បក្សនយោបាយនឹងធ្វើយុទ្ធការរកសំឡេងឆ្នោតខុសៗគ្នានៅថ្ងៃដំបូងស្អែក

គណបក្សនយោបាយធំៗមួយចំនួន នឹងចាប់ផ្តើមយុទ្ធនាការឃោសនារកសំលេងឆ្នោតរបស់ខ្លួនតាមវិធីសាស្ត្រផ្សេងគ្នាៗ នៅព្រឹកថ្ងៃសៅរ៍ស្អែកនេះ ដោយគណបក្សខ្លះ សម្រេចយកការឃោសនា ដោយជួបជុំគ្នានៅទីស្នាក់ការកណ្តាល និងតាមឃុំសង្កាត់នីមួយៗ និងមួយចំនួនទៀតសម្រេចហែរជាក្បួន។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា នឹងធ្វើយុទ្ធការហែរក្បួនតាមលក្ខខណ្ឌនិងគោលការណ៍ ដែលកំណត់ដោយគ.ជ.ប ដោយធ្វើការហែរក្បូននៅតាមឃុំសង្កាត់នីមួយៗទូទាំងប្រទេស ពោលគឺចាប់ពីថ្ងៃ២០ខែឧសភានេះ។

លោកបន្ថែមថា៖ «យើងធ្វើធំបំផុតនៅថ្ងៃទី២០ស្អែកនេះឯង ទី១គឺយើងធ្វើបើកយុទ្ធនាការបោះឆ្នោត ទី២យើងធ្វើគួបផ្សំនឹងទិវាចង់កំហឹងនឹងរបបប្រល័យពូជសាសន៍ប៉ុលពតថ្ងៃទី២០ឧសភា ហើយគ្រប់ឃុំសង្កាត់គឺយើងធ្វើដាច់ឡែកៗពីគ្នា និងហែរក្បួតតាមនៅតាមក្របខណ្ឌសង្កាត់ ខណ្ឌ ហើយឃុំនីមួយៗប៉ុណ្ណោះព្រោះគ.ជ.ប គេមានបទបញ្ញត្តិ ហើយក៏មានបទបញ្ញត្តិដែរ គឺថាមិនឲ្យ ហែរឆ្លងឃុំសង្កាត់ទេ»

ចំពោះ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំបំផុតនោះ ក៏គ្រោហែរក្បួនធំចំនួនពីរថ្ងៃតាមការកំណត់របស់គ.ជ.ប ដោយធ្វើនៅថ្ងៃទី១និងថ្ងៃបញ្ចប់ ហើយការហែរក្បួនធំនេះ គឺធ្វើឡើងទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនីមួយៗផងដែរ។ នេះ បើតាមការឲ្យដឹងពីអ្នកនាំពាក្យគណបក្សសង្គ្រោះលោក យឹម សុវណ្ណ។

លោកបន្ថែមថា៖ «យើងហែរក្បួនធំនៅរាជធានីភ្នំពេញ ហើយនៅតាមខេត្តមួយចំនួនក៏មានការ ហែរក្បួនធំមួយចំនួនដែរ ហើយបើខេត្តគេ មិនបានហែរក្បួនធំគេនឹងធ្វើឃោសនាទៅតាមឃុំ ទៅតាមសង្កាត់របស់គេទូទាំងប្រទេសទាំងប្រទេស។ នៅភ្នំពេញគណបក្សសម្រេចហែរក្បួនធំ នៅថ្ងៃទី១ ហើយហែរក្បួនមួយទៀតនៅថ្ងៃបញ្ចប់ ដោយយើងជួបជុំគ្នានៅផ្លូវ៦០ម៉ែតក្នុង សង្កាត់ចាក់អង្រែក្រោម ដោយមានឯកឧត្ត កឹមសុខា នឹងថ្លែងសារប្រហែល៣០នាទីហើយ បន្ទាប់យើងធ្វើដំណើរចេញរៀងៗខ្លួន»

ប្រហាក់ប្រហែលគ្នានេះដែរ គណបក្សសម្ព័នដើម្បីប្រជាធិបតេយ្យនឹងធ្វើការឃោសនារកសំឡេងឆ្នោតដោយហែរជាក្បួននៅរៀងរាល់ថ្ងៃសៅរ៍អាទិត្យ និងមានការចាក់ស្លាយបង្ហាញពីគោលនយោបាយ ឬសកម្មភាពផ្សេងៗផងដែរ។ នេះបើការឲ្យដឹងពីអ្នកនាំពាក្យគណបក្សសម្ព័នដើម្បីប្រជាធិបតេយ្យលោក កូវ គា។

លោកបន្ថែមថា៖ «គណបក្សយើងនឹងហែរក្បួនធម្មតា ហើយមន្រ្តីតាមខេត្តនីមួយៗជាអ្នកទទួល ខុសត្រូវទៅលើការហែរនោះ ហើយយើងធ្វើរៀងរាល់ថ្ងៃសៅរ៍អាទិត្យ និងអាចមានចាក់មេក្រូ ឬបញ្ជាំងស្លាយ យើងធំនៅថ្ងៃទី២ ក្នុងខេត្តបាត់ដំបង ដែលគ្រោមនុស្សចូលជាង១ម៉ឺន»

ស្រដៀងគ្នានេះដែរ គណបក្សតួចៗមួយចំនួនដូចជា គណបក្សរួបរួមជាតិរបស់លោក ញ៉ឹក ប៉ុនឆៃ គណបក្សសុំបុកឃ្មុំសង្គមប្រជាធិបតេយ្យ របស់ លោក ម៉ម សូណង់ដូ និងបក្សតូចមួយចំនួនទៀតក៏គ្រោងជួបហែរក្បួន និងជួបជុំសកម្មជនតាមឃុំសង្កាត់រៀងៗខ្លួនផងដែរ។

ចំណែកគណបក្សអំណាចខ្មែររបស់លោក សួន សេរីរដ្ឋា មិនធ្វើការហែរជាក្បួននោះទេដោយ ថានឹងធ្វើការជួបជុំជាមួយសកម្មជននៅទីស្នាក់ការបក្សតាមឃុំសង្កាត់នីមួយៗ ដោយពន្យល់ពីកម្មវិធីនយោបាយដល់ពលរដ្ឋ។ លោក សួន សេរីរដ្ឋា បញ្ជាក់ថា មូលដែលគណបក្សលោក មិនជ្រើសរើយកការហែរក្បួនដោយសារ​មិនចង់ឲ្យមានការកកស្ទះចរាចរណ៍ និងបង្កការរំខានដល់អ្នកធ្វើដំណើរផ្សេងៗ។

លោកបន្ថែមថា៖ «យុទ្ធនាការយើងអត់មានការហែរក្បួនទេ យើងអត់មានការរៀបចំអីនៅលើទី សារធារណៈនាំឲ្យមានការប៉ះពាល់ដល់អារម្មណ៍អ្នក ដែលគេធ្វើដំណើរឬនាំឲ្យកក់ស្ទះចរាចរណ៍តាមដងផ្លូវ គឺសកម្មជនរបស់យើង គាត់ចុះតាមផ្ទះ ដោយចែកជាភូមិ ចែកជាគ្រួសារ និងចែកក្រុម ដោយចុះដើរតាមផ្ទះ ដើម្បីបង្ហាញមុខសកម្មជន ហើយហ្នឹងបង្ហាញកម្មវិធីនយោបាយមូលដ្ឋាន ដល់ពលរដ្ឋ និងបង្ហាញពលរដ្ឋថា បក្ខជនរបស់យើងប៉ុន្មាន អ្នកដែលឈរឈ្មោះក្នុងឃុំសង្កាត់  ប៉ុន្មានពេញសិទ្ធិ ប៉ុន្មាននាក់បំរុង ហើយមានកម្មវិធីនយោបាយអ្វីខ្លះ សម្រាប់ជួយឃុំសង្កាត់»

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃសុក្រទី១៩ឧសភានេះដែរ ក៏បានជូនដំណឹងដល់គ្រប់គណបក្សនយោបាយថា គ្រប់សកម្មភាពឃោសនាបោះឆ្នោតនានា គឺចាប់ផ្តើមពីម៉ោង៦ព្រឹក រហូតដល់ម៉ោង១០យប់ ខណៈយុទ្ធានការឃោសនារកសំឡេងឆ្នោត ក្នុងការបោះឆ្នោតជ្រើសើសក្រុមប្រឹក្សាឃុំសង្កាត់នេះ អាណត្តិទី៤ ឆ្នាំ២០១៧នេះ គឺមានរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី២០ឧសភាដល់ថ្ងៃទី២មិថុនា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ