វិភាគ៖ មូលហេតុអ្វីដែលនាំឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាថេរ៣ឆ្នាំជាប់គ្នា?

ទិដ្ឋភាពទីក្រុងភ្នំពេញ (មាស មុនី)

កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាត្រូវបានធនាគារពិភពលោកឲ្យដឹងថា បានថយចុះបន្តិចមកនៅត្រឹម ៦,៩ភាគរយក្នុងឆ្នាំ២០១៦ បើធៀបទៅឆ្នាំ២០១៥ គឺ៧,០ភាគរយ។

ការព្យាករណ៍នេះមានការខុសគ្នាបន្តិចជាមួយនឹងការព្យាករណ៍​របស់ធនាគារអភិវឌ្ឍអាស៊ី(ADB)ដែល​ធ្វើឡើងមុនការព្យាករណ៍របស់ធនាគារពិភពលោក។

ADB បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា ថេរនៅក្នុងឆ្នាំ​ ២០១៦​ ដែលមានកំណើន ៧ភាគរយដូចឆ្នាំ​ ២០១៥​ ហើយថានៅឆ្នាំ​២០១៧ គឺ កើនដល់៧.‌១ភាគរយ។​

ចំណែកធនាគារពិភពលោកព្យាករណ៍ថា កំណើនសេដ្ឋកិច្ចនៅកម្ពុជាត្រូវប៉ាន់ប្រមាណថានឹងនៅតែមានភាពរឹងមាំ គឺ៦,៩ភាគរយម្រាប់ឆ្នាំ២០១៧ និង២០១៨ ដោយសារតែមានការចំណាយសាធារណៈខ្ពស់ និងការពង្រីកវិស័យកសិកម្ម និងទេសចរណ៍ដែលអាចជំនួសការធ្លាក់ចុះវិស័យសំណង់ និងការនាំចេញសម្លៀកបំពាក់។​

លោកបណ្ឌិត ចាន់ សុផល អ្នកស្រាវជ្រាវសេដ្ឋកិច្ចកម្ពុជា បានយល់ស្របនឹងការព្យាករណ៍​របស់ធនាគារពិភពលោក ដោយថាធនាគារនេះធ្វើការ​ព្យាករណ៍ដែលមានក្រុមជំនាញការឯករាជ្យ​។

ក្នុងរបាយការណ៍ បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ដែលចេញផ្សាយដោយធនាគារពិភពលោក កាលពីថ្ងៃទី១៣ មេសា ២០១៧ ឲ្យដឹងថា ការនាំចេញផ្នែកសម្លៀកបំពាក់របស់កម្ពុជាបានថយចុះ ដោយសារតែភាពប្រកួតប្រជែងនៅក្រៅប្រទេសរបស់កម្ពុជាកំពុងជួបបញ្ហាប្រឈមដែលបណ្តាលមកពីប្រទេសដទៃនៅក្នុងតំបន់ផ្តល់ប្រាក់ឈ្នួលទាប។ចំណែកកំណើនអ្នកទេសចរណ៍ ក៏ទាបជាងមុនបន្តិច គឺ៥ភាគរយក្នុងឆ្នាំ២០១៦ ដោយសារតែការពង្រីកតំបន់ទាក់ទាញសម្រាប់អ្នកទេសចរណ៍ក្រៅពីតំបន់អង្គរ នៅមានកម្រិតនៅឡើយ។

ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិងអភិវឌ្ឍនៃក្រុមហ៊ុន EMC លោក ង៉ែត ជូ មានប្រសាសន៍ថា ការដែលសេដ្ឋកិច្ចកម្ពុជានៅថេរសម្រាប់ឆ្នាំ២០១៧​និង​ឆ្នាំ២០១៨ លោកវិភាគថា មកពីក្រុមអ្នករកស៊ីមួយចំនួន មានការបារម្ភ​ពី​ស្ថានភាព​នយោបាយ​ ខណៈឆ្នាំទាំង២នេះគឺជាពេលបោះឆ្នោត។

ប៉ុន្តែលោកបណ្ឌិត ចាន់ សុផល អ្នកស្រាវជ្រាវសេដ្ឋកិច្ចកម្ពុជា យល់ថា សម្រាប់អ្នករកស៊ីធំៗ

ពួកគេបានដឹងច្បាស់ពីស្ថានភាពនយោបាយនៅកម្ពុជាថាមិនប្រែប្រួលធំដុំទេ ពោលមានតែ​អ្នករកស៊ីខ្នាត​តូច និងមធ្យមទេ ដែល​បារម្ភខ្លាំងពីបញ្ហានយោបាយក្រោយពេលបោះឆ្នោត។

សេដ្ឋកិច្ចប្រទេសកម្ពុជាត្រូវបានអ្នកជំនាញវាយតម្លៃថា រក្សាបានកំណើនថេរនិង​ល្អប្រសើរបើធៀបនឹង​បណ្តា​ប្រ​ទេស​​កំពុងអភិវឌ្ឍ។ ប៉ុន្តែអ្នកវិភាគ និយាយថា កំណើនសេដ្ឋកិច្ចកម្ពុជាបានផលតែទៅលើអ្នក​មានជីវភាពមធ្យមនិងអ្នកជំនួញធំៗ ខណៈអ្នកក្រមិនទទួលបានផលពីកំណើន​សេដ្ឋកិច្ចនេះទេ។

លោកបណ្ឌិត ចាន់ សុផល មានប្រសាសន៍ថាការវាយតម្លៃពីកំណើនសេដ្ឋកិច្ចគឺវាយតម្លៃជារួមដែល​ពិបាកប្រៀបធៀបនឹងការពិតជាក់ស្តែង។ លោកថា «បើយើងពិនិត្យឲ្យដល់ទៅគឺមិនខុសទេគ្រួសារខ្លះអាចថាក្រជាងមុនក៏មានដោយសារបញ្ហាណាមួយ ហើយមានអ្នកដែលធូរធាជាងឆ្នាំមុនៗ។ ក្នុង​ពិនិត្យ​មើល​កំណើន​សេដ្ឋកិច្ចគេមើលសរុបទូទាំងប្រទេស។ អ្នកខ្លះថា កើនអី?ក្នុងភូមិខ្ញុំអត់កើនផង។ ហ្នឹង​ក៏​ត្រូវដែរ។​ ភូមិ​ខ្លះអត់កើន ភូមិខ្លះអាចថយទៅវិញក៏មានដែរ បើសិនជួបគ្រោះ​រាំង​ស្ងួត»។

ទោះជាយ៉ាងណា របាយការណ៍របស់ធនាគារពិភពលោកឲ្យដឹងទៀតថា ដោយសារតែលក្ខខណ្ឌអាកាសធាតុអំណោយផលល្អប្រសើរជាងមុន ផលិតផលកសិកម្មមានការកើនឡើងក្នុងឆ្នាំ២០១៧ ខណៈវិស័យសំណង់នៅតែមានភាពរស់រវើក ។

ប៉ុន្តែ តាមគម្រោងថវិកា​ជាតិប្រចាំឆ្នាំរបស់​រដ្ឋាភិបាល​បង្ហាញថា កញ្ចប់ថវិកា​សម្រាប់​វិស័យ​កសិកម្មមានចំនួនតិចជាងវិស័យផ្សេងៗទៀត។

លោក ង៉ែត ជូ លើកឡើងថា រដ្ឋាភិបាលគួរតែបង្កើនចំនួនមន្រ្តីជំនាញកសិកម្ម​​ចុះ​ទៅ​ដល់​មូលដ្ឋាន​ជួយបណ្តុះបណ្តាល​កសិករដោយផ្ទាល់ទើប​អាចបង្កើន​ផលិតផល​កសិកម្ម។​មួយវិញ​ទៀត​លោកថា ពេលដែលមានកំណើនផលិត​ផល​កសិកម្មហើយ រដ្ឋាភិបាល​ក៏ត្រូវ​រកទីផ្សារ​ឲ្យ​កសិករ​ខ្មែរ ជាជាងបណ្តោយឲ្យផលិតផល​កសិកម្មពីប្រទេសជិតខាងវាយលុកទៅលើទីផ្សារកម្ពុជា ហើយ​ធ្វើឲ្យកសិករខ្មែរ​អស់ទឹកចិត្តក្នុង​ផលិត។

លោក ង៉ែត ជូ កត់សំគាល់ថា ការធ្វើ​ចំណាកស្រុករបស់ពលរដ្ឋខ្មែរទៅ​ក្រៅប្រទេស​ជាបញ្ហា​មួយ​ដែលឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ចមិនត្រូវបានបែងចែកឲ្យមានសមធម៌ជាមួយ​ពលរដ្ឋ​ដែល​នៅបន្តធ្វើ​ការងារកសិកម្ម។

ចំណែកលោកបណ្ឌិត ចាន់ សុផល មានប្រសាសន៍បន្ថែមថា ការកើនឡើង​វិស័យ​កសិកម្មនិង​សំណង់គឺបានផលទៅលើពលរដ្ឋ។ លោកថា «វិស័យកសិកម្មប្រសើឡើងមានន័យថាលផិតផល​កសិកម្មកើនឡើង។ ការវាស់​កំណើន​គេមិនវាស់ទៅលើ​តម្លៃទេ គេវាស់ទៅ​ផលិតផលជាក់​ស្តែងគេយកថ្លៃថេរ។ កាលណាផលិតកម្មកើនឡើងវាក៏អាចជួយដល់ប្រជាពលរដ្ឋដែរប៉ុន្តែបើសិនជាថ្លៃធ្លាក់ដូចជាដំឡូងចឹងវាមិនបានជួយអីច្រើនទេ»។

កំណើនសេដ្ឋកិច្ចកម្ពុជា បានមកដោយសារ វិស័យ​ឧស្សាហកម្ម​កាត់ដេរ សំណង់ សេវាកម្ម​ និងកសិកម្ម​​ ដែលក្នុងចំណោមនេះ វិស័យឧស្សាហកម្មកាត់ដេរ និងស្បែកជើង គឺជាវិស័យចម្បង ដែលជួយឲ្យមានកំណើនសេដ្ឋកិច្ចខ្ពស់​។

រីឯ វិស័យ​សេវាកម្ម​ត្រូវបាន​គេរំពឹងថា នឹង​កើនឡើង​ ៧,៨​ភាគរយ​ ហើយកសិកម្ម​វិញ នឹង​កើនឡើង​១,៦​ភាគរយ ប្រសិនបើអាកាសធាតុ​អាចមានលក្ខណ​អំណោយផល​ ចំណែកឯ​ ​វិស័យ​សំណង់វិញ ត្រូវបានគេ​ព្យាករណ៍​ថា នឹង​មានការថយ​ចុះវិញ បើ​ធៀប​នឹង​កំណើន​ខ្ពស់​ខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

លោក Samiuela Tukuafu នាយកធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្រចាំ​ប្រទេស​កម្ពុជា បានឲ្យយោបល់ថា កម្ពុជា​ចាំបាច់​ត្រូវ​បន្តពង្រឹង​សេដ្ឋកិច្ចរបស់ខ្លួន និង​ព​ង្រីក​ឱកាស​ការងារ​បន្ថែមទៀត តាមរយៈ​ការទាក់ទាញ​ឧស្សាហកម្ម​ថ្មីៗ ដើម្បីរក្សា​និរន្តភាព​នៃកំណើនសេដ្ឋកិច្ច​នេះ​។

បើតាម ធនាគារពិភពលោក​ ប្រទេសកម្ពុជាបានស្ថិតក្នុងចំណាត់ថ្នាក់លេខ ៦ ជាប្រទេសដែលមានសេដ្ឋកិច្ចកើនឡើងបំផុតនៅលើពិភពលោក។

លោកស្រី អ៊ីហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា ត្រូវបានដកស្រង់ប្រសាសន៍ថា «វាគួរឲ្យសាទរដែលឃើញថា កំណែនសេដ្ឋកិច្ចកម្ពុជានៅតែបន្តរឹងមាំក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត។ ជាបន្ត វាពិតជាសំខាន់ណាស់ក្នុងការជំរុញការវិនិយោគលើផលិតភាពដែលគាំទ្រដល់កំណើនសេដ្ឋកិច្ច និងគាំទ្រដល់ប្រជាជនក្រីក្រ ហើយធ្វើយ៉ាងណា ផលប្រយោជន៍នៃកំណើនសេដ្ឋកិច្ចនាពេលខាងមុខបានដល់ប្រជាជនកម្ពុជាទាំងមូល»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ