បទយកការណ៍៖ ពលករខ្មែរនៅថៃថាទោះស្ថានភាពលំបាក​នៅតែតាមដាន​រឿងនយោបាយ

លោក អែម តុង ពលករខ្មែរ កំពុង លី ឥវ៉ាន់នៅក្នុងផ្សារប្រាទូសណាម​

បុរសពេញកម្លាំងមួយក្រុមមានគ្នាប្រមាណ​៥ទៅ៧នាក់ នៅអង្គុយជជែកគ្នាលេងពេល រថយន្តដឹកទំនិញមិនទាន់មកដល់។ ពួកគេជជែកគ្នាជាភាសាខ្មែរ ប៉ុន្តែពេលមានអ្នកហៅឲ្យលើកដាក់ឥវ៉ាន់ គឺពួកគាត់ប្រើប្រាស់ភាសាថៃ។​​

បើទោះជា មានមនុស្សជាច្រើននិយាយគ្នាជាភាសាខ្មែរ ស្លៀកពាក់បែបខ្មែរ ហូបអាហារខ្មែរ ប៉ុន្តែទីតាំងនេះ ​មិនមែនស្ថិតនៅក្នុងប្រទេសកម្ពុជាទេ គឺនៅក្នុងផ្សារប្រាទូសណាមក្នុងទីក្រុងបាងកកប្រទេសថៃ។​ ផ្សារប្រាទូស ណាម ជាផ្សារដែលមានពលរដ្ឋខ្មែរភាគច្រើនកំពុងរស់នៅ និងប្រកបរបរលក់ដូរ និងស៊ីឈ្នួលលើកដាក់ឥវ៉ាន់។​

ពលករខ្មែរចំណាកស្រុកទាំងនេះ ហាក់មមាញឹកនឹងការងាររៀងៗខ្លួន ប៉ុន្តែនៅពេលដែល​អ្នកព័ត៌មានវីអូឌីសាកសួរពីព័ត៌មាននៃការបោះឆ្នោត ពួកគេមានការចាប់អារម្មណ៍ ហើយអ្នកនៅក្បែរៗនោះ​ដើរចូលមកជជែកពីរឿងនេះដែរ៖ «កាលឃុំសង្កាត់ ខ្ញុំចង់ចុះឈ្មោះដែរ ប៉ុន្តែពិបាកសេដ្ឋកិច្ច ហើយអារឿងផង Passport ដាច់អាយុ[ផុតកំណត់​]ដាច់អីទៀត ខ្ញុំមិនបានទៅកាលហ្នឹង។ ស្តាយមិនបានបំពេញកាតព្វកិច្ចជាពលរដ្ឋមួយរូប មិនបានធ្វើដើម្បី ជួយជាតិ​ ជួយសង្គម»។

ពលរខ្មែររៀបចំឥវ៉ាន់ នៅផ្សាយប្រាទូសណាម នៅម៉ោងជិតភ្លឺ

នេះជា ការរៀបរាប់ពីការសោកស្តាយដោយសារមិនបានចុះឈ្មោះ និងបោះឆ្នោ​តរបស់លោក ឯម តុង វ័យប្រមាណជិត៤០ឆ្នាំ។  ពលករចំណាកស្រុករូបនេះ ហាក់ដូចជាពេញ​ចិត្តពេលដែលបាននិយាយពីរឿងបោះឆ្នោតស្ថានភាពនយោបាយក្នុងប្រទេស។ លោកថា នៅកន្លែងដែលលោករូប និង ពលករផ្សេងទៀតកំពុងធ្វើការនេះ មិនមានមន្ត្រីទូតឬក្រុមការងាររដ្ឋាភិបាលផ្សព្វផ្សាយពីព័ត៌មានផ្សេងនោះទេ ប៉ុន្តែថា រូបលោកផ្ទាល់ និង អ្នកផ្សេងៗតែព្យាយាមតាមដានព័ត៌មានបណ្តាញសង្គមហ្វេសប៊ុកពីស្ថានភាពប្រទេស។

លោកបន្តថា៖ «តាមច្រើនណាស់បង គ្នាយើងនេះ ខ្ញុំតាមដានព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុកផង ព្យាយាមបើកមើលតាមវិទ្យុអាស៊ីសេរីផង មិនមែនចេះតែយកកំហុសដាក់ឲ្យគេហើយយកត្រូវតែខាងឯងនោះទេ យើងវិភាគទាំងសងខាង»។

ចំណែកពលរដ្ឋខ្មែរម្នាក់ទៀត កំពុងលក់សម្លៀកបំពាក់នៅក្នុងផ្សារប្រាទូសណាម លោក រ៉ាឌី ក៏យល់ឃើញ ដូច លោកតុងដែរ៖ «មួយៗចង់ទៅបោះឆ្នោតណាស់ ប៉ុន្តែវាចឹង គ្នាជាកម្មករទេពេលទៅបោះឆ្នោតខាត ពេលហើយអស់លុយ»។

រ៉ាឌី មានសំបុរស ខាងស្តើងអង្គុយលក់សម្លៀកបំពាក់ម្នាក់ឯងក្នុងតូប ដែលទំហំទទឹងប្រហែលជាង១ម៉ែត្រ និង បណ្តោយប្រមាណ២ម៉ែត្រនោះ បានឲ្យដឹងថា នេះមិនមែនជាតូបលក់ឥវ៉ាន់ផ្ទាល់ខ្លួននោះទេ គឺលោកគ្រាន់តែស៊ីឈ្នួលគេប៉ុណ្ណោះ ប៉ុន្តែដោយសារថៅកែជាជនជាតិ ទុកចិត្តឲ្យក៏ទុកឲ្យលក់នៅម្នាក់ឯង។

រ៉ាឌី មានស្រុកកំណើតនៅខេត្តបាត់ដំបង បានឆ្លងដែនធ្វើការងារនៅប្រទេសថៃ៧ឆ្នាំហើយ។ លោកថា ពលករខ្មែរដែលលោកស្គាល់ភាគច្រើនចង់ទៅបោះឆ្នោតនៅឆ្នាំ២០១៨ បើទោះជា ឆ្នាំមុនៗមិនបានទៅក៏ដោយ ប៉ុន្តែថា ខ្វះព័ត៌មាន និង ស្ថានភាពអ្នកនយោបាយកម្ពុជាទាស់គ្នានេះ ធ្វើឲ្យពួកគាត់ហាក់រារ៉ែកចិត្តវិញ។​

ទិដ្ឋភាពក្នុងផ្សារប្រាទូសណាម​ នៅក្នុងក្រុងបាងកកប្រទេសថៃ

នៅផ្សារប្រាទូសណាម​ជាទីតាំងមួយដែលគេស្គាល់ថា មានខ្មែរច្រើនគឺនៅម្តុំផ្ទះសំណាក់ ឌីឌីហៅ(DD House) គឺពលរដ្ឋខ្មែរ ដែលធ្វើដំណើរពីកម្ពុជាទៅកំសាន្ត  ទៅព្យាបាលជំងឺ ឬ ធ្វើការងារជាដើមទៅឈប់នៅទីនោះ។​ អ្នកដែលមិនចេះភាសាថៃ ក៏អាចទិញបាយ ទិញសម្លៀកបំពាក់ ឬ រកផ្ទះសំណាក់សម្រាកបានដែរ ព្រោះអ្នកលក់ដូរមួយចំនួន នៅទីនោះ ជា ខ្មែរឬ ជាជនជាតិថៃតែចេះភាសាខ្មែរខ្លះៗអាចទំនាក់ទំនងគ្នាបាន។​

ពេលដែលសាកសួរពីដំណើរការបោះឆ្នោតពួកគាត់ភាគច្រើន​ហាក់មានបំណងដូចៗ គ្នាគឺ ចង់ ឲ្យមានការចុះឈ្មោះ និង បោះឆ្នោតនៅស្ថានទូតកម្ពុជាក្នុងប្រទេសថៃ៖ «ច្រើន មានអ្នកចូលរួមច្រើន! ពលករនៅនេះ ទៅបោះទាំងអស់គ្នាហ្មងខ្ញុំជៀងហ្មង បើមានការរៀបចំនៅនេះស្រួលហ្មង គឺអាចនឹងមានអ្នកទៅបោះឆ្នោតច្រើន! បើមានការចុះឈ្មោះតាមស្ថានទូតខ្ញុំនឹងទៅទោះយ៉ាងណាក៏ខ្ញុំទៅដែរ»។

ក្នុង​របាយការណ៍​បូកសរុប​លទ្ធផល​​របស់​ក្រសួង​ការ​ងារប្រចាំ​ឆ្នាំ​២០១៦ ​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​​ពល​ករ​ខ្មែរ​ចំណាក​ស្រុ​ក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​មាន​ជាង​ ១,១៥លាននាក់ ដែល​កំពុង​ធ្វើ​​ការ​​នៅ​ ថៃ​ កូរ៉េ ជប៉ុន ម៉ាឡេស៊ី និងសិង្ហបុរី ក្នុង​​នោះ​ជាង​១លាន​នាក់ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ ចំនូន​នេះ​នៅ​មិន​ទាន់​រាប់​បញ្ជូល​ជន​ជាតិ​ខ្មែរ​ដែល​ទៅ​រស់​នៅ​ក្រៅប្រទេស​ដែលពុំ​មែន​ជា​ពល​ករ​ចំណាក​ស្រុក​នៅ​ឡើយ​ទេ។

ពលករខ្មែរតម្រង់ជួរគ្នាដើម្បីធ្វើលិខិតបែបបទចូលទៅធ្វើការនៅប្រទេសថៃ នាពេលកន្លងមក (រូបថត៖ បូ សាវី)
ពលករខ្មែរតម្រង់ជួរគ្នាដើម្បីធ្វើលិខិតបែបបទចូលទៅធ្វើការនៅប្រទេសថៃ នាពេលកន្លងមក (រូបថត៖ បូ សាវី)

របាយការណ៍ក្រសួងការងារថៃកាលពីឆ្នាំ២០១៦ បង្ហាញថា ពលករខ្មែរធ្វើការងារនៅថៃមាន ប្រមាណ​១លាន២សែននាក់ ក្នុងនោះស្របច្បាប់៨០០ ០០០នាក់។​

ទន្ទឹមនឹងការចាប់អារម្មណ៍រឿងនយោបាយ ពួកគាត់ក៏ឆ្លៀតរៀបរាប់ពីអារម្មណ៍នឹករលឹកសាច់ញាតិនៅស្រុកកំណើត អ្នកនឹកកូន ឬ ប្រពន្ធ។​

ចំណែកសហជីពកម្ពុជាដែលកំពុងធ្វើការងាលើកកម្ពស់សិទ្ធិពលរកម្ពុជានៅក្រៅប្រទេស បានឲ្យដឹងថា ពលករខ្មែរធ្វើការនៅក្នុងប្រទេសថៃមានប្រមាន​១លាន៥សែននាក់។​ ហើយ ភាគច្រើន​នៃពួកគេតិចតួចណាស់ដែលបានចុះឈ្មោះបោះឆ្នោត។

មន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិង សិទ្ធិមនុស្ស(CENTRAL) លោក ឌីថេ ហូយា៖ «ខ្ញុំវាយតម្លៃ១%នោះគឺច្រើនផង គឺខ្ញុំនិយាយថា ១%ច្រើន បំផុតហើយដែលបានចុះ ឈ្មោះបោះឆ្នោត។​បើយើងគិតមើលទៅវាពិបាកណាស់សម្រាប់ពួកគាត់ គ្រាន់តែចំណាយ លើការពិនិត្យឯកសារឆ្លងកាត់ព្រំដែននោះអស់១៤០០បាតហើយ(ស្មើប្រមាណ៤០ដុល្លារ) នេះអត់ទាន់គិតថ្លៃធ្វើដំណើរផង បើបូកទាំងការធ្វើដំណើរ និង ការហូបចុកអីទៀត ប្រហែល ៥០ទៅ៦០ដុល្លារ ចឹងទៅមក អស់ជាង១០០ដុល្លារ ចឹងច្រើនសម្រាប់ពួកគាត់។ ចំណែក ពេលវេលាអត់អាចត្រឹម១ថ្ងៃអីបានទេ យ៉ាងហោចណាស់ក៏៣ថ្ងៃដែរ ហើយពិបាកក្នុងការ សុំច្បាប់ពីថៅកែរបស់ពួកគេ»។

ការចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ មានរយៈពេល៧០ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។ ចំពោះអ្នកដែលមិនមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ពួកគេនឹងមិនមានសិទ្ធិបោះឆ្នោត ថ្នាក់ជាតិនៅឆ្នាំក្រោយនោះទេ។

ជុំវិញការអះអាងថា ពលករកម្ពុជាធ្វើការនៅថៃចុះឈ្មោះបោះឆ្នោត​មិនបាន១%នេះ ខាង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(NEC)ថា មិនមានរបាយការណ៍នេះទេ ព្រោះ NEC គ្រប់តែរបាយការណ៍នៅក្នុងប្រទេសតែប៉ុណ្ណោះ។​

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ Comfrel លោក កន សាវាង្ស​ ថ្លែង​ថា​ ​ពល​រដ្ឋ​ដែល​ធ្វើ​ចំណាកស្រុកទៅ​ក្រៅ​ប្រទេស​ភាគ​ច្រើន​គឺ​មិន​បាន​ចុះ​ឈ្មោះ​នោះ​ទេ។ ការ​មិន​បាន​ចុះ​ឈ្មោះ​របស់​ពល​រដ្ឋ​នៅក្រៅ​ប្រទេស​នេះ​លោក កន សាវាង្ស​ លើក​ឡើង​ថា ដោយ​សា​រ​បញ្ហា​ផ្លូវ​ច្បាប់​ដែល​មិន​អនុញ្ញាត​ឲ្យ​ គ.ជ.ប អាចរៀប​ចំ​នីតិវិធី​ដើម្បីសម្រួល​ដល់​ពួកគេ​បាន៖ «ទាក់​ទង​ទៅ​លើ​រឿង​ដែលធ្វើ​វិសោធនកម្ម​ច្បាប់​ចុះ​ឈ្មោះ​បោះឆ្នោត​ហ្នឹង​​ ជា​ពិសេស​គិត​គូរ​ដល់​ប្រជា​ពល​រដ្ឋ​ដែល​លោកបាន​ធ្វើ​ចំណាក​ស្រុក​នៅ​ខាង​ក្រៅ​ហ្នឹង បូក​រួម​ជា​មួយ​ពេល​វេលា​ដែល​ គ.ជ.ប អាច​ពន្យា​ពេល​បន្ថែម​ហ្នឹង​គឺ​វា​អាច​ហើយ ដែល​អាច​បង្កើន​ពល​រដ្ឋ​ដែល​ធ្វើ​ចំណាក​ស្រុក​មាន​ឱកាស​សម្រាប់​ចុះ​ឈ្មោះ​បោះឆ្នោ​ត​បាន​ក៏​ប៉ុន្តែ​យើង​មើល​ឃើញ​ថា ករណី​នេះ​មក​ដល់​ថ្ងៃ​នេះ​គឺ​មិន​អាច​​ដោះស្រាយ​ចេញ ដោយ​សារ​ច្បាប់​មិន​បានបើក​ផ្លូវ​ឲ្យ​ស្ថាប័ន​ គ.ជ.ប សម្រាប់​ពលរដ្ឋ​ក្នុង​ការ​ចុះ​ឈ្មោះ​ទេ»។

កាលពី​ខែ​សីហាកន្លងទៅ​សមាជិក​សភា​គណបក្សសង្គ្រោះ​ជាតិ​បាន​ដាក់​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ ដើម្បី​បើ​កផ្លូវ​ឲ្យ​ពល​រដ្ឋ​នៅ​ក្រៅ​ប្រទេស​អាច​ចុះ​ឈ្មោះ និង​បោះឆ្នោត​​​នៅ​ក្រៅ​ប្រទេ​សបាន​ តែ​សំណើ​នេះ​មិនទាន់​ត្រូវ​បាន​រដ្ឋសភាប្រជុំ​អនុម័ត​នៅ​ឡើយ​ទេ ខុ​សគ្នា​ពី​ច្បាប់​បោះឆ្នោត​៤ដែល​បាន​ស្នើ​ឡើង​ដោយ​​បក្សប្រជា​ជន​ត្រូវ​បាន​សភា​អនុម័ត​ និង​ចូល​ជា​ធរមាន​យ៉ាង​តក់ក្រហល់​។

អ្នក​នាំពាក្យគណបក្សប្រជា​ជន​​នៅក្នុង​សភាលោក​ ឈាង វុន ធ្លាប់​លើក​ឡើង​ប្រាប់​វី​អូ​ឌី​ថា​ច្បាប់​កម្ពុជា​មិន​បាន​ហាម​ឃាត់​ជន​ជាតិ​ខ្លួនដែល​រស់​នៅ​ក្រៅប្រទេស​មិន​ឲ្យចុះ​ឈ្មោះ ឬ​​​បោះ​ឆ្នោត​នោះ​ទេ តែ​ថា​អ្នក​ទាំង​នោះ​ត្រូវ​ចូល​មក​​ក្នុង​បោះឆ្នោត​នៅ​ក្នុង​ប្រទេស មិន​អាច​បោះឆ្នោត​នៅ​តាម​ស្ថានទូត​ក្រៅ​ប្រទេស​​​បាន​ទេ ដោយ​សារ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ជា​ការ​បោះ​ឆ្នោត​តា​ម​តំបន់។

លោក​ថា៖ «រាស្ត្រ​របស់​យើង​គឺ​ជា​ប្រព័ន្ធ​សមាមាត្រ បោះឆ្នោតតាម​មណ្ឌល យើង​បោះឆ្នោ​ត​នៅ​បាត់​ដំបង​ យើង​មក​បោះឆ្នោត​បាត់​ដំបង។ ច្បាប់​បោះឆ្នោត​របស់​យើង​ហ្នឹង​អត់​មាន​មណ្ឌលនៅអាមេរិក មណ្ឌល​នៅ​បារាំង​អីណា! អត់​មាន​ផង។ តែ​យើ​ងត្រូវ​ធ្វើ​យ៉ាង​មិច ហ្នឹង​ហើយ​យើង​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​​មិច អញ្ចឹង​ហើយ​ទើប​យើង​ចង់​បាន​អាស័យ​ដ្ឋាន​មួយ​តាម​ផ្លូវ​ច្បាប់ អាស័យ​ដ្ឋាន​ក្នុង​ទឹក​ដី​កម្ពុជា។ មើល​ច្បាប់​ឲ្យ​មែន​ទែន! ហើយ​អាស័យ​ដ្ឋាន​គាត់​នៅ​ត្រង់​ណា​នៃ​កម្ពុជា គាត់​ទៅ​បោះឆ្នោត​នៅ​កន្លែង​ហ្នឹង​ចុះ​ឈ្មោះ​នៅ​កន្លែង​ហ្នឹង»។

ស្ថានទូតកម្ពុជានៅក្នុងទីក្រុងបាងកក ប្រទេសថៃ (រូប Google)

ចំពោះ​ការ​លើក​ឡើង​នេះ​ត្រូវ​បានលោក​ កន សាវាង្ស ឆ្លើយ​តប​ថាជា​ការ​លើក​ឡើង​ដោយ​មិន​បាន​គិត​គូរ​ និង​គ្មាន​ចេតនាក្នុង​ការ​បង្កើត​ច្បាប់​នេះ​ច្រើន​ជាង។

លោក​ថា៖ «បើ​យើង​និយាយ​ពី​បច្ចេក​ទេសសម្រាប់​ស្រុកខ្មែរ​យើង មិន​មែន​ធ្វើ​មិន​បាន​ទេ។ សំខាន់​ចិត្ត​ខ្លួ​ន​ឯង​ទេ ចិត្ត​របស់​តំណាង​រាស្ត្រ​ទាំង​នោះ​ទេ ដែល​លោកចង់​ធ្វើ​ដែរ​ឬ​ក៏​អត់? ហើយ​តែ​លោក​អត់​ចង់​ធ្វើ​លោក​លើក​រឿង​ហ្នឹង​យក​មក​អាហ្នឹង​វា​មិន​ត្រឹមត្រូវ​ទេ។ លោក​ត្រូវ​ធ្វើ​ការ​សិក្សាសិន​កុំ​អាល​លើក​និយាយ​រឿង​បញ្ហា»។

ពលករខ្មែរនៅថៃដែលអ្នកព័ត៌មាន​វីអូឌី សាកសួរសុទ្ធតែមានបំណងដូចគ្នាថា ថ្ងៃណាមួយពួកគាត់រកប្រាក់បានគ្រប់គ្រាន់នឹងវិលត្រលប់រស់នៅស្រុកកំណើត ទោះជាអ្នកខ្លះក្នុងជំណោមនោះជំពាក់លុយធនាគារមិនហ៊ានវិលមកភូមិកំណើតក៏ដោយ ក៏ពួកគេថា មិនមានបំណងរស់នៅរហូតចាស់ស្លាប់នៅស្រុកថៃទេ៕

ផលិតដោយVOD សហការឧបត្ថម្ភដោយអង្គការSEAPA

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ