មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីការវាយឈ្នះរបស់កីឡាករ សៅ វណ្ណា កាលពីល្ងាចថ្ងៃទី១៦ ធ្នូ នៅក្នុងព្រឹត្តិកាណ៍ប្រកួតជម្រុះកីឡាករជើងខ្លាំងក្នុងវគ្គ៨នាក់យកតែ៤នាក់ នៅប៉ុស្ដិ៍លេខ៥ ដើម្បីស្វែងរកជើងខ្លាំងអោយមានសិទ្ធិឡើងទៅប្រកួតបន្តក្នុងជំហានពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ កីឡាករ សៅ វណ្ណា គឺជាកីឡាករចុងក្រោយតែម្នាក់គត់ ដែលបានវាយឈ្នះគូប្រកួតជាជើងខ្លាំងហើយបានឡើងទៅវគ្គ៤នាក់ដែល ជាវគ្គដ៏សំខាន់។
យ៉ាងណាមិញ ក្រោយជ័យជម្នះ លោកបែរជាបានប្រកាសថាហេតុផលដែលលោកបានឈ្នះ គឺដោយសារតែកូនប្រុសរបស់លោកដែលទើបនឹងកើតនៅមន្ទីរពេទ្យកាល់ម៉ែត្រក្នុងពេលលោកកំពុងប្រកួតនោះប៉ុណ្ណោះ ដោយសារតែមុនឡើងរេញ គឺលោកហ្វឹកហាត់បានតែ២ថ្ងៃគត់ ហើយការហ្វឹកហាត់ក៏មិនសូវដិតដល់។
កីឡាករ សៅ វណ្ណា បានប្រកាសក្រោយវាយឈ្នះកីឡាករ ពុយ វណ្ណៈ ក្រោយបញ្ចប់៣ទឹកដោយពិន្ទុថា ក្នុងចំណោមការប្រកួតទាំងអស់ដែលបានធ្វើឡើងនៅប៉ុស្ដិ៍លេខ៥ លោកចាត់ទុកថាការប្រកួតរបស់លោកក្នុងវគ្គជម្រុះ៨នាក់យក៤នាក់ គឺជាការប្រកួតលើកដំបូងដែលលោកបានធ្វើការហ្វឹកហាត់តែ២ថ្ងៃគត់ ក្នុងពេលដែលការហ្វឹកហាត់នោះទៀតសោត គឺលោកប្រាប់ថាក៏មិនសូវបានជាប់លាប់នោះដែរ។
លោកថាហេតុផលដែលលោកអត់បានហ្វឹកហាត់ដិតដល់ គឺដោយសារតែក្នុងប៉ុន្មានថ្ងៃនេះ លោកមានការរវល់យ៉ាងខ្លាំងដោយសារតែភរិយារបស់លោកទើបតែកើតកូនប្រុស និងកំពុងស្ថិតក្នុងសម្រាកនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ។ លោកថាដោយសារភរិយាមានធុរៈប្រសូត្រកូនប្រុសដំបូង គឺលោកអត់មានពេលវេលា និងកម្លាំងចិត្តក្នុងការហ្វឹកហាត់នោះទេ ដោយត្រូវរត់ចុះរត់ឡើងទៅពេទ្យកាល់ម៉ែត្រផង និងរត់ទៅហ្វឹកហាត់ផង ហើយព្រលឹង និងបេះដូងក៏មិនសូវមានស៊ប់នឹងការហ្វឹកហាត់ដូចមុន។
យ៉ាងណាមិញ លោកថាលោកមានឆន្ទៈចង់ឈ្នះការប្រកួត ដោយសារតែលោកត្រូវការឱកាសឡើងប្រកួតបន្តនៅប៉ុស្ដិ៍លេខ៥ បន្ទាប់ពីលោកក៏មានឈ្មោះបានប្រកួតជម្រុះតាំងពីដំណាក់កាល៣២នាក់ យក៨នាក់ និងត្រូវប្រកួតពី៨នាក់យក៤នាក់ ដែលជាវគ្គសំខាន់ឆ្ពោះទៅរកដណ្ដើមពានកាលពីថ្ងៃទី១៦ ធ្នូ ដែលជាថ្ងៃកូនប្រុសរបស់លោកទើបនឹងសម្រាល ហើយភរិយារបស់លោកស្ថិតនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
លោកថាមុនពេលឡើងរេញលោកបាននិយាយជាមួយកូនប្រុសលោកថា បើកូនប្រុសពិតជាចង់អោយប៉ាមានលុយយកមកមើលថែកូន និងចង់អោយអោយប៉ាមានការឱកាសបានប្រកួតនៅប៉ុស្ដិ៍លេខ៥បន្តទៀត សូមកូនជួយអោយប៉ាឈ្នះគូប្រកួត ព្រោះប៉ាអត់បានហ្វឹកហាត់ទេ។
ការប្រកាសរបស់លោកត្រូវបានអ្នកទស្សនាស្រែកនិងទះដៃលាន់ពេញសាលប៉ុស្ដិ៍លេខ៥ ដែលការប្រកួតនេះគឺជាលើកទី១ដែលគេឃើញកីឡាករឆ្លងផុតការប្រកួតជម្រុះ តាំងពីប៉ុស្ដិ៍លេខ៥បានបើកការប្រកួតជ្រើសរើសជើងឯកក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ហើយប្រើរូបមន្តប្រកួតចាញ់ធ្លាក់ៗតាំងពីកីឡាករសរុបចំនួន៣២រូបនៅសល់ ត្រឹមតែ៤រូប ក្រោយការប្រកួតថ្ងៃទី១៦ ធ្នូមុននេះ។
កីឡាករ សៅ វណ្ណា នៅតែបានប្រកាសថាជ័យជម្នះដែលខ្លួនទទួលបានគឺដោយសារតែកម្លាំងចិត្តប្រ
ពន្ធ និងពីកូនប្រុស ដោយសារតែលោកស្ថិតក្នុងការការត្រូវការលុយច្រើននៅក្នុងពេលនេះ ដើម្បីមើលថែប្រពន្ធមើលកូន។
លោកថាបើលោកប្រកួតចាញ់ គឺស្មើនឹងលោកបាត់បង់ឱកាសឡើងប្រកួតយកពាន ហើយអោយតែលោកបានឡើងគឺទោះជាការប្រកួតក្នុងពេលខាងមុខទទួលបានលទ្ធផលយ៉ាងណាក៏ដោយ ក៏អត់ភ័យរឿងធ្លាក់ហាលអាវដូចមុនទៀតដែរ គឺអន់ណាស់ក៏បានលេខ៤ក្នុងចំណោម៤នាក់ ដែលមានប្រាក់លើកទឹកចិត្តបន្ថែមពីលើតម្លៃខ្លួន
ដែលលោកបានហៅឱកាសទទួលបានប្រាក់កាសនោះថា នឹងជួយអោយលោកបានបំពេញតម្រូវការ។
លោកថាសប្បាយចិត្តដែលបានប្រកួតឈ្នះ ហើយបានឡើងទៅវគ្គ៤នាក់ចុងក្រោយ ប៉ុន្តែបើគ្មានកម្លាំងរឿងចង់បានលុយជួយកូន និងភរិយា ដែលស្ថិតនៅពេទ្យសម្រាលកូន គឺប្រហែលជាលោកមិនអាចយកឈ្នះលើ ពុយ វណ្ណៈ បានទេ។
លោកបានប្រកាសដាក់ក្បាលមេក្រូថា ការរស់នៅភ្នំពេញ លោកមានលទ្ធភាពជួលផ្ទះរស់នៅត្រឹមតែតម្លៃមួយខែ១០ម៉ឺនរៀលប៉ុណ្ណោះ ដោយស្ថានភាពរស់នៅរបស់លោកគឺមានការលំបាកខ្លាំង ទើបលោកប្រកាសថាប្រកួតឈ្នះហើយឈានទៅវគ្គ១ភាគ៤កាលពីយប់ថ្ងៃទី១៦ធ្នូ គឺជាឱកាសដែលជួយអោយលោកបានលុយបន្តទៀតពីប៉ុស្ដិ៍លេខ៥ ក្នុងពេលដែលលោកប្រកាសថាបើធ្លាក់ការប្រកួតក្នុងវគ្គ៤នាក់នាថ្ងៃនោះវិញ គឺមិនដឹងថាលោកនឹងរហូតដល់ពេលណាទើបមានការផ្គូរផ្គងអោយបានប្រកួតនោះទេ ដោយសារតែលោកគឺកីឡាករជាប់កុងត្រាប្រកួតជើងឯកនៅប៉ុស្ដិ៍លេខ៥ ដែលហោចណាស់ក៏ឈានដល់១ខែទៅ២ខែក្រោយ ទើបមានការប្រកួតនោះ។
លោកថាចាត់ទុកថាជ័យជម្នះរបស់ខ្លួន កើតឡើងដោយសារតែកូនប្រុសដែលទើបនឹងកើត ដោយលោកបញ្ជាក់ថា បើមិនមែនកម្លាំងចិត្តជំរុញអោយលោកចង់ឈ្នះអោយបានដាច់ខាត ក៏ប្រហែលជាលោកមិនអាចប្រឹងប្រកួតរហូតបានជោគជ័យ ក្នុងពេលដែលលោកហ្វឹកហាត់បានតែ២ថ្ងៃមិនជាប់លាប់មុនឡើងរេញនោះដែរ៕