សាសា ត្រូវ​ឧ​កញ៉ា អ៊ុត ធី ជា​ឪពុក​ប្រតិកម្ម​រឿង​​​បំណុល

កញ្ញាសាសា អតីតពិធីការិនីទូរទស្សន៍ស៊ីធីអ៊ិន

ខណៈដែល​​​​អតីត​ពិធីការិនី​​​​​​​​​កញ្ញា ​​​ឯក សុជាតា ​ហៅ​សាសា ត្រូវ​បាន​​​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​​​​​​ពិភព​ថ្មី​​​​ចេញសេចក្ដី​​ប្រកាស​​រឿង​​គេចមិន​ដោះស្រាយ​បំណុល ហើយ​ត្រូវ​បានសារព័ត៌មានចុះផ្សាយព្រោង​ព្រាតនោះ​ លោកឧកញ៉ា អ៊ុត ធី ជា​​​​ឪពុកបានអះអាងថា ​​​​​​ដំណើរ​រឿង​​មួយ​នេះ ​មិនគួរ​មានការ​ភ្ញាក់ផ្អើល​ដល់ថ្នាក់នោះ​ឡើយ ដោយសារតែ​កូនស្រីរបស់លោក​លែង​ជា​អ្នកសិល្បៈដូចមុន។ ​លោកថា ​ខ្លួន​នឹ​ង​សួរ​នាំ​​កូនស្រី ហើយ​ជំរុញឲ្យ​នាង​​​ដោះស្រាយ​លើករណីនេះ តែ​លោក​​​​បដិសេធ​មិនចេញមុខ​​​លើ​រឿង​បំណុល​នាង​ឡើយ​។

លោកឧកញ៉ា អ៊ុត ធី ​ជា​​​ឪពុក​​របស់​សាសា​ថ្លែង​​ថា ​ករណី​​ជំពាក់លុយ​​ជំពាក់កាក់​រវាង​​សាសានិង​ក្រុម​ហ៊ុន​​​​​​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គួរណាស់តែ​ទុកឲ្យ​​​​​​​ភាគីទាំង​ពីរ​ដោះស្រាយ​ដោយស្ងប់ស្ងាត់​​ ដោយមិនគួរ​​​​នឹងមាន​​បណ្ដញសារព័ត៌មាន​​​​​បន្ត​ចែកចាយ ​​ហើយធ្វើឲ្យមានការ​ចាប់អារម្មណ៍​ដល់ម្ល៉ឹង​នោះទេ។ ​លោកថា ​ខ្លួន​មិន​​បានដឹង​រឿង​សាសា​ទិញ​រថយន្ត​​​​​បង់រំលោះ ហើយ​មាន​បញ្ហា​គេចវេស​​​​​​​​​​បំណុលរហូតដល់ថ្នាក់​​​​​​ក្រុម​ហ៊ុន​ពិភព​​​ប្រកាសជា​សាធារណៈ​​​​​​​​ឲ្យចូលខ្លួនដោះស្រាយ​នោះទេ ប៉ុន្តែ​​លោក​នៅ​តែ​យល់ឃើញ​​ថា​ការ​​​​​​​​​​​​​​​​​ប្រមាញ់ប្រធាន​បទ​នោះ​ជា​រឿង​​​​​​ចាប់អារម្មណ៍​គឺមិនគួរ។

លោក​និយាយថា៖ ​«​រឿង​ហ្នឹង​ខ្ញុំ​​​អត់ដឹងថា​​​​​​​យ៉ាង​ម៉េចទេ តែ​​​ខ្ញុំថា​​​រឿង​ហ្នឹងដូចជា​រឿង​បុគ្គ​លរវាង​​​​ភាគីទាំង​ពីរទេ គួរតែ​​កុំចាប់អារម្មណ៍​ហើយ​ទុក​អោយ​​ភាគីទាំង​ពីរ​ដោះស្រាយ​​​ទើប​ត្រូវ ព្រោះ​ខ្ញុំ​យល់​​​​ក្រុម​ហ៊ុន​គេ​​បង្ហោះសេច​ក្ដី​ជូនដំណឹង​ ក៏​ដើម្បី​អោយភាគី​​ម្ខាង​ទៀត​បានដឹង​​​​ហើយ​ចូលដោះស្រាយ​ប៉ុណ្ណោះ ​ដូច​ជា​មិន​មែនអោយ​​ផ្អើល​ចឹងទេ!»

លោកថា ​​សាសា​មិនរស់នៅ​​ក្រោម​បន្ទុករបស់​លោកទេ ហើយ​​លោកក៏​មិន​បានដឹង​រឿង​​ណាមួយ​ពាក់ព័ន្ធ​នឹង​បំណុល​បង់​​រំលោះ​រថយន្ត​របស់នាង​​ដែរ ​តែ​លោក​ប្រកាស​ថា​នឹង​សួរ​នាង​អោយ​លម្អិត​ពី​​​រឿង​រ៉ាវ​នេះ។

លោក​និយាយថា៖ ​«​សម្រាប់ខ្ញុំ​​​! បើ​​ទុ​ករឿង​ហ្នឹងជា​រឿង​ធម្មតា​ដូចជា​​​អត់ត្រូវ​​​​​​​​ចាប់អារម្មណ៍ទេ ព្រោះ​រឿង​ហ្នឹងមាន​អី​​​​​​​​អោយតែ​ភាគី​កូន​បំណុលទៅ​​ដោះស្រាយ​វា​ដូច​ជា​ចប់​ហើយ! ​ខ្ញុំនឹង​សួរ​នាំ​គាត់ ​(សាសា) រឿង​ហ្នឹង ​ព្រោះ​​​​​មើលទៅ​វា​ដូចជា​អាក្រក់​មើល​ដល់ចឹង​!»

​​ឆ្លើយ​តប​នឹង​សំណួរ​ថា​តើ ​លោក​ឧកញ៉ា​នឹង​ចេញមុខ​ដោះស្រាយ​លើ​​បំណុលរបស់នាង​ជាមួយ​ក្រុម​ហ៊ុន​ពិភពថ្មី​ ​​ដូច​ករណីដែល​​លោក​ធ្លាប់​ចេញមុខ​រឿង​នាង​​ទទួល​រង​ហិង្សា​ ឬ​យ៉ាងណា លោក​ឧកញ៉ា​ អ៊ុត ធី ​ឆ្លើយ​ថា​​​​មិនមែនជា​​​​​​​​​រឿង​​ដែល​លោកត្រូវ​​​​រ៉ាប់រង។ លោកថា ​​​​​​ចំពោះ​រឿង​នេះ គឺ​ទុក​ឲ្យសាសា​ដោះស្រាយ​ដោយ​ផ្ទាល់ ដោយ​ខ្លួន​គ្រាន់តែ​​​ជួយ​សួរនាំ និង​ជំរុញឲ្យ​នាង​​​​​ដោះស្រាយ​បញ្ហា​កុំអោយ​​​មាន​រឿង​​​​​​​​​​​​​​​​​​​ដូចអ្វីដែលក្រុមហ៊ុន​បង្ហោះ​ឡើង​ប៉ុណ្ណោះ។ ​លោកថា​​​​នោះជា​រឿង​របស់នាង​​​ និង​ក្រុម​ហ៊ុន ដូច្នេះ​​សាសា​​នឹង​ដោះស្រាយ​បាន។

លោកនិយាយ​​ថា​៖ «អត់ទេ​រឿង​ហ្នឹង​គាត់​ជាមួយ​ក្រុម​ហ៊ុន ឲ្យគាត់ដោះស្រាយទៅ ​​មិចខ្ញុំ​​ត្រូវ​ឲ្យខ្ញុំ​​ចេញមុខ ​តែ​ខ្ញុំ​​នឹង​សួរ​​នាំគាត់ថា​អាហ្នឹ​ង​វា​មិច?»។ ​

យោងតាមផេករបស់​​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​​ពិភពថ្មី បាន​បង្ហោះ​​លិខិត​​ជូនដំណឹង​មួយ​​កាលពីថ្ងៃទី​​​​​១៩ខែធ្នូ ដោយមាន​ខ្លឹមសារ​ថា អតិថិជន​ឈ្មោះ ​ឯក សុជាតា ​ឈ្មោះ​ក្នុង​សិល្បៈ​​សាសា អាយុ​​​​​២៩ឆ្នាំ ​​​កាន់​លិខិត​ឆ្លងដែន​​​​​​​​​​​​ព្រះ​រាជាណាចក្រកម្ពុជា​លេខ S0013007 ​​បាន​​រំលោះ​រថយន្ត​​​​​​ម៉ាក Porsche ឆ្នាំ​​២០១២ ​ពណ៌ស ​​ពាក់ស្លាកលេខភ្នំពេញ 2AD -7888 ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មី។

គ្រឹះស្ថាន​បានប្រកាស​អោយ​នាង​​​​​​ចូលខ្លួន​​មកដោះស្រាយ​បំណុលជា​មួយ​​គ្រឹះស្ថាន​ជា​បន្ទាន់​ ពាក់ព័ន្ធ​នឹង​ករណីដែលកញ្ញា​​មិ​នបាន​បំពេញ​​​​​កាតព្វកិច្ច​ជា​ភាគី​កូន​បំណុល​ជូន​​​​ដល់​គ្រឹះ​ស្ថាន​។ ​ក្នុង​នោះ​​​​​​​​​​​​​​សេចក្ដី​ប្រកាស​ក៏បាន​បញ្ជាក់​ក្នុង​លិខិត​ថា​​​​នឹងទុករយៈពេល​​​​​តែ​​៧ថ្ងៃគត់ ​គិត​ចាប់ពីថ្ងៃ​ទី​១៩ រហូត​ដល់ថ្ងៃ​​​​២៦ខែធ្នូ ​​​ក្នុង​ឆ្នាំ​​២០១៦​​នេះ ឲ្យនាង​ចូលខ្លួនដោះស្រាយ ​​​​​​​បើ​​មិនដូច្នោះ​គ្រឹះស្ថាន​​​​​នឹង​អនុវត្តន៍តាមច្បាប់។ យ៉ាងណាមិញ ​​​សេចក្ដីជូនដំណឹង​ដែល​បាន​បង្ហោះ​នោះ ត្រូវបាន​លុប​ចោល​​ភ្លាមៗ​​កាលពី​ល្ងាច​កក្នុង​ថ្ងៃ​ដដែល បន្ទាប់ពី​មាន​​​រឿង​ភ្ញាក់ផ្អើលខ្លាំង​។   ​

ពាក់ព័ន្ធនឹង​រឿង​​រសើប​នេះ​សាសា​បដិសេធធ្វើការ​បកស្រាយ ដោយ​នាង​គ្រាន់តែ​​ឆ្លងឆ្លើយ​ហើយ​បាន​​​ទទួលការណែនាំ​​​ថា​​​ខលពី​​​​​​​​​​​​​​បណ្ដាញ​សារព័ត៌មានក៏ចុច​​បិទ​។ នេះមិនមែនជា​លើកទី​​១​នោះ​ទេ ដែល​នាងមិនស្វាគមន៍ចំពោះ​កិច្ច​សម្ភាសន៍។ នាងធ្លាប់​​​​​​​​​​ផ្ដល់​សម្ភាសន៍​អោយអ្នក​សារព័ត៌បានស្រួលតែ​ក្នុងអំឡុងពេល​នាង​មាន​រឿង​​ហិង្សា​ជាមួយ​​លោកឧកញ៉ា​​សុខ ប៊ុន​ នា​ពេល​​មុន​ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ