លោក សួន សេរីរដ្ឋា ដៀលថារដ្ឋាភិបាលសព្វថ្ងៃមិនអាចដឹកនាំប្រទេសឲ្យថ្លៃថ្នូរ

ប្រធានគណបក្សអំណាចខ្មែរលោក សួន សេរីរដ្ឋា

ប្រធានគណបក្សមួយបានរិះគន់ការដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃថា ប្រៀបដូចជារដ្ឋាភិបាលខ្ញុំគេ និងមិនអាចដឹកនាំប្រទេសទៅរកភាពថ្លៃថ្នូរបានទេ។ ប៉ុន្ដែអ្នកនាំពាក្យបក្សកាន់អំណាចបានបដិសេធការលើកឡើងនេះ ដោយថា ជាការរិះគន់បែបមិនដឹងអី។

យោងតាមហ្វេសប៊ុកកាលពីថ្ងៃទី១៥ខែមេសាកន្លងទៅ ប្រធានគណបក្សអំណាចខ្មែរលោក សួន សេរីរដ្ឋា បានត្មេះដៀលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថា គ្មានសមត្ថភាពអាចបង្កើតឱកាសការងារ និងមុខរបរដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងពេញកម្លាំងបម្រើការងារក្នុងប្រទេស។

លោកលើកឡើងថា ពលរដ្ឋខ្មែរជាច្រើននាក់ត្រូវបង្ខំចិត្តចាកចេញទៅធ្វើការនៅក្រៅប្រទេស និងថា ភាគច្រើនមិនអាចវិលមកចូលរួមពិធីបុណ្យចូលឆ្នាំ ឬបុណ្យប្រពៃណីផ្សេងៗទេ ដោយលោកថា គឺពួកគេត្រូវទ្រាំនៅស៊ីឈ្នួលធ្វើការឲ្យគេនៅក្រៅប្រទេស។

លោកបានសរសេរលើហ្វេសប៊ុករបស់លោកថា៖ «រដ្ឋាភិបាលខ្ញុំគេ គឺមិនអាចដឹកនាំប្រទេសនិងដឹកនាំប្រជាជាតិមួយឲ្យថ្លៃថ្នូរបានទេ ក្រៅពីលក់កម្លាំងជាតិសាសន៍ខ្លួនឯងយ៉ាងថោកទាប។ ក្រៅពីលក់កម្លាំងជាតិសាសន៍ខ្លួនឯងយ៉ាងថោកទាប ឲ្យទៅបម្រើស៊ីឈ្នួលគេនៅបរទេស..! ដូច្នោះចូលឆ្នាំចូលខែ ឬបុណ្យភ្ជំបិណ្ឌ សែនដូនតាម្តងៗ គឺពលរដ្ឋខ្មែរអ្នកចំណាកស្រុកទាំងអស់ ដែលរដ្ឋាភិបាលខ្ញុំគេនេះលក់ឲ្យទៅស៊ីឈ្នួលនៅឯបរទេសនោះ គ្មានវាសនាមកធ្វើបុណ្យទានជួបជុំក្រុមគ្រួសារនៅស្រុកកំណើតទេ»។

ក្រៅពីមិនបានបង្កើតការងារក្នុងស្រុកនោះ លោក សួន សេរីរដ្ឋា រិះគន់ថា រដ្ឋាភិបាលសព្វថ្ងៃ បែរជាបញ្ជូនមន្ដ្រីរបស់ខ្លួនទៅរៀបចំធ្វើពិធីច្រៀងរាំ ដើម្បីលួងចិត្តពលករ-ពលការិនីខ្មែរ ដែលកំពុងធ្វើការលក់កម្លាំងនៅបរទេស។ លោកអះអាងថា ពលករខ្មែរមិនចង់ទៅធ្វើការក្រៅប្រទេសទេ ដោយលោកថា ដោយសាររដ្ឋាភិបាលសព្វថ្ងៃអសមត្ថភាព និងបែរជាទុកឪកាសឲ្យចិន វៀតណាម ជាអ្នកជីកយកផលប្រយោជន៍ និងធ្វើការរកស៊ីនៅលើទឹកដីកម្ពុជា ជំនួសពលរដ្ឋខ្មែរទៅវិញ។

អ្នកនាំពាក្យគណបក្សប្រជាជនបានច្រានចោលការលើកឡើងរបស់ប្រធានគណបក្សអំណាចខ្មែរ ដោយលោកថា រដ្ឋាភិបាលសព្វថ្ងៃបានបង្កើតការងារយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងស្រុក តាមរយៈគោលនយោបាយជាតិនានា។ លោកមានប្រសាសន៍បន្ថែមថា ការបញ្ជូនពលករខ្មែរទៅធ្វើការនៅក្រៅប្រទេសនោះ គឺជាមោទនាភាពជាតិមួយ ដោយថា គឺដើម្បីឲ្យពលករខ្មែរអាចទៅរៀនយកជំនាញពីបរទេស និងដើម្បីរកបានចំណូលចូលប្រទេសវិញផងដែរ។

របាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឲ្យដឹងថា គិតត្រឹមឆ្នាំ២០១៦ មានពលករខ្មែរបម្រើការងារ នៅក្រៅប្រទេសជាង១លាននាក់ ដូចជា នៅប្រទេសថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុន សិង្ហបុរី និងប្រទេសផ្សេងទៀត។ បើតាមមន្ដ្រីក្រសួងការងារ ពលករខ្មែរកំពុងធ្វើការនៅក្រៅប្រទេសអាចរកប្រាក់កម្រៃ និងបញ្ជូនមកឲ្យក្រុមគ្រួសារនៅស្រុកកំណើតវិញប្រមាណជាង១.៧០០លានដុល្លារក្នុងមួយឆ្នាំៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ