ពល​រដ្ឋ​រាប់​រយ​នាក់​​​ដែល​មាន​ទំនាស់​ដី​ធ្លីជា​មួយ​ក្រុម​ហ៊ុន ហេ​ង អភិវឌ្ឍន៍ ​​ឡើង​មក​តវ៉ា​នៅ​សាលា​ខេត្ត​កណ្តាល

អ្នក​ភូមិ​ក្នុង​ស្រុក​កណ្ដាលស្ទឹងដែល​មាន​ទំនាស់​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ឡើង​ទៅ​តវ៉ា​នៅ​សាលា​ខេត្ត​កណ្ដាល

អ្នក​ភូមិ​រាប់​រយ​នាក់​​មក​ពី​ឃុំ​ចំនួន ៤ នៅ​ក្នុង​ស្រុក​កណ្ដាលស្ទឹង ដែល​មាន​ទំនាស់​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ របស់​អ្នក​ស្រី សៀង ចាន់ហេង បាន​​ឡើង​ទៅ​តវ៉ា​នៅ​សាលា​ខេត្ត​កណ្ដាល​នៅ​ព្រឹក​ថ្ងៃ​នេះ បន្ទាប់​ពី​វិវាទ​របស់​ពួកគេ​អូស​បន្លាយ​ពេល​ជាង ១០​ឆ្នាំ​មក​ហើយ​នោះ។

ពលរដ្ឋ​មក​ពី​ភូមិ​ព្រែកអំពិល ឃុំ​ព្រែក​អំពិល អ្នកស្រី សន អាន បាន​ប្រាប់​ថា ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ របស់​អ្នកស្រី សៀង ចាន់ហេង បាន​ចុះ​ទៅ​ទិញ​ដី​ពី​អ្នក​ភូមិ​នៅ​ឆ្នាំ​១៩៩៤ ប៉ុន្តែ ថា ក្រុមហ៊ុន​នេះ មិន​បាន​ប្រគល់​ប្រាក់​សេស​សល់​ដល់​អ្នក​ភូមិ​នោះ​ឡើយ បន្ទាប់​ពី​កក់​ប្រាក់​មួយ​ចំនួន​នោះ។

អ្នកស្រី​បាន​ឲ្យ​ដឹង​បន្ថែម​ថា វិវាទ​ដី​ធ្លី​បាន​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ​២០០៨ នៅ​ពេល​អ្នក​ភូមិ​ស្នើ​សុំ​ប្លង់​កម្មសិទ្ធិ​ ប៉ុន្តែ អាជ្ញាធរ​ថា ដី​របស់​ពួកគាត់​ គឺ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ​ខណៈ​អ្នក​ភូមិ​ថា ពួកគេ​ពុំ​បាន​ផ្ដិត​មេដៃ​លក់​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន​នោះ​ទេ។

អ្នក​ស្រីថា៖ «ខ្ញុំ​ទទួល​ស្គាល់​ថា​ ដី​ហ្នឹង​ជា​របស់​ក្រុម​ហ៊ុន​ ក៏​ប៉ុន្តែ ​បើ​ដី​របស់​ក្រុម​ហ៊ុន​មែន ហេតុ​អី​មិន​ធ្វើ​កិច្ច​សន្យា​ទិញ-លក់​ផ្តាច់។ គាត់​ក៏​ធ្វើ​ ខាងពល​រដ្ឋ​ខ្ញុំ​ក៏​ធ្វើ ហេតុ​អី​គាត់បាន​ចេញ? តែ​លុយ​អត់​បាន​គ្រប់។ ខ្ញុំ​មក​នេះ​ សុំ​អំពាវ​នាវ​ឲ្យ​ជំទាវ​ហេង​ហ្នឹង ​គាត់​មក​ជួ​ប​ប្រជា​ជន ​ព្រោះ​ដី​គាត់​ហ្នឹង​ មាន​ប័ណ្ណ​អស់​ហើយ។ ចាស! ដី​គាត់​មាន​ប័ណ្ណ អញ្ចឹង​ប្រជា​ជន​គាត់​ចង់​ជួបគាត់​ហ្នឹង​ថា​ ដី​ហ្នឹង​ចេញ​តាម​រយៈ​អ្នក​ណា? ​បើ​អត់​មា​ន​មេដៃ​ប្រជា​ពល​រដ្ឋ​ផ្ទេរ​សិទ្ធិ​ឲ្យ​គាត់​ផង​ហ្នឹង»។

ពលរដ្ឋ​ម្នាក់​ទៀត​មក​ពី​ឃុំ​ព្រែកស្លែង អ្នកស្រី អឿង សារី បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ ២១៨​គ្រួសារ​នៅ​ឃុំ​ព្រែកស្លែង កំពុង​មាន​វិវាទ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ដដែល​នេះ ខណៈ​ដែល​តំណាង​ពលរដ្ឋ ៦​នាក់​ទៀត កំពុង​ប្រឈម​មុខ​នឹង​បណ្ដឹង​ពី​សំណាក់​ក្រុមហ៊ុន​ បន្ទាប់​ពី​ពួកគេ​បាន​ឃាត់​គ្រឿង​ចក្រ​ចុះ​ឈូស​ឆាយ​ដី​មាន​វិវាទ។

អ្នក​ស្រី​ថា៖ «គាត់​ទិញ​ពី​អ្នក​ណា​? គេ​បើ​ប្រជា​ពល​រដ្ឋ ​ខ្ញុំ​អត់​បាន​ដឹង​ អត់​បាន​លក់​អី​ទាំង​អស់​នេះ! តើ​គាត់​ទិញ​ពី​អ្នក​ណា​គេ​ដី​ហ្នឹង! បែរ​ជា​ដែន​រដ្ឋ​បាល​ប្រជា​ពល​រដ្ឋ​នៅ​ឃុំ​ព្រែក​ស្លែង​អត់​បាន​ទទួល​ផង ចុះ​ហេតុ​អី​បាន​ជា​ក្រុម​ហ៊ុនទទួល​ផល​ទៅ​វិញ? ខ្ញុំ​ចង់​និយាយ​អញ្ចឹង! បាន​ន័យ​ថា​ គាត់​រំ​លោភ​យក​ដី​ប្រជា​ពល​រដ្ឋ​ខ្ញុំ​តែ​ម្តង»។

នាយក​ទី​ចាត់​ការ​​អន្តរវិស័យនៃ​សាលា​ខេត្ត​កណ្តាល​ ​លោក បូ សាវឿន បាន​ប្រាប់​ទៅ​អ្នក​ភូមិ​ឲ្យ​សរសេរ​ឈ្មោះ​របស់​ពួកគេ ទំហំ​ដី​រង​ផល​ប៉ះ​ពាល់ និង​ឯកសារ​បញ្ជាក់​កម្មសិទ្ធិ​ផង​ដែរ ខណៈ​ដែល​លោក​ក៏​បាន​ស្នើ​ទៅ​តំណាង​អ្នក​ភូមិ ៣​នាក់ ទៅ​ជួប​ពិភាក្សា​រក​ដំណោះ​ស្រាយ​ជាមួយ​អាជ្ញាធរ​ខេត្ត។ មន្ត្រី​រូប​នេះ ក៏​បាន​​សន្យា​ផង​ដែរ​ថា ​សាលា​ខេត្ត​នឹង​រៀប​ចំ​ឲ្យ​មាន​កិច្ច​ប្រជុំ​មួយរវាង​ពល​រដ្ឋ សាលា​ខេត្ត និង​លោក​​ស្រី សៀង ចាន់​ហេង​ នាពេល​ខាង​មុខ។

លោកថ្លែង​ថា៖ «អញ្ចឹង​បាន​ខ្ញុំ​ថា ​យើងជជែក​គ្នា​អី​ក៏​ដោយ ​ត្រូវ​តែ​មាន​តំណាង ហើយ​តំណាង​នេះ​សុំ​ជាតំណាង​ពិត​ប្រាកដ យើង​ងាយ​នឹង​ជជែក​គ្នា។ អញ្ចឹងសុំ​បីនាក់​ក្នុង​មួយ​ភូមិ​ ខ្ញុំ​យក​លេខ​ទូរសព័្ទ​ឥឡូវ។ ដើម្បី​អី​? ប្រសិន​ជា​ដាក់​ពាក្យ​ហើយ ឬ​បើ​អត់​មាន​ពាក្យ​ដាក់​ឥឡូវ​នេះ​ទេ គឺ​ដាក់​(លេខ​ទូស័ព្ទ) ក្នុង​ពាក្យដែល​ភូមិ​មួយ​នោះ​មក ​ដើម្បី​ឲ្យ​ខ្ញុំ​ទំនាក់​ទំនងបាន»។

ទោះ​ជាយ៉ាង​ណា​ អ្នកស្រី សន អាន ប្រាប់​ថា អ្នកស្រី​គ្មាន​ជំនឿ​លើ​ការ​ដាក់​ញ្ញត្តិ និង​ការ​សន្យា​របស់​អាជ្ញាធរ​នោះ​ឡើយ ដោយ​អ្នក​ស្រី​ថា អ្នក​ភូមិ​នឹង​ឡើង​ទៅ​តវ៉ា​នៅ​ក្រសួង​រៀបចំ​ដែនដី និង​នគរូបនីយកម្ម ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ។

អគ្គលេខា​ធិការ​រងសម្ព័ន​សហ​គមន៍​កសិករ​កម្ពុជា លោក ម៉ឺន រតនា មាន​ប្រសាសន៍​ថា វិវាទ​ដី​ធ្លី​នេះ បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង ៣​អាណត្តិ​មក​ហើយ និង​ប៉ះ​ពាល់​ដី​ធ្លី​ជាង ២០០​ហិកតា​របស់​អ្នក​ភូមិ​ជាង ១​ពាន់​គ្រួសារ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ បាន​បង្ហាញ​ក្ដី​បារម្ភ​ថា ប្រសិន​បើ​ទំនាស់​ដី​ធ្លី​មួយ​នេះ នៅ​តែ​អូស​បន្លាយ​បន្ត​ទៀត វា​នឹង​ប៉ះ​ពាល់​ដល់​ជីវភាព​របស់​ប្រជា​ពលរដ្ឋ ខណៈ​ដែល​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ​មួយ​ចំនួន ត្រូវ​បាន​ក្រុមហ៊ុន​ឈូយ​ឆាយ​ខ្លះ​ហើយ។

លោក​ថា​៖ «នៅប្រទេស​កម្ពុជា​យើង​នេះ ​ប្រជា​ពល​រដ្ឋ​ ៨៣​ភាគរយ ជាកសិករ ដែល​ពឹង​ផ្អែក​វិស័យ​កសិកម្ម​។ ប្រសិន​ជាប្រជា​ពល​រដ្ឋ​បាត់​បង់​ដី​ធ្លី កូន​គាត់​​​ចំណាក​ស្រុក មិន​មែន​តែ​ចំណាក​ស្រុក​ក្នុងប្រទេស​កម្ពុជា​យើ​ងទេ អាច​ទៅប្រទេស​ថៃ ទៅ​ម៉ាឡេ ឬ​កូរ៉េ​អី​ផ្សេង​ៗ​ ធ្វើឲ្យ​កូន​គាត់​បាត់​បង់​ការ​រៀន​សូត្រ ​ឬ​ក៏​កូន​គាត់​អាច​មាន​បញ្ហា​អ្វីកើត​ឡើងគ្រប់​បែប​យ៉ាង​ ព្រោះ​ពេល​ដែល​យើង​ទៅ​ចំណាកស្រុក​ទៅ​ស្រុក​គេ ​យើង​ឃើញ​ហើយ​ថា ច្បាប់​គេ​អត់គ្រប់​ដណ្តប់យើង​ទេ ឃើញ​អ្នក​ខ្លះ​ឆ្លង​ដែន​ដោយ​ខុសច្បាប់ អ្នក​ខ្លះ​ទៅ​ដោយ​ស្រប​ច្បាប់​»។

លោ​ក​ឲ្យ​ជា​យោ​បល់​ថា អាជ្ញា​ធរ​ ជា​ពិសេសស្ថាប័ន​​ជំនាញ​លើ​បញ្ហា​ដី​ធ្លី​នេះ​ ត្រូវ​ចុះ​ទៅ​ពិនិត្យ និង​សម្ភាស​ពល​រដ្ឋ​ទៅ​ដល់​ដី​ជាក់​ស្តែង ជៀស​វាង​ពិនិត្យ​ត្រឹម​របាយ​ការណ៍​ដែល​ត្រូវ​បាន​គេ​រៀប​ចំ​ទុក​ឲ្យ​ហើយ​នោះ។

ក្រុម​អ្នក​ភូមិ​ជាង ១​ពាន់​គ្រួសារ បាន​ជួប​ប្រទះ​នឹង​វិវាទ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ របស់​អ្នកស្រី សៀង ចាន់ហេង លើ​ដី​ជាង ២០០​ហិកតា នៅ​ក្នុងឃុំ​​កណ្ដោក ឃុំ​អំពិលព្រៃ ឃុំ​ព្រែកស្លែង និង​ឃុំ​បឹងខ្ចារ ស្ថិត​ក្នុង​ស្រុក​កណ្ដាល​ស្ទឹង ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក​ម៉្លេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ