វិភាគ៖ តើការព្រមានបិទកាសែតខេមបូឌាដេលី ជាសារគំរាមសារព័ត៌មានឯករាជ្យ ឬទេ?

អ្នកវិភាគធ្លាប់និយាយថា គណបក្សប្រឆាំង ត្រូវ​បានគេ​គូ​ស​វាសឲ្យដើរលើផ្លូវដ៏តូចសង្អៀត និងប្រកបដោ​យគ្រោះ​ថ្នា​ក់មួយ ទៅកាន់ការបោះឆ្នោតជាតិឆ្នាំ២០១៨ តាមរយៈវិសោធ​នកម្មច្បាប់​គណ​​ប​ក្ស​នយោ​​បាយជា​លើកទី​២ ​ដែលស្នើឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។​

វិធានការថ្មីមួយទៀត ដែលសាធារណជនរិតភ្ជាក់ផ្អើលនៅសប្តាហ៍នេះ គឺសារគំរាមកំហែងដល់​សារ​ព័ត៌មា​នឯ​ករាជ្យនោះ គឺការដែលរដ្ឋាភិបាល គំរាមបិទ កាសែតខេមបូឌា ដេលី។

អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី៤ខែមេសា បានព្រមានចាត់វិធានការ កាសែត ខេមបូឌា ដេលី ដោ​យថា ក្នុងរយៈពេល៣០ថ្ងៃ បើអ្នកគ្រប់គ្រងកាសែតនេះ មិនព្រមទៅបង់ពន្ធ ដែលថា ជំពាក់​រដ្ឋ១០ឆ្នាំ​ម​កនេះ​ ចំនួនជាង ៦លានដុល្លារនោះ។

ជាងនេះទៅទៀត សារព័ត៌មាន Fesh News ដែលគេថា ស្ថិតនឹងរដ្ឋាភិបាល បានស្រង់សម្តី ប្រ​តិភូ​រា​ជ​រដ្ឋាភិបាល នឹងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក គង់ វិបុល ម​ក​ចុះផ្សាយថា «កាសែត Cambodia Daily អាចនឹងបិទទាំងស្រុង និងរឹបអូសយកទ្រព្យ​ស​ម្ប​ត្តិ ប្រសិ​ន​បើ​​​ឱ​សានវាទនៃការកំណត់ របស់អគ្គនាយកដ្ឋានពន្ធដារ ចូលមកដល់នៅថ្ងៃទី០៤ខែ​កញ្ញាឆ្នាំ​២០១​៧​ »។

តើការព្រមាននេះ ជាសារគំរាមដល់អ្នកសារព័ត៌មានឯករាជ្យផ្សេងទៀត ឬទេ?

នាយកប្រតិបត្តិសម្ព័ន្ធគនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ នៅមិនទាន់ជឿលើការចោទប្រកាន់នេះ ទាំងស្រុងនៅឡើយទេ ដោយ​លោកដាក់ការសង្ស័យថា កាសែត ដេលី ជាស្ថាប័នអន្តរជាតិ មិនគួឲ្យជឿ ពី​ការឆ​​កល្វែងការបំពេញកាតព្វកិច្ចបង់ពន្ធ រហូតដល់ទៅ១០ឆ្នាំនោះទេ បើខ្លួ​ន​ពិត​ជា​ស្ថាប័នរកប្រា​ក់ចំ​ណេ​ញ​មែ​ននោះ។

លោក សន ជ័យ លើកឡើងទៀតថា បើសិនជាកាសែតនោះ ពិតជាបានខកខានបង់ពន្ធជាប់គ្នារហូត១​០​ឆ្នាំ​ពិតមែន លោកថា វាពិតជាឆ្លុះបញ្ចាំងឲ្យឃើញថា ស្ថាប័នពន្ធដារ និង ​ម​ន្ត្រីព​ន្ធដារ ពិតជា​អសមត្ថភា​​ពក្នុងកា​រប្រ​មូ​លពន្ធ ដោយថា ជាទូទៅ បើស្ថាប័នណាមួយ ខកខានទៅបង់ពន្ធ១ឆ្នាំ ឬ២ឆ្នាំ លោកថា​ក្រសួង​សមី ត្រូ​វជូ​​នដំណឹង រំឭកឲ្យម្ចា​ស់​ស​ហគ្រា​​​ស​​​នោះ ​​​​​​ចូលខ្លួនទៅ​បំពេញកាតព្វកិច្ចបង់ពន្ធ មិនគួរទុកដល់​១០ឆ្នាំ​ដូចករ​ណីនេះទេ។

មួយវិញទៀត លោក សន ជ័យ ថា នាយកដ្ឋានពន្ធដារ មានសិទ្ធិត្រឹមប្រមូលពន្ធ តែការបិទដំ​ណើរការផ្សា​យរបស់​កាសែ​តនេះ លោកថា ជាចំណាត់ការរបស់ក្រសួងព័ត៌មាន ឬ ស្ថាប័នតុលាការ។

លោក សន ជ័យ ចាត់ទុកការព្រមាន របស់អគ្គនាយកពន្ធដារនេះ ថា ជាការខុសឆ្គងមួយ និងថា បានចា​ប់កំ​​ហុសទុកមុននេះ ហាក់បានរំលោភលើស្ថាប័នជំនាញពីរផ្សេងទៀតខាងលើ។

លោកថា៖ «បើសិនជាគេបិទ គេហៅថា ជារូបវន្តបុគ្គល ដែលតំណាងឲ្យសហគ្រាស ដែលខេមបូឌា ដេលី ដែលជា ស្ថាប័ននីតិបុគ្គលហ្នឹង គេអាចប្តឹងតវ៉ាផ្លូវច្បាប់ទៅតុលាការ អីជាដើម អាហ្នឹងធ្វើតាមផ្លូវច្បា​ប់។ប៉ុ​ន្តែ​​រឿង​ពន្ធ វាជាររឿងមួយផ្សេង។ ខ្ញុំដូចជា មិនបានឃើញច្បាប់ពន្ធ ឈានទៅបិទ ឬ បើកស​ហគ្រា​ស​ណា​មួយទេ»

នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកព័ត៌មាន លោក មឿន ឈានណារិទ្ធ លើកឡើងថា កាសែត​ខេម​បូឌា ដេលី ធ្លាប់ចុះផ្សាយចំនុចខ្វះខាត របស់អាជ្ញាធរថ្នាក់ក្រោមជាតិ រួមទាំង ចំនុចរសើបរបស់រ​ដ្ឋាភិបាល។ លោកថា ការព្រមាន កាសែត ដេលី ជាផ្នែកមួយគំរាមដល់​សារ​ព័ត៌មា​នដទៃទៀត ដែលបា​នចូ​ល​រួ​​មផ្សព្វផ្សាយ ដោយឆ្លុះបញ្ចាំងពីការពិតក្នុងសង្គម ជំរុញឲ្យមានអភិបាលកិច្ច តាមបែបប្រ​ជាធិបតេយ្យ។

លោកថា៖ «កាសែតប្រៀបបានជាសវនករ ឫជាក្រុមហ៊ុនសវនកម្ម ដែលផ្តល់សេវា ដោយ​មិនគិតកម្រៃ​ដើម្បីជួយកែលម្អចំពោះការជួយបំពេញការងារ ចំពោះមន្ត្រីរាជការ ក្រសួងមន្ទីរ និងស្ថាប័នផ្សេងៗ របស់រដ្ឋ នៅ​ពេលដែលកាសែតមើលឃើញថា មន្ត្រីណាម្នាក់នៅក្នុងជួររដ្ឋាភិបាល គាត់ធ្វើការមិនបានល្អ ស្ថាប័​នណាមួយ ធ្វើមិនបានល្អ ដូចជាមានអំពើពុករលួយសារព៍ត៌មានចុះផ្សាយវាហាក់ដូចជាជួយ ដល់រដ្ឋា​ភិបាលដើម្បីឲ្យគាត់កែលម្អ នូវការផ្តល់សេវាកាន់តែល្អជូនសាធារណជនកាន់តែប្រើសើ»

លោក មឿន ឈានណារិទ្ធ លើកឡើងដែរថា បើកាសែត រិះគន់រដ្ឋាភិបាលមួយនេះ ត្រូវបានគេបញ្ជា​ឲ្យបិ​ទដូច​ការគំរាមមែន លោកថា រដ្ឋាភិបាលទៅវិញទេ ជាអ្នកខាតប្រយោជន៍ ដោយថា ពេលនេះ ពលរដ្ឋភា​គ​ច្រើ​​ន កំពុងចាប់អារម្មណ៍និងឲ្យ​តម្លៃ ទៅលើ​ប្រ​ព័ន្ធផ្សព្វផ្សាយ ដែលហ៊ានឆ្លុះបញ្ចាំងការពិតក្នុងសង្គម។

លោកថា៖ «ខ្ញុំគិតថា បើសិនជាមានចំណាត់ការទៅលើស្ថាប័នសារព័ត៌មាន ទោះបីអង្គភាពសារព័ត៌មានហ្នឹង មានការរិះគន់ សរសេរព័ត៌មានបែបរសើប ចម្រូងចម្រាសអំពីស្ថាប័ន ឬក៏បុគ្គលណា ម្នាក់ក្នុងជួររដ្ឋាភិបាលក្តី វាជាការខាតបង់។ ខាតបង់ទី១ ខាតបង់ចំពោះរដ្ឋាភិបាលខ្លួនឯង ហើយទី២ វាខាតបង់ដល់សង្គមទាំងមូល ដោ​យ​សារយើមិនមានព័ត៌មានឲ្យបានគ្រប់គ្រាន់»។

ប៉ុន្តែប្រធានក្លឹបអ្នកកាសែតកម្ពុជាលោក ប៉ែន បូណា វិញ លើកឡើងថា វិធានការនេះ មិនមែនជារូប​ភា​ពគំ​រាមកំហែងដល់សេរីភាពសារព័ត៌មានទេ ដោយលោកថា ជាវិធា​នការជំរុញឲ្យគ្រប់គ្នាត្រូវគោរពច្បាប់។

លោកថា៖​​ «ឥឡូវនេះ ខ្ញុំមិនដឹងថា អាជ្ញាធរមានសមត្ថកិច្ច ខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានចំណា​ត់ការយ៉ា​ងម៉េចទេ។ ក៏ប៉ុន្តែ បើសិនជា​មានចំណាត់ការអីអញ្ចឹងមែន ខ្ញុំក៏សូមអំពាវនាវថា ឲ្យស្ថាប័នសារព័ត៌មានយើងទាំងអស់ ដែលបើកពាណិជ្ជកម្ម នៅស្រុកខ្មែរយើងនេះ យើងគួតែគោរពតាមបែបបទនៃការបង់ពន្ធ ឬក៏​គោរពច្បាប់ ដើម្បីចៀសវាងមានបញ្ហា។ ទី២ ទៀត បើមានចំណាត់ការអីអញ្ចឹងមែន កុំឲ្យសារព័ត៌មា​នដ​ទៃ​ទៀ​ត លោកមានអារម្មណ៍ថា ជាការបិទ​សិទ្ធិ​សេរីភាពនាំឲ្យមានការភ័យខ្លាចអី ពីព្រោះនេះ ​ជាលក្ខ​ណ​ផ្លូវ​ច្បាប់ ជាលក្ខណបច្ចេកទេសទេ មិនទាក់​ទង​នឹងសេរីភាពសារព័ត៌មានទេបាទ»។

នៅសប្តាហ៍មុននេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានចេញលិខិតស្នើឲ្យក្រ​សួងព័ត៌មានចាត់វិធា​នកា​រ​ទៅ​​លើប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយចំនួនទៀត មានវិទ្យុអាស៊ីសេរី RFA វិទ្យុសំឡេងសហរដ្ឋអាមេរិក VOA ដែលមាននិន្នាការរិះគន់រដ្ឋាភិបាល ដោយ​ចោទ​ថា​ វិទ្យុ​ទាំង​ពីរ​នេះ​ កំពុង​ប្រតិបត្តិការ​ខុស​ច្បាប់​ មិន​បាន​ចុះ​បញ្ជី​ និង​ បង់​ពន្ធ​ចូល​រដ្ឋ។

បន្ថែមពីនេះទៀត ក៏មានសារគំរាមវាយឲ្យបាក់ធ្មេញ បើហ៊ាននិយាយពាក្យថា ដូរមិនដូរ វាយក្បា​លនិ​ងគល់ឫស្សី បើហ៊ានតវ៉ាប្រឆាំងលទ្ធផលបោះឆ្នោត និងសារគំរាមពីសង្គ្រាមជាដើម បើគណបក្ស​ប្រជាជ​នចាញ់ឆ្នោត។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា លើកឡើងថា បើគេពិនិត្យទៅលើសារគំរា​ម​ផ្នែ​កន​យោ​​​​​​បា​យ ​គំរាមក្រុ​មអង្គការសង្គមស៊ីវិល និងគំរាមកាសែតដេលីនៅពេលនេះ លោកវិភាគថា រដ្ឋាភិ​បាលទំ​នងជាចង់បិទខ្ទប់ សំឡេងអ្នករិះគន់ មុនការបោះឆ្នោតមកដល់ បារម្ភពីការបាត់បង់​សំឡេងគាំទ្រ​នៅថ្ងៃ​បោះ​​​ឆ្នោត។

ប៉ុន្តែលោក សូ ចន្ថា វិភាគថា វិធានការនេះ ហាក់បានជួយឃោសនារកប្រជាប្រិយភាពឲ្យគ​ណបក្ស​ប្រឆាំ​ង​​​​ទៅ​​វិ​ញទេ បើវិធានការ របស់រដ្ឋាភិបាលនោះ មិនបានផ្តល់យុត្តិធម៌ឲ្យអ្នកដែលរងការចោទប្រកាន់ ហើយ បង្ក​ឲ្យអ្នករងគ្រោះ កាន់តែច្រើនទៅៗនោះ។

លោកថា៖​ «មុនការបោះឆ្នោត ហើយមានយុទ្ធនាការបង្ក្រាប ឬក៏មានការគំរាមកំហែង ឬក៏ការគំរា​មបិទនូ​វស្ថាប័នអង្គការសង្គមស៊ីវិល ឬស្ថាប័នសារព័ត៌មានឯករាជ្យផ្សេងៗ នោះ វានឹងនាំឲ្យព​លរដ្ឋកម្ពុជា​កាន់តែ​មើលឃើញពីភាពភ័យខ្លាច របស់បក្សកាន់អំណាច ចំពោះការបោះឆ្នោត​នៅពេលខាងមុខ ​ហើយពេល​នោះ​ហើ​យពលរដ្ឋអាចនឹងមើលឃើញពីភាពមិនល្អ ឬការយល់ឃើញមិនល្អ របស់បក្សកាន់អំណាច អញ្ចឹង​ប្រ​​ជា​ប្រិ​​យភាពនឹងបន្តចុះ មិនអាចកើនឡើងបានទេបាទ»។

បើទោះបីជាអ្នកវិភាគថា បក្សកាន់អំណាចបានធ្វើច្បាប់ដ៏ចម្រូងចម្រាស ចង្អុល​ទិសឲ្យប​ក្សប្រឆាំង ដើរលើ​ផ្លូវ​ដ៏​​តូ​​​ចចង្អៀត និងបង្រួមលំហូរ ប្រជាធិបតេយ្យ មុនការបោះឆ្នោតមកដល់នោះក៏ដោយ ប៉ុន្តែ គេសង្កេ​ត​ឃើ​ញ មេដឹកនាំ​បក្សកា​ន់អំ​ណា​ច លោកនាយក ហ៊ុន សែន បានប្រកាសពី​គម្រោងធ្វើ​ដំណើរទៅ​កាន់​រោ​ច​ច​ក្រ ដើម្បីជួបកម្មករ បាន​ប្រកាស ​​ឲ្យតម្លើងប្រាក់ខែ ដល់​មន្ត្រី​រាជការ គ្រូបង្រៀន ប្រកាស​ ឲ្យឈ​ប់យ​ក​ត​ម្លៃ​​​ធ្វើ​ឯ​កសារមួ​យចំនួ​ននៅថ្នា​ក់ក្រោ​មជា​តិ និងប្រកាស ​ឲ្យតម្លើងប្រាក់ឈ្នួលទាបបំផុត១៦​៨ដុល្លា​រក្នុង​​១ខែ ដល់កម្មករ​ស​​ម្រា​ប់ឆ្នាំ​២០១៨ជាដើម។

ទោះជាយ៉ាងណា អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ​ទទួលបន្ទុកសិ​ទ្ធិមនុស្សប្រ​ចាំក​ម្ពុជា​លោ​​ក ស្រី រ៉ូណាស្មីត បានវាយតម្លៃថា ការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ ការ​​​​​គំ​រា​​មកំ​ហែង ក្រុមអង្គការសង្គមស៊ីវិល សារគំរាមប្រើ​គល់ឫស្សី វាយបង្ក្រា​បក្រុ​​ម​អ្នកតវ៉ា មាននិន្នាការប្រឆាំង នីតិ​វិ​ធី​ឃុំខ្លួនជនសង្ស័យ មុនជំនុំជម្រះ លោកស្រីថា​ ជាសញ្ញា​ណមួ​​យប​ង្ហាញថា កម្ពុជាកំពុងដើរទៅ​រករបត់​ដ៏​​គ្រោះ​​ថ្នាក់​​​​មួយ សម្រាប់ការធានាភាពត្រឹមត្រូវ និងយុត្តិធម៌ ការបោះឆ្នោត ឆ្នាំ​២០​១៨​ខាង​មុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ