គ.ជ.ប បដិសេធថា មិនបានសហការជាមួយគណបក្សប្រជាជនរើសមន្ត្រីជាប់កិច្ចសន្យា

គ.ជ.ប

មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានច្រានចោលការលើកឡើងថា គ.ជ.ប សហការជាមួយគណបក្សប្រជាជនកម្ពុជាជ្រើសមន្ត្រីជាប់កិច្ចសន្យា ដើម្បីឲ្យចុះឈ្មោះអ្នកបោះឆ្នោត​ពេល​ខាង​មុខនេះ។

ការច្រានចោលនេះ ធ្វើឡើងបន្ទាប់ពីមានការរិះគន់នៅតាមបណ្ដាញសង្គមហ្វេសប៊ុកថា ហេតុអីបានជា គ.ជ.ប ទៅសហការជាមួយគណបក្សនយោបាយក្នុងរឿងនេះ ដែលខុសនីតិវិធីច្បាប់។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោះត លោក ហង្ស ពុទ្ធា ប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះថា គ.ជ.ប មិនបានទៅសហការជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីជ្រើសរើសមន្ត្រីជាប់កិច្ចសន្យានោះទេ។ លោកយល់ថា លិខិតដែលចេញគណបក្សប្រជាជនកម្ពុជានោះ គ្រា​ន់តែជាលិខិតផ្ទៃក្នុងរបស់បក្ស ដើម្បីធ្វើការណែនាំសមាជិកតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឡើយ។

លោកថា «គ.ជ.ប ​ជាស្ថាប័នឯករាជ្យចឹងមិនចំណុះឲ្យគណបក្សនយោបាយណាមួយនោះទេ ក៏មិនត្រូវសហការដោយឡែកជាមួយគណបក្សណាមួយនោះដែរ។ បើសហការ គឺសហការទាំងអស់តែម្ដង ​សង្ឃឹមថានេះជាលិខិតមួយដែលអាចឲ្យសាធារណជនមានការភាន់ច្រឡំ ចឹងក្នុងនាមជា គ.ជ.ប សូមប្រកាសជាឱឡារិទ្ធ ​ថា គ.ជ.ប អត់បាន អត់មានកិច្ចសហការជាមួយគណបក្សប្រជាជនក្នុងការផ្សព្វផ្សាយក្នុងការជ្រើសរើសមន្ត្រីអីនោះទេ»។

យោងតាមលិខិតមួយច្បាប់ដែលចុះហត្ថលេខាដោយលោក ឯម ដេត ប្រធានមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានជូនជំណឹងទៅ​ប្រធានគណៈកម្មាធិការគណបក្សប្រជាជនក្រុង និងស្រុក ស្ដីពីការពិនិត្យជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីចំនួន២រូប ក្នុងមួយឃុំសង្កាត់។

បើតាមលិខិតនេះ គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំធ្វើឡើងដោយយោងតាមលិខិតជូនដំណឹងរបស់ គជប  ស្តីពីការជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាសម្រាប់ចុះឈ្មោះឲ្យអ្នកបោះឆ្នោត។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា គណបក្សប្រជាជនមិនបានសហការជាមួយ គ.ជ.ប ទេ ហើយថាលិខិតនោះ គ្រាន់តែជាការជូនដំណឹងទៅសសមាជិកគណបក្សប្រជាជន​នៅ ស្រុកនិងឃុំសង្កាត់ ក្នុងខេត្តត្បូងឃ្មុំឲ្យដឹងព័ត៌មាន ហើយឲ្យមន្ត្រី​ដែលលក្ខណៈសម្បត្តិដែលត្រូវ គ.ជ.ប រើសនោះឲ្យប្រឡងជាមួយគេតែប៉ុណ្ណោះ។ លោកបន្តថា នៅពេលដែល សមាជិកទាំងនោះជាប់ជាមន្ត្រីកិច្ចនៅ គ.ជ.ប ហើយ ពួកគេអាចព្យូរការងារនៅគណបក្សប្រជាជនកម្ពុជាមួយរយៈដើម្បីទៅធ្វើការឲ្យ គ.ជ.ប។

លោកថា «មិនមែនសហការទេ គឺគណបក្សខេត្តគឺគេជូនដំណឹងទៅគ្រប់គណបក្សទាំងអស់ នៅក្នុងស្រុកនៅឃុំ ដើម្បីឲ្យដឹងព័ត៌មានហើយឲ្យមន្ត្រីដែលគ្រប់លក្ខណៈសម្បត្តិដែលត្រូវ គ.ជ.ប ជ្រើសរើសឲ្យទៅប្រឡងជាមួយគេ ឬមួយទៅដាក់ប្រវត្តិរូបជ្រើសរើសជាមួយគេតែប៉ុណ្ណឹងទេ។ អានេះការជូនដំណឹង​របស់មន្ត្រី ដើម្បីឲ្យមន្ត្រីគណបក្សទៅដាក់ពាក្យទៅតាមការជ្រើសរើស ត្រូវការរបស់ គ.ជ.ប ទេ មិនមែនសហកាជាមួយ គ.ជ.ប ទេ ក្មួយឯងនិយាយនេះច្រឡំហើយ។ គ.ជ.ប ចេញលិខិតជ្រើសរើសអារឿងផ្ទៃក្នុង គ.ជ.ប ក៏ប៉ុន្តែគេជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាលក្ខណៈសម្បត្តិម៉េចនោះ មន្ត្រីគណបក្សគេជូនដំណឹងទៅគ្នាដើម្បីឲ្យទៅដាក់ពាក្យ តែប៉ុណ្ណឹងតើ»។

វីអូឌីមិនទាន់អាចទាក់ទងប្រធានមន្ទីរគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តត្បូងឃ្មុំ លោក ឯម ដេត បានទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ