នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាបានអំពាវនាវជាបន្តបន្ទាប់ទៅបណ្ដាប្រទេសអភិវឌ្ឍន៍ ជាពិសេសសហរដ្ឋអាមេរិក ឲ្យផ្ដល់ការអនុគ្រោះផ្នែកពន្ធគយ និងកូតា ដល់ផលិតផលសម្លៀកបំពាក់ និងស្បែកជើងកម្ពុជា ខណៈដែលអាមេរិកនៅមិនទាន់អនុម័តផ្ដល់ការលើកលែងពន្ធថ្មីសម្រាប់ផលិតផលកាត់ដេរនាំចេញពីកម្ពុជានៅឡើយនោះទេ។
សភាអាមេរិក រហូតមកដល់ពេលនេះ នៅមិនទាន់អនុម័តច្បាប់ថ្មីសម្រាប់ផ្ដល់ការអនុគ្រោះផ្នែកពន្ធគយ និងកូតាបរិមាណដល់កម្ពុជានៅឡើយទេ គិតចាប់តាំងពីសំណើច្បាប់នេះ ត្រូវបានបញ្ជូនទៅគណៈកម្មាធិការជំនាញនៅក្នុងសភាអាមេរិកកាលពីខែមិថុនាកន្លងមកនេះ។
រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក អ៊ុច បូររិទ្ធ បានថ្លែងកាលពីថ្ងៃទី២៨ ខែកញ្ញាកន្លងមកនេះថា លោកព្រួយបារម្ភថា អាមេរិកអាចនឹងបិទទីផ្សាររបស់ខ្លួន និងមិននាំចូលផលិតផលសម្លៀកបំពាក់ពីកម្ពុជា ខណៈដែលអាមេរិកក៏បានប្រកាសកាត់ផ្ដាច់ជំនួយរបស់ខ្លួនសម្រាប់ប្រទេសកម្ពុជាផងដែរ។
បន្ទាប់ពីមន្ត្រីជាន់ខ្ពស់នៅក្រសួងការបរទេសសម្ដែងក្ដីបារម្ភបែបនេះ អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានអំពាវនាវអំពាវនាវកាលពីថ្ងៃទី០៥ ខែតុលានេះ ទៅដល់ទាំងអឺរ៉ុប និងអាមេរិក ឲ្យបង្កើនការទិញផលិតផលកាត់ដេរពីកម្ពុជា។
មិនដល់ ២សប្ដាហ៍ក្រោយមកផង ឬថ្ងៃម្សិលមិញនេះ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា លោក ប៉ាន់ សូរស័ក្តិ ក៏បានអំពាវនាវផងដែរ ដោយជំរុញឲ្យបណ្ដាប្រទេសអភិវឌ្ឍន៍ខ្លាំង ផ្ដល់ការអនុគ្រោះលើផ្នែកពន្ធគយ និងបរិមាណ សម្រាប់ទំនិញនាំចូលពីប្រទេសអភិវឌ្ឍន៍តិចតួច ដែលក្នុងនោះមានទាំងប្រទេសកម្ពុជាផងដែរ។
ការអំពាវនាវនោះ ក៏បានកើតឡើងចំពេលដែលសភាអាមេរិក បានអំពាវនាវឲ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា ជុំវិញការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ បន្ទាប់ពីការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ក្រោមការចោទប្រកាន់ថា «ក្បត់ជាតិ» ដោយឃុបឃិតជាមួយអាមេរិកក្នុងបំណងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។
ដោយពិនិត្យមើលហេតុការណ៍ និងព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងរយៈពេលជាងមួយខែកន្លងមកនេះ វាបានចង្អុលបង្ហាញនូវមន្ទិលសង្ស័យមួយថា តើបញ្ហាប្រជាធិបតេយ្យនៅកម្ពុជាត្រូវបានចាប់ជាចំណាប់ខ្មាំងនៅក្នុងភាពតានតឹងកម្ពុជា-អាមេរិកជុំវិញកូតានាំចូលផលិតផលកាត់ដេរកម្ពុជា ឬយ៉ាងណា?
ជុំវិញវិវាទកម្មកម្ពុជា-អាមេរិកថ្មីៗនេះ សាស្ត្រាចារ្យដើមកំណើតខ្មែរនៅអាមេរិក បណ្ឌិត អៀ សុផល ឲ្យដឹងតាមរយៈអ៊ីម៉ែលថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាចង់បានការអនុគ្រោះពីអាមេរិកជុំវិញបញ្ហានានា ក្នុងនោះមានទាំងពន្ធគយ និងកូតាសម្រាប់ការនាំចូលផលិតផលស្បែកជើងផងនោះ លោកយល់ថា វាមិនអាចទៅរួចនោះឡើយ ខណៈដែលលោក ហ៊ុន សែន ថ្លែងវាយប្រហារអាមេរិកនោះ។
គិតចាប់តាំងពីលោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០៣ ខែកញ្ញាមក ក្រៅពីការអំពាវនាវទៅដល់អាមេរិកដែលជាទីផ្សារធំបំផុតសម្រាប់ផលិតផលកាត់ដែរកម្ពុជា ឲ្យផ្ដល់ការអនុគ្រោះពន្ធគយ និងលើបរិមាណនោះ រដ្ឋាភិបាលកម្ពុជាក៏បានថ្លែងវាយប្រហារអាមេរិក ជុំវិញការទម្លាក់គ្រាប់បែកបង្កមហន្តរាយនៅកម្ពុជានៅអំឡុងទសវត្សរ៍ ១៩៧០ ការធ្វើរដ្ឋប្រហារទម្លាក់អតីតព្រះមហាក្សត្រ សម្ដេចព្រះ នរោត្ដម សីហនុ និងការគាំទ្ររបបលោក លន់ នល់។ ការថ្លែងវាយប្រហារទៅលើអាមេរិកជុំវិញជម្លោះកាលពីអតីតកាលនេះ ភាគច្រើនបំផុត ត្រូវបានធ្វើឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងពេលលោកថ្លែងជាសាធារណៈទៅកាន់ប្រជាពលរដ្ឋ។
ខណៈដែលមេដឹកនាំកម្ពុជាថ្លែងវាយប្រហារអាមេរិកផង និងអំពាវនាវផងនោះ នៅតាមមូលដ្ឋានក្នុងប្រទេសកម្ពុជា គ្រាប់បែកគីមីធុនធ្ងន់ ត្រូវបានគេរកឃើញ ហើយអាជ្ញាធរមីនកម្ពុជា អះអាងថា ជាកាក់សំណល់សង្គ្រាមបន្សល់ទុកដោយអាមេរិក តាំងពីទសវត្សរ៍ ១៩៧០។ លោក ហ៊ុន សែន ថែមទាំងបានអញ្ចើញអគ្គរដ្ឋទូតអាមេរិក ឲ្យទៅមើលគ្រាប់បែកនោះទៀតផង ប៉ុន្តែ លោកក៏បានថ្លែងបែបសម្រួលទៅវិញផងដែរថា អាមេរិកនឹងមិនទៅយកគ្រាប់បែកនោះទេ ផ្ទុយទៅវិញ មានតែសមត្ថកិច្ចកម្ពុជាប៉ុណ្ណោះរ៉ាប់រងលើកាក់សំណល់សង្គ្រាមដ៏គួរឲ្យសង្ស័យនោះ។
លោកបណ្ឌិត អៀ សុផល គឺជាសាស្ត្រាចារ្យជំនាញកាទូត និងកិច្ចការពិភពលោកនៅមហាវិទ្យាល័យ Occidental នៅទីក្រុងឡូសអែនជឺលែស ហើយលោកបានសរសេរនិក្ខេបបទថ្នាក់បណ្ឌិតស្ដីពី «ការពឹងផ្អែកលើជំនួយនៅកម្ពុជា របៀបដែលជំនួយបរទេសបំផ្លាញប្រជាធិបតេយ្យនៅកម្បុជា»។ សាស្ត្រាចារ្យរូបនេះ លើកឡើងបន្តទៀតថា ប្រសិនបើបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា ពិតជាមានទំនាក់ទំនងនឹងបញ្ហាកូតាសម្រាប់ផលិតផលកាត់ដេរមែននោះ លោកថា រដ្ឋាភិបាលកម្ពុជាគួរតែផ្លាស់ប្ដូរជំហររបស់ខ្លួនទាំងស្រុង ហើយសម្អាតខ្លួន ជាជាងនៅតែបន្តបន្ទោសអ្នកដទៃជុំវិញបញ្ហានានារបស់ខ្លួន។
ភាពតានតឹងថ្មីៗនេះរវាងកម្ពុជា និងអាមេរិក ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញនូវតម្រុយឲ្យមានការចរចាជាកញ្ចប់ ប៉ុន្តែ នាយករងវិទ្យាស្ថានកម្ពុជាដើម្បីសិក្សាយុទ្ធសាស្ត្រ លោកបណ្ឌិត ឈាង វណ្ណរិទ្ធ បានលើកឡើងថា បញ្ហាទាំងប៉ុន្មានរវាងកម្ពុជា និងអាមេរិក គឺជាបញ្ហាដាច់ដោយឡែកពីគ្នា ហើយសម្ពាធចេញពីរដ្ឋាភិបាលកម្ពុជា ក៏គ្មានឥទ្ធិពលអ្វីទៅលើរដ្ឋាភិបាលអាមេរិកដែរ ខណៈដែលកម្ពុជា ជាប្រទេសតូចតាចនៅក្នុងតំបន់នោះ។
អ្នកវិភាគតំបន់អាស៊ាននៅអង្គភាពបញ្ញាវ័ន្តសេដ្ឋកិច្ច លោក Miguel Chanco ត្រូវបានដកស្រង់សម្ដីដោយកាសែតភ្នំពេញ ប៉ុស្តិ៍ចុះផ្សាយនៅថ្ងៃនេះថា ប្រសិនបើអាមេរិកផ្ដល់ការអនុគ្រោះពន្ធគយ និងកូតានាំចូលផលិតផលស្បែកជើងដល់កម្ពុជា វានឹងជួយដល់សេដ្ឋកិច្ចកម្ពុជាឲ្យប្រសើរឡើងបន្តិច ខណៈដែលសេដ្ឋកិច្ចប្រទេសនេះពឹងផ្អែកខ្លាំងលើការនាំចេញផលិតផលកាត់ដេរ។
ទោះជាយ៉ាងណា លោកលើកឡើងបន្ថែមថា ស្ថានភាពធ្លាក់ចុះខាងផ្នែកប្រជាធិបតេយ្យនៅកម្ពុជា ប្រហែលជាធ្វើឲ្យកម្ពុជាមិនអាចទទួលបានការអនុគ្រោះក្រោមប្រព័ន្ធអនុគ្រោះទូទៅ GSP នោះឡើយ។ លោកបន្ថែមថា សភាអាមេរិកនឹងផ្អាកការផ្ដល់ការអនុគ្រោះពន្ធគយ និងកូតាដល់កម្ពុជា រហូតទាល់តែរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យមានលំហូរប្រជាធិបតេយ្យកាន់តែប្រសើរឡើងវិញ៕