ក្រុមកម្មករមកពីរោងចក្រចំនួនពីររកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យដោះស្រាយវិវាទការងារ ខណៈវិវាទនោះអូសបន្លាយជិត១ឆ្នាំហើយអាជ្ញាធរពាក់ព័ន្ធមិនអាចដោះស្រាយបាន។
កម្មករអះអាងថា រោងចក្រ ហ្វឺស ហ្គាវ័ន្តនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងរោងចក្រ ហ្គាវ័ន្ត នៅក្រុងតាខ្មៅបានមានវិវាទការងារជាមួយកម្មកររយៈពេល៨ខែមកហើយ ដោយថៅកែ បើកប្រាក់ឈ្នួលឲ្យមិនទៀងទាត់ កាត់លុយកម្មករខុសកិច្ចសន្យា និងបញ្ឈប់កម្មកររាប់រយនាក់ទាំងមិនប្រាប់ហេតុផលច្បាស់លាសជាដើម។
ក្នុងលិខិតរួមគ្នាចុះថ្ងៃទី១៨ខែមករា ក្រុមកម្មករ នៃរោងចក្រទាំងពីរនោះបានសុំកិច្ចអន្តរាគមន៍ពី លោក ហ៊ុន សែន ទៅជំរុញទៅថៅកែរោងចក្រឲ្យបើកប្រាក់ឈ្នួលជូនកម្មករឲ្យទៀងទាត់ ទទួលយកមកកម្មករ៥៨៨នាក់ចូលធ្វើការងារវិញ និងរក្សារប្រាក់អត្ថ ប្រយោជន៍ផ្សេងៗក្នុងពេលតវ៉ាជាដើម។
លិខិតនោះបញ្ជាក់ថា រោងចក្រ ហ្វឺស ហ្គាវ័ន្ត និងហ្គាវ័ន្ត មានកម្មករសរុប ១៣២០នាក់ ហើយមានថៅកែតែមួយគឺ លោកស្រី ឆា ក្បុងហី ជនជាតិកូរ៉េខាងត្បូង។
មន្រ្តីខុទ្ទកាល័យនាយករដ្ឋមន្រ្តី គឺលោក គង់ ចំរើន បានចុះហេត្ថលេខាទទួលយកលិខិតនោះកាលពីម្សិលមិញ ប៉ុន្តែមិនបានបញ្ជាក់ថា ពេលណាបញ្ជូនដល់ដៃលោក ហ៊ុន សែននោះទេ។
កម្មករផ្នែកដេរនៅរោងចក្រហ្វឺស ហ្គាវ័ន្ត អ្នកស្រី សាទ សំណាង និយាយថា ក្រុមកម្មករឈានទៅកិច្ចអន្តរាគមន៍ពីលោក ហ៊ុន សែន នេះដោយសារតែពួកគេអស់ជំនឿលើការដោះស្រាយរបស់អាជ្ញាធរថ្នាក់ក្រោម ដូចជាអាជ្ញាធរមូលដ្ឋាន មន្ទីការងារខេត្ត កណ្តាល និងក្រសួងការងារជាដើម។
អ្នកស្រីបន្តថា ការអូសបន្លាយវិវាទការងារដោយមិនដោះស្រាយឲ្យមានប្រសិទ្ធិនេះបានធ្វើឲ្យកម្មករជួបការលំបាកជាច្រើនដូចជា គ្មានលុយបង់ថ្លៃបន្ទាប់ជួល ថ្លៃទឹកភ្លើង និងចំណាយផ្សេងៗទៀត។
អ្នកស្រីបន្ថែមថា«ខ្ញុំសំណូមពរទៅសម្តេចហ្នឹងឲ្យគាត់ជួយដោះស្រាយបញ្ហាការងារនៅរោងចក្រ ហ្វឺស ហ្គាវ័ន្ត ឲ្យបានឆាប់កុំឲ្យ និយោជកគាត់អត់គោរពច្បាប់កាងារអញ្ចឹងទៀត ដូចថាបើកលុយឲ្យកម្មករឲ្យទៀងទាត់ ហើយត្រូវគោរពសិទ្ធិកម្មករ និងលុយដែលថៅកែកាត់ពីកម្មករសម្រាប់ បសស ត្រូវផ្ទេរឲ្យកម្មករវិញ»។
ប្រធានសភាពការងារកម្ពុជា លោក អាត់ ធន់ ជំរុញឲ្យលោកហ៊ុន សែន ដោះស្រាយជូនកម្មករទាំងពីររោងចក្រនោះឲ្យបានឆាប់ ដូចដែលលោក កំពុងបង្ហាញពីការយកចិត្តទុកដាក់ចំពោះកម្មករនៅរោងចក្រផ្សេងៗនាពេលបច្ចុប្បន្ននេះដែរ ដើម្បីបង្ហាញពីការយកចិត្តទុក ដាក់ពិតប្រាកដ។
លោកបន្ថែមថា«ជាឱកាសមួយសម្រាប់កម្មករដែរ ដែលចំពេលហ្នឹងគឺលោកនាយករដ្ឋមន្រ្តីកំពុងតែចុះជួយកម្មករដែរ ហើយកម្មកររោងចក្រទាំងពីរហ្នឹងមានកម្មកររាប់ពាន់នាក់ដែរកំពុងតែមានទុក ហើយកន្លងមកនេះគឺអាជ្ញាធរថ្នាក់ក្រោមដូចជាក្រសួង អាជ្ញាធមូលដ្ឋាន អត់មានលទ្ធិភាពដោះស្រាយរឿងហ្នឹងទេ អញ្ចឹងខ្ញុំគិតថាមានតែលោកនាយករដ្ឋមន្រ្តីមានលទ្ធភាពក្នុងការ បញ្ជា ឬក៏ប្រាប់មកកូនចៅដើម្បីឲ្យមកដោះស្រាយឲ្យខាងកម្មករទទួលការទូទាត់សំណងត្រឹមត្រូវ»។
មន្ត្រីរដ្ឋបាលទាំងនៅរោងចក្រ ហ្វឺស ហ្គាវ័ន្ត និងហ្គាវ័ន្ត ធ្លាប់ប្រាប់វីអូឌីថា ករណីបើកប្រាក់ឈ្មួលឲ្យកម្មករមិនទៀងទាត់នេះ ដោយសារក្រុមហ៊ុនមានបញ្ហាផ្នែកហិរញ្ញវត្ថុខ្លះៗ ទើបបង្វិលលុយឲ្យកម្មករមិនទាន់បែបនេះ។
ក្រុមកម្មករអះអាងថា ថៅកែរោងចក្រ ហ្វឺស ហ្គាវ័ន្ត និងហ្គាវ័ន្ត លោកស្រី ឆាយ ក្បុងហី ក្រៅពីបើកប្រាក់ឈ្នួលឲ្យកម្មករមិនទៀងទាត់ ថៅកែរោងចក្ររូបនេះ មិនបានបង់ថ្លៃសេវាគាំពារសុខភាព (ប.ស.ស.)ជូនកម្មករដែរ បើទោះបីបានកាត់លុយពីកម្មករហើយក្តី ហើយការដើមខែមករាថែមទាំងបានបញ្ឈប់កម្មករនៅរោងចក្រ ហ្គាវ័ន្ត ជិត៦០០នាក់ទៀតផង ដោយការបញ្ឈប់នោះ ត្រូវក្រុមកម្មករអះអាងថា ថៅកែមានចេតនាមិនចង់ទទួលខុសត្រូវលើការទូទាត់ប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ៕