វិភាគ៖ តើការបង្កើតចលនាសង្គ្រោះជាតិ នឹងធ្វើឲ្យបក្សប្រឆាំងបែកបាក់ផ្ទៃក្នុងឬទេ?

លោក សម រង្ស៊ី និងលោក កឹម សុខា កាលពីពេលកន្លងទៅ ( រូបពីFB Sam Rainsy)

ក្រោយពីតុលាការកំពូល ប្រកាសរំលាយគណបក្សសង្គ្រោះជាតិ ជិត៣ខែរួមមក អតីតមេដឹកនាំបក្សប្រឆាំង ដែ​លកំ​​​ពុ​​ងនិ​រទេ​​សខ្លួននៅក្រៅប្រទេស លោកសម រង្ស៊ី បានប្រកា​សបង្កើ​តចលនាមួយ​ថ្មីមួយ ​ឈ្មោះ​ថាច​ល​នា​សង្គ្រោះ​ជាតិ។

ចលនានេះ លោក សម រង្ស៊ី ថាអាចជំរុញឲ្យបក្សកាន់អំណាច ដែលជាដៃគូដ៏មានឥទ្ធិពល របស់ខ្លួន ពិ​ចា​រណា​ដោះ​លែងលោក កឹម សុខា និងបើកផ្លូវឲ្យគណបក្សខ្លួនដែលបានរំលាយទៅហើយនោះ មាន​ឱកា​សចូលរួ​ម​​បោះ​​​​​ឆ្នោតដោយសេរីឡើងវិញ តាមយន្តការប្រជាធិបេយ្យ។

ប៉ុន្តែអតីតតំណាងរាស្ត្រ និងអ្នកគាំទ្របក្សនេះ មួយចំនួនទាំងនៅក្នុងប្រទេស និងក្រៅប្រទេស បានរិះគន់ ផែ​នការយុទ្ធសាស្ត្រថ្មី របស់លោក សម រង្ស៊ី ដោយពួកគេថា ចលនាថ្មីនេះ នឹងជំ​រុញឲ្យបក្សកាន់ណា​ចបង្កើ​តវិធា​​ន​ការ​ ដាក់សម្ពាធកាន់តែខ្លាំង ដល់អតីតសកម្មជន និងលោក កឹម សុខា ដែលកំពុងឃុំ​ខ្លួននៅក្នុ​ងព​ន្ធ​នា​​​គារ។

ជាងនេះទៅទៀតលោក សម រង្ស៊ី បានសរសេរនៅលើបណ្តាញសង្គម Twitter របស់លោកកា​លពីថ្ងៃទី១​៧​ខែ​មក​រា បែបគំរាមថា ដើម្បីជៀសវាងអំពើហិង្សានិងកុំឲ្យកម្ពុជាក្លាយជារដ្ឋឯកោ​ រដ្ឋាភិបាលរបស់លោក ហ៊ុន សែ​ន ត្រូ​វពន្យារពេលបោះឆ្នោតរហូតដល់ មានការធានាថា ដំណើរកា​របោះឆ្នោតមា​នការទទួ​លស្គា​ល់ក​ម្រិ​ត​អប្ប​រមាពី​ស្តង់​​​ដារអន្តរជាតិ។

​លោកថា៖«ខ្ញុំសុំដាក់សំណើនេះទៅលោក ហ៊ុន សែន គឺត្រូវពន្យារពេលបោះឆ្នោតរហូតដល់ យើងមានការធានាថា ដំណើរការបោះឆ្នោតមានការទទួលស្គាល់កម្រិតអប្បរមាពីស្តង់ដារអន្តរជាតិ ដើម្បីជៀសវាងអំពើហិង្សា និងកុំ​ឲ្យកម្ពុជាក្លាយជារដ្ឋឯកោ»។

​តើការបង្កើតចលនាថ្មីនេះនឹងជំរុញឲ្យប្រឆាំងបែបបាក់ផ្ទៃក្នុងឬទេ? អ្នកវិភាគយល់ឃើញផ្សេងគ្នា ។

អ្នកវិភាគនយោបាយលោកបណ្ឌិត មាស នី និយាយថា បើគេពិនិត្យពីយន្តការប្រជាធិយបេយ្យ ការរិះគន់ និងកា​រ​ខ្វែងគំនិតគ្នា លោកថាមិនមែនជាដើមចមនាំឲ្យបែកបាក់។ប៉ុន្តែលោកវិភាគថា ដើមចមនៃការបែកបាក់គឺ ធ្វើឲ្យ​បញ្ហា ដែ​លគណបក្សនេះរកច្រកចេញមិនឃើញ គឺមិនចេះធ្វើការរួមគ្នា។

លោកថា៖ «អ្វីដែលខ្ញុំសម្លឹងមើលឃើញនេះ ទាំងក្រុមលោក​ កឹម សុខា ទាំងក្រុមលោក សម រង្ស៊ី នេះ ទំនងជា​អ្នក​ខ្លះ​​មា​នចរិតបុគ្គលនិយម គេហៅថាសម រង្ស៊ី និយម កឹម សុខានិយម ហើយបើកាលណាយើងមានចរិត បែបហ្នឹ​ងច្រើ​នពេល ធ្វើឲ្យយើងរកផ្លូវសម្រួលសម្រាប់ជាតិអត់ឃើញទេ។ ព្រោះម្នាក់ៗនៅជាមួយលោក កឹម សុខា ចេះតែនឹកឃើញថា អ្វីដែលចេញពីលោក សម រង្ស៊ី មិនមែ​នជារប​ស់គ្នាអ​ញទេ អញ្ចឹងអញមិនត្រូវគាំទ្រទេ។ ហើយរឿងរបស់លោក កឹម សុខា ក្រុមលោក សម រង្ស៊ី និយមហ្នឹង​ក៏មិនបាច់​គាំ​ទ្រ​ទេ ព្រោះគំនិតហ្នឹ​ងមិន​មែនជា​គំ​និ​ត​ក្រុមយើងទេ គំនិតក្រុមរប​ស់គេ។ហើយ​អាគំនិតបុគ្គ​លនិយមនេះ នៅគណ​ប​​ក្សប្រជាជនក៏មានដែរ មានដូ​ចគ្នា​អញ្ចឹង។ អញ្ចឹងបានថា យើងធ្វើការកត់សម្គាល់នៅក្នុងចរិតនយោបាយ របស់​អ្នកដឹកនាំខ្មែរដែល ក្រៅពីបញ្ហា​បក្សនិយម​គេឃើ​ញប​ញ្ហាមួយទៀតគឺបុគ្គលនិយម បានន័យថាពួកនិយម។ ពួក ស​ម រង្ស៊ី ពួក កឹម សុខា ពួក ហ៊ុន​ សែន អីអញ្ចឹងទៅ។ ការធ្វើបែបនេះវារឹតតែធ្វើឲ្យការគិតគូអំពីរឿងជាតិហ្នឹង វារឹតតែមា​នការពិបាកហើយស្មុកស្មាញទៀត។ ទោះបីរឿងហ្នឹងគិតទៅត្រូវក៏ដោយ ក៏ប៉ុន្តែដោយ​សារគំនិ​តហ្នឹ​ង​ចេ​ញពីពួកមួយ ដែលមិនមែន ជាពួកខ្លួន គឺមិ​​ន​គាំទ្រ​ដោ​យ​សារ​តែរឿងហ្នឹងវាមិនមា​នប្រយោ​ជន៍សម្រា​ប់ក្រុ​មខ្លួ​ន។ អានេះខ្ញុំនិយាយជាទូ​ទៅសម្រាប់អ្ន​កន​យោ​បាយខ្មែរ»។

បើតា​មលោក មាស នី បញ្ហានេះ អាចឈានទៅដល់ចំនុចបែកបាក់ បើពួកគេនៅតែប្រកាន់ខ្សែតឹងតែរៀងខ្លួន ហើ​យភ្លេ​​​​ចគិតពីចំនុចខ្លាំង និងចំនុចខ្សោយបានកើតឡើងកន្លងទៅ ។

លោកថា៖«ខ្ញុំគិតថាអ្វីដែលបានធ្វើឲ្យខ្ទរខ្ទៀ រហូតមកដល់ពេលនេះ ក៏ដោយសារតែ[អ្នក]ទាំងពីរ​ហ្នឹងដែ​រ។​ក៏ប៉ុន្តែកម្មភាពពីរនេះ បើ២ បូក ២ ធ្វើឲ្យបាន ១០ វាអត់អីទេ ប៉ុន្តែបើ២បូក២ទៅជាឲ្យមែក១ម្នាក់វិញ ឬបែកគ្នា​វិញ​ ខ្ញុំគិត​ថាមិនមែនជាជំរើសឆ្លាតទេ សម្រាប់គណបក្សប្រឆាំ​ង។ ហើ​យបើសិ​នជាអ្នកទាំងពីរដា​ក់បញ្ហាជា​តិជាធំ កុំយកបញ្ហាជីវិតនយោបា​យផ្កាប់មុខជាមួយបុគ្គលយកម​កនិ​យា​យ​ខ្លាំ​​ង​ពេក ខ្ញុំគិតថាវានឹង​អាចរកផ្លូ​វចេញឃើញ។ ហើ​យនៅក្នុងស្ថាប័នមួ​យដែលប្រកាន់លទ្ធិប្រជាធិបតេយ្យត្រូ​វការទុកពេលឲ្យមានការជជែ​កគ្នារកកណ្តាលហើយ​ចាំ​​ធ្វើ​​​សេចក្តីប្រកា​សអាហ្នឹងក៏ជារឿល្អដែរ កុំឲ្យថាចង់ធ្វើអីយើងប្រកាសភ្លាម​​ទីចុងបំផុតយើង​ជាស្ថាប័នប្រជា​ធិប​តេ​​យ្យ​ប៉ុន្តែ​បំពេញតួនាទីជាអំណាចប្រមូលផ្តុំដែរ មិនសូវបានពិគ្រោះយោបល់ អាហ្នឹងខ្ញុំធ្លា​ប់ឃើញពីមុនៗ​មក​នៅ​ក្នុងគណបក្សសង្គ្រោះជាតិ»។

អ្នកវិភាគនយោបាយជើងចាស់ លោក បណ្ឌិត ឡៅ ម៉ុងហៃ វិភាគថា ការបង្កើតចលនាថ្មី ដើម្បីធ្វើសកម្មភាព ស្មើនឹងទទួលស្គាល់​ការរំលាយគណបក្សសង្គ្រោះជាតិ។លោកថាពេលនោះ សញ្ញាណបែកបាក់នឹងចូលមកដល់ តាមរយៈនៃភាពចម្រូងចម្រាសកាន់តែខ្លាំង រវាងអ្នកដែលមានស្វាមីភ័ក្ត្រទៅនឹងអតីតគណបក្សសង្គ្រោះជាតិ។

លោក ​ឡៅ ម៉ុងហៃ វិភាគទៀតថា បើចលនាថ្មីនេះ ឈានដល់ប្រើកម្លាំងមហាជន ដើម្បីជាកាត់ថ្លៃ ឬចង់​ដាក់​សម្ពា​​ធដៃគូ  ដូច​ការអះ​អាងមែន​នោះ លោកថាវិបត្តិសង្គមនឹងចូលដល់ ។លោកថាស្ថិ​តក្នុងស្ថា​នការណ៍​បែបនេះ បក្ស​​កា​ន់អំណា​ចអាច​រកលេស គ្រប់គ្រងអំណាច តាមបែបយោ​ធានិ​យ​ម​ តាមកា​រគ្រោងទុក។

លោកថា៖«មិនមែនត្រឹមរបបយោធា បែបផែនដូចប្រទេសភូមា និងប្រទេសថៃទេ នេះជារបបយោធាតពូជ។ ហើយរៀបតពូជនេះដើម្បីអី ដើម្បីបំពេញការលោភលន់អំណាច និងទ្រព្យសម្បត្តិពីអ្នកដឹកនាំប្រទេស»។

អ្នកវិភាគនយោបាយវ័យក្មេង លោក ហង្ស វិទូ វិភាគថា ចរន្តនយោបាយ របស់អតីតគណបក្ស​ប្រឆាំងនឹ​ងមិ​ន​បែក​បា​ក់ទេ​ បើទោះបីពេលនេះសកម្មជន និងអ្នកគាំទ្រ មួយចំនួនទាំងនៅក្នុងស្រុក និងក្រៅប្រទេស បង្ហា​ញ​គំ​និ​តផ្ទុ​​យ​គ្នាក៏ដោយ​។

លោក ហង្ស វិទូ វិភាគថា សកម្មជន រួមទាំងអ្នកនយោបាយ ទំនងជាសិក្សាពីមេរៀនចាស់ពីអតីតកាលនៃ ពីការ​បរាជ័យ របស់គណបក្សមួយចំនួន ជាដៃគូប្រកួតរបស់រដ្ឋាភិបាល តាមរយៈ ជម្លោះផ្ទៃក្នុងនេះ។

លោកថា៖«ខ្ញុំយល់ឃើញថា បន្តិចទៀតនឹងមានការរួបរួម​គ្នាមួយដើម្បីចេញជាសំ​ឡេងមួយថាតើត្រូវ​ដើរផ្លូវខាង​ណា​»។

សរុបជារួម អ្នកវិភាគថា គណបក្សប្រឆាំង នឹងដើរដល់ចំណុចបែកបាក់ផ្ទៃក្នុង បើការសម្រេ​ចបង្កើតចល​នានយោ​បា​យ​ណា​​មួ​យក្នុង​ការ​លៈទេសៈ​​នេះ មេដឹកនាំមិនយកយន្តការដែលមានស្រាប់ មកធ្វើសេចក្តីសម្រេចចិត្ត តាម​សំ​​ឡេ​​ងភាគច្រើននោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ