កូរ៉េ​ខាង​ត្បូង​ស្នើ​ជំនួប​ពិភាក្សា​ខាង​យោធា​ជាមួយ​កូរ៉េ​ខាង​ជើង​ថ្ងៃ​ទី​២១​កក្កដា

កូរ៉េ​ខាង​ត្បូង​បាន​ស្នើ​ឲ្យ​មាន​ជំនួប​ខាង​យោធា​ជាមួយ​កូរ៉េ​ខាង​ជើង ដែល​នេះ​គឺ​ជា​ជំនួប​លើក​ដំបូង​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក និង​ក៏​ជា​មធ្យោបាយ​សម្រាប់​ទប់​ស្កាត់​សកម្មភាព​អរិភាព​នៅ​ជិត​ព្រំដែន​ប្រទេស​ទាំង​ពីរ​ផង​ដែរ។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែ​ល​បាន​ដក​ស្រង់​សម្ដី​អនុ​រដ្ឋ​មន្ត្រី​ការពារ​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​នេះ។

គម្រោង​ជំនួប​នេះ ត្រូវ​បាន​ស្នើ​ឡើង បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​បាន​បាញ់​សាកល្បង​គ្រាប់​មីស៊ីល​ជាច្រើន​លើក​រួច​មក​ហើយ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ។

អនុ​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង លោក ស៊ូ ឆូសូក បាន​ថ្លែង​ក្នុង​សន្នីសីទ​សារព័ត៌មាន​ដ៏​ខ្លី​មួយ​ថា ក្រសួង​បាន​ស្នើ​ឲ្យ​មាន​ជំនួប​ពិភាក្សា​ខាង​យោធា​ជាមួយ​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា នៅ​តុងហ្គីងហ្កាក ដើម្បី​បញ្ឈប់​សកម្មភាព​អរិភាព​ទាំង​អស់ ដែល​បង្ក​ឲ្យ​មាន​ភាព​តាន​តឹង​ខាង​យោធា នៅ​តាម​បន្ទាត់​ព្រំដែន​គ្មាន​កង​ទ័ព។

​តុងហ្គីងហ្កាក គឺ​ជា​អគារ​របស់​កូរ៉េ​ខាង​ជើង ស្ថិត​នៅ​តំបន់​ផានម៉ុនជុម ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ជំនួប​នានា​កាល​ពី​មុន។

សំណើ​ជំនួប​នេះ​បាន​កើត​ឡើង​តែ​មួយ​សប្ដាហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក មូន ជែអ៊ីន បាន​និយាយ​ថា តម្រូវការ​ជំនួប​ពិភាក្សា​ជាមួយ​កូរ៉េ​ខាង​ជើង សំខាន់​ជាង​ការ​ទប់​ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល​របស់​ក្រុង​ព្យុងយ៉ាង​ទៅ​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ