ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងពិភាក្សាពីប្រាក់ឈ្នួលអប្បបរមារបស់កម្មករ នៅក្នុងខែក្រោយ សម្រាប់ប្រាក់ឈ្នួលនៅឆ្នាំ២០១៨។
សេចក្តីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃទី១៩ មិថុនា ២០១៧ ក្រសួងការងារឲ្យដឹងថា ការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០១៨ នឹងត្រូវធ្វើឡើងតាមកាលវិភាគដែលបានឯកភាពគ្នាជាឯកច្ឆន្ទកាលពីឆ្នាំ២០១៤ គឺនៅខែកក្កដាខាងមុខនេះ។ ក្រសួងបន្តថា សម្រាប់ការកំណត់ប្រាក់ឈ្នួលជាក់លាក់នឹងប្រកាសនៅថ្ងៃទី១ មករា ឆ្នាំ២០១៨ ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ខាងលោកនៅមិនទាន់មានការសិក្សាស្រាវជ្រាវ ឬកំណត់តួលេខប្រាក់ឈ្នួលថ្មីទៀតនៅឡើយទេ។ លោកថា «កាលពីឆ្នាំចាស់សម្រាប់កម្មករម្នាក់ដោយមិនគិតពីអ្នកនៅក្នុងបន្ទុកទេ គឺ១៧៩ដុល្លារក្នុងមួយខែទើបចាយរស់»។
សូមរំលឹកដែរថា ប្រាក់ឈ្នួលអប្បបរមា កម្មករ កាត់ដេរ បានកើនឡើង ដល់១៥៣ដុល្លារនៅឆ្នាំ២០១៦ កន្លងទៅនេះ បន្ទាប់ពីមានបាតុកម្មទាមទារ១៦០ដុល្លារកាលពីឆ្នាំ២០១៤៕