បុរសម្នាក់ត្រូវបានបាញ់ស្លាប់អំឡុងពេលនគរបាលចុះបង្ក្រាបសង្វៀនជល់មាន់

បុរសដែលត្រូវបានបាញ់ស្លាប់។ រូបភាពពីហ្វេសប៊ុក សង្គម និង​យុត្តិធម៌។

បុរស​ម្នាក់​ជា​កម្មក​រោងចក្រ ត្រូវបាន​បាញ់​ស្លាប់​នៅ​អំឡុង​ពេល​ប្រតិបត្តិការ​របស់​សមត្ថកិច្ច​​បង្ក្រាប​សង្វៀន​ជល់​មាន់​មួយ​កន្លែង​ស្ថិត​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ នៅ​ថ្ងៃ​នេះ។

បណ្ដាញ​ព័ត៌មាន​សង្គម​ហ្វេសប៊ុក «សង្គម និង​យុត្តិធម៌» បាន​រៀបរាប់​ថា បុរស​ឈ្មោះ ឈៀក រ៉ន អាយុ ៣៣​ឆ្នាំ ជា​កម្មករ​រោងចក្រ​​មួយ​ស្ថិត​ក្នុង​សង្កាត់​ចោមចៅ ២ ត្រូវ​បាន​បាញ់​ស្លាប់​នៅ​ម៉ោង​ជាង ១០​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ អំឡុង​ពេល​នគរបាល​ចុះ​បង្ក្រាប​ទីតាំង​ជល់​មាន់​មួយ​កន្លែង​នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ។

រូបថត​ចែក​ចាយ​លើ​ទំំព័រ​ហ្វេសប៊ុក​នេះ បង្ហាញ បុរស​ម្នាក់​ប្រឡាក់​ទៅ​ដោយ​ឈាម និង​មាន​ស្នាម​ត្រូវ​គ្រាប់​កាំភ្លើង​នៅ​ត្រង់​ដើម​ទ្រូង​ផ្នែក​ខាង​ស្ដាំ​នៅ​ជិត​បំពង់ក។

វីដេអូ​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​ហ្វេសប៊ុក បង្ហាញ​ស្ត្រី​ម្នាក់​​ស្រែក​យំ ជាមួយ​នឹង​អះអាង​ថា ជា​ភរិយា​របស់​បុរស​រង​គ្រោះ។

ទំព័រ​​ហ្វេសប៊ុក «សង្គម និង​យុត្តិធម៌» បាន​រៀបរាប់​ថា អ្នកស្រី ណុប ផានី គឺ​ជា​ប្រពន្ធ​បុរស​រង​គ្រោះ​។

ស្ត្រី​រូប​នោះ បាន​រៀបរាប់​ក្នុង​វីដេអូ​នោះ​ថា ប្ដី​របស់​អ្នកស្រី​បាន​ស្លាប់​អំឡុង​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ បន្ទាប់​ពី​ត្រូវ​បាន​នគរបាល​បាញ់​ប្រហារ​ត្រូវ​ចំ​បំពង់កចំនួន ២​គ្រាប់​។

បើ​តាម​ការ​អះ​អាង​របស់​ស្ត្រី​ដដែល​នោះ ប្ដី​របស់​អ្នក​ស្រី​ត្រូវ​បាន​បាញ់​ប្រហារ អំឡុង​ពេល​នគរបាល​ចុះ​ទៅ​បង្ក្រាប​ទីតាំង​ជល់​មាន់​នៅ​ក្នុង​សង្កាត់​ចោមចៅ ខណៈ​ដែល​ប្ដី​អ្នកស្រី​កំពុង​ឈរ​នៅ​មុខ​បន្ទប់​ជួល។

វីអូឌីបាន​ព្យាយាម​ស្វែង​រក​ការ​បក​ស្រាយ​ពី​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ និង​ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ លោក ជួន សុវណ្ណ ប៉ុន្តែ ទូរស័ព្ទ​ចូល​គ្មាន​អ្នក​លើក​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ