សាលារាជធានីថាស្ពានថ្មីមួយទៀតនឹងត្រូវសង់​​ឆ្លងកាត់ទន្លេសាប

សាលារាជធានីភ្នំពេញ បានឲ្យដឹងថា ស្ពា​ន​ដែក​បាឡេសាងសង់​ឆ្លង​កាត់ទន្លេសាបនៅចំណុចសង្កាត់ឫស្សីកែវ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ក្នុង​រាជ​ធានីភ្នំពេញ ដោយថា​ស្ពានជ្រោយចង្វារចាស់នឹងបិទមិនឲ្យធ្វើដំណើរ​បណ្តោះអាសន្ន ដើម្បី​ជួសជុល​។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី បានប្រាប់VODនៅថ្ងៃទី១៩ខែមិថុនា​នេះថា ក្រុមហ៊ុន អូស៊ីអាយស៊ី ដែលអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ នឹងសង់ស្ពានដែក ឆ្លងកាត់ទន្លេ​សាប​មួយ​ខ្សែ​ឆ្លងពីតំបន់ជ្រោយចង្វារ ឆ្ពោះទៅតំបន់ឃ្លំាងប្រេងឥន្ធនៈ ក្នុងសង្កាត់ឫស្សីកែវ ដែលតាម​គម្រោង​ការសង់​ស្ពាន​​ដែក​នេះ ត្រូវ​ប្រើរយៈពេល៦ខែ ពោល​អាចធ្វើរួចនៅ​ដើមឆ្នាំ២០១៨ខាងមុខ។

លោក មាសភក្តី បញ្ជាក់ថា ស្ពានដែកបាឡេនេះមាន កម្ពស់ប្រហាក់ប្រហែលនឹងកម្ពស់ស្ពានជ្រោយចង្វារថ្មី និងស្ពាន​​ចាស់ ដោយ​ក្រោមស្ពានទុកគម្លាតឲ្យប្រជាពលរដ្ឋធ្វើវានាចរនៅតាមដង​ទន្លេសាប​បាន​ផង​ដែរ​។

លោក ម៉េត មាសភក្តី បានឲ្យដឹងទៀតថា ​ស្ពាន​បាឡេដែលសង់ឲ្យ​ ប្រជា​ពល​រដ្ឋ​ឆ្លងកាត់បណ្តោះអាសន្ន​​ និងរុះចេញវិញ បន្ទាប់ពី​ក្រុមហ៊ុន​សង់​ស្ពានថ្ម​ថ្មីមួយទៀត​នៅ​ក្បែរស្ពាន​បាឡេ​នោះរួច​រាល់​។ លោកថាស្ពានថ្មថ្មីនោះ​បុក​គ្រឹះដូចស្ពានជ្រោយចង្វា​ថ្មីផង​ដែរ។

លើសពីនេះទៀត លោក មាសភក្តី អះអាងថា ការសង់ស្ពានថ្មថ្មីក្បែរស្ពានបាឡេនោះនិ​ង​ធ្វើ​ឲ្យប៉ះ​ពាល់ដល់ប្រជាពលរដ្ឋនៅតំបន់នោះ ប៉ុន្តែលោកថា សាលារាជធានីនិងធ្វើការដោះស្រាយ​ជូនពួកគេឲ្យ​ទទួលបានសំណងសមរម្យអាច​ទទួលយកបាន។

ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬស្ពានជ្រោយចង្វារចាស់ ធ្លាប់​ផ្អាកមិនឲ្យធ្វើចរាចរណ៍នៅដើមឆ្នំា២០១៥​ ដើម្បី​​ឲ្យមន្ត្រីជំនាញរបស់កម្ពុជា និងជប៉ុន ចុះពិនិត្យ​ទម្រស្ពាន ដោយសារ​ស្ថានភាពទ្រុឌទ្រោម ខណៈ​ស្ពាន​នោះ​មានអាយុជិត៥០ឆ្នាំ។

គួរបញ្ជាក់ថា ស្ពានជ្រោយចង្វារ ឬស្ពានមិត្តភាពកម្ពុជា-ជប៉ុន ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ១៩៦៦ ក្រោម​​ជំនួយ​របស់រដ្ឋាភិបាលជប៉ុន ប៉ុន្តែអំឡុងដើមទសវត្សរ៍ឆ្នាំ៧០ ស្ពាននេះត្រូវបានកាត់ផ្តាច់ក្នុងសម័យ​សាធារ​ណ​រដ្ឋខ្មែរ ដែលគ្រប់គ្រងដោយរបបលោក លន់ នល់ ។ រហូតដល់ឆ្នាំ១៩៩៥ ស្ពាន​នេះត្រូវ​បានរាជរដ្ឋាភិបាលជប៉ុនជួសជុលតភ្ជាប់ឲ្យដំណើរការវិញរហូតដល់បច្ចុប្បន្ន។

ក្រោយមក​សាលារាជធានីភ្នំពេញ​បានអនុញាតឲ្យក្រុមហ៊ុន​ចិន ស្ថាបនា​ស្ពានជ្រោយចង្វាថ្មីក្បែរស្ពាន​ជ្រោយ​ចង្វាចាស់ ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍ ដោយស្ពាននោះ ​ដាក់ឲ្យដំណើរ​ការនៅ​ចុង​ឆ្នាំ​២០១៤។ ទោះជាយ៉ាងណា ចរាចរណ៍នៅភ្នំពេញនៅតែបន្តកកស្ទះដដែល​ ខណៈស្ពាន​ដែក​បាឡេនឹងត្រូ​វ​​ស្ថា​បនាឡើងនៅអំឡុង​ខែកក្កដាខាងមុខ​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ