អាជ្ញាធរឃាត់អ្នកសហគមន៍ដីធ្លីខេត្តកំពង់ស្ពឺដែលឡើងមកដាក់ញាត្តិ

អាជ្ញាធរឃាត់អ្នកសហគមន៍ដីធ្លីខេត្តកំពង់ស្ពឺដែលឡើងមកដាក់ញាត្តិ (រូបភាពពីហ្វេសប៊ុក)

សមត្ថកិច្ចបានឃាត់រថយន្តរបស់ប្រជាសហគមន៍អមលាំងខេត្តកំពង់ស្ពឺ ដែលធ្វើដំណើរមកភ្នំពេញ ដើម្បីដាក់ញត្តិជាលើកទី២ ដើម្បីឲ្យជួយដោះស្រាយបញ្ហា​ដីធ្លី​ដោយសារ​គំរោងអភិវឌ្ឍន៍​ឧស្សាហកម្ម​ដំណាំអំពៅ។

តំណាងសហគមន៍ម្នាក់ប្រាប់វីអូឌីនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៨ឧសភានេះថា នៅម៉ោង៣ព្រឹកថ្ងៃនេះ សមត្ថកិច្ចខេត្តកំពង់ស្ពឺប្រហែល២០នាក់ បានឃាត់រថយន្តប្រជាពលរដ្ឋស្រុកថ្ពង និង​ស្រុកឱរ៉ាល់​ប្រមាណជិត​២០០នាក់ និងរថយន្ត១០គ្រឿង បន្ទាប់​ពីធ្វើដំណើរ​បានប្រហែល​១០​គីឡូម៉ែត្រ ត្រង់ភូមិអូរទេះភ្លូក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

តំណាងសហគមន៍ដីធ្លីអមលាំង លោក ញាំង រ៉ាន ឲ្យដឹងថា សហគមន៍លោកធ្លាប់បានទៅដាក់ញត្តិម្តងហើយកាលពីចុងខែមករាឆ្នាំ២០១៧ នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងក្រសួងដែនដី ប៉ុន្តែមិនទទួលបានដំណោះស្រាយ។ «ខ្ញុំទៅដំបូងគេបង្អស់គឺក្រសួងដែនដីហ្នឹងតែម្តង កន្លែងខុទ្ទកាល័យមួយ ហើយកន្លែងយូអិន ហើយនិងសហគមន៍អឺរ៉ុបពីថ្ងៃទៅ៣១ ខែមួយ! គាត់អត់ស៊ីញ៉េឲ្យយើង អញ្ចឹងឯងពួកយើងចង់ទៅដើម្បីឲ្យគាត់ទទួលព្រមស៊ីញ៉េ ទទួលដោះស្រាយឲ្យពួកយើងទាំងអស់គ្នា»

នាយករដ្ឋបាលស្រុកថ្ពង ខេត្តកំពង់ស្ពឺ លោក ឈុន ឈុំ ប្រាប់VODថា មូលហេតុដែលឃាត់ការធ្វើដំណើរនេះ ដោយសារចង់ការពារសុវត្ថិភាព និងបង្ការការកកស្ទះចរាចរណ៍។ លោកថា «ខ្ញុំកំពុងតែប្រមូលនូវព័ត៌មានរបស់គាត់ពាក់ព័ន្ធនឹងការឡើងទៅដាក់ញត្តិនៅភ្នំពេញហ្នឹង! ខ្ញុំធ្វើការសម្របសម្រួលជាមួយគាត់ ហើយអាជ្ញធរនឹងខំប្រឹងប្រែងឲ្យអស់លទ្ធភាពដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋយើងនៅមូលដ្ឋានបាទ!»

កាលពីម្សិលមិញ តំណាងសហគមន៍​ដែលរងផលប៉ះពាល់ដោយសារ​គម្រោងអភិវឌ្ឍន៍​ឧស្សាហកម្មដំណាំអំពៅទាំងបីខេត្ត រួមមានខេត្តកំពង់ស្ពឺ ឧត្តរមានជ័យ និងកោះកុង បាន​ជូនដំណឹងពីការដាក់ញត្តិម្តងទៀតក្នុងថ្ងៃនេះ ដើម្បីស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យ និងពិចារណាក្នុងការចុះហត្ថលេខាលើលក្ខខណ្ឌយោង(TOR) សម្រាប់អន្តរក្រសួង និងសហគមអ៊ឺរ៉ុប។

ក្នុងខណៈដែលអាជ្ញាធរឃាត់ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ពលរដ្ឋខេត្តឧត្តរមានជ័យ​បាន​ទៅដល់​មុខខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឯពលរដ្ឋខេត្តកោះកុងកំពង់ធ្វើដំណើរតាមផ្លូវ ស្របពេល​លោកនាយក​រដ្ឋមន្ត្រី ដែលទើបតែត្រឡប់មកពីប្រទេសចិនកាលពីយប់មិញ ធ្វើ​ដំណើរទៅ​ខេត្តកំពង់ស្ពឺ ដើម្បីជួបមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនៅទីនោះ។​

ទោះបីជាយ៉ាងណា មកដល់ត្រឹមសៀលថ្ងៃនេះតំណាងសហគមន៍ដីធ្លីខេត្តកំពង់ស្ពឺបីនាក់ រួមទាំងតំណាងប្រជាពលរដ្ឋពីរខេត្តទៀតបានយកញត្តិទៅដល់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងការិយា​ល័យ​សហភាពអឺរ៉ុបនៅទីក្រុងភ្នំពេញហើយ។ អ្នកទទួលញត្តិនៅខុទ្ទកាល័យសន្យាថានឹងបញ្ជូនបន្តទៅឲ្យលោកនាយករដ្ឋមន្ត្រី។ តំណាងសហគមន៍ពីខេត្តកំពង់ស្ពឺ លោក អឹម គង់ បញ្ជាក់ប្រាប់VODថា នឹងតាមដានញត្តិនេះនៅខែក្រោយទៀត។

គួររំលឹកថា បញ្ហាដីធ្លីនេះកើតឡើងតាំងពីឆ្នាំ២០១០ ពលរដ្ឋមកពីខេត្តកំពង់ស្ពឺមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅភ្នំពេញស៊ូហ្គឺ និងកំពង់ស្ពឺស៊ូហ្គឺ។ ចំណែកពលរដ្ឋខេត្តឧត្តរមានជ័យថាមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន មីត ផល តាមរយៈក្រុមហ៊ុនអង្គរស៊ូហ្គឺ ទន្លេស៊ូហ្គឺ និងក្រុមហ៊ុនវ៉ាឡេយ៍ស៊ូហ្គឺ រីឯពលរដ្ឋក្នុងខេត្តកោះកុងថាមានជម្លោះជាមួយក្រុមហ៊ុន កោះកុងស៊ូហ្គឺ និងក្រុមហ៊ុនកោះ​កុងភ្លែនថេសិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ