សាលារាជធានី​ដាក់លក្ខខណ្ឌចំពោះអ្នកធ្វើវិធីរំឭកខួបនៃការបាញ់សម្លាប់លោក ជា វិជ្ជា

អតីតប្រធានសហជីពសេរីកម្មករកម្ពុជា លោក ជា មុន្នី

អាជ្ញាធររាជធានីភ្នំពេញអនុញ្ញាតឲ្យក្រុមសហជីពរួមទាំងសាច់ញ្ញាតិជួបជុំគ្នាធ្វើពិធីដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ លោក ជា វិជ្ជា អតីតប្រធានសហ​ជីពសេរីកម្មករដែលត្រូវបានឃាតកបាញ់សម្លាប់កាលពី១៤ឆ្នាំមុន ប៉ុន្តែបានដាក់លក្ខខណ្ឌមួយចំនួន។

អនុប្រធានសហជីពសេរីកម្មករ លោក ម៉ាន់ សេងហាក់ ប្រាប់វីអូឌីនៅថ្ងៃទី១៩មករានេះថា ក្រោយដាក់លិខិតស្នើសុំ និងជួបប្រជុំកាលពីថ្ងៃទី១៧មករានេះ សាលារាជធានីភ្នំពេញបានអនុញ្ញាតឲ្យមានការជួបជុំគ្នានៅមុខរូបសំណាកលោក ជា វិជ្ជា ក្បែរវិមានឯករាជ្យដើម្បីធ្វើពិធីរំឭកខួបនៃការបាញ់សម្លាប់នៅព្រឹកថ្ងៃចន្ទទី២២ខែមករាខាងមុខ ប៉ុន្តែលោកថា សាលារាជធានីភ្នំពេញបានលក្ខខណ្ឌ២ចំណុច គឺទី១មិនឲ្យមានការហែរក្បួន និងទី២មិនឲ្យមានអតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិចូលរួមថ្លែងសារផ្សេងៗ។

សហជីពសេរីកម្មករបានរំពឹងថា នឹងមានក្រុមសហជីព អ្នកគាំទ្រ និងញាតិមិត្តរបស់លោក ជា វិជ្ជា ជាង១៥០នាក់ចូលរួមក្នុងពិធីរំឭកខួបនេះ ហើយថា​ ក្នុងពិធីនោះពួកគេនឹងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា និងមានការអំពាវនាវឱ្យមានការពន្លឿនការស៊ើបអង្កេត និងចាប់ខ្លួនជនដៃដល់ពិតប្រាកដដែលបាញ់សម្លាប់ប្រធានសហជីពដ៏ល្បីល្បាញនេះមកទោសផងដែរ។

កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ លោក ជា វិជ្ជា ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំនួនបីគ្រាប់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈលោកកំពុងឤនព័ត៌មាននៅមុខតូបលក់កាសែតមួយជាប់និងរបងវត្តលង្កា រាជធានីភ្នំពេញ។ រហូតមកដល់ពេលនេះជាង១០ឆ្នាំហើយ តុលាការនៅមិនទាន់ចាប់ឃាតកពិតដែលសម្លាប់លោកមកផ្ដន្ទាទោសនៅឡើយ។

បន្ទាប់ពីបាញ់សម្លាប់លោក ជា វិជ្ជា មានមនុស្សពីរនាក់ គឺលោក សុខ សំអឿន និងលោក ប៊ន សំណាង ត្រូវបានចាប់ខ្លួននិងកាត់ទោសដាក់គុកអស់រយៈពេលជិត១០ឆ្នាំ តាមអំណាចសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ២០ឆ្នាំ។

ក្រោយមកតុលាការកំពូលបានសម្រេចលើកលែងការចោទប្រកាន់អ្នកទាំងពីរនាក់នោះវិញ ដោយសាររកមិនឃើញមានពិរុទ្ធភាព។

កាលឆ្នាំ២០១៥ រដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការស៊ើបអង្កេតពិសេសមួយ ដើម្បីស្រាវជ្រាវរកមុខឃាតកពិតដែលសម្លាប់លោក ជា វិជ្ជា លោក រស់ សុវណ្ណារ៉េត និងលោក ហ៊ី វុទ្ធី។ ប៉ុន្តែរហូតមកដល់ពេលនេះ គណៈកម្មការនោះនៅមិនទាន់មានព័ត៌មានថ្មីទាក់ទងនឹងឃាតកម្មលើអ្នកទាំងបីរូបនេះនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ