នៅក្នុងបន្ទប់រៀនមួយ ដែលមានសិស្សប្រមាណជាង១០នាក់ កំពុងផ្ចិតផ្ចង់ត្រង់ត្រាប់ស្ដាប់គ្រូបង្រៀនពី ជំនាញកាត់ដេរសំលៀកបំពាក់ សិស្សម្នាក់ក្នុងចំណោមនោះ គឺកញ្ញា យ៉យ ចាន់រ៉ន។ ស្ថិតក្នុងវ័យ១៨ឆ្នាំ និងនិយាយដោយទឹកមុខស្រស់ស្រាយ កញ្ញាថា សប្បាយចិត្ត ដែលមានឱកាសបានចូលរៀននៅ «មជ្ឈមណ្ឌលសិក្សាសហគមន៍» ឃុំជ្រៃ ខេត្ដព្រៃវែង។
ខណៈដៃទាំងពីរកំពុងមមាញឹករវៃម៉ាស៊ីនដេរ កញ្ញា យ៉យ ចាន់រ៉ន រៀបរាប់ថា កញ្ញាបានបោះបង់ការសិក្សានៅសាលារដ្ឋត្រឹមថ្នាក់ទី៨ ដោយសារ គ្រួសារគ្មានលទ្ធភាពផ្គត់ផ្គង់ឲ្យបន្ដការសិក្សាបាន។ កញ្ញាថា មូលហេតុ នាំឲ្យកញ្ញាមករៀននៅមជ្ឈមណ្ឌលអភិវឌ្ឍជំនាញនេះ គឺដោយសារកញ្ញាចង់ចេះជំនាញកាត់ដេរឲ្យបានច្បាស់ ដើម្បីអាចប្រកបមុខរបរចិញ្ចឹមជីវិតទៅថ្ងៃមុខ។
កញ្ញាថា៖ «អត់ផង ចាស ខ្ញុំឈប់រៀនហើយ ខ្ញុំឈប់រៀនថ្នាក់ទី៨ ផ្ទះខ្ញុំអត់មានលទ្ធភាពឲ្យរៀន ម៉ែខ្ញុំនៅផ្ទះ។ ខ្ញុំចង់ទៅកាត់ដែរនៅភ្នំពេញ ហើយខ្ញុំចង់ចេះជំនាញនេះដែរ»។
កញ្ញាលើកឡើងថា កញ្ញាបានរៀនសូត្រច្រើនពីជំនាញកាត់ដេរនេះ ដោយថា បើពុំមាន «មជ្ឈមណ្ឌលសិក្សាសហគមន៍ ឃុំជ្រៃ» ត្រូវបានបង្កើតឡើងទេ ម្ល៉េះសមកញ្ញា ត្រូវតែលតោល មិនបានសិក្សាជំនាញអ្វីនោះទេ។ កញ្ញានិយាយថា មិត្តភ័ក្ដិផ្សេងទៀតរបស់កញ្ញា ត្រូវបង្ខំចិត្តចាកចេញពីខេត្តព្រៃវែងដើម្បីបន្ដការសិក្សាជំនាញនៅទីក្រុងភ្នំពេញ និងខ្លះទៀតត្រូវធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ។
កញ្ញាថា៖ «ខ្ញុំសង្ឃឹមថា ចេះដេរ ចេះកាត់ ចា ខ្ញុំសប្បាយចិត្ត ពេលគេបង្កើតសាលាឲ្យយើងរៀនឲ្យយើងរៀន សម្រាប់អ្នកឈប់រៀន (បោះបង់ការសិក្សា) ខ្ញុំសប្បាយចិត្ត ព្រោះអ្នកឈប់រៀន ដែលមិនបានចេះអី មករៀនចឹងទៅ មករៀនចឹងទៅ បានមានជំនាញ។ ខ្ញុំចង់ហៅគាត់មកដែរ តែខ្លះគាត់នៅរៀន អ្នកខ្លះទៅភ្នំពេញ អ្នកខ្លះទៅថៃ»។
កំពុងផ្ចិតផ្ចង់កៀបសក់ឲ្យមិត្តរួមថ្នាក់ និងយកចិត្តទុកលើការបង្ហាត់បង្ហាញរបស់គ្រូជំនាញសិស្សម្នាក់ទៀតគឺ កញ្ញា អៀត ធីតា។ ឋិតក្នងវ័យ១៥ឆ្នាំ សព្វថ្ងៃ អៀត ធីតា កំពុងរៀននៅថ្នាក់ទី៦ នៃសាលាបឋមសិក្សាជ្រៃស្រុកស្វាយអន្ទរ និងស្ថិតក្រោមការមើលថែរបស់ជីដូនចាស់នៅផ្ទះ។ កញ្ញា ធីតា បានឲ្យដឹងថា ដោយសារបញ្ហាជីវភាពចេះតែខ្វះខ្វាត ឪពុកម្ដាយរបស់កញ្ញា បានចាកចេញទៅធ្វើការរកស៊ីនៅប្រទេសថៃ ដើម្បីរកប្រាក់កម្រៃមកចិញ្ចឹមគ្រួសារ និងផ្គត់ផ្គង់ការសិក្សារបស់កញ្ញា។
កញ្ញានិយាយថា ខ្លួនពេញចិត្តនឹងជំនាញ «សំអាងការ» នៅមជ្ឈមណ្ឌលសិក្សាសហគមន៍ ឃុំជ្រៃ ដោយកញ្ញាសង្ឃឹមថា ទៅថ្ងៃអនាគត នឹងអាចបើកហាងសំអាងការមួយ ដើម្បីមានមុខរបរផ្ទាល់ខ្លួន។
កញ្ញាថា៖ «ធ្វើធម្មតា ពេលខ្លះ ប៉ាខ្ញុំគាត់ទៅធ្វើការសំណង់ ហើយឥឡូវគាត់ទៅថៃហើយ គាត់ទៅទាំងពីរ។ សំអាងការ នៅរៀននៅហ្នឹងព្រោះ នៅហ្នឹងអត់យកលុយ ហើយនៅជិតផ្ទះ ហើយណាមួយម៉ាក់ខ្ញុំ គាត់ចង់ឲ្យខ្ញុំរៀនសំអាងការ ពេលធំទៅ គាត់ថា បើរៀនចេះ គាត់បើកហាងតូចមួយឲ្យខ្ញុំ»។
លេខាធិការមជ្ឈមណ្ឌលសិក្សាសហគមន៍ ឃុំជ្រៃលោក សុខ ចន្នី បានឲ្យដឹងថាមជ្ឈមណ្ឌលសិក្សាសហគមន៍ ឃុំជ្រៃនេះ បានចាប់ដំណើរការតាំងពីខែមេសាឆ្នាំ២០១៦ និងទទួលបានជំនួយឧបត្ថម្ភពីអង្គការអាក់តិដ ព្រមទាំងអង្គការពាក់ព័ន្ធផ្សេងទៀត។
លោកបន្ដថា ចាប់តាំងពីបង្កើតឡើង មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញឃុំជ្រៃនេះ បានទទួលសិស្សឲ្យចូលរៀនជាហូរហែរ ដោយថា ទោះបីមិនស្ថិតក្នុងចំនួនច្រើនក្ដី ប៉ុន្ដែលោកថាបានជួយដល់សិស្សដែលបោះបង់ការសិក្សា ឲ្យងាកមកចាប់យកអាជីពផ្ទាល់ខ្លួននិងទប់ស្កាត់កុំឲ្យពួកគេបន្ដធ្វើចំណាកស្រុកទៅក្រៅប្រទេស។
បើតាមលោក សុខ ចន្នី ក្នុងចំណោមប្រជាពលរដ្ឋ៨ពាន់នាក់ រស់នៅឃុំជ្រៃ ខេត្តព្រៃវែងមានមនុស្សប្រមាណ៥ពាន់នាក់ បានសម្រេចចិត្តចាកចេញទៅធ្វើការនៅក្រៅប្រទេស ពិសេសនៅប្រទេសថៃ និងសល់ប្រមាណជាង ៣ពាន់នាក់ទៀត កំពុងធ្វើការរកស៊ីនៅក្នុងស្រុក។ លោកថា មូលហេតុនៃការចំណាកស្រុកច្រើនដូចនេះ ដោយសារនៅខេត្តព្រៃវែង មិនសូវមានការងារធ្វើនិងថា អ្នកខ្លះចេញទៅក្រៅប្រទេស ដោយចង់មានចង់បានទើបត្រឡប់មកវិញ។
លោកថា៖ «ការបង្រៀនខ្ញុំបានបញ្ជាក់ពីផលប្រយោជន៍ ឥឡូវអង្គការ។ ឥឡូវអង្គការគាត់បានសហការជាមួយអង្គការដៃគូ ព្រមទាំងក្រសួង គាត់បានមកយកចិត្តទុកដាក់ ឧបត្តម្ភគាំទ្រយើងជាសម្ភារៈបរិក្ខារច្រើនណាស់ គ្រប់សព្វ ហើយយើងគ្រាន់តែមករៀនសោះ យើងយកចំណេះ បើយើងទៅរកស៊ី អត់ទៀងទេ ខ្ញុំបានបញ្ជាក់អញ្ចឹង»។
ដោយមើលឃើញពីអត្រាបោះបង់ការសិក្សា និងចំណាកស្រុកច្រើនដូច្នេះ លោក សុខ ចន្នី បានប្ដេជ្ញាថានឹងជួយទ្រទ្រង់មជ្ឈមណ្ឌលសិក្សាសហគមន៍ ឃុំជ្រៃ ឲ្យកាន់តែរឹងមាំដោយថា ដើម្បីជួយដល់ប្រជាពលរដ្ឋ និងយុវជន នៅក្នុងខេត្ដនេះ អាចចាប់យកជំនាញ ដើម្បីចិញ្ចឹមជីវិតរបស់ពួកគេ ជាជាងបន្ដផ្សងព្រេងទៅធ្វើការនៅក្រៅប្រទេស។
លោក ពក បញ្ញាពេជ្រ ជាប្រធានគម្រោងអប់រំក្រៅប្រព័ន្ធរបស់អង្គការអាក់តិដ ដែលធ្វើការលើផ្នែកអប់រំក្រៅប្រព័ន្ធ បានឲ្យដឹងថា ការអនុវត្តគម្រោងមជ្ឈមណ្ឌលសិក្សាសហគមន៍ ឃុំជ្រៃ បានបង្កើតឡើងនៅឆ្នាំ២០១៥ ដោយមានគោលដៅជួយដល់សិស្សានុសិស្សនិងប្រជាពលរដ្ឋ ដែលគ្មានការងារធ្វើឲ្យងាកមកចាប់យកជំនាញ ដូចជា ផ្នែកសំអាងការ ជួសជុលម៉ូតូ ថ្នាក់អក្ខរកម្ម និងវង់ភ្លេងប្រពៃណី ជាដើម។
លោក ពក បញ្ញាពេជ្រ លើកឡើងថា នៅខេត្តព្រៃវែងនេះ មានមជ្ឈមណ្ឌលសិក្សាសហគមន៍ចំនួន១៤ ក្នុងនោះ មជ្ឈមណ្ឌលសិក្សាសហគមន៍១០ ជារបស់រដ្ឋ និងចំនួន៤ទៀត ជាគំនិតផ្ដួចផ្ដើមរបស់អង្គការក្រៅរដ្ឋាភិបាល។ លោកអះអាងថា ក្នុងមួយឆ្នាំៗ មជ្ឈមណ្ឌលសិក្សាសហគមន៍ បានជួយបណ្ដុះបណ្ដាលធនធានមនុស្សប្រមាណជិត ៦០០នាក់ នៅខេត្តព្រៃវែងនេះ។
លោកថា៖ «ជាគោលដៅចំបង គឺយើងប្រមូលសិស្សដែលគាត់បោះបង់ការសិក្សា ហើយគាត់ចំណាកស្រុក ឧទាហរណ៍ជាក់ស្ដែង ថ្ងៃនេះ យើងបានអញ្ជើញ កូនសិស្សម្នាក់ដែលគាត់ ទើបមកពីប្រទេសថៃ។ គាត់បានចំណាកស្រុកច្រើនឆ្នាំហើយ ដោយសារគាត់អត់មានលទ្ធភាព ហើយគាត់អត់ដឹងថា ទៅរៀនជំនាញខ្លីនៅណា អញ្ចឹងធ្វើឲ្យគាត់ចំណាកស្រុក»។
ប្រធានគម្រោងអប់រំក្រៅប្រព័ន្ធរបស់អង្គការអាក់តិដ លោក ពក បញ្ញាពេជ្របន្ថែមថា នៅឆ្នាំចុង២០១៧នេះ អង្គការអាក់តិដនឹងធ្វើសមាហរណកម្ម ដោយផ្ទេរ «មជ្ឈមណ្ឌលសិក្សាសហគមន៍ ឃុំព្រៃ» ឲ្យទៅរដ្ឋគ្រប់គ្រង់ជំនួស ដោយថា អង្គការក្រៅរដ្ឋាភិបាលពុំមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីទ្រទ្រង់មជ្ឈមណ្ឌលនេះបានរហូតទេ ពោលគឺមានតែរដ្ឋប៉ុណ្ណោះ ដែលអាចធ្វើបាន។
អនុប្រធាននាយកដ្ឋានអប់រំក្រៅប្រពន្ធនៃក្រសួងអប់រំ យុវជន និងកីឡា លោក យាវ ផលសាយ បានសាទរចំពោះការបង្កើតមជ្ឈមណ្ឌលសិក្សាសហគមន៍នេះឡើង ដោយលោកថា វាបានជួយកាត់បន្ថយចំនួនសិស្សបោះបង់ចោលការសិក្សា ដោយងាកមកចាប់យកការសិក្សាជំនាញនៅក្នុងប្រទេសវិញ។
លោកបន្ថែមថា ការផ្ទេរមជ្ឈមណ្ឌលសិក្សាសហគមន៍ឃុំជ្រៃ ឲ្យក្រសួងអប់រំ យុវជន និងកីឡា គ្រប់គ្រងបន្ដនោះបច្ចុប្បន្នគឺកំពុងស្ថិតក្នុងនីតិវិធីស្នើសុំទៅក្រសួង និងថា លោក និងអាជ្ញាធរពាក់ព័ន្ធ នឹងបន្ដថែរក្សា មជ្ឈមណ្ឌលសិក្សានេះឲ្យគង់វង្ស ដើម្បីរួមចំណែកក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំរបស់រដ្ឋាភិបាល និងកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ។
លោកថា៖ «បើតាមខ្ញុំមក និងស៊ើបសួរអ្នកដែលគ្រប់គ្រងនៅទីនេះ គាត់ថាមានមនុស្សច្រើនដែលត្រូវធ្វើចំណាកស្រុក។ ការបង្កើតមជ្ឈមណ្ឌលសិក្សាសហគមន៍ វាមានផលប្រយោជន៍ច្រើនណាស់ ចំពោះអ្នកដែលគ្មានឱកាស ដើម្បីផ្ដល់ឱកាស នៅពេលហ្នឹង ដើម្បីឲ្យគាត់បានចូលមករៀន តាមរយៈកម្មវិធីអក្ខរកម្ម កម្មវិធីសមមូលបឋមសិក្សាក្ដី ព្រោះកន្លែងនេះជាស្ពានសម្រាប់ជួយ»។
យ៉ាងណាក៏ដោយ ប្រធានគម្រោងអប់រំក្រៅប្រព័ន្ធរបស់អង្គការអាក់តិដ លោក ពក បញ្ញាពេជ្រគូសបញ្ជាក់ថា ក្រៅពីមជ្ឈមណ្ឌលសិក្សាសហគមន៍ឃុំជ្រៃនេះ អង្គការអាក់តិដ និងអង្គការពាក់ព័ន្ធ ក៏មានបំណងបន្ដអភិវឌ្ឍឲ្យមានគំរូមជ្ឈមណ្ឌលសិក្សាសហគមន៍បែបនេះ នៅតាមបណ្ដាខេត្តផ្សេងទៀតដោយថា ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
លោកថា៖ «ធ្វើបច្ចុប្បន្នភាព អ្វីដែលយើងបានធ្វើទៅថ្នាក់ដឹកនាំក្រសួង ដើម្បីឲ្យគាត់បានដឹង។ ដូច្នេះខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការចូលរួមរបស់គាត់ ធ្វើឲ្យមជ្ឈមណ្ឌលសិក្សាសហគមន៍យើង មាននិរន្ដរភាព»៕