បក្សនយោបាយបង្ហាញទស្សនៈផ្សេងគ្នា ករណីអ្នកចុះឈ្មោះបោះឆ្នោតមានចំនួនតិច

សកម្មភាពចុះឈ្មោះបោះឆ្នោត (ហួត វុទ្ធី)

គណបក្សនយោបាយ នៅក្នុងសប្តាហ៍នេះ បានបង្ហាញទស្សនៈផ្សេងៗគ្នា ពាក់ព័ន្ធអ្នកទៅចុះឈ្មោះបោះឆ្នោតមានចំនួនតិច ខណៈរយៈពេលនៃការចុះឈ្មោះ នៅជាង២០ថ្ងៃទៀត។

បើតាមរបាយការណ៍ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឲ្យដឹងថា គិតត្រឹមថ្ងៃទី១៨ខែតុលាឆ្នាំ២០១៧ ប្រជាពលរដ្ឋចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី មានប្រមាណជិត ៤សែននាក់ (៣៩៤ ៣២៩ នាក់) ឬ ស្មើ ២៤.២៥ ភាគរយ ខណៈចំនួនប្រជាពលរដ្ឋ ដែលរំពឹងថា នឹងមកចុះឈ្មោះសរុប មានចំនួន១,៦លាននាក់។

ទាក់ទងរឿងនេះ អគ្គលេខាធិគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន លើកឡើងថា កត្ដាដែលធ្វើឲ្យសន្ទុះអ្នកទៅចុះឈ្មោះបោះឆ្នោតនៅមានចំនួនតិចនោះ ដោយសារស្ថានការណ៍នយោបាយបច្ចុប្បន្ន និងការធ្វើចំណាកស្រុករបស់ពលរដ្ឋ។ ​

លោកបន្តថា រដ្ឋាភិបាល គួរធ្វើការដោះស្រាយបញ្ហានយោបាយ និងត្រូវគិតគូរដល់ពលករចំណាកស្រុកជាង១លាននាក់ ដើម្បីឲ្យពួកគេ បានចុះឈ្មោះបោះឆ្នោត។

លោកថា៖ «អ្នកនយោបាយជាន់ខ្ពស់លោកធ្វើអ្វីៗ ដោយមិនគិត ដោយមិនបានគោរពទៅដល់សំឡេង និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ ចឹងធ្វើឲ្យប្រជាពលរដ្ឋ លែងមានទំនុកចិត្តក្នុងការបោះឆ្នោត។ រឿងទី២ ទៀត គឺយើងដឹងហើយ ពលរដ្ឋខ្មែរយើងចំនួន ប្រមាណ១លាន នាក់ជាង កំពុងតែរស់នៅធ្វើការនៅស្រុកគេ មាននៅប្រទេសថៃ ប្រទេសម៉ាឡេងស៊ី ប្រទេសកូរ៉េ ជាដើម ហើយភាគច្រើន នៃពួកគាត់ ពុំមានលទ្ធភាពត្រឡប់ ដើម្បីមកចុះឈ្មោះបោះឆ្នោតទេ។ ខ្ញុំគិតថា រឿងទាំងនេះ ជាហេតុផលចម្បង»។

ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្ម​ នៃគណបក្សសង្គ្រោះជាតិ លោកស្រី ម៉េង  សុធារី យល់ថា ចំនួនអ្នកចុះឈ្មោះមានកម្រិតទាប ដោយសារ នីតិវិធីនៃការចុះឈ្មោះ ដែលក្រសួងមហាផ្ទៃទើបចេញថ្មីនេះ មានភាពស្មុកស្មាញ ដូចជាតម្រូវឲ្យពលរដ្ឋស្នាក់នៅ រយៈពេល៣០ថ្ងៃ ត្រូវមានការបញ្ជាក់ឯកសារពីកន្លែងកំណើត និងត្រូវមានឯកសារផ្សេងៗចេញពីនគរបាលប៉ុស្តិ៍ មុននឹងទៅដល់ក្រុមប្រឹក្សាធ្វើការពិនិត្យ។

លោកស្រី បន្តថា ក្រៅពីនីតិវិធីនៃការចុះឈ្មោះស្មុគស្មាញ ស្ថានការណ៍នយោបាយបច្ចុប្បន្ន ក៏ជះឥទ្ធិពល ដល់ដំណើរការចុះឈ្មោះផងដែរ។

លោកស្រីថា៖ «បរិយាកាសនយោបាយឡើងកម្ដៅ ធ្វើឲ្យប្រជាពលរដ្ឋគាត់ មិនមានទំនុកនៅក្នុងការបង្ហាញឆន្ទៈរបស់គាត់នៅក្នុងឆ្នាំ២០១៨ ខាងមុខ ព្រោះគាត់យល់ឃើញថា គាត់មិនចង់ទៅបោះឆ្នោត មិនចង់ទៅចុះឈ្មោះ ព្រោះគាត់ទៅបោះឆ្នោតទៅអ្វី ដែលគាត់បង្ហាញឆន្ទៈរបស់គាត់តាមរយៈសន្លឹកឆ្នោត ត្រូវបានបាត់បង់ទៅវិញ។ ដូច្នេះ កត្តានេះ ក៏ជាផ្នែកមួយដែលធ្វើឲ្យគាត់រាល់រែក ទៅចុះឈ្មោះបោះឆ្នោតផងដែរ»។

ចំណែក អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន យល់ថា ចំនួនអ្នកចុះឈ្មោះនៅមានតិច មិនមែនដោយសារកត្ដានយោបាយ និងនីតិវិធីចុះឈ្មោះស្មុកស្មាញនោះទេ ប៉ុន្តែមកពីពលរដ្ឋ ជាប់រវល់នឹងការងារ ទើបធ្វើឲ្យពួកគេ មិនចង់ទៅចុះឈ្មោះ។

លោកថា៖ «ដោយសារបងប្អូនខែនេះ ជាខែធ្វើស្រែចំការ រវល់ហើយអ្នកខ្លះ ធ្វើចំណាកស្រុក អាហ្នឹងមិនដឹងធ្វើម៉េច។ យើងទៅបង្ខិតបង្ខំគេថា យើង អាជ្ញាទៀត គេថាបង្ខិតបង្ខំទៀត អានឹងវាស្រ័យ ទៅលើបងប្អូនយល់ពីរឿងពីកាតព្វកិច្ចរបស់ខ្លួននៅក្នុងការបំពេញ ការងារបោះឆ្នោតនឹង ប្រើសិទ្ធិរបស់ខ្លួន បើបងប្អូនមិនទៅចុះទេ មិនដឹងធ្វើម៉េចយើងផ្សព្វផ្សាយគ្រប់កន្លែងអស់ទៅហើយ»។

មន្ដ្រីជាន់ខ្ពស់កម្មវិធីផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស លើកឡើងថា មានកត្ដាធំៗមួយចំនួន ដែលជំរុញឲ្យពលរដ្ឋ មិនចង់ទៅចុះឈ្មោះបោះឆ្នោត ការបិទប្រព័ន្ធផ្សាយផ្សាយឯករាជ្យ និងការគំរាមកំហែងសង្គមស៊ីវិល ដែលឃ្លាំមើលការបោះឆ្នោត។

លោកបន្តថា ក្រៅបញ្ហាលើកនេះ ស្ថានការណ៍នយោបាយបច្ចុប្បន្ន ក៏ជាមូលហេតុដែលធ្វើឲ្យពលរដ្ឋ មិនសូវខ្វល់ខ្វាយពីការចុះឈ្មោះបោះឆ្នោត។

លោកថា៖ «សូមបង្កើនការចល័ត ឲ្យបានច្រើនដោយមានការកំទប់ពេលវេលាច្បាស់លាស់ទៅ អានេះគឺជាការជួយបន្ថែម។ ទី២ ការអប់រំប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យបាន​ច្រើនជាពិសេសមានទុយយោរ មានហេតុផលផ្សេងៗ សារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ។ ចំណុចមួយទៀតស្ថានភាពនយោបាយ រដ្ឋាភិបាល និងគណបក្សនយោបាយគ្រប់ភាគីគួរតែសម្រមសម្រួលគ្នា ធ្វើម៉េចឲ្យស្ថានភាពនឹងឲ្យមានការថយ ឲ្យវាស្រួលបួលមានការជជែកគ្នា បន្ថែយភាពតានតឹង ការព្រួយបារម្ភឡើងវិញទៅវានឹងកើនហើយ»។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានច្រានចោលការលើកឡើងនោះ ដោយថា ចំនួនពលរដ្ឋចុះឈ្មោះ មានតិច មិនមែនដោយសារ បញ្ហាស្ថាននយោបាយ ការផ្អាប្រព័ន្ធផ្សព្វផ្សាយ និងនីតិវិធីនៃការចុះឈ្មោះស្មុកស្មាញនោះទេ។

លោកបន្តថា ពលរដ្ឋដែល មិនបានមកចុះឈ្មោះបោះឆ្នោត នៅឆ្នាំ២០១៧នេះ ភាគច្រើន ពួកគេធ្វើការនៅក្រៅប្រទេស។

លោកថា៖ «អ្វីដែលជាហេតុផលដែល គ.ជ.ប ត្រូវឆ្លើយតបនោះ វាមិនមានអ្វីត្រូវឆ្លើយតបទេ ព្រោះថាវាគ្រាន់ជាទស្សនៈដែលមិនមានការធ្វើសវេអីសច្បាស់លាស់នោះទេ»។

គួរបញ្ជាក់ថា ដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មាន​រយៈពេល៧០ថ្ងៃ គឺចាប់ពីថ្ងៃទី១កញ្ញា ដល់ថ្ងៃទី៩វិច្ឆិកាឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ