អារ៉ាប់​រួម​ចង់​ឲ្យ​សហគមន៍​អន្តរជាតិ​តាម​ដាន​ប្រទេស​កាតា

មន្ត្រី​ជាន់​ខ្ពស់​អារ៉ាប់រួម បាន​និយាយ​ថា ការ​តាម​ដាន​ជា​អន្តរជាតិ គឺ​ជា​ការ​ចាំ​បាច់​សម្រាប់​ជម្លោះ​រវាង​ប្រទេស​កាតា និង​បណ្ដា​ប្រទេស​ជិត​ខាង​ខ្លួន ដោយ​ថា ការ​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​ក្រុង​ដូហា កំពុង​មាន​ដំណើរការ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់​រួម បារ៉ែន និង​អេហ្ស៊ីប បាន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​កាតា កាល​ពី​ថ្ងៃ​ទី​០៥ ខែ​មិថុនា ដោយ​បាន​កាត់​ផ្ដាច់​ទំនាក់ទំនង​កាទូត និង​ផ្លូវ​ដឹក​ជញ្ជូន​ជាមួយ​រដ្ឋ​តូច​មួយនេះ​ ដោយ​បាន​ចោទ​ប្រទេស​នេះ​ថា បាន​ជួយ​លុយ​កាក់​ដល់​ក្រុម​ជ្រុល​និយម និងមាន​សម្ព័ន្ធ​ភាព​ជាមួយ​ប្រទេស​អ៊ីរ៉ង់ ដែល​ជា​សត្រូវ​នឹង​បណ្ដា​រដ្ឋ​នៅ​តំបន់​អារ៉ាប់។ ប៉ុន្តែ ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​ដូហា​បដិសេធ​ទៅ​វិញ។

រដ្ឋ​មន្ត្រី​ការបរទេស​អារ៉ាប់​រួម លោក អាន់វ៉ា ហ្កាហ្កាស ត្រូវ​បាន​ដក​ស្រង់​សម្ដី​នៅសុន្ទរកថា​ដែល​និយាយ​ថា គេ​ត្រូវ​ការ​ដំណោះ​ស្រាយ​តាម​តំបន់ និង​ការ​តាម​ដាន​ពី​អន្តរជាតិ។

លោក​បន្ត​ថា គេ​ត្រូវ​ច្បាស់​ថា កាតា ដែល​មាន​ប្រេង​តម្លៃ ៣០០​ពាន់​លាន​ដុល្លារ​នោះ មិន​មែន​ជា​អ្នក​ជួយ​ឧបត្ថម្ភ​ផ្លូវការ ឬ​ក្រៅ​ផ្លូវការ​ដល់​ក្រុម​ជីហាដ និង​បុព្វហេតុ​ភេរវកម្ម​ទៀត​ទេ។

លោក ហ្កាហ្កាស បាន​បន្ថែម​ថា អនុស្សារណៈ​យោគ​យល់​គ្នា​ដែល​ចុះ​ហត្ថលេខា​ដោយ​អាមេរិក និង​កាតា​កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន​ ស្ដី​ពី​ការ​ជួយ​លុយ​កាក់​ដល់​ចលនា​ភេរវកម្ម​នោះ គឺ​ជា​ដំណើរ​វិឌ្ឍន៍​វិជ្ជមាន។

ក្រុង​វ៉ាស៊ីងតោន និង​ក្រុង​ដូហា បាន​ចុះ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ ខណៈ​ដែល​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក Rex Tillerson បំពេញ​ទស្សន​កិច្ច​នៅ​កាតា ក្នុង​ដំណើរ​ទស្សន​កិច្ច ៣​ថ្ងៃ​ទៅ​កាន់​បណ្ដា​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ​ពែក ដើម្បី​បញ្ចប់​វិវាទ​របស់​រដ្ឋ​នៅ​តំបន់​អារ៉ាប់។

ទោះជាយ៉ាងណា មហា​អំណាច​អារ៉ាប់​ទាំង ៤ នៅ​តែ​លើក​ឡើង​ថា កិច្ច​ព្រម​ព្រៀង​នោះ មិន​បំពេញ​តាម​ក្ដី​កង្វល់​របស់​ពួកគេ​នោះ​ឡើយ ដោយ​ពួកគេ​នៅ​តែ​ដាក់​ទណ្ឌកម្ម​លើ​ក្រុង​ដូហា រហូត​ទាល់​តែ​កាតា​ធ្វើ​តាម​ការ​ទាមទារ​របស់​ពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ