មន្ត្រី​ជំនាញ​កំពុងពិនិត្យ​លើ​​សំណើសុំ​សាងសង់អគារ​១៣៣​ជាន់​នៅ​ភ្នំពេញ

អ្នក​នាំ​ពាក្យ​សាលារាជធានី​លោក ឡុង ឌីម៉ង់ និង​ប្លង់​គំរូ​នៃ​អគារ​ភ្លោះ​កម្ពស់​១៣៣​ជាន់ (រូបពី​ហ្វេស​ប៊ុក​របស់​លោក)

មន្ត្រី​សាលារាជធានី​ភ្នំពេញឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ​របស់​សាលារាជធានី​កំពុង​ពិនិត្យលើ​សំណើសុំ​សាងសង់​អគារពាណិជ្ជកម្ម​​​កម្ពស់​១៣៣​ជាន់តម្លៃ​១ពាក់​លាន​ដុល្លារ លើ​ផ្ទៃដី​៥ហិកតារបស់ក្រុម​ហ៊ុន​ឯកជនមួយ​​​​នៅ​កណ្តាលរាជធានី​ភ្នំពេញ មុន​នឹង​បញ្ជូន​សំណើ​នេះទៅ​កាន់ក្រ​សួង​ដែន​ដីពិនិត្យ​ និង​សម្រេច​បន្ត​ទៀត។

អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រ​សាសន៍​ថា សាលារាជធានី​ត្រូវ​ចំណាយពេល​ដើម្បី​ពិនិត្យ​លើ​សំណើរ​បស់​ក្រុម​ហ៊ុន​ថៃប៊ុន​រ៉ុង ក្នុង​ការ​ស្នើ​សុំ​សាងសង់អគារ​ពាណិជ្ជកម្មកម្ពស់​ជិត​៥០០ម៉ែត្រនៅ​ទី​តាំងមណ្ឌលកម្សាន្ត​ឌ្រីមលែន​(Dreamland)បច្ចុប្បន្ន។ លោក​ថា សាលារាជធានី​កំពុង​ពិនិត្យ​ទៅ​លើ​សុវត្ថភាព​សាងសង់ ដូចជា​ប្រ​ព័ន្ធលូ ប្រ​ព័ន្ធ​អគ្គិភ័យជាដើម មុន​នឹង​សម្រេច​បញ្ជូន​បន្តទៅ​កាន់​ក្រ​សួងដែន​ដី នគរូបនីយកម្ម និង​សំណង់ តែ​លោក​មិន​បាន​បញ្ជាក់​ថា ​សាលារាជធានី​នឹងបញ្ចប់កាពិនិត្យ​នេះ​នៅពេលណានោះទេ។

លោក ឡុង​ ឌី​ម៉ង់ ក៏មិនអាចបញ្ជាក់បានទេ​ថា​អគារពាណិជ្ជកម្ម​ភ្លោះ​មួយនេះ​នឹង​ត្រូវ​ចាប់​ផ្តើម​សាងសង់នៅពេលណា និងបញ្ចប់នៅពេលណា​នោះដែរ។ លោកថា ការបោះ​ទុន​វិនិយោគជាង​១០០០​លាន​ដុល្លារក្នុង​ការសាងសង់អគារនេះ​បញ្ហញពី​ភាព​រីក​ចម្រើន​របស់​ប្រ​ទេស​កម្ពុជា ជា​ពិសេស​រាជធានី​ភ្នំពេញ។

លោក​បន្ថែម​ថា៖ “តាមពិត​ល្អណាស់បាទ! ជាការបង្ហាញ​ឲ្យ​ឃើញ​ថា​បរិយាកាសវិនិយោគជាពិសេសការអភិវឌ្ឍក្នុង​ប្រ​ទេស​កម្ពុជា​យើង ជាពិសេស​ក្នុង​រាជធានី​ភ្នំពេញ វាបង្ហាញ​ថា​ជា​ការ​ទុក​ចិត្ត​របស់​វិនិយោគបរទេស វាជាការ​ល្អវិញ​ទេ និង​ជួយបង្កើន​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដល់​រាជធានី​ភ្នំពេញ​យើងបន្ថែមទៀតទេបាទ”

ដោយ​ឡែក​អ្នកនាំ​ពាក្យ​ក្រ​សួង​ដែន​ដី លោក សេង ឡូត មាន​ប្រ​សាសន៍​ថា ក្រុម​ហ៊ុន​ធ្វើការ​សាងសង់​សំណង់របស់​ខ្លួន​បាន​លុះត្រា​តែបាន​ទទួល​ខិលិត​អនុញ្ញាតសាងសង់ពីក្រ​សួង​រៀប​ចំដែន​ដី និង​លិខិត​បើកការដ្ឋានពី​អគ្គនាយក​ដ្ឋាន​សំណង់របស់ក្រ​សួង​។ លោក​ឲ្យ​ដឹងទៀតថា ពេល​សំណើនេះ​ទៅ​​ដល់​ក្រ​សួង មន្ត្រី​ជំនាញ​របស់​ក្រ​សួង​ត្រូវ​ពិនិត្យ​ម្តងទៀត​ពី​ផល​ប៉ះពាល់នានា ជា​ពិសេស​ថា​តើ​ទីតាំង​សំណង់នេះ​ស្ថិត​ក្នុង​តំបន់​ដែលអាជ្ញាធរ​ហាម​ឃាត់មិន​ឲ្យ​មាន​អគារខ្ពស់​ឬយ៉ាងណា។

លោក​បន្ថែម​ថា៖​​ “ជាទូទៅនៅ(តំបន់)​ជុំ​វិញវាំងនេះ កន្លងមកមិនមែន​ជាច្បាប់ឬអ្វី​នោះទេ គ្រាន់​តែជា​ការគិតគូរកន្លងមកក្នុងតំបន់ ដើម្បី​រក្សា​សុវត្ថិភាព​ព្រះ​មហាក្សត្រ រក្សា​វប្បធម៌អ្វី​ផងនោះ។ គន្លង​ក្នុង​កាំ៥០០ម៉ែត្រ​(ពី​វាំង)ហ្នឹង​មិន​ឲ្យសង់​ខ្ពស់ពេកទេ​ អីចឹងដីឌ្រីមលែននេះ នៅពេល​ដែលស្នើមកនឹ​ងត្រូវវាស់​វែង​ហើយថាក្នុងកាំ៥០០ម៉ែត្រនេះឬយ៉ាងណា”

ប្រ​ធាន​សមាគម​ធាងត្នោតលោក អ៊ី សារុំ មាន​ប្រ​សាសន៍ថា អាជ្ញាធរ​គួរតែសិក្សា​ឲ្យបាន​ច្បាស់លាស់ពី​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​ការប្រើប្រាស់​ថាមពលអគ្គិសនី​ និង​ទឹករបស់អគារភ្លោះនេះ មុន​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់​។

លោក​បន្ថែមថា៖ “អគារខ្ពស់អីចឹង គឺតម្រូវ​ឲ្យ​មានការប្រើប្រាស់ប្រ​ព័ន្ធ​ទឹក​ឲ្យមាន​ប្រ​សិទ្ធភាព បើមិន​អីចឹងទេ មិន​ដឹងទឹកហ្នឹង​បង្ហូរទៅណា។ អីចឹងធ្វើឲ្យប៉ះពាល់​ដល់​អ្នក​រស់នៅ​ជុំវិញហ្នឹង ទី២តម្រូវការប្រើប្រាស់ភ្លើងហ្នឹង​ច្រើនមែនទែន អីចឹងអាច​ថាអ្នកមាន​អំណាច​អ្នកមានលុយ ចាប់ផ្តើម​ទិញ​យក​ភ្លើងហ្នឹង​ទៅ​បម្រើតែបក្ស​ពួករបស់​ខ្លួន។ អីចឹងធ្វើឲ្យអ្នក​ក្រ អ្នក​មិន​សូវមាន​លទ្ធភាព​ហ្នឹងទទួល​ផល​ប៉ះពាល់បាទ”

គួរបញ្ជាក់​ថា កាលពី​ឆ្នាំ​២០១០ លោកនាយក​រដ្ឋមន្ត្រី​ក៏​ធ្លាប់​លើក​ឡើងពី​គម្រោង​សាងសង់​អគារខ្ពស់​បែបនេះនៅតំបន់កោះពេជ្រផង​ដែរ តែ​រហូត​មក​ដលពេលនេះគម្រោង​នោះ​នៅ​មិន​ទាន់​ឃើញ​ជា​រូបរាងនៅឡើយ។ បើ​តាម​មន្ត្រី​សាលា​រាជធានី អគារកំពស់​ចាប់ពី​៥ជាន់​ដល់​៤០ជាន់ នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ចំនួន៦២៨អគារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ