រដ្ឋាភិបាលកម្ពុជា សម្រេចផ្ទេរការគ្រប់គ្រងកុមារពីមណ្ឌលកុមារកំព្រាទៅគ្រួសាររបស់ពួកគេវិញ ដោយថាកុមារគ្រប់រូបមានសិទ្ធិទទួលបានការថែទាំពីក្រុមគ្រួសារ ខណៈដែលការរស់នៅមណ្ឌលកុមារកំព្រា ក្រសួងរកឃើញថា បានរំលោភដល់សិទ្ធិកុមារ។
ក្រសួងសង្គមកិច្ច ជាមួយមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារយូនីសេហ្វ បានសម្រេចផ្ទេរការគ្រប់គ្រងកុមារដែលកំពុងរស់នៅមណ្ឌលកុមារកំព្រាឲ្យទៅនៅជាមូយក្រុមគ្រួសាររបស់ពួកគេវិញ បន្ទាប់ពីរកឃើញថាជិត៨០% នៃកុមារដែលរស់នៅមណ្ឌលកុមារកំព្រាទាំងអស់នៅកម្ពុជាសុទ្ធតែជាក្មេងដែលមានឳពុកម្តាយដែលត្រូវការភាពកក់ក្តៅពីគ្រួសាររបស់ខ្លួន។ កម្មវិធីនេះ បានចាប់ផ្តើមកាលពីឆ្នាំ២០១៦ ដោយធ្វើលើខេត្តរាជធានីចំនួន៥ មានភ្នំពេញ បាត់ដំបងសៀមរាប កណ្តាល និងព្រះសីហនុ ដែលជាដំបូងផ្ទេរកុមារ៣០ភាគរយ ពីមណ្ឌលកុមារកំពា្រទាំងនោះ។
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចលោក វង្ស សូត មានប្រសាសន៍ក្នុងពិធីបើសិក្ខាសិលាផ្សព្វផ្សាយលទ្ធផលនៃការកំណត់ផែនទីមណ្ឌលថែទាំកុមារនៅថ្ងៃទី២០មេសានេះថា បច្ចុប្បន្នមានមណ្ឌលកុមារកំពា្រច្រើនកន្លែងដែលបានបើកនៅកម្ពុជា។ លោកថា ការបើកច្រើនកន្លែងនេះ មិនមែនមានន័យថាកម្ពុជាសម្បូរទៅដោយក្មេងកំព្រានោះទេ គឺបណ្តាលមកពីទម្លាប់នៃការចិញ្ចឹមក្មេងនៅក្នុងមណ្ឌលគឺកើតមានដដែល ដែលទម្លាប់នេះ មិនត្រឹមតែធ្វើឲ្យមានមណ្ឌលច្រើននោះទេ ថែមទាំងមានជនឆ្លៀតឱកាសខ្លះបានធ្វើអាជីវកម្មលើកុមារនេះផងដែរ។
លោកថា៖ «[…] ខ្ញុំចង់និយាយថា ស្ថានភាពបាត់បង់គ្រួសារ វាលែងដូចជាស្ថានភាព៧៩ទៀតហើយ ប៉ុន្តែស្ថានភាពចិញ្ចឹមក្មេងស្ថានភាពបង្កើតមណ្ឌល វាចេះថយចុះ វានៅតែកើនឡើង ហើយនៅក្នុងស្ថានភាពមួយ ដែលវាមិនមែនកំព្រាដូចកាលពី៧៩ ទៀតទេ បើនិយាយមកដល់ពេលនេះណា។ ខ្ញុំមិនបានស្រាវជា្រវអីឲ្យបានពិតប្រាកដទេ តែថា ស្ទើរទាំងអស់នោះអត់មានកំព្រាទៀតទេ គ្រាន់តែថាខ្លះនៅឪពុក ខ្លះនៅម្តាយ ខ្លះនៅទាំងឪពុកនៅទាំងម្តាយ តែស្ថិតក្នុងស្ថានភាពលំបាកយកកូនទៅដាក់មណ្ឌលដើម្បីជួយទ្រទ្រង់ជីវភាព»។
លោកបន្តថា មណ្ឌលថែទាំកុមារ គឺជាជំរើសចុងក្រោយបង្អស់ ហើយគ្រាន់តែជាដំណោះស្រាយបណ្តោះអាសន្នតែប៉ុណ្ណោះ ហើយគ្មានកន្លែងណា ជាកន្លែងល្អបំផុតសម្រាប់កូនៗ ដូចគ្រូសារនោះទេ។
លោក បន្ថែមថា ការផ្ទេរនេះគឺរដ្ឋនិងដៃគូពាក់ព័ន្ធជាអ្នកទទួលខុសត្រូវផ្តល់ការគាំពារទៅដល់កុមារទាំងនោះទាំងថវិកា និងអាហារូបត្ថម្ភដូចនៅមណ្ឌលថែទាំកុមារផងដែរ ធ្វើយ៉ាងណាឲ្យកុមារទាំងនោះបាននៅជុំគ្រួសាររបស់ពួកគេ។
តំណាងអង្កការយូនីសេហ្វប្រចាំកម្ពុជាលោកស្រី ដេបូរ៉ា កូមីនី បានឲ្យដឹងថា យូនីសេហ្វគាំទ្រដល់ការផ្ទេរនេះ ដោយសារតែការរស់នៅក្នុងមណ្ឌលថែទាំទាំងនោះពុំបាន ផ្តល់នូវលក្ខខណ្ឌសម្រាប់រីកចំរើនរបស់កុមារបានល្អប្រសើរដូចជានៅក្នុងក្រុមគ្រួសារនោះទេ លើសពីនេះទៀត មណ្ឌលជាច្រើននៅកម្ពុជា មិនស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រសួងទៅទៀត។ ដូច្នេះ ការដែលឲ្យកុមារទៅនៅជាមួយមណ្ឌលថែទាំទាំងនោះគឺអាចមានហានិភ័យច្រើន។
លោកស្រីថា៖ «ការស្រាវជ្រាវ ជាលក្ខខណៈវិទ្យាសាស្ត្រជាច្រើន បានបង្ហាញថា ការរស់នៅមណ្ឌលថែទាំកុមារនោះគឺវា មានគ្រោះថ្នាក់ចំពោះការអភិវឌ្ឍន៍ផ្លូវកាយផ្លូវចិត្ត អារម្មណ៍ និងសង្គមរបស់កុមារ ហើយនឹងផលប៉ះពាល់រយៈពេលវែង ដល់គេនៅពេលដែលគេ ក្លាយជាមនុស្សពេញវ័យ…ដូច្នេះក្មេង គឺមិនត្រូវយកទៅដាក់នៅមណ្ឌលនោះទេ បើសិនជាគ្មានការចាំបាច់នោះ»។
របាយការណ៍របស់ក្រសួងសង្គមកិច្ចបានឲ្យដឹងថា កុមារដែលកំពុងរស់នៅកន្លែងថែទាំកុមារនៅកម្ពុជាទាំងអស់ពេលបច្ចុបុ្បន្នមានចំនួន២៦ ១៨៧នាក់ ដែលរស់នៅកន្លែងថែទាំចំនួន៦៣៩ ទូទាំងប្រទេស។
ការសម្រេចផ្ទេរ៣០ភាគរយ នៃកុមារដែលរស់នៅមណ្ឌលថែទាំក្នុងរាជធានី និងខេត្តចំនួន៥ទាំងនោះ ធ្វើឲ្យក្រសួងសង្ឃឹមថា កុមារចំនួន៣ ៥០០នាក់ នឹងត្រូវបានធ្វើសមាហរណកម្មពីមណ្ឌលថែទាំនោះ ដែលធ្វើឲ្យចំនួនកុមារនៅមណ្ឌលទាំងនោះមានចំនួនតិចជាង៨០០០នាក់៕