កាណាដា​កំពុង​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ បង្ខំ​មនុស្ស​រាប់​ពាន់​នាក់​ចាក​ចេញ

មនុស្ស​រាប់​ពាន់​នាក់ បាន​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ​នៅ​ភាគ​ខាង​លិច​ប្រទេស​កាណាដា នៅ​ចុង​សប្ដាហ៍​កន្លង​មក​នេះ ខណៈ​ដែល​ខ្យល់​បោក​បក់​ខ្លាំង​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​កាន់​តែ​ធំ​ធេង​នៅ​ក្នុង​ខេត្ត​ប៊្រីធីស​ កូឡុំប៊ី អស់​រយៈ​ពេល​ជាង ១​សប្ដាហ៍​មក​ហើយ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

AFP បន្តថា ភ្លើង​ឆេះ​ព្រៃ​នោះ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​អាសន្ន​ថ្មី ដោយ​បញ្ជា​ឲ្យ​ជម្លៀស​មនុស្ស ២​ម៉ឺន ៤​ពាន់​នាក់ នៅក្នុង​តំបន់ ក្នុង​នោះ​មាន​ទាំង​ទីក្រុង​ Williams Lake ផង​ដែរ ដែល​មាន​ប្រជាជន​ប្រហែល ១​១០០​០​នាក់។

ពលរដ្ឋ​ប្រហែល ៦០​ភាគរយ ដែល​រស់​នៅ​តំបន់​រង​ភ្លើង​ឆេះ​ព្រៃ​នោះ ត្រូវ​បាន​ទូរទស្សន៍​កាណាដា CBC ផ្សាយ​ថា បាន​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ​រួច​រាល់​ហើយ។

អាជ្ញាធរ​ខេត្ត​នេះ បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា មនុស្ស​ចន្លោះ​ពី ៣៦០០០ ទៅ ៣៧០០០​នាក់ ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​របស់​ពួកគេ​ ចាប់​តាំង​ពី​កើត​មាន​ភ្លើង​ឆេះ​ព្រៃ​ដោយ​សារ​រដូវ​ក្ដៅ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា​នេះ។

អាជ្ញាធរ​តំបន់​នោះ បាន​និយាយ​ថា ភ្លើង​បាន​ឆេះ​ព្រៃ ១៦២​កន្លែង​គិត​ត្រឹម​ថ្ងៃ​នេះ ក្នុង​នោះ ១៥​កន្លែង​បាន​បង្ក​ការ​គំរាម​កំហែង​ដល់​តំបន់​អ្នក​ស្រុក​​រស់​នៅ។ ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ប្រហែល ៣​ពាន់​នាក់ កំពុង​តែ​ព្យាយាម​ពន្លត់​ភ្លើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ