ខាត់ សុឃីម រត់​ការ​​​៣​ប្រទេស​យក​​​ប្ដី​ចេញ​ក្រៅ

អ្នក​នាង​​ ខាត់ សុឃីម និងលោក ​ផាណូ

ក្នុងប៉ុន្មានថ្ងៃនេះតារាសម្ដែងក្រមិចក្រមើមអ្នកនាង ខាត់ សុឃីម បានអះអាងថាខ្លួនប្រឹងដុតដៃដុតជើងយ៉ាងខ្លាំងក្នុងគម្រោងដាក់ពាក្យសុំច្បាប់ទៅកាន់ស្ថានទូតធំៗចំនួន៣ប្រទេសផ្សេងគ្នា ដើម្បីទទួលបានសិទ្ធិយកប្ដីចេញក្រៅប្រទេសរហូតដល់១ខែ ដើម្បីទៅកម្សាន្ត។ មកទល់ពេលនេះ គម្រោងទាំងមូលហាក់មានស្ថានភាពប្រទាំងប្រទើស ដោយសារតែប្រទេសដែលអ្នកនាងបានសុំសិទ្ធិ ទំនងមិនផ្ដល់វីហ្សា(visa)ឲ្យអ្នកនាងតាមការចង់បាន។

អ្នកនាង ខាត់ សុឃីម បញ្ជាក់ថានៅពាក់កណ្ដាលខែសីហាខាងមុខនេះ អ្នកនាងនិងស្វាមីបានសម្រេចលុបចោលកុងត្រាការងារ ដើម្បីរៀបចំដំណើរកម្សាន្តធំមួយ។ អ្នកនាងថាគម្រោងចេញកម្សាន្តនោះមិនពាក់ព័ន្ធនឹងការសម្ដែងក្រៅស្រុកឬដើម្បីទៅលេងបងប្អូនណាម្នាក់ ប៉ុន្តែជាការដើរកម្សាន្តពីរនាក់ប្ដីប្រពន្ធ ដើម្បីនាំលោក ផាណូ ជាស្វាមីឲ្យស្គាល់ប្រទេសធំៗ។

អ្នកនាងថាអ្នកនាងនិងស្វាមីបានសុំវីហ្សា(visa)ទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក កាណាដា និងសហភាពអ៊ឺរ៉ុប ប៉ុន្តែលទ្ធផលនៅតែមិនទាន់លេចចេញផ្លែផ្កានៅឡើយទេ ដោយសារតែបណ្ដាប្រទេសទាំងនោះគិតថាអ្នកនាងជាអ្នកចម្រៀង ហើយបារម្ភខ្លាចពេលអ្នកនាងបានទៅក៏មិនព្រមត្រឡប់មកវិញ។ ម្យ៉ាងមកពីការសុំច្បាប់នោះ មិនមានអ្នកណាចេញមុខធានាយកទៅដូចគ្នា។ អ្នកនាងថាខ្លួនចង់ដើរទៅកាន់ប្រទេសទាំង៣អោយពេញមួយខែ ហើយក៏មិនចង់ទៅកម្សាន្តតាមរយៈក្រុមហ៊ុនទេសចរណ៍នោះដែរ ទើបប្រឹងរត់ច្បាប់ខ្លួនឯង ដើម្បីឲ្យការដើរលេងមានលក្ខណៈឯកជនផ្ទាល់ខ្លួន។ ក្នុងចំណោមប្រទេសទាំង៣ប្រទេស អ្នកនាងបញ្ជាក់ថាអោយតែមានប្រទេសណាមួយយល់ព្រមផ្ដល់ទិដ្ឋាការ នោះអ្នកនាងនឹងស្វាមីនឹងឡើងយន្តហោះទៅដើរលេងតាមការគ្រោងទុក។

អ្នកនាង ខាត់ សុឃីម និងលោក ផាណូ កាលពីពេលកន្លង
អ្នកនាង ខាត់ សុឃីម និងលោក ផាណូ កាលពីពេលកន្លង

អ្នកនាងមានប្រសាសន៍ថា៖ «ឥឡូវហ្នឹង! ពួកយើងថា បើឲ្យតែបានមួយក្នុងចំណោមប្រទេសទាំង៣ គឺទៅហើយ យើងដើរលេងមួយខែតែម្ដង។ និយាយរួម បើបានទៅអ៊ឺរ៉ុបក៏ទៅមួយខែ បានទៅអាមេរិកក៏មួយខែ ហើយបើគេវីហ្សា(visa)ទៅទាំង៣ ក៏ចេញពីមួយទៅមួយឲ្យពេញមួយខែតែម្ដង! ក្រៅពីហ្នឹងយើងអត់ចង់ទៅទេ!»

អ្នកនាងបញ្ជាក់ថាក្នុងចំណោមតំបន់ទាំង៣ តំបន់អ៊ឺរ៉ុបគឺជាទីតាំងកម្សាន្តដែលអ្នកនាងនិងស្វាមីមានបំណងចង់ទៅជាងគេ ដោយសារតែក្ដីស្រម៉ៃគឺចង់ទៅលេងប្រទេសម៉ូណាកូ និងចេញពីប្រទេសមួយចូលប្រទេសមួយអោយសព្វមួយទ្វីបអ៊ឺរ៉ុបតាមអាចធ្វើទៅបានតែម្ដង។

អ្នកនាងថាគម្រោងចេញកម្សាន្តរបស់ខ្លួន បើទោះជាមានបងប្អូនខ្មែរដែលអ្នកនាងធ្លាប់ស្គាល់ទទូចអោយចេញសម្ដែងក៏អត់ទទួលដែរ ដោយសារតែការចេញទៅគឺទៅដើរលេងនិងដើរអោយសព្វ។

គម្រោងដើរកម្សាន្តនេះ អ្នកនាង ខាត់ សុឃីម បានអះអាងថាគឺទៅតែពីរនាក់ស្វាមីប៉ុណ្ណោះ ដោយកូនស្រីកូនប្រុសអ្នកនាងអត់យកទៅទេ។

អ្នកនាងមានប្រសាសន៍ថា៖ «ខ្ញុំទៅតែពីរនាក់គត់ រឿងកូនឲ្យនៅផ្ទះ ព្រោះមានអ្នកមើលហើយ! សម្រាប់លុយ គឺអត់អីទេ ព្រោះយើងប្រឹងរកមកវាក៏យូរដែរហើយ ចឹងដើរចាយម្ដងទៅ ដើម្បីបាននាំប្ដីខ្ញុំឲ្យស្គាល់ប្រទេសធំៗផង។ នៅពេលត្រឡប់មកវិញ ចាំគិតរឿងរកលុយទៀត តែឥឡូវ វីហ្សា(visa)ខ្ញុំហ្នឹងគឺខាងណាក៏អត់ទាន់ចេញឲ្យដែរ! បានថាវាពិបាក!»

អ្នកនាងប្រកាសថារយៈពេលមួយខែមិនយូរនោះទេសម្រាប់គម្រោងដើរលេង បើទោះជាកូនទាំង២ហ្នឹងមិនទៅជាមួយ។ អ្នកនាងនឹងរៀបគម្រោងនាំកូនដើរលេងក្រៅប្រទេសជុំគ្នាក្នុងពេលខាងមុខ ប៉ុន្តែពេលនេះមិនទាន់ធ្វើកើតនោះទេ ដោយសារតែកូនប្រុសច្បងជាប់រៀននៅសាលាអន្តរជាតិ ហើយកូនទី២ក៏តូចមិនអាចដើរឆ្ងាយ។ អ្នកនាងប្រដូចការដើរកម្សាន្តរយៈពេលមួយខែដែលខ្លួនគ្រោងទុក ថាជាការចេញក្រេបទឹកឃ្មុំលើកដំបូង បន្ទាប់ពីខ្លួននិងលោក ផាណូ បានរៀបការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ