ឪពុកអ្នកជាប់ឃុំនៅឧត្តរមានជ័យចោទថាសមត្ថកិច្ចធ្វើទារុណកូនគាត់រហូតដល់ស្លាប់​

រូបភាពពីហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ

ឪពុកយុវជនម្នាក់ដែលស្លាប់នៅកន្លែងឃុំឃាំងនៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យចោទថា សមត្ថកិច្ចធ្វើទារុណកម្មកូនគាត់រហូតដល់ស្លាប់ ហើយលោកថា នឹងប្តឹងទៅស្ថាប័នអន្តរជាតិដើម្បីជួយស្រាវជ្រាវរកការពិតនៃការស្លាប់នេះ។​

កាលពី​ថ្ងៃ​ទី ៥ ខែ​មករា ឆ្នាំ២០១៨ បុរស​វ័យក្មេង ២ នាក់ ស្លាប់នៅក្នុងបន្ទប់ឃុំខ្លួនក្នុងស្នងការដ្ឋានខេត្តឧត្តរមានជ័យ។ ករណីនេះ ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្តនោះ​អះអាង​ថា​ ជាការធ្វើអត្តឃាតដោយចងក បន្ទាប់ពីចុះពិនិត្យសាកសព​។ ប៉ុន្តែឪពុកយុវជនម្នាក់បានច្រានចោលការសន្និដ្ឋានរបស់ព្រះរាជអាជ្ញា។​

លោក វ៉ន សាវី ​ថ្លែងថា កូនរបស់លោក ឈ្មោះ វី ភត្រ្តា ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៤ លុះដល់ថ្ងៃទី៥ សមត្ថកិច្ចប្រាប់ឲ្យទៅយកសាកសពនៅមន្ទីរពេទ្យដោយប្រាប់ថា ស្លាប់ដោយសារចងក។ ប៉ុន្តែលោកថា ការស្លាប់នេះ ដោយសារការធ្វើទារុណកម្មដោយសារមានស្នាមរបួស។​​

លោកថា៖«កូនខ្ញុំវារបួសស្លាកស្នាមច្រើពេក ខ្ញុំចង់ឲ្យគេជួយរកយុត្តិធម៌ឲ្យ!ហេតុអ្វីបានជាមនុស្សជាប់ខ្នោះចងកកើត ហើយ មន្ទីរឃុំឃាំមានក្រណាត់ មានខោវអាវណា ហើយគេយកទៅដល់ពេទ្យឃើញខោវអាវកូនខ្ញុំស្លៀកពាក់ខោវវែង ហើយខ្ញុំថា បើកូនខ្ញុំស្លៀកខោវអាវវែងហេតុអ្វីបានជាវាមិនចងកនឹងខោវា។ កូនស្លាកស្នាមពេញតែខ្លួន ពេញតែខ្នង ហើយខ្មោចងាប់ ចងកវាត្រូវកូនខ្ញុំវាងាប់នឹងខុសគេ អត់បានលៀនអណ្ដាតទេ កទន់អស់អាលីង ហើយប្រឈរអត់កើតទេ ឈាមចេញតាមមាត់ តាមច្រមុះ ខ្ទិចខ្ទីគ្រាំគ្រាព្រោះខ្មោចចងកវាមិនដែលមានឈាមតាមមាត់តាមច្រមុះអី»។

លោក វ៉ន សាវី បន្តថា លោកមិនដាក់ពាក្យប្ដឹងនៅតុលាការទេ ដោយសារ លោកមិនមានជំនឿទៅ ស្ថាប័នមួយនេះ ទើបលោកយកពាក្យបណ្ដឹងនេះទៅតំណាងអង្គការសហប្រជាជាតិឲ្យចុះស៊ើបអង្កេតករណីនេះបន្ថែមទៀត។

ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្តឧត្តរមានជ័យលោក កូយ កាន់យ៉ា ​ មានប្រសាសន៍ថា ការស្លាប់របស់យុវជន ២ នាក់ កាលពីយប់ថ្ងៃទី ៥ ខែ​មករា កន្លងមក គឺជាការធ្វើអត្តឃាតខ្លួនឯង មិនមានករណីធ្វើទារុកម្មនោះទេ​។ លោកបន្តថា  ប្រសិនបើគ្រួសារជនរងគ្រោះមិនសុខចិត្ត ហើយចង់ប្ដឹងករណីនេះ ទៅតំណាង​អង្គការ​សហប្រជាជាតិ ដើម្បីរកយុត្តិធម៌នោះលោកថា ជាសិទ្ធិរបស់ពួកគាត់។

លោកថា៖«ខ្ញុំមិនបានស៊ើបអីទៀតទេ ប៉ុន្តែភ្លាមៗហ្នឹង ខ្ញុំក៏បានសួរនាំសាក្សីម្នាក់ដែលត្រូវប្អូន ឬ ក៏បងទេដែលត្រូវបានឃាត់ ខ្លួននៅជាប់បន្ទប់គ្នាហ្នឹង គាត់បានបញ្ជាក់ថា អត់មានលឺសំឡេងវាយអីៗទេ លឺតែសំឡេងអឹក។ អញ្ចឹងខ្ញុំក៏មិនដឹងថា ស្រាវជ្រាវរក ព្រោះវាអត់មានពន្លឺទៅទៀត គាត់ចងកអញ្ចឹងមែន »។

មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តខេត្តឧត្ដរមានជ័យលោក ស្រី ណារ៉េន យល់ថា ការ​ស្លាប់​របស់យុវជនពីរនាក់នោះ ​អាច​បណ្តាល​មកពី​ការ​ធ្វើ​ទារុណកម្ម ដោយសារ នៅលើខ្លួនសពមានស្នាមជាំ។ លោកបន្តថា ក្រសួងមហាផ្ទៃនិង ក្រសួងយុត្តិធម៌ គួរតែចុះទៅស៊ើបអង្កេតករណីនេះបន្ថែមទៀត ដើម្បីផ្ដល់យុត្តិធម៌ឲ្យគ្រួសារជនរងគ្រោះនោះ។

យុវជន​ឈ្មោះ វី ភត្ត្រា រស់នៅ​ក្នុង​ភូមិ​បុរីរដ្ឋបាល សង្កាត់​សំរោង និង​ម្នាក់​ទៀត​ឈ្មោះ គង់ គុយបា អាយុ​ជាង ២០ ឆ្នាំ​រស់នៅ​ក្នុង​ភូមិ​កំណប់ សង្កាត់​បន្សាយរាក់​ ក្រុង​សំរោង​ ខេត្តឧត្ដរមានជ័យ។

ទោះយ៉ាងណា កាលពីឆ្នាំ២០១៦កន្លងទៅ ទណ្ឌិតម្នាក់ឈ្មោះ តូច វណ្ណារ៉េត ដែល​ត្រូវ​បាន​ប្រទះឃើញស្លាប់នៅក្នុងពន្ធនាគារ​ខេត្ត​​ខេត្ត​ពោធិ៍សាត់ ដោយមន្ត្រីអនុរក្សថា ការស្លាប់នោះ ដោយសារចងក ប៉ុន្តែម្ដាយជនរងគ្រោះអះអាងថា កូនអ្នកស្រីស្លាប់មិនមែន ដោយចងកនោះទេ ដោយសារ នៅលើខ្លួនសពមានស្នាមជាំពេញខ្លួន។

 

 

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ