អូស្ត្រាលី​ថា ជន​ដៃ​បាញ់​យន្តហោះ MH17 អាច​ត្រូវ​បាន​កាត់​ទោស​កំបាំង​មុខ

រដ្ឋ​មន្ត្រី​ការបរទេស​អូស្ត្រាលី អ្នកស្រី Julie Bishop បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ជន​ដៃ​ដល់​ដែល​បាន​បាញ់​ទម្លាក់​យន្តហោះ​ម៉ាឡេស៊ី​ MH17 កាល​ពី​ឆ្នាំ​២០១៤​នោះ អាច​ត្រូវ​បាន​គេ​កាត់​ទោស​ដោយ​កំបាំង​មុខ។ នេះដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

យន្តហោះ​ MH17 របស់​​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ត្រូវ​បាន​បាញ់​ទម្លាក់​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៤ ដោយ​បាន​សម្លាប់​មនុស្ស​ទាំង ២៩៨​នាក់​នៅ​លើ​យន្ត​ហោះ​នោះ ដែលអ្នក​ដំណើរ​ភាគ​ច្រើន​ជា​ជន​ជាតិ​ហូឡង់ និង​មនុស្ស​មក​ពី​បណ្ដា​ប្រទេស ១៧​ផ្សេង​ទៀត ក្នុង​នោះ​មាន​ទាំង​ជន​ជាតិ​អូស្ត្រាលី ៣៨​នាក់​ផង​ដែរ។

Reuters បាន​ឲ្យ​ដឹង​ថា ក្រុម​ប្រឹក្សា​សុវត្ថិភាព​បាន​សន្និដ្ឋាន​ថា យន្តហោះ​ប្រភេទ Boeing 777 នោះ ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​គ្រាប់​មីស៊ីល​​ផលិត​នៅ​ក្នុង​ប្រទេស​រុស្ស៊ី នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន ដែល​កាន់​កាប់​ដោយ​ពួក​ផ្ដាច់​ខ្លួន​គាំ​ទ្រ​ប្រទេស​រុស្ស៊ី។

កាល​ពី​ខែ​មិថុនា​កន្លង​មក ប្រទេស​ហូឡង់​បាន​និយាយ​ថា ជន​សង្ស័យ​នៅ​ក្នុង​ករណី​នេះ នឹង​ត្រូវ​នាំ​ទៅ​កាត់​ទោស​នៅ​ក្នុង​តុលាការ​ហូឡង់ និង​ក្រោម​ច្បាប់​ហូឡង់។

អ្នកស្រី Julie Bishop បាន​និយាយ​ថា ដំណើរ​ផ្លូវ​ច្បាប់​គ្រប់​ប្រភេទ កំពុង​ត្រូវ​បាន​ព្យាយាម​ធ្វើ និង​ជំរុញ​ទៅ​រុស្ស៊ី ឲ្យ​អនុវត្ត​ទៅ​តាម​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្កការ​សហ​ប្រជាជាតិ ដែលស្នើ​ឡើង​ដោយ​ប្រទេស​អូស្ត្រាលី។

អ្នកស្រី​បន្ត​ថា នេះ​មាន​ន័យ​ថា ជា​ការ​អំពាវ​នាវ​ទៅ​រដ្ឋ​ទាំង​អស់​ឲ្យ​សហការ​គ្នា​ដើម្បី​ធានា​ថា អ្នក​ទាំង​ឡាយ​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សម្លាប់​មនុស្ស ត្រូវ​បាន​នាំ​ទៅ​កាត់​ទោស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ