទៅវិញបែរជាបានផ្សាយតាមការបង្ហោះ ដែលបណ្ដាលអោយ​មានការភាន់ច្រលំពី​របួសស្នាមនោះ។

នាយពែកមី​ប្រកាសថានាយគ្រឿនខាតបង់មិនតិចជាង៥០០០ដុល្លារនោះទេដោយសារតែខានថតរឿងទម្រាំដល់ស្នាមរបួសជាសះឬដុះចិញ្ចើមឡើងវិញ។ លោកថាចិញ្ចឹមបើទោះជាអាចពាក់បាន ឬគូសបន្លំបាន ក៏មិនដូចចិញ្ចើមធម្មជាតិដែរ ដោយលោកបញ្ជាក់ថាបើទោះថតបានក៏ថតបានត្រឹមតែពីចម្ងាយៗឬថតមួយចំហៀងមុ​ខដើម្បីកុំអោយមានការចាប់អារម្មណ៍ថានាយគ្រឿនមានរបួសលើមុខខុសពីប្លង់ដែលបានថតរួច។ លោកថាផលិតករអោយតែតួមានបញ្ហាបែបនេះ គឺច្បាស់ណាស់ថានឹងត្រូវគេកាត់ប្លង់ចោល ហើយលោកមិនរំពឹងថាផលិតករនឹងក្រឡៃសាច់រឿងអោយនាយគ្រឿនមានរបួសក្នុងរឿង ដើម្បី​អោយស្របនឹងស្ថានការណ៍របស់ប្អូនលោកនោះទេ។

យ៉ាងណាមិញលោកថាស្ថានភាពបែបនោះ ប្រហែលមិនមានច្រើនទេសម្រាប់នាយគ្រឿន ក្នុងពេលដែលការថតរឿងសូម្បីតែសំលៀកបំពាក់និងការតុបតែងខ្លួនគឺមិនអោយខុសប្លង់ដែលត្រូវភ្ជាប់គ្នាផង តែបែរជាមកបែកលើចិញ្ចើមដែលគ្រាន់តែក្រឡេកមួយភ្លែតក៏ខុសមុខពីមុន​មេឃដី ដែលពិតជាតម្រូវអោយផលិតករលើកថ្ងៃរង់ចាំ ឬធ្វើសាច់រឿងបំបាត់តួប្អូនលោកតែម្ដងដើម្បីកុំអោយរាំស្ទះការងារថតកុន។

នាយគ្រឿនបានចាត់ទុកថាលោកស៊យក្នុងពេលលេងបាល់ ទើបបណ្ដាលអោយលោកមានរបួសបណ្ដាលអោយលោកសម្រេចចិត្ត​ផ្អាកថតដោយស្នើអោយផលិតករដូរតួ ឬរង់ចាំរហូតដល់លោកដុះចិញ្ចើម និងបាត់ស្នាមលើរបួស។

លោកនិយាយថា «តាមានរបួសចឹង គឺអត់ថតកើតទេ ទោះយើងចង់ថត ក៏ផលិតកម្មគាត់យកថតអត់កើតដែរ អោយថតយ៉ាងម៉េច ឧទាហរណ៍ប្លង់រឿងយប់មិញអត់អីស្រាប់តែប្លង់ក្នុងរឿងស្អែកឡើងមកបែកមុខអ៊ីចឹង!»។

លោកថាយ៉ាងហោចខានថត១០ថ្ងៃទៅ ១៥ថ្ងៃ ដោយការខានថតនេះ គឺមិនខុសពីការបោះលុយចោលមិនតិចជាង៥ពាន់ដុល្លារនោះទេ។ លោកនិយាយទាំងសំណើចបែកថ្ងាស៨ថ្នេរ គេដេរអស់តែបួនដប់ដុល្លារ តែសម្រាប់លោកក្រោយដេរដូចគ្នា គឺអស់មិនក្រោម៥ពាន់ដុល្លារទេ។ យ៉ាងណាមិញ លោកថាមិនសោកស្ដាយទេ ធ្វើម៉េចបើមានគ្រោះថ្នាក់ជាយថាហេតុបែបហ្នឹង ដែលលោកបញ្ជាក់ថាភាគីម្ខាងទៀតក៏មិនបានតាំងចិត្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ