នាយករដ្ឋមន្ត្រីអំពាវនាវឲ្យស្ថាប័នរដ្ឋនិងឯកជនចូលរួមថែរក្សាបរិស្ថាន​តាមដងទន្លេ​

ទឹកស្អុយបង្ហូរចូលទន្លេនៅម្តុំព្រះបរមរាជវាំង

លោកនាយរដ្ឋមន្ត្រីអំពាវនាវឲ្យ​ស្ថានប័នរដ្ឋនិងឯកជន រួមទាំងប្រជាពលរដ្ឋថែរក្សាបរិស្ថាន​នៅតាមដងទន្លេឲ្យបានស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរ និងទុកជាមរតកដល់មនុស្សជំនាន់​ក្រោយ។​

​ក្នុងសារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ចូលរួម​អបអរបុណ្យទន្លេ ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែមីនានេះ លោក​បានអំពាវនាវឲ្យប្រតិបត្តិករទេសចរណ៍ ជាតិ អន្តរជាតិ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ​ចូលរួម​ថែរក្សាសោភ័ណភាព អនាម័យ បរិស្ថាន​នៅតាមដងទន្លេ។​

លោកនាយករដ្ឋមន្ត្រីលើកឡើងទៀតថា ការរៀបចំបុណ្យទន្លេ ការថែរក្សាបរិស្ថាននឹងអាចជួយធ្វើឲ្យកម្ពុជាក្លាយទៅជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ដែលអាចផ្តល់ប្រាក់ចំណូល បង្កើនការងារ និងកាត់បន្ថយភាពក្រីក្រ។

លោក ហូ វណ្ឌី អគ្គលេខាធិការសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជា មានប្រសាសន៍ថា ១០ឆ្នាំចុងក្រោយនេះវិស័យទេសចរណ៍​ មានការីកចម្រើនខ្លាំង ប៉ុន្តែលោកថា អនាម័យទាំងលើគោក និង ក្នុងទឹកនៅតែចោទជាបញ្ហា។​  លោក ជំរុញឲ្យអ្នកពាក់ព័ន្ធរៀបចំផែនការដោះស្រាយឲ្យបានច្បាស់លាស់។​ លោកថា៖ «ក្នុងករណីអាជ្ញាធរថ្នាក់ក្រោមជាតិ លោកជួយជ្រោមជ្រែង មិនបាច់ធ្វើដល់១០០ភាគរយទេទាន! ត្រឹមតែ៣០ទៅ៥០ភាគរយ ចេញតែគំនិត កម្លាំងបន្តិចបន្តួចទេទានណា! មិនអស់លុយទេ! ការគៀងគរប្រជាជន ជាពិសេសអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ហ្នឹង លោកគ្រាន់តែជួយ តាមរោងចក្រក្តី ទីប្រជុំជន ផ្សារ ណាទានណា! ឲ្យគាត់រក្សាអនាម័យដោយខ្លួនគាត់រក្សាអនាម័យដោយខ្លួនគាត់ មួយខែឬពីរខែជុំគ្នាម្តងធ្វើអនាម័យរួមហ្នឹង ខ្ញុំជឿថាអាចធ្វើទៅរួច»។

លោក ហូ វណ្ឌី បន្តថា កាលពីឆ្នាំ២០១៤លោកធ្លាប់ស្នើសុំលោក​នាយករដ្ឋមន្ត្រីឲ្យដាក់ផែនការណ៍តម្រូវឲ្យវិស័យរដ្ឋ និង ឯកជន​ជួយសហការសំអាតបរិស្ថានដើម្បី ទាក់ទាញ​ភ្ញៀវ​ទេសចរ។ លោកថា ពេលនោះមានការឯកភាព តែថា ការអនុវត្តធ្វើឡើងបានតែមួយពេលខ្លីប៉ុណ្ណោះ។​​​

ការប្រារព្ធធ្វើ​​បុណ្យទន្លេនៅឆ្នាំនេះ  គឺជាលើកទី៣ ដែលរដ្ឋាភិបាលរៀបចំធ្វើឡើងនៅក្នុងខេត្តស្ទឹងត្រែង។​ ប្រធានបទនៃបុណ្យទន្លេឆ្នាំនេះ ក្រោមប្រធានបទ ផ្សារភ្ជាប់ប្រជាជន ទេសចរណ៍ វប្បធម៌ និងបរិស្ថាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ