លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃពុធនេះ បានព្រមានវេជ្ជបណ្ឌិតម្នាក់ឲ្យមានការប្រុងប្រយ័ត្នចំពោះការលើកឡើងថា កូនស្រីរបស់លោកឈ្មោះ ហ៊ុន ម៉ាណា នឹងទៅគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា។
នៅក្នុងពិធីជួបជាមួយកម្មករនៅព្រឹកនេះលោក ហ៊ុន សែន លើកឡើងថា មានវេជ្ជបណ្ឌិតម្នាក់ ជជែកគ្នាតាមទូរសព្ទហើយនិយាយថា កូនស្រីរបស់លោក នឹងទៅគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា។ លោក ហ៊ុន សែន ច្រានចោលព័ត៌មាននេះ។
លោកថ្លែងថា៖ «ម្សិលមិញលោកឯង និយាយខុស លោកឯងនិយាយថា បន្តិចទៀត ហ៊ុន ម៉ាណា ជាកូនស្រីរបស់ខ្ញុំមកគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា លោកឯងត្រូវប្រយ័ត្នប្រយ៉ែងពាក្យសម្តីអស់នេះ។ អាសីហា វាស្តាប់បានហើយ វាចែករំលែកមកឲ្យខ្ញុំ អ្នកឯងនិយាយចេញពីមន្ទីរពេទ្យគន្ធបុប្ផា ខ្ញុំស្គាល់មុខអ្នកឯងហើយ ឈ្មោះអី? នៅណា? ហើយជាពេទ្យផ្នែកវះកាត់»។
លោក ហ៊ុន សែន បញ្ជាក់ថា បើទោះជាមិនពាក់ព័ន្ធមន្ទីរពេទ្យគន្ធបុប្ផា ប៉ុន្តែកូនស្រីរបស់លោក ត្រូវបរិច្ចាគឲ្យមន្ទីរពេទ្យនេះ ១ឆ្នាំ ១លានដុល្លារ។
លោកវេជ្ជបណ្ឌិត Beat Richner មានវ័យ៧០ឆ្នាំ ជាជនជាតិស្វីស គឺជាគ្រូពេទ្យកុមារនិងជាអ្នកលេង Cello ម្នាក់ផងដែរ។ លោកជាប្រធានមូលនិធិគន្ធបុប្ផា ដែលបានបង្កើតឡើងក្នុងទីក្រុងហ៊្សូរីច (Zurich) ក្នុងឆ្នាំ១៩៩១។
ប៉ុន្តែដោយសារបញ្ហាជំងឺ កាលពីខែមីនាឆ្នាំ២០១៧ លោក Beat Richner បានសុំលាឈប់ពីតំណែងប្រធានមន្ទីរពេទ្យគន្ធបុប្ផា។ បច្ចុប្បន្នមន្ទីរពេទ្យគន្ធបុប្ផាមាននៅរាជធានីភ្នំពេញ និង នៅសៀមរាប ហើយព្យាបាលជំងឺកុមារដោយមិនយកលុយប្រមាណ៥០ម៉ឺននាក់ក្នុង១ឆ្នាំ៕