សុខ សោម៉ាវត្តី ជាប់លេខជួយឲ្យភាពយន្ត​រកចំណូលខ្ពស់ប្រចាំ​​ឆ្នាំ​២០១៦

តារាសម្តែង នាង សុខ សោម៉ាវត្តី

ក្នុងពិធីសម្ពោធរឿង «​​​សួស្ដីលោកគ្រូកំលោះ» កាលពីថ្ងៃទី២០ខែធ្នូ ​មានការ​ប្រកាសថា​​ខ្សែ​រឿង​ខ្មែរ​​ចំនួន​៤​​​​​​​​​ បាន​ក្លាយជា​រឿ​ងដែលរកចំណូល​បានខ្ពស់​ប្រចាំ​​ឆ្នាំ ខណៈដែល​រឿងទាំង​​៤​នោះ​​​​​សុទ្ធតែ​​​​​​សម្ដែងដោយ​​​​តារា​សម្ដែង​​កូន​​១ ​​អ្នកនាង សុខ សោម៉ាវត្តី។ ជាមួយ​​នេះ​​ នាង សុខ សោម៉ាវត្តី ជា​តារាដែលរកប្រាក់ចំណូលឲ្យផលិតករបាន​​ច្រើន​ជាង​គេ ​​​​ទើបធ្វើឲ្យនាង​​​រំពឹង​យ៉ាងខ្ពស់ថា ​​រឿងដែល​នាង​បានសម្ដែង​និង​​ទើប​ប្រកាស​បញ្ចំាងក៏អាច​​ទាញចំណូល​បាន​ខ្ពស់​​ដូចគ្នា​។

របាយការណ៍​ពី​បណ្ដា​រោង​កុន​​​កាលពី​ដើមខែ​ធ្នូ ​គឺមាន​ខ្សែរឿង​របស់​ផលិតករខ្មែរតែ​​​៤​ប៉ុណ្ណោះ​​​​ដែល​​ទទួលបាន​ប្រាក់ចំណូលខ្ពស់​​​ជាងគេ​​​​​​​ប្រចាំ​សម្រាប់​​ឆ្នាំ​២០១៦ ដោយ​រឿង​នីមួយៗ​ទទួលបាន​អ្នក​ទស្សនា​​​​យ៉ាង​ហោច​​ក៏​​៥ម៉ឺន​នាក់ និង​មានប្រាក់ចំណូល​ច្រើនជាង​២០​​ម៉ឺន​ដុល្លារ​​មុន​ពេលទម្លាក់ចេញ​ពីរោង​។ ​

ខ្សែ​​រឿង​ទាំង​នោះ​រួមមាន​​រឿង «​អ្នកនាង​ម្ចាស់​ឡឺកឺ» រឿង «​ទង់ព្រលឹង» រឿង «​សិស្ស​ប្អូនសំណព្វចិត្ត» និង​រឿង «កំពូលអ្នកសុំទានជួប​ស្នេហ៍»។ របាយការណ៍​នេះ​ ត្រូវ​បាន​ប្រកាសឡើង​ដោយ​លោក ​អ៊ិន សុភិន ​ម្ចាស់​ផលិតកម្ម​មហាហង្ស ដោយលោកបាន​បង្ហាញ​នូវ​​​​​ក្ដីរំភើប​យ៉ាងខ្លាំង​ដែលរឿ​​ង ​«​អ្នកនាង​ម្ចាស់ឡឺកឺ»​ បានឈរ​ចំណាត់ថ្នាក់​លេខ​​១ ​ក្នុងការទទួល​បានចំណូលខ្ពស់​ប្រចាំ​ឆ្នាំ​​ដែលមានអ្នកទស្សនា​ជាង​​៦​ម៉ឺន​នាក់ និង​បានចំណូលជា​ង​​​២០​ម៉ឺន​ដុល្លារ។ ​

លោកថា​​​​​​​​​ ៤​រឿង ដែល​ទទួលបានចំណូលខ្ពស់​សុទ្ធតែ​​​​ជា​រឿងដែល​សម្ដែងដោយ​​អ្នកនាង​ សុខ សោម៉ាវត្តី ទើប​លោកបង្ហាញនូវ​​ក្ដី​រំពឹង​​យ៉ាងខ្ពស់ថា​រឿង «​​​សួស្ដី​លោកគ្រូ​កំលោះ​»​​​​​​​​ ដែល​នាង​សម្ដែងតួឯក ក៏​​​​​​​​​​​មិនអាចស្រួលទាញ​ចំណូលបានទាប។ លោកថា ​រឿង​​​​នេះទាំងគុណភាព បច្ចេកទេស​ពន្លឺ បច្ចេកទេស​សំឡេង និង​សាច់រឿង​លោកមានទំនុកចិត្ត ហើយ​ដោយផ្អែកថា​​​​​ការសម្ដែងរបស់​​​​អ្នកនាង ​សុខ សោម៉ាវត្តី ​​​​​មានការ​គាំទ្រ​​​ស្ទើរតែ​គ្រប់រឿងដែល​​នាង​បានសម្ដែង​ផងនោះ ទើបកាន់តែ​បន្ថែមទម្ងន់។ លោកថា​​​​​​​​​​​​ ក្នុង​រឿ​ង ​«សួស្ដីលោកគ្រូកំលោះ» អ្នកនាងត្រូវសម្ដែង​ជា​នារី​​​​ដើរ​បោក​ស្នេហ៍​ប្រុស​ បន្ទាប់ពី​នាង​​​​​ចង​គំនុំ​នឹង​ឪពុករបស់នាង​ដែល​បោះ​​​បង់ម្ដាយ ហើយ​បណ្ដាលអោយម្ដាយ​នាង​ស្លាប់​​យ៉ាង​អណោចអធម។ ​

​លោក ​អ៊ិន សុភិន ថា​រឿ​​ង​នេះ លោក​បាន​បញ្ចូល​តួ​អង្គ​សំខាន់​៤ ​គឺ​​​នាយគ្រឿន នាយពែកមី ​អ្នកនាង​ខ្ញុង និង តារា​កំប្លែង ​វ៉ាន់ នីឡា ​​​​​​ដើម្បី​ឲ្យ​​រឿ​ងទាំង​មូល​​​ផ្ទុះសំណើច​តាំងពី​ដើម​ដល់ចប់។ ​លោកថា​រឿងនេះ​នឹង​មាន​សន្ទុះ​ល្អ​​​​​​​មិន​ខុស​ពី​រឿង​ «​អ្នកនាងម្ចាស់ឡឺកឺ» ​ដោយ​ផ្អែកតាម​​​ឈុត​​​ផ្សព្វ​ផ្សាយ​ដែល​លោកបាន​បង្ហោះ​ហើយមាន​អ្នក​​ចូលទស្សនា និងចែ​កចាយ​​​​ដល់ខ្ទង់សែន​នាក់​ត្រឹមតែ​ប៉ុន្មានថ្ងៃ។

លោកថា​រឿង​ «សួស្ដី​លោកគ្រូកំលោះ» ជា​រឿ​ងបង្ហាញ​ពី​គុណធម៌​​​របស់​​​គ្រូបង្រៀន ពីស្នេហាថ្លៃ​ថ្នូរ ​ពីការថែរក្សា​សិល្បៈបុរណ  និ​ងពីការ​​រួម​ចំណែក​យកចិត្ត​ទុក​​ដាក់លើ​​​​​​​កុមារកំព្រា ​​​​​ដោយ​​​​​​​ខ្សែ​រឿងនេះ​ក្រោយ​ពី​ដាក់បញ្ចាំង​គ្រប់​​​​​​​​​​​​​​​​​​​​​រោ​ងចាប់ពីថ្ងៃ​ទី២២ ធ្នូតទៅ គឺលោកក៏មានគម្រោង​​​យកទៅ​​​​បញ្ចាំង​នៅ​ប្រទេស​ភូមា  ឡាវ និង​ឥណ្ឌូនេស៊ីផងដែរ។ លោកថា​មានការ​​​ភ្ញាក់ផ្អើលដែល​​​​​រឿង​​​​​​​​​ចំនួន​​​​៤​ទទួលបានប្រាក់ចំណូលខ្ពស់ប្រចាំ​ឆ្នាំ​​២០១៦ មានរឿង​របស់លោក​​មួយ​នៅ​ក្នុង​នោះ ហើយ​សុទ្ធតែ​ជា​រឿងដែលសម្ដែងដោយ​​ ​អ្នកនាង​ សុខ សោម៉ាវត្តី។

អ្នកនាង សុខ សោម៉ាវត្តី បាន​​អះអាងថា ​​នេះជា​មោទនភាពដែល​​​​​​រឿងរបស់នាងសម្ដែងតួឯកបាន​​ក្លាយជា​រឿង​មាន​ប្រាក់​ចំណូល​​​​​​នាំមុខ​​​​​​​​ បន្ទាប់ពីបានដាក់បញ្ចាំង។ ​យ៉ាងណាមិញ អ្នកនាងថា​បើទោះជាមានការ​គាំទ្រ​បែបនេះ​​ក៏អ្នកនាង​នឹង​មិនទទួល​​​ការសម្ដែង​​​សម្រាប់​ឆ្នាំ​​២០១៧ ​នោះដែរ គឺ​នាង​នឹ​ង​​​​ទទួលសម្ដែង​គ្រប់​រឿងដែល​​​បានទទួល​​​តែ​ក្នុង​ឆ្នាំ​​​​​២០១៦​នេះ​ប៉ុណ្ណោះ ដើម្បី​​កុំអោយមហាជន​សាំមុខ និងដើម្បី​ទុក​ពេល​​​​​​​​​​​​បើកជំនួញ​ផ្ទាល់ខ្លួនមួយថ្មី ដែលអ្នកនាង​មិនទាន់ចង់បង្ហើប។

អ្នកនាងថា​ក្នុងឆ្នាំ​​២០១៧​ នឹ​​ងមាន​រឿង​មួយចំនួនដែល​អ្នកនាង​បានសម្ដែង​បន្ត​​ដាក់បញ្ចាំង តែ​អ្នកនាង​​មិនមែន​ជា​រឿងដែល​អ្នកនាង​ទទួល​ថត​ក្នុង​ឆ្នាំ​​២០១៧​នោះឡើយ គឺ​រឿង​ចាស់​​​ហើយមិនទាន់បញ្ចេញ​ប៉ុណ្ណោះ។ ​អ្នកនាងថា ​​​ក្នុងឆ្នាំ​២០១៧​ នាង​​​​នៅសម្ដែង​​២រឿង តែសុទ្ធតែ​ជា​រឿងដែ​លបានទទួលកាលពីពាក់កណ្ដាល​​ឆ្នាំ​​២០១៦​ទាំងអស់ អ៊ីចឹង​ហើយ​ទើប​នាង​​​​ទទូច​កុំអោយ​​​​មហាជន​យល់ច្រលំ​ថា​​អ្នកនាង​ប្រកាស​ថា​​​​​ផ្អាកៗ​ដើម្បី​កុំអោយ​មហាជន​​ជ្រិញ​ភ្នែក​នឹង​ការសម្ដែង​រឿង បែរជា​នៅ​តែ​ថត។ ​​​​​​យ៉ាងណាមិញ ផ្ទុយ​ពីអ្វីដែលអ្នកនា​ងប្រកាសថាសម្ដែងច្រើន​នឹង​សាប​​​កេរ្តិ៍ឈ្មោះ គេកត់សម្គាល់​ថា​ខ្សែ​រឿងរបស់នាង​​​​​​ដាក់បញ្ចាំង​មួយៗ​គឺ​​​មានចំណូល​ខ្ពស់​នាំមុខ ​​​​​ ​​​ខណៈដែលរឿង «សួស្ដីលោកគ្រូកំលោះ» ក៏ត្រូវគេប៉ាន់ស្មានថា​នឹង​ទទួលចំណូល​បាន​ច្រើន​មិនខុស​គ្នា​ព្រោះតែ​រឿង​នេះ​​ទាក់ទាញពីដើមដល់ចប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ