មិនថាប្រទេសមហាអំណាចឬប្រទេសកំពុងអភិវឌ្ឍន៍ទេ ពួកគេតែងតែបង្កើតទំនាក់ទំនងគ្នា ដើម្បីបង្កើតជាប្លុកដឹកនាំតាមនិន្នាការ ដូចជាប្លុកកុម្មុយនីស្តឬប្លុកសេរី។
ទំនាក់ទំនងគ្នានេះ មិនថាប្រទេសអ្នកមានឬប្រទេសអ្នកក្រទេ ពួកគេតែងតែស្វះស្វែងរកប្រយោជន៍ពីគ្នាទៅវិញទៅមក ដូចជាប្រទេសមួយទៅដាក់វិនិយោគនៅប្រទេសមួយទៀត រីឯប្រទេសខ្លួះទៀត ដែលមានលទ្ធភាព បានផ្តល់ជំនួយឥតសំណងឬកម្ចីដោយយកការប្រាក់ទាប ទៅឲ្យប្រទេសជាសម្ព័ន្ធមិត្តដែលក្រីក្រ។
ប៉ុន្តែអ្វីដែលជាចំណោទបញ្ហានោះគឺ តើរដ្ឋាភិបាលនៃប្រទេសនីមួយៗ បានប្រើប្រាស់ថវិកាជាតិ រួមទាំងប្រាក់កម្ចីពីសម្ព័ន្ធមិត្តនោះ មានតម្លាភាពកម្រិតណា។
នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ធនាគារពិភពលោកបានចេញរបាយការណ៍មួយបង្ហាញថា គិតត្រឹមឆ្នាំ២០០០ដល់ឆ្នាំ២០១៥ កម្ពុជាបានជំពាក់បំណុលបរទេសជិត១ម៉ឺនលានដុល្លារ (៩៣១៨លានដុល្លារ)។
បំណុលនេះបើធៀបនឹងចំនួនពលរដ្ឋកម្ពុជា គឺប្រជាជនម្នាក់ត្រូវជំពាក់បំណុលបរទេសជាង៦០០ដុល្លារ។
តើនរណាជាអ្នករងគ្រោះពីបំណុលបរទេសនេះ បើការប្រើប្រាស់ប្រាក់កម្ចីគ្មានតម្លាភាព?
អ្នកសិក្សាស្រាវជ្រាវផ្នែកសេដ្ឋកិច្ច លោកបណ្ឌិត គី សេរីវឌ្ឍន៍ លើកឡើងថា គេមិនគួរភ័យខ្លាចទៅលើបំណុលបរទេសនេះទេ បើការគ្រប់គ្រងរដ្ឋមួយមានតម្លាភាព គ្មានអំពើពុករលួយនោះ ដោយថាមានប្រទេសមួយចំនួនទៀតក៏ត្រូវការកម្ចីពីបរទេសដូចគ្នា។
ប៉ុន្តែលោក គី សេរីវឌ្ឍន៍ វិភាគថា អ្វីដែលត្រូវព្រួយបារម្ភនោះ គឺការដែលរដ្ឋាភិបាលយកថវិកាទាំងនោះទៅប្រើប្រាស់ មិនចំគោលដៅឬគ្មានតម្លាភាពទៅវិញទេ ដែលបង្កភាពរាំងស្ទះដល់ការអភិវឌ្ឍជាតិនិងរងគ្រោះដល់ប្រជាពលរដ្ឋនោះ ។
លោក គី សេរីវឌ្ឍន៍ បានលើកឧទាហរណ៍ ពីករណីប្រើប្រាស់ប្រាក់កម្ចីពីប្រទេសចិនយកមកសាងហេដ្ឋារចនាសម្ពន៍ ដូចជាធ្វើផ្លូវជាដើម លោកថាបើរដ្ឋប្រគល់ឲ្យក្រុមហ៊ុនម៉ៅការសាងសង់ក្នុងតម្លៃមួយខ្ពស់ តែផ្លូវគ្មានគុណភាពដូចបច្ចុប្បន្ននេះ លោកថាការប្រើប្រាស់កម្ចីពីបរទេសនោះ គ្មានតម្លាភាព។
លោកថា៖ «អត់មានព័ត៌មានថាផ្លូវជាតិហ្នឹង គេគិតតម្លៃ១គីឡូម៉ែត្រតម្លៃប៉ុន្មានទេ។ ប៉ុន្តែខ្ញុំធ្លាប់ដឹងថា ១គីឡូម៉ែត្រ គេយក១លានដុល្លារ។ ហើយតម្លៃនេះបើយើងប្រៀបធៀបនឹងគុណភាពវិញ វាតម្លៃខ្ពស់បំផុតហើយ។ព្រោះអីយើងខ្ចីលុយចិនមកធ្វើផ្លូវ ផ្លូវហ្នឹងមិនទាន់ធ្វើរួចផង ខូចអស់ទៅទៀតហើយ។ អញ្ចឹងមានន័យថា ចិនគេធ្វើផ្លូវនេះគុណភាពវាទាប ហើយគិតតម្លៃយើងខ្ពស់ ដែលយើងអ្នកជំពាក់គេ អានេះជាការព្រួយបារម្ភ»។
លោក គី សេរីវឌ្ឍន៍ លើកឡើងទៀតថា រដ្ឋាភិបាលបច្ចុប្បន្នបានចំណាយប្រាក់ច្រើនជាងចំណូលដែលរកបាន។លោកថា ដូចនេះរដ្ឋាភិបាលជៀសមិនផុតពីការពឹងពាក់ជំនួយនិងកម្ចីពីបទេស សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចត្រឹម៧ភាគរយ ដើម្បីប្រកួតប្រជែងជាមួយសមាជិកអាស៊ានដូចគ្នា។
ប៉ុន្តែអ្នកស្រាវជ្រាវខាងសេដ្ឋកិច្ចរូបនោះលើកឡើងទៀតថា បើរដ្ឋាភិបាលមិនពិនិត្យមើលពីការប្រើប្រាស់ថវិកាជាតិនិងប្រាក់កម្ចីពីបរទេសនេះឲ្យមានតម្លាភាពទេ លោកវិភាគថាម្ចាស់បំណុលរបស់កម្ពុជា នឹងបញ្ជូនអ្នកវិនិយោគរបស់ពួកគេមកស្រូបយកធនធានធម្មជាតិនៅកម្ពុជាដោយមិនដឹងខ្លួន។
លោកថា៖ «នៅពេលដែលយើង[រដ្ឋាភិបាល]យកថវិកានេះទៅប្រើប្រាស់មិនចំគោលដៅ មានន័យថាធនធានទាំងអស់នេះ វាមិនបានបែងចែកទៅឲ្យប្រជាជនក្នុងប្រទេសទាំងមូលស្មើៗគ្មាទេ។ តែផ្ទុយទៅវិញ វាទៅជាបែងចែកទៅលើតែមនុស្សមួយក្រុម ហើយធ្វើឲ្យមនុស្សជាច្រើននាក់ផ្សេងទៀត រងផលប៉ះពាល់ដោយសារការបាត់បង់ធនធាននេះ។ ដូច្នេះយើងថាក្នុងន័យសេដ្ឋកិច្ច ការប្រើប្រាស់ធនធានគ្មានប្រសិទ្ធភាព»។
យ៉ាងណាក៏ដោយរដ្ឋាភិបាលមិនទាន់បានឆ្លើយតបទៅនឹងរបាយការណ៍ធនាគារពិភពលោក ដែលបង្ហាញពីបំណុលដែលកម្ពុជាជំពាក់បំណុលបរទេសនេះទេ។ ប៉ុន្តែអនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា មកពីបក្សប្រឆាំង លោក សុន ឆ័យ លើកឡើងថា របាយការណ៍នេះមានការស្រាវជ្រាវ ដែលអាចជឿទុកចិត្តបាន។
លោក សុន ឆ័យ យល់ថាតាមរបាយការណ៍នេះ កម្ពុជានឹងបាត់ឱកាសពង្រឹងសេដ្ឋកិច្ចខ្លួនឯង ដោយរវល់តែរកប្រាក់សម្រាប់សងបំណុលបរទេស។
លោកថា៖ «យើងឃើញហើយថា ទំហំហ្នឹងកាន់តែច្រើនទៅ ការចាយវាយថវិកាជាតិមួយផ្នែកធំនៅថ្ងៃអនាគតនេះ យើងត្រូវដកមកសងគេវិញ។ នៅឆ្នាំ២០១៧នេះ បើតាមតួលេខ យើងត្រូវសងគេជាង១០០លានដុល្លារ គ្រាន់តែការប្រាក់។ ហើយចំនួននេះ នឹងកើនឡើងយ៉ាងគំហុក នឹងធ្វើឲ្យកម្ពុជាយើងគ្មានលទ្ធភាពក្នុងការប្រើប្រាស់ថវិកាដើម្បីស្តារសេដ្ឋកិច្ចរបស់ខ្លួនទេ ព្រោះត្រូវតែសងគេវិញ»។
បើតាមលោក សុន ឆ័យ រដ្ឋាភិបាលនៅមានលទ្ធភាពប្រមូលពន្ធបានយ៉ាងតិច១ពាន់លានដុល្លារបន្ថែមទៀត ក្នុងមួយឆ្នាំ សម្រាប់បង្កើនចំណូលជាតិលើប្រាក់ពន្ធដែលមានបច្ចុប្បន្ន។
លោកថា៖ «បើយើងជាប្រទេសមួយត្រូវការថវិកាដើម្បីយកមកបង្កើនសេដ្ឋកិច្ចវាមិនជាបញ្ហាទេ ប៉ុន្តែយើងខ្ចីគេមកធ្វើផ្លូវអេតចាយ មិនទាន់ធ្វើរួចផង ខូចអស់ទៀតបាត់ទៅហើយ អាហ្នឹងយើងមកបំផ្លាញខ្លួនយើង ឲ្យធ្លាក់ខ្លួនកាន់តែក្រហើយ»។
ប៉ុន្តែសម្រាប់អ្នកស្រាវជ្រាវសេដ្ឋកិច្ចលោក គី សេរីវឌ្ឍន៍ វិញវិភាគថា បើតាមរបាយការណ៍ធនាគារពិភពលោកនោះ លោកថាបំណុលដែលកម្ពុជាជំពាក់បរទេស មិនមែនជាចំនុចគ្រោះថ្នាក់សម្រាប់កម្ពុជាទេ បើរដ្ឋាភិបាលធ្វើកំណែទម្រង់បន្ទាន់មួយឲ្យការប្រើប្រាស់ថវិកាកម្ចីនោះមានតម្លាភាពឡើងវិញនោះ។
លោកថា៖ «បំណុលកាលណាលើសពី៤៥ភាគរយនៃ GDP ទៅ ប្រទេសនីមួយៗចូលដល់កម្រិតព្រួយបារម្ភហើយ។ ប៉ុន្តែយើងថយ បើតាមខ្ញុំមើលស្ថិតិរបស់ធនាគារពីមុន យើងជំពាក់៦០ភាគរយ ក្រោយមកនៅត្រឹម៤០ភាគរយ ក្រោយមកទៀតមកនៅតែ២៨ភាគរយទេ។ អញ្ចឹងតាមធនាគារក៏មានសេចក្តីសន្និដ្ឋានដែរថា ការប្រើប្រាស់ប្រាក់ជំនួយនេះ វាប្រសើជាងមុនៗ។ ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភរបស់ខ្ញុំនោះ គឺការប្រើប្រាស់ជំនួយវាមិនចំគោលដៅ។ មានន័យថា វារុញឲ្យមានកំណើនសេដ្ឋកិច្ចដែរ តែវាកើនមិនសាកសមទៅនឹងការប្រើប្រាស់លុយបំណុលនេះ។ អាហ្នឹងជាការព្រួយបារម្ភរបស់អ្នកសេដ្ឋកិច្ច»។
បើតាមអ្នកវិភាគ បើកម្ពុជាផុងខ្លួនកាន់តែខ្លាំងទៅនឹងការខ្ចីបុលលុយពីបរទេស ហើយភ្លេចគិតពង្រឹងយន្តការ ទប់ស្កាត់អំពើពុករលួយគ្រប់រូបភាពដែលកំពុងកើតមាននៅកម្ពុជា ពួកគេថាប្រយោជន៍បានតែទៅលើមនុស្សមួយក្រុមតូច ចំណែកប្រទេសដែលជាម្ចាស់បំណុលនឹងប្រើរូបភាពថ្មីមួយទៀត ដើម្បីទាញយកផលចំណេញពីកម្ពុជា គឺបញ្ជូនអ្នកវិនិយោគមកកម្ពុជា ស្រូបយកធនធានធម្មជាតិ ដូចជាប្រេងកាត រ៉ែក្នុងដី ព្រៃឈើ និងដីសម្បទានជាដើម។ អ្នកវិភាគព្រមានថា បញ្ហាទាំងអស់នឹងធ្លាក់ទៅលើយុវជនជំនាន់ក្រោយជាអ្នកទទួលបន្ទុកដោះស្រាយបំណុលជំនួសមេដឹកនាំជំនាន់មុន៕