មេដឹកនាំ​ហ្វីលីពីន​ចេញ​បញ្ជា​ហាម​ឃាត់​ការ​ជក់​បារី​តាម​ទី​សាធារណៈ

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​មួយ ហាម​ឃាត់​ការ​ជក់​បារី​នៅ​តាម​ទីសាធារណៈ នៅ​ទូទាំង​ប្រទេស ដែល​ធ្វើ​ឲ្យ​ហ្វីលីពីន​ក្លាយ​ជា​ប្រទេស​មួយ​មាន​ច្បាប់​ប្រឆាំង​នឹង​ថ្នាំ​ជក់​យ៉ាង​តឹង​រឹង​បំផុត។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

អ្នក​នាំ​ពាក្យ​ប្រធានាធិបតី លោក អឺណេស្តូ អាបេឡា បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា បំរាម​នេះ ដែល​ដាក់​ពិន័យ​ជាប់​ឃុំ​ដល់​ទៅ ៤​ខែ និង​ពិន័យ​ប្រាក់ ១០០​ដុល្លារ​នោះ បាន​គ្រប់​ដណ្ដប់​ទាំង​ក្រៅ​អគារ និង​ក្នុង​អគារ។

បទ​បញ្ជា​នេះ​ក៏​បាន​ហាម​ឃាត់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បារី ការ​ផ្ដល់​រង្វាន់​ពី​ការ​ជក់​បារី ដែល​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ពិន័យ​ប្រាក់ ៤​សែន​ប៉េសូ និង​ជាប់​ពន្ធនាគារ​ដល់​ទៅ ៣​ឆ្នាំ និង​អាច​ប្រឈម​មុខ​នឹង​ការ​ដក​ហូត​សិទ្ធិ​ធ្វើ​អាជីវកម្ម​ទៀត​ផង។

រូប​លោក ឌូទើតេ ផ្ទាល់ គឺ​ជា​អ្នក​ជក់​បារី​ដ៏​ងប់​ងល់​ម្នាក់ ប៉ុន្តែ បាន​ផ្ដាច់​ទៅ​វិញ នៅ​ពេល​គ្រូ​ពេទ្យ​រក​ឃើញ​ថា លោក​​កំពុង​ប្រឈម​នឹង​ជំងឺ​ក្រឹន​ ដែល​អាច​បង្ក​ឲ្យ​កក​ស្ទះ​នៅ​ក្នុង​សរសៃរ​ឈាម។

លោក អាបេឡា និយាយ​ថា បំរាម​ថ្មី​នេះ យក​លំនាំ​តាម​បទ​បញ្ជា​ដែល​លោក ឌូទើតេ បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១២ នៅ​ទីក្រុង​ Davao នៅ​ជា​ស្រុក​កំណើត​របស់​លោក ឌូទើតេ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន។

លោក ឌូទើតេ បាន​ធ្វើ​យុទ្ធនាការ​សម្រាប់​តំណែង​ប្រធានាធិបតី តាម​រយៈ​ការ​សន្យា​បង្ក្រាប​ឧក្រិដ្ឋជន អំពើ​ពុក​រលួយ និង​គ្រឿង​ញៀន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ