ក្រុមកម្មកររោងចក្រ​ផលិតគ្រឿងអេឡិចត្រូនិច LG បន្ត​ដាក់​ញ្ញាតិស្វែងរកអន្តរាគមន៍

ការតវ៉ារបស់ក្រុមកម្មករនាពេលកន្លងមក

 

 

កម្មកររោងចក្រអាយសោន ដែលផលិតគ្រឿងអេឡិចត្រូនិចឲ្យក្រុមហ៊ុនទូរសព្ទម៉ាក LG ប្រមាណជាង១០០នាក់ បាននាំគ្នាឡើងមកដាក់ញ្ញាតិនៅក្រសួងការងារសារជាថ្មី ដើម្បីស្វែងរកអន្តរាគមន៍ដោយទាមទារឲ្យរោងចក្រនេះគោរពច្បាប់ការងារ។

នៅរសៀលថ្ងៃទី១៦ ខែសីហានេះ កម្មកររោងចក្រអាយសោនខេប៉ូល ដែលមានទីតាំងនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បន្តស្នើឲ្យក្រសួងការងារជួយអន្តរាគមន៍ករណីដែលរោងចក្របានព្យួរការងាររបស់កម្មករ ដោយមិនមានលិខិតអនុញ្ញាតពីមន្ទីរការងារ និងសុំឲ្យរោងចក្រទូរទាត់តាមផ្លូវច្បាប់ករណី ដែលរោងចក្រនេះបិទទ្វារ និងស្នើសុំឲ្យក្រសួងអន្តរាគមន៍ឲ្យរោងចក្រដកពាក្យបណ្តឹងពីតុលាការដែលបានប្តឹងកម្មករ។

តំណាងកម្មករ អ្នកស្រី សុន ចាន់ធន បានឲ្យដឹងថាអ្នកស្រីស្នើឲ្យក្រសួងជួយអន្តរាគមន៍ និងជួយរកដំណោះស្រាយសម្រាប់កម្មករ ដែលត្រូវបានរោងចក្រព្យូរការងារដោយមិនប្រាប់ជាមុន។

អ្នកស្រីមានប្រសាសន៍ថា៖ម្សិលមិញពេលល្ងាច ទើបឲ្យប្រធានផ្នែកមកប្រាប់ពួកខ្ញុំថា ព្យូរការងារពួកខ្ញុំរយៈពេលខែ ក្នុងខែគាត់ឲ្យខ្ញុំ១០ដុល្លា។ ធម្មតាពួកខ្ញុំជាកម្មករធ្វើការដើម្បីជីវិត។ ពេលចង់ផ្អាកខ្ញុំអញ្ចឹង តើពួកខ្ញុំបានលុយមកពីណាផ្គត់ផ្គង់គ្រួសារ? ហើយម្នាក់សុទ្ធជំពាក់រដ្ឋ! ហើយគាត់ធ្វើមកដូចថាគាត់មានលុយតែគាត់ៗ ជិះឡានទំនើបចាយលុយមួយថ្ងៃ ហើយឲ្យពួកខ្ញុំមួយខែ១០ដុល្លា! តើពួកខ្ញុំទៅទូទាត់មិចទៅ បើពួកខ្ញុំជំពាក់រដ្ឋរាប់ពាន់ហ្នឹង!”

កម្មកររោងចក្រនេះម្នាក់ទៀត លោក យឹង រ៉ន ថាការឡើងមកតវ៉ានេះ គឺសុំឲ្យរោងចក្រដកពាក្យបណ្តឹង ដែលបានប្តឹងតំណាងសហជីពរបស់ខ្លួន និងស្នើសុំឲ្យក្រសួងជួយរកដំណោះស្រាយបញ្ហាព្យួរការងាររបស់ពួកគាត់។

លោកមានប្រសាសន៍ថា៖ ខ្ញុំសុំឲ្យក្រុមហ៊ុនដកពាក្យបណ្តឹងពីតុលាការ កាលពីគាត់បានប្តឹងសហជីពកាលពីលើកមុន។ មួយទៀត ខ្ញុំសំណូមពរទៅដល់រាជរដ្ឋាភិបាលសុំមេត្តាជួយដោះស្រាយឲ្យក្រុមហ៊ុនអាយសោនខ្ញុំផង! ខ្ញុំចាំកម្មករ! ខ្ញុំមានការលំបាកណាស់បើសិនជាក្រុមហ៊ុនធ្វើរបៀបនេះ បីដូចជាបិទឆ្នាំងបាយកម្មករអញ្ចឹង

អនុប្រធាននាយកដ្ឋានដោះស្រាយវិវាទនៃក្រសួងការងារ លោក លន ផាន់ បានចេញមកទទួលញ្ញាតិដោយសន្យាយកញ្ញាត្តិនេះ ដាក់ជូនរដ្ឋមន្ត្រីក្រសួងការងារដើម្បីពិនិត្យដោះស្រាយជូនកម្មករ។

អគ្គលេខាធិការរងនៃសហជីពសេរីកម្មករ លោកស្រី យ៉ុង លាភ បានឲ្យដឹងថាការឡើងមកតវ៉ារបស់កម្មករនេះដោយសារតែកម្មករឃើញថាសកម្មភាពរោងចក្រហាក់ដូចជាចង់បិទទ្វា និងចង់ឲ្យក្រសួងអន្តរាគមន៍លើរោងចក្រឲ្យដកពាក្យបណ្តឹងដែលបានប្តឹងកម្មករខ្លួនទៅតុលាការ។

លោកស្រីមានប្រសាសន៍ថា៖ ទិដ្ឋភាពមើលបច្ចុប្បន្ន យើងសង្កេតមើលថា១០ដុល្លាហ្នឹង សូម្បីតែថ្លៃផ្ទះជួលគាត់ឲ្យថ្លៃគេអត់គ្រប់ផង ហើយអ្វី ដែលក្រុមហ៊ុនឲ្យឡើងហ្នឹង គឺមិនត្រឹមត្រូវទេ! ទាក់ទងដែលថាមិនត្រឹមត្រូវហ្នឹងគឺថា ក្រុមហ៊ុនព្យូរការងារមិនស្របតាមនីតិវិធីច្បាប់អ្វីដែលយើងចង់បាន! ប្រទេសមួយអនុវត្តច្បាប់ វិនិយោមករកការរកស៊ីនៅកម្ពុជា កម្មករគាត់ធ្វើការក៏ត្រូវការគោរពច្បាប់អញ្ចឹងយើងចង់បានឲ្យវិនិយោហ្នឹងឲ្យមាន ក្រមសិលធម៌ ហើយក៏ត្រូវការគោរពច្បាប់នៅកម្ពុជាយើដែរ

រោងចក្រអាយសោនខេបប៉ូល មានកម្មករប្រមាណជាង១៣០០នាក់ ដែលជារោងចក្រផលិតកាសទូរស័ព្ទសម្រាប់ក្រុមហ៊ុនរបស់ប្រទេសកូរ៉េ LG៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ